រដ្ឋាភិបាលថៃ បានបញ្ចាក់ឡើងវិញថា ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ដែលមានលិខិតការងារផុតកំណត់ត្រឹមដើមឆ្នាំ២០២៦ អាចបន្តវីសាឬស្នាក់នៅបាន២ឆ្នាំបន្ថែមទៀត ខណៈសារព័ត៌មានក្នុងស្រុកថៃធ្លាប់ចុះផ្សាយខុសពីនេះ ដោយសំអាងពីបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។
ជុំវិញបញ្ហានេះ សារព័ត៌មានថៃមួយចំនួន ដូចជា TNN និង Thai PBS កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានដកស្រង់សម្ដីអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោក ស៊ីរីពង្ស អង់កាសាគុលគៀត (Siripong Angkasakulkiat) មកចុះផ្សាយថា ប្រទេសថៃ មិនអាចបន្តលិខិតស្នាក់នៅដល់ពលករខ្មែរ ធ្វើការនៅប្រទេសថៃ ដូចជនជាតិដទៃទៀតបានទេ សម្រាប់អ្នកដែលមាន លិខិតស្នាក់នៅផុតសុពលភាពត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នោះ។
យ៉ាងណា សារព័ត៌មានថៃ ONENEWS ចុះផ្សាយកាលពីថ្ងៃទី២៣ខែធ្នូនេះ ដោយបានស្រង់សម្ដី រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី ទ្រីនុច ធានថង (Treenuch Thienthong) មកចុះផ្សាយថា ការចុះផ្សាយកន្លងមកជាការយល់ច្រឡំ។
ប្រភពនោះ បញ្ជាក់ថា ចំពោះពលករខ្មែរ ដែលបានបន្តប័ណ្ណការងារចាស់ ដែលផុតកំណត់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមករួចរាល់ នឹងទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការងាររហូតដល់ឆ្នាំ២០២៧ ហើយអាចបន្តបាន ២ឆ្នាំទៀត ដល់ឆ្នាំ២០២៩។
ជាមួយគ្នានេះ លោក ស៊ុមឆៃ មរកតស៊ីរីវ៉ាន់ (Somchai Morakotsriwan) អគ្គនាយកនៃក្រសួងការងារ បានបន្ថែមថា ក្រសួងការងារកំពុងស្វែងរកវិធានការសមស្រប ដោយសហការជាមួយភ្នាក់ងារសន្តិសុខ ដើម្បីកំណត់គោលការណ៍ណែនាំ សម្រាប់ពលករកម្ពុជា ដោយប្រុងប្រយ័ត្ន និងហ្មត់ចត់ ដោយធានាបាននូវតុល្យភាពលើការពិចារណាផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ៕









