បារាំង អូស្រាលី និងកូរ៉េ ចង់​ឱ្យ​កម្ពុជា-ថៃ ឈប់​បាញ់​បន្ទាន់​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជន​ស៊ីវិល

ប្រទេស​បារាំង អូស្ត្រាលី និង​កូរ៉េខា​ង​ត្បូងបង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ ដោយ​បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ និង​កម្ពុជា អនុវត្ត​បទ​ឈប់​បាញ់​ជា​បន្ទាន់ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី ជុំវិញ​ជម្លោះ​តាម​តំបន់​ព្រំដែន ដើម្បី​ទប់​ស្កាត់​​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល។

ក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នៅ​លើ​ហ្វេសប៊ុ​ក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ២០២៥​នេះ​ថា​ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋ​មន្ត្រី​អឺរ៉ុប និង​ការ​បរទេស​បារាំង បាន​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់ ជុំវិញ​ជម្លោះ​រវាង​ប្រទេស​កម្ពុជា​និង​ថៃ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ជម្លៀស​ប្រជា​ពលរដ្ឋប្រមាណ ១លាន​នាក់។

លើសពីនេះ រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកា​រ​ប៉ះ​ទង្គិច​យោធារ​វាង​កម្ពុជា​និង​ថៃ ដែល​កំពុង​បន្ត​កើត​ឡើង រួម​ទាំង​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ទំហំ និង​ភា​ព​តាន​តឹង​នៃជ​ម្លោះ ​កា​រ​ប្រើ​ប្រាស់​អាវុធ​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់ និង​ផល​ប៉ះ​ពាល់​ផ្នែ​ក​មនុស្ស​ធម៌​ដែល​កំពុង​កើន​ឡើង​ចំពោះ​ភាគី​ទាំង​ពីរ។

រដ្ឋាភិបាលអូស្រ្តាលី ​ក៏បាន​​ចូល​រួ​មរំ​លែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ ចំពោះក្រុ​ម​គ្រួសារ​ដែល​បាន​បាត់​បង់​សមាជិក​គ្រួសារ​ ក៏​ដូច​ជា​មនុស្សជាទី​ស្រឡាញ់​របស់​ខ្លួន ហើយ​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​ពីរ​ធានា​ឲ្យ​បាន​នូវ​ការ​ការ​ពារ​សុវត្ថិ​ភាព​ដល់​ជន​ស៊ីវិល ហេដ្ឋារ​ចនា​សម្ព័ន្ធ​ស៊ីវិល និង​បេតិក​ភណ្ឌ​វប្ប​ធម៌។

រដ្ឋាភិបាលអូស្រ្តាលី ជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន ស្រប​តាម​ច្បាប់​អន្តរ​ជាតិ កាត់​បន្ថយ​ភាព​តាន​តឹង ចាត់​វិធាន​ការ​ឱ្យ​បាន​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធ​ភាព ដើម្បី​បញ្ឈប់​អរិភាព រួមទាំង​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​រួម​ទីក្រុង​គូឡា​ឡាំពួរ។

អូស្ត្រាលី បាននិយាយថា៖ «យើង​សូម​លើក​ទឹ​ក​ចិត្ត​ឱ្យភា​គីទាំ​ង​ពីរ​ ចូល​រួម​ក្នុង​ការ​ចរចា​ដោយ​ស្មារតី​ស្មោះត្រ​ង់​ក្នុង​កិច្ចប្រ​ជុំ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ ដើម្បី​សម្រេច​បាន​នូវ​ដំណោះ​ស្រាយ​យូរ​អង្វែង និង​សន្តិ​ភាព។ ហើយយើង​សូម​ស្វាគមន៍​ចំពោះកិ​ច្ចខិ​ត​ខំ​ប្រឹង​ប្រែងប​ន្ត​របស់​អាស៊ាន ម៉ាឡេ​ស៊ី និងស​ហរដ្ឋ​អាមេរិក ក្នុង​ការ​គាំទ្រ​ដល់​ការ​បញ្ចប់​ជម្លោះ​នេះ»។

ចំណែក កូរ៉េខាងត្បូងវិញ តាមប្រភព ដឹ កូរៀ ថាមស៍​(The Korea Times) បាន​រាយកា​រណ៍​​កាល​​ពី​ថ្ងៃអង្គារ​ម្សិល​មិញ​នេះ​ថា ប្រទេស​កូរ៉េខាង​​ត្បូង បាន​ជំរុញ​ឱ្យ​ភាគី​ប្រទេស​កម្ពុជា និង​ថៃជួប​ពិភាក្សា​គ្នា ដើម្បី​ដោះ​ស្រាយ​ការ​ប៉ះទ​ង្គិច​គ្នា​តាម​ព្រំដែន​ដែល​បាន​កើន​ឡើង និង​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ជិត​ខាង​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​។

ប្រភព ដឹ កូរៀថាមស៍​(The Korea Times) បន្ត​ថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក ផាក អ៊ីល​(Park Il) បាន​និយាយ​នៅក្នុ​ងអ​ត្ថបទ​អត្ថា​ធិប្បាយ​មួយ​ថា ‘‘យើង​កោត​សរ​សើរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អាស៊ាន ក្នុង​ការ​កាត់​បន្ថយ​ភាព​តាន​តឹង និង​ស្វែង​រ​​កដំណោះ​ស្រាយ​ដោយ​សន្តិវិ​ធីចំ​ពោះស្ថា​នកា​រណ៍​នេះ’’។

លោកបន្តថា៖ «រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ជំរុញ​ឱ្យប្រ​ទេស​ថៃនិ​ង​កម្ពុជា ដោះ​ស្រាយ​ស្ថាន​ការណ៍​ដោយ​សន្តិវិធី តាម​រយៈកា​រ​សន្ទនា​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ប្រភពគ្លូបលថាមស៍ (Global times) បាន​ឱ្យ​ដឹង​នៅថ្ងៃ​ទី​​២៣ ខែ​ធ្នូ​នេះ​ថា ​យោង​តាម​សេច​ក្តីប្រកាស​ព័ត៌​មាន​ពី​ក្រសួង​ការ​បរទេស​ចិន លោក តឹង​(Deng) បាន​និយាយ​ថា ប្រទេស​ចិន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​មុត​មាំអំ​ពី​ស្ថាន​ភាព​នាពេ​ល​បច្ចុប្បន្ន​ តាម​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា-ថៃ និង​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​កា​រ​បាត់​បង់​ជីវិត និង​ការ​ផ្លាស់​ទី​លំនៅ​ដែល​បង្ក​ឡើង​ដោយ​ជម្លោះ ដែល​វា​បង្ហាញ​ពី​ការ​អាណិត​អាសូរ​ជាពន់​ពេក។

លោកបន្តទៀត​ថា ជា​អាទិភាពចំ​បង​ គឺកា​រ​សម្រេច​បទ​ឈប់​បាញ់​ជា​បន្ទាន់ បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា និង​បន្ត​ការ​សន្ទនា​ ដើម្បី​​​ដោះ​ស្រាយ​​ជម្លោះ​​ព្រំដែន​​តាម​​មធ្យោ​បាយ​​សន្តិ​វិធី។

យ៉ាងណាក្តី យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារជាតិ អំពី​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​ឱ្យដឹ​ង​ថា យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើស​កម្មភាព​បាញ់​ប្រហារ​ចូល​ទី​តាំង​ប្រជាជន​ស៊ីវិល​កម្ពុជា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល នៅ​យោធ​ភូមិភា​គ​ទី៥ ក្នុង​ភូមិ​សាស្រ្ត​ស្រុក​បាណន់ ខេត្ត​បាត់​ដំបង នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥។

សកម្មភាព​ខាង​លើ​នេះ ប្រទេសកម្ពុជា ចាត់​ទុក​ថា ជា​ការ​វាយ​ប្រហារ​ដ៏​កំរោល ដោយ​មិន​រើស​គោល​ដៅ​របស់​យោធា​ថៃ ជាកា​រ​រំលោភ​បំពាន​ច្បាប់​មនុស្សធ​ម៌​អន្តរ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ