តុលាការកំពូល​សវនការ​​​​​សំណុំ​​រឿង​ លោក នី ណាក់ រិះ​គន់​មន្ត្រី​រដ្ឋាភិ​បាល

តុលាកា​រ​កំពូល នៅ​ព្រឹក​​​ថ្ងៃ​​ពុធ​នេះ បាន​​បើក​សវនការ​​លើ​សំណុំ​រឿង​ លោក​ នី ណាក់ ជុំវិញ​​​ការរិះ​គន់​មន្ត្រី​រដ្ឋាភិ​បាល ដែល​ការណ៍​នេះ រង​ការ​រិះ​គន់​ថា ​ខ្ជីខ្ជា ក្នុង​ការ​​រក​​យុត្តិធម៌​ឱ្យ​​អ្នក​ជំនាញ​ផ្នែក​​​កសិ​កម្ម​រូប​នេះ ​ដោយ​​សារ​​តែ​មិន​​មាន​​វត្ត​មាន​​ជន​​ជាប់​ចោទអំ​ឡុង​ពេល​សវនការ។​

អ្នកជំនាញ​ផ្នែក​កសិកម្ម​ លោក នី ណាក់ ត្រូវបានចាប់​​​បញ្ជូន​ទៅ​ឃុំខ្លួ​ន​បណ្តោះ​អាសន្ន​​នៅពន្ធនា​គារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​​សាលា​ដំបូង​រាជធានីភ្នំពេញ បាន​​ផ្ដន្ទា​ទោស​​រូបលោក កាល​​ពីថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​​​ ​​ឱ្យ​​​ជាប់​​​ពន្ធនា​​គារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​ចំនួន ២០០លាន​រៀល ឬ​ស្មើ​​ប្រមាណ ៥ម៉ឺន​ដុល្លារ ឱ្យ​​ទៅ​​ដើម​បណ្ដឹង​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​​​ការងារ លោក ហេង សួរ ក្នុង​សំណុំ​រឿង​​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។

យោងតាមលិខិត​​របស់អគ្គ​ព្រះរាជអាជ្ញាអម​តុលាការ​កំពូល កាលពីថ្ងៃទី​១៥ ​ខែ​ធ្នូ ឆ្នាំ២០២៥បានអញ្ជើញ​លោក​ ជូង ជូងី មេធាវីកា​រពារ​ក្តី​ឱ្យ​លោក នី ណាក់ ទៅកាន់តុលាការ​កំពូល​ នៅព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូនេះ ដើម្បី​ចូលរួមសវនការ​។

តែយ៉ាងណា វីអូឌី មិនអាច​សុំ​កា​រអត្ថាធិប្បាយ​ជុំវិញ​ដំណើរការ​សវនកា​រ​នេះ ពីអ្នក​នាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា និង​​លោក​មេធាវី ជូង ជូងី ព្រមទាំង​​ភរិយា​របស់​លោក នី ណាក់ ​​គឺ​អ្នកស្រី សុខ ស៊ីណែត បាន​ទេ​នៅ​រសៀល​​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ។​

យ៉ាងណា មន្ត្រីអង្កេត​ជាន់ខ្ពស់​នៃសមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដ​ហុក លោក យី សុខ​សាន្ត ដែល​តាម​ដាន​​​សវនាការ​នេះ សង្កេត​ឃើញថា ក្នុងសវនការ មេធាវីការ​ពារ​ក្តី​ឱ្យ​ លោក នី ណាក់ បាន​បញ្ជាក់​ម្តង​ហើយ​​ម្តងទៀតតាំង​ពីសាលា​ដំបូង​រាជធានីភ្នំពេញ រហូត​ដល់​តុលាការ​​កំពូល​​​ថា អ្វី​ដែល​លោក​ នី ណាក់ បាន​​បង្ហោះសារនៅលើ​បណ្តាញ​សង្គម​របស់​លោក គឺជា​ការ​បញ្ចេញមតិ និង​គ្មាន​ចេតនាណា​មួយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ហេង សួរ នោះ​ទេ។

លោក​បន្តថា មេធាវី​របស់​លោក នី ណាក់ ក៏បានបញ្ជាក់ដែរថា ឈ្មោះ ហេង សួរ​ នោះ​ក៏មិនមែនជា​ឈ្មោះ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នោះដែរ ហើយ​កា​រចោទគាត់ពីបទញុះញង់នោះ ក៏​មិនមែន​លោក​ នី ណាក់ ប្រព្រឹត្ត​នោះដែរ គឺជា​ខ្លឹមសារ​ក្នុងខំមិន(comment)​ក្នុង​កា​រផុស​របស់​លោក​ នី ណាក់​ ក្នុងបណ្តាញ​សង្គម​ដែរ ដូច្នេះ​លោក​យល់ថា តុលាការ ក៏ដូចជា​ដើម​បណ្តឹង ដែលជា​រដ្ឋមន្ត្រីក្រសួងការងារ លោក​ ហេង សួរ គួរតែ​ទម្លាក់ការ​ចោទប្រកាន់ទៅ​លើ​លោក នី ណាក់ និង​ដោះលែង​​ឱ្យគាត់​មានសេរីភាព​វិញ។​

លោកថា៖ «យើង​​ស្នើ​សុំយ៉ាងទទូច​ដែរ ទៅ​រដ្ឋាភិបាល ក៏ដូចជា​អ្នក​ដើម​បណ្តឹង ក៏ដូចជា​តុលាការ​​កំពូល មេត្តា​ទម្លាក់​​ចោល​កា​រចោទប្រកាន់មក​​លើពួក​គាត់ទៅ ពីព្រោះ​អីនៅ​​ប្រទេស​កម្ពុជា ចំណុច​សំខាន់​​​ដែល​យើង​ចាត់​ទុក​ថា​ ​កម្ពុជា​​​ជា​របប​ប្រជាធិបតេយ្យ សេរីពហុបក្ស ចឹង​សិទ្ធិ​បញ្ចេញ​មតិ​ ជា​មូល​ដ្ឋានគ្រឹះ​​នៃ​លទ្ធិប្រជាធិបតេយ្យ។ ក្នុងនាម​អង្គការ​​សង្គម​ស៊ីវិលដែល​ធ្វើ​ការងារ​លើ​វិស័យ​សិទ្ធិ​មនុស្ស​​​ ចង់​បាន​សង្គម​មួយឱ្យ​មាន​ គេហៅថា គោរពសិទ្ធិ​មនុស្ស​ និង​​​និតិរដ្ឋ ស្នើ​សុំ​ឱ្យ​ទម្លាក់ការ​ចោទប្រកាន់ទៅលើរូប​គាត់ វា​ជាល្អ​សម្រាប់​ជាតិ​សាសន៍​យើង​ទេ»។​​

ជាមួយគ្នានេះ​ដែរ ​​លោក​ យី សុខសាន្ត ក៏បានរិះគន់​ចំណាត់​ការ​របស់​តុលាការ​ផងដែរថា ជា​ការ​ខ្ជីខ្ជាក្នុងការ​កាត់​សេចក្តី​ និង​រក​យុត្តិធម៌​ជូន​ជន​ជាប់​ចោទ ដោយសារតែ​សវនការ​ព្រឹក​មិញ​​នេះ មិន​មានវត្ត​មាន​របស់ លោក នី ណាក់​ នោះទេ។​​

លោកថា៖ «អ្វីដែល​យើង​ខក​បំណង​នេះ គឺធម្មតា​ តុលាការ​​​ហាក់​ដូចជា​ខ្ជីខ្ជា​ក្នុង​ការ​កាត់​សេចក្តី​​របស់​​​ជន​ជាប់​​ចោទ ពីព្រោះអី​សិទ្ធិ​ស្មើ​ភាពគ្នាចំពោះ​មុខ​ច្បាប់ ទាល់តែ​យក​ជន​ដែល​ជាប់​​ចោទ​​ហ្នឹង យក​មក​​តទល់​គ្នា​ចំពោះ​មុខ​​ច្បាប់ ប៉ុន្តែ​លើក​នេះ នៅពេល​ដែល​​មិន​ព្រម​ដោះលែង​ឱ្យគាត់​នៅ​ក្រៅ​ឃុំ យក​គាត់​ទៅ​ឃុំហ្នឹង​​ទុក​ងាយ​ស្រួ​លក្នុងការ​ដឹក​ជញ្ជូន​យក​មក​​សវនការ​​ ប៉ុន្តែ​នៅពេល​ស​វ​ន​ការ អត់​បានដឹក​គាត់​មក មានន័យ​ថា ជា​កា​រខ្ជះខ្ជាយមួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​សិទ្ធិ​ជនជាប់​ចោទ»។​​

កាលពីថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៤ ​អង្គការ​ឃ្លាំមើ​ល​សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ (Human Rights Watch) បាន​​ចេញ​មុខ​សម្តែង​ប្រតិ​កម្ម​នឹង​ការ​ចាប់​ឃុំ​ខ្លួន លោក នី ណាក់ ជា​អ្នក​ជំនាញកសិកម្ម និងដែ​លត្រូ​វ​បាន​អង្គ​ការ​អន្តរ​ជាតិ​មួយ​នេះ ចាត់​ទុក​ថា ជា​សកម្មជន​នយោបាយ​នៅកម្ពុជា។ ការ​ចាប់​ខ្លួន​ដែល​ធ្វើ​ឡើង​ទៅ​តាម​​បណ្តឹង​របស់ លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​នេះ ត្រូវ​បាន​លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គកា​រ Human Rights Watch ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

នៅ​ក្នុងសេចក្តីថ្លែងការណ៍ចំថ្ងៃទី៧មករា លោក Phil Robertson បានគត់សំគាល់ថា ការចាប់ខ្លួនលោក នី ណាក់ គឺជាឧទាហរណ៍មួយទៀតនៃការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធទៅលើអ្នករិះគន់របស់រដ្ឋាភិបាល ដែល​កំពុងអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសន្តិវិធីតាមបណ្តាញសង្គម។

បើតាមអង្គការដដែលនេះ លោក នី ណាក់ មិនបានធ្វើអ្វីខុសច្បាប់ ដែលត្រូវចាប់ខ្លួននោះឡើយ។ លោក Phil Robertson បានទាមទារទម្លាក់ចោលការចោទប្រកាន់លើអ្នករិះគន់​មិនសំចៃមាត់រូបនេះ​ជាបន្ទាន់ និងដោះលែងឲ្យមានសេរីភាពវិញ។

តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ​២០២៤ គឺ​លោក នី ណាក់ បាន​សរ​សេរ​សារ​លើ​ហ្វេស​ប៊ុក​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣​ថា “កាត់​ដី​ឲ្យ លោក ហេង សួរ ប្រហែល​​ជាទុ​ក​សង់​រោង​ចក្រ​២០០០ និង​ធ្វើ​ការ​រិយា​ល័យ​ឲ្យ​មន្ត្រី​ក្រសួង​ការ​ងារ ព្រោះ​ឃើញ​ថា គាត់​ធ្វើ​ការ​រហូត​គ្មាន​ថ្ងៃ​សៅរ៍ អាទិត្យ”។

ការ​បង្ហោះសារនេះ ត្រូវបាន​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ ចាត់​ទុក​ការ​បញ្ចេញ​មតិ​របស់​ លោក នី ណាក់ ថាប្រាស់​ចាក​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់។

លោក នី ណាក់ ដែលធ្លាប់ជា​អតីតមន្ត្រី​នៃក្រសួង​កសិកម្ម​​ផងនោះ ក៏ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួច​មក​ហើយ ក្រោម​បណ្តឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោយ​លោក​បង្ហោះ​​សារ​តាមហ្វេសប៊ុក​របស់​លោក​កាលពីចុង​ឆ្នាំ​២០១៩ ដែលមានខ្លឹមសារ​ថា «ទិញ​ម៉ាស់​ពាក់​ឱ្យកូន​មាន់ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដខ្លាំង»។

កាលណោះ តុលាកា​រក្រុង​ភ្នំពេញ បាន​ផ្តន្ទា​ទោស​ លោក​ នី ណាក់ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​​ចូល​ថវិកា​រដ្ឋ​ចំនួន ២លាន​រៀល កាលពីខែ​សីហា ឆ្នាំ​២០២០ ក្រោម​ការ​ចោទប្រកាន់​ពីបទ ជេរ​ប្រមាថជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​កា​រ​រើស​អើង។ លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​មានសេរីភាពវិញ នៅថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២២ ក្រោយអនុវត្ត​ទោស​ចប់​តាម​អំណាច​សាល​ក្រម​ស្ថាព័រ​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ