ក្រសួងថាកងទ័ពកម្ពុជាកំពុងប្រយុទ្ធ​យ៉ាងស្វិតស្វាញ​ខណៈ​មាន​ការ​ទម្លាយ​ថា​ថៃ​យក​បាន​ទីតាំង​ខ្លះ

ការ​ដែល​កង​ទ័ព​កម្ពុជា ប្រយុទ្ធ​ទប់ទ​ល់ទៅ​នឹ​ង​ការ​ឈ្លាន​ពាន​ពី​សំណាក់​យោធា​ថៃ​ជា​ថ្មី​ទៀត​ជិត​២០​ថ្ងៃ​ជាប់​គ្នាម​កនេះ​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បន្ត​អះ​អាង​ថា កង​កម្លាំង​កម្ពុជា នៅ​បន្ត​ឈរ​ជើង​យ៉ាង​រឹង​មាំគ្រប់​សមរភូមិ​ប្រយុទ្ធ ប្រឆាំង​ទៅ​នឹង​សត្រូវ​ឈ្លាន​ពាន និង​អំពា​វ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ ជឿ​លើ​សមត្ថ​ភាព​រដ្ឋាភិ​បាល ក្នុង​បុព្វ​ហេតុ​ការ​ពារ​បូរណភា​ព​ទឹក​ដី។

ប៉ុន្តែអ្នកឃ្លាំមើលបង្ហាញក្តីបារម្ភ ពីមហិច្ឆតាឈ្លានពាន​របស់​ថៃ​ រយៈ​ពេលជិ​ត​២០​ថ្ងៃ​មក​នេះ ដោយ​ជំរុញ​ឱ្យគ្រួ​សារ​ហ៊ុន ពន្លឿន​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធ​ម៌អ​ន្តរ​ជាតិ(​ICJ) និង​ប្តឹង​ទៅ​សហ​ប្រធាន​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ឆាប់​បំផុត មិ​ន​ត្រូវ​បង្អែរ​បង្អង់​ទៀត​ទេ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី។

ពួកគេ​ជឿថា ការប្រយុទ្ធការពារខ្លួន​វាមិនគ្រប់គ្រាប់ ក្នុងការទប់ស្កាត់បន្ទាន់រាល់ទង្វើឈ្លាន​របស់​ថៃ ក្នុង​សម័យ​កាល​​​នេះ​បាន​ទេ បើ​គ្រួសារ​ហ៊ុន​នៅតែ​មិ​ន​ប្រើ​ច្បាប់​អន្តរ​ជាតិ ដើម្បី​ទប់​ទល់ ដោយ​ពួក​គេ​ជឿ​ថា​ ជិត​២០​ថ្ងៃម​ក​នេះ យោធា​ថៃ វាយ​គ្រប់​គ្រង​បណ្តោះ​អាសន្ន​ទីតាំង​ខ្លះ​ហើយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និយាយថា គិត​ត្រឹម​ថ្ងៃ​ទី​២៤ខែ​ធ្នូ​នេះ យោធា​ថៃ​បាន​ឈ្លាន​ពាន​កម្ពុជា​ទាំង​កំរោល មាន​ចំនួន​១៨​ថ្ងៃ​ហើយ រំលោភ​បទ​ឈប់​បាញ់ រំលោភ​សេច​ក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​​សន្តិភាព​កម្ពុជា-ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហ​ត្ថលេខា​កាល​ពី​ថ្ងៃទី​២៦ ​ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​​គូឡាឡាំ​ពួរ ប្រទេ​ស​ម៉ាឡេ​ស៊ី។

អ្នកស្រីថា នៅថ្ងៃនេះដែរ តំបន់ជាច្រើនរបស់កម្ពុជា កំពុងរងការគំរាមកំហែង​យ៉ាងខ្លាំង​ពី​ការ​ឈ្លាន​ពាន​នេះ ដោយ​​សារ​យោ​ធាថៃ​​នៅ​ប្រើ​យ​ន្ត​ហោះច​ម្បាំង អាវុធ​ធុន​ធ្ងន់​គ្រប់​ធុន​បាញ់​ផ្លោង​យ៉ាង​សន្ធាប់ ប្រើ​ដ្រូន​អត្តឃាត បាញ់​ផ្សែង​ពុល ដូច​ជា​ នៅ​ភូមិ​ជោគ​ជ័យ បឹង​ត្រកួន​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ភ្នំព្រឹក​ ខេត្តបាត់​ដំបង នៅ​ប្រាសាទ​តាមាន់​ធំ ខេត្ត​ឧត្តរ​មាន​ជ័យ និង​ច្រើន​កន្លែង​ទៀត​នៅ​ខេត្ត​ព្រះ​វិហារ រួម​ទាំង​ប្រាសាទ​ព្រះ​វិហារ ជាដើម ។

ប្រភពនោះ បញ្ជាក់ថា ទង្វើរបស់យោធាថៃ ដែលបានបន្ថែមកងកម្លាំងថ្មើរជើងជាច្រើន អ​មដោ​យ​រថពាស​ដែក និង​កាំភ្លើង​ធុន​ធ្ងន់ បាន​ព្យាយាម​រុល​ចូល​ឈ្លាន​ពាន​ដី​ខ្មែរ​ភូមិ​សាស្ត្រ​ភូមិ​ជោគ​ជ័យ និង​ព្រៃ​ចាន់ ប្រាសាទ​ព្រះវិ​ហារ និង​ទីតាំង​ជា​ច្រើន​ទៀត​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ពី​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ ទាំង​កំរោល​រំលោភ​ច្បាប់​អន្តរ​ជាតិ ដើម្បី​សម្រេច​មហិច្ចតា​លេប​ទឹក​ដី​ខ្មែរ តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី គ្មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​ទេ។

យ៉ាងណា អ្នកស្រីថា កងទ័ពកម្ពុជា​បាន​នឹង​បន្ត​ឈរ​ជើង​យ៉ាង​រឹង​ម៉ាំ​ ប្រយុទ្ធ​យ៉ាងស្វិតស្វាញ ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន​នេះ ដើម្បី​​កា​រ​​ពារ​​ទឹ​ក​​ដី ​ដោយ​ប្រើសិ​ទ្ធិកា​រពា​រខ្លួ​ន តប​​តា​ម​​ច្បាប់​​អន្តរ​​ជាតិ។

អ្នកស្រីថា៖ «យោធាថៃនៅតែបន្តសកម្មភាពវាយប្រាហារមកលើ​ដែ​ន​អធិប​តេយ្យ​កម្ពុជា​នៅឡើ​យ តែកង​កម្លាំង​របស់​យើង នៅ​កំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ជាមួយ​សត្រូវ​ឈ្លាន​ពាន នឹង​បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជានិច្ច»។

សម្រាប់កម្ពុជា​បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានលើប្រទេសថៃ ដើម្បី​ឱ្យ​ថៃ​បញ្ឈប់​ការ​ឈ្លាន​ពាន និង​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​កម្ពុជា និង​ជន​ស៊ីវិល​ខ្មែរ ដែល​មាន​អ្នក​ស្លាប់​និង​របួស​កើន​ឡើង​ជាប​ន្ត​បន្ទាប់​មក​នេះ។

យ៉ាងនេះក្តី ប៉ុន្មានថ្ងៃមកនេះ កងទ័ពថៃបានបង្ហាញវីដេអូ រូបភាពជាបន្ត​បន្ទាប់ ដោយ​អះអា​ង​ថា​ ខ្លួន​វាយ​បាន​ទីតាំង​មួយចំនួន​ ហើយ​កំពុងគ្រប់គ្រ​ង​យ៉ាង​រឹង​មាំ ដូច​ជា នៅ​ប្រាសាទ​ខ្នារ ភ្នំ​៣៥០ ក្បែរ​ប្រាសាទ​តាក្របី និង​តំបន់​អាន​សេះ​ខេត្ត​ព្រះ​វិហារ។

ប្រភពបន្តថា កងទ័ពថៃ នឹងបញ្ជូនកងកម្លាំងបន្ថែមទៀត ទៅគ្រប់គ្រង​តំបន់​ទាំង​នោះ ដោយ​សាង​សង់​លេណ​ដ្ឋាន និង​សំណង់​រឺង ដើម្បី​ទប់ទ​ល់នឹ​ង​កង​កម្លាំង​កម្ពុជា ព្រោះ​ខ្លាច​កម្ពុជា​វាយ​ដណ្តើម​យក​វិញ។

លើសពីនេះ កងទ័ពថៃក៏បានទម្លាយថា ពួកគេនឹងវាយ​សម្រុក​ដណ្តើម​កាន់​កាប់​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ថៃ​ធ្លាប់​អះអា​ង​ថា តំបន់​ទាំង​នោះ ជា​ទឹកដី​របស់​ថៃ ជាដើម។

ការសំអាងរបស់យោធាថៃនេះ ហាក់ស៊ីគ្នានឹងក្រសួងការពារជាតិកម្ពុជា​ នៅថ្ងៃ​ទី២៤ ខែធ្នូ​នេះ​ដែរ ដោយ​ថា​​យោធា​​ថៃ​បានប​ន្ថែមក​ម្លាំង​ថ្មើរ​ជើង​ច្រើន អម​ដោយ​រថ​គ្រោះរុ​លចូ​ល​ភូមិ​សាស្រ្ត​ភូមិ​ព្រៃចា​ន់ និង​ភូមិ​ជោគជ័យ។

ដោយ​ឡែក តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ដែល​មានជំ​នាញ​កិច្ច​ការ​ព្រំដែន បានប្រាប់​VOD​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ​នេះ​ថា ទង្វើ​ឈ្លាន​ពាន​របស់​យោធា​ថៃ​នេះ បញ្ជាក់​ថា ថៃ​កំពុង​ព្យាយាម​លេប​ទឹក​ដី​ខ្មែរ​​តា​ម​ផែន​ទី​ខ្នាត​១/៥០​ពាន់ ដែល​ថៃ​គូស​​​ដោយ​ខ្លួន​ឯង ។

លោកថា៖ «ថៃតែនៅតែបន្តប្រើផែនទីខ្នាត១/៥០ពាន់ ដែល​គូស​ដោយ​ឯកតោភា​គី​​ហ្នឹង ប្រាកដ​ជា​ជម្លោះ​បញ្ហា​ព្រំដែន​​​រវាង​កម្ពុជា​និង​ថៃ មិន​អាច​បញ្ចប់​នោះ​ទេ នៅ​តែ​អូស​បន្លាយ​ពេល​ត​ទៅ​ទៀត ហើយ​ថៃ​នៅ​តែ​ធ្វើ​សង្គ្រាម​ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង​បន្ថែម​ទៀត។ លើក​លែង​តែ លោក ហ៊ុន ម៉ាណែត គាត់​យល់​ព្រម​កាត់​ដី​ខ្មែរ​តាម​ផែន​ទីខ្នា​ត​១/៥​០​ពាន់​ហ្នឹង ដើម្បី​ដូរ​យក​សន្តិ​ភាព និង​អំណាច អាហ្នឹងបា​ន​រឿង​ហ្នឹង​វា​បញ្ចប់ ប្រសិ​ន​ជាក​ម្ពុជា​នៅ​ប្រកាន់​ជំហ​រ​យក​ទៅ​តាម​ផែន​ទីខ្នាត​១/២០០​ពាន់ ដែល​ជា​ផែន​ទី​ឧប​សម្ព័ន្ធ​ភ្ជាប់ស​ន្ធិ​សញ្ញា​សៀម​ឆ្នាំ​១៩០៤-១៩០៧ ហើយ​ថៃនៅ​ប្រ​កាន់​ជំហរ​ប្រើផែ​ន​ទីខ្នាត​១/៥០​ពាន់ ចរចា​គ្នាយ៉ា​ង​ម៉េច ក៏​មិន​ត្រូវ​គ្នា​ដែរ»។

យ៉ាងណា លោកអះអាងថា សង្រ្គាមមិនទាន់ចប់ សង្ឃឹមថា កងទ័ពកម្ពុជា នឹងវាយដណ្តើម​កាន់កា​ប់​ទឹក​ដី​ខ្មែរ​ទាំង​អស់​នោះ​មក​វិញ ព្រោះ​វា​ជាទឹ​កដី​រ​បស់បុ​ព្វ​បុរស​ខ្មែរ មិន​មែន​របស់​ចោរ​សៀម​ទេ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា មេដឹកនាំ​កម្ពុជា ល្ម​មដល់​ពេល​ដែល​ត្រូវ​បញ្ជូន​សំណុំ​​រឿង​​ព្រំដែន​នេះ ប្តឹង​ថៃទៅ​តុ​លាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ ហើយ ដើម្បីកា​រ​ពារ​ទឹក​ដី និង​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់។

លោកអះអាងថា សង្រ្គាមឈ្លានពានយ៉ាងកំរោលនិងឃោឃៅរ​បស់​យោធា​ថៃ​នេះ គឺ​ចង់​សម្រេច​មហិច្ចតា​លេ​​បទឹកដី​ខ្មែ​រ​តាម​ផែន​ទី​ចោរ​ខ្នាត​១/៥​០ពា​ន់ ដែល​មេដឹកនាំ​ក​ម្ពុជា​ចាំបាច់​ត្រូវ​ពន្លឿន​ប្តឹង​ថៃ​ភ្លាម។

លោកផ្តល់យោបល់ថា កាលៈទេសៈនេះ កម្ពុជាត្រូវអនុវត្តផែនការ​បីយ៉ា​ង​ គឺទី១ បន្តវាយ​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន ទី២ ត្រូវ​បញ្ជូន​សំណុំរឿ​ង​ព្រំដែន​ទៅ​តុលាការ ICJ និងទី​៣​ត្រូវ​ប្តឹង​ទៅ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភា​ព​ទីក្រុង​បារីស ព្រោះ​ថៃ​ជាម្ចាស់​ហត្ថលេខី​ផង​ដែរ។

ម្យ៉ាងទៀត លោកថា ភាគី​បារាំង ធ្លាប់រំឮកមេដឹកនាំកម្ពុជា ជារើយៗ​ថា​បើមា​ន​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង អាច​ស្នើសុំ​កិ​ច្ច​អន្តរាគមន៍​ពី​ភាគី​បារាំង ដែល​ធ្លាប់​ជាម្ចា​ស់​អាណា​និគម​កម្ពុជា​កន្លង​មក​។

លោកថា៖ «អ្វីដែលកម្ពុជាត្រូវតែធ្វើគឺវាយទប់ផង វាយដណ្តើមកាន់កាប់​ទឹកដី​វិញ​ផង និង​វាយ​បណ្តេញ​ថៃ​ចេញ​ពី​ទឹក​ដី​ខ្មែរ​វិញ​ផង ដែល​កំណត់​ដោយ​អនុ​សញ្ញា​បារាំង​សៀម​រួច​គឺ​ដៃ​ម្ខាង​របស់​កម្ពុជា គឺប​ញ្ជូន​ឯកសារទៅ​​តុលាការ​ទីក្រុង​ឡាអេ ហើយ​និង​ដៃម្ខា​ង​ទៀត​ជំរុ​ញឲ្យ​ក្រុ​ម​សន្តិ​សុខ​អង្គកា​រស​ហ​ប្រជាជា​តិ​ហ្នឹង​ដោះ​ស្រាយ​ជា​បន្ទាន់ គឺ​កោះ​ប្រជុំ​ជាប​ន្ទាន់​ អាហ្នឹង​ដែល​កម្ពុជា​ធ្វើ ហើយ​លោក ហ៊ុន ម៉ាណែត បន្ត​ត​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មហា​អំណាច​ដែល​ធ្លាប់​ជជែក​ហ្នឹង​ទៅ ទាំង​ចិន និង​អាមេរិក»។

ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ធ្នូមក ថៃ​បានប្រើ​យន្ត​ហោះ​ចម្បាំង F-16 និងប្រើ​អាវុធ​ធុន​ធ្ងន់ កម្ទេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា​រាប់​សឹប​កន្លែង​តាម​ទំនើង​ចិត្ត ដូច​ជា ទម្លាក់​គ្រាប់​ផ្តាច់​ស្ពាន​អូរជីក ព្រំ​ប្រទល់​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មាន​ជ័យ និ​ងព្រំ​ប្រ​ទល់​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប។ ទម្លាក់​គ្រាប់ផ្តា​ច់​ស្ពាន​មេទឹក​មួយ​កន្លែង​ទៀត នៅ​ខេត្ត​ពោធិ៍​សាត់ និង​ទីតាំង​មួយ​ចំនួន​ទៀត។

បើតាមក្រសួងមហាផ្ទៃ គិតពីថ្ងៃទី៧ ខែធ្នូ រហូត​ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អំពើ​ឈ្លានពាន​របស់​រដ្ឋាភិបាល និង​យោធា​ថៃ ជាពិសេស​ការ​ទម្លាក់​គ្រាប់​គ្រប់​ប្រភេទ គ្រប់​ទម្រង់ ចូល​តំបន់​ស៊ីវិល បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ២១​នាក់ របួស ៨៣​នាក់ ខណៈ​ជន​ភៀស​សឹក​បាន​កើន​ដល់​ជាង ៥៤​ម៉ឺន​នាក់ (៥៤៤ ៧០៣នាក់) ក្នុង​នោះមា​ន​ស្ត្រីជា​ង ២៨ម៉ឺន​នាក់ (២៨៥ ៥៤៤នាក់) និង​កុមារ​ជាង ១៧​ម៉ឺន​នាក់ (១៧៤ ០០៦នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ