យោធាថៃ បាននិយាយថា កិច្ចចរចាបទឈប់បាញ់ជាមួយប្រទេសកម្ពុជា ដែលកំណត់នៅថ្ងៃទី២៤ខែធ្នូនោះ ត្រូវបានរំពឹងថានឹងបញ្ចប់ជាមួយនឹងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៧ ខែធ្នូ ខណៈដែលភាគីទាំងពីរកំពុងព្យាយាមបញ្ចប់ការប៉ះទង្គិចដែលអូសបន្លាយជាច្រើនសប្តាហ៍។
ប្រភព ដឹ ស្រេ្តតថាមស៍ បានចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា កិច្ចពិភាក្សាគ្រោងនឹងចាប់ផ្តើមនៅម៉ោង៤រសៀល ម៉ោងនៅទីក្រុងបាងកក ក្នុងខេត្តចាន់ថាបុរី ប្រទេសថៃ ដែលជាប់ព្រំដែនកម្ពុជា។
ក្រសួងការពារជាតិថៃ បានគូសបញ្ជាក់អំពីការទាមទារមួយចំនួន ដែលត្រូវពិភាក្សាមុនកិច្ចប្រជុំទ្វេភាគីនៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ។
ក្រសួងការពារជាតិ បាននិយាយថា ប្រសិនបើកិច្ចពិភាក្សាកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ក្របខណ្ឌបច្ចេកទេសសំខាន់ៗ ដូចជា ការដាក់ពង្រាយទ័ពទេ ភាគីថៃនឹងមិនបន្តកិច្ចប្រជុំ GBC ឬក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយឡើយ នៅថ្ងៃទី២៧ ខែធ្នូនេះ។
កិច្ចពិភាក្សានេះ នឹងក្លាយជាការសន្ទនាទ្វេភាគីលើកដំបូង ចាប់តាប់ពីការប៉ះទង្គិចបានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី៧ ខែធ្នូ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ៤៤នាក់ បានស្លាប់ និងប្រជាពលរដ្ឋជាងកន្លះលាននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួននៅតាមបណ្តោយព្រំដែនភាគីទាំងពីរប្រវែង ៨០០គីឡូម៉ែត្រ។
ការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃក្នុងខែកក្កដា បានបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់ដំបូង ដែលសម្របសម្រួលដោយម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក Donald Trump ។
យោធាថៃ គ្រោងនឹងលើកបញ្ហាចំនួន៥ ក្នុងអំឡុងពេលនៃការចរចា រួមមាន ការប្រើប្រាស់មីនប្រឆាំងមនុស្ស ការប្រើប្រាស់ទីតាំងបេតិកភណ្ឌប្រវត្តិសាស្រ្តជាមូលដ្ឋានយោធា ការបាញ់អាវុធធន់ធ្ងន់ចេញពីតំបន់សហគមន៍ពលរដ្ឋ ការប្រើប្រាស់អគារស៊ីវិលជាទីតាំងយោធា ឬកន្លែងផ្ទុកអាវុធ។
ភាគីទាំងពីរ បានបដិសេធការវាយប្រហារលើជនស៊ីវិល ដោយអះអាងថា ពួកគេវាយប្រហារតែគោលដៅយោធាប៉ុណ្ណោះ។
ការសែតខ្មែរថាមស៍ បានរាយការណ៍ថា អាជ្ញាធរសកម្មភាពកម្ចាត់មីន និងជំនួយជនរងគ្រោះកម្ពុជា បានថ្កោលទោសដាច់ដោយឡែកដែលហៅថា ការឈ្លានពានពីយោធារបស់ថៃ និងយុទ្ធនាការផ្តល់ព័ត៌មានមិនពិត។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ូរ៉ាសាន គង់សារី (Surasant Kongsiri) បានប្រាប់សារព័ត៌មានប្លុមប៊ើកនៅមុននេះថា កម្ពុជាបានស្នើកិច្ចប្រជុំនេះ នៅទីក្រុងគូឡាឡាំពួរ វិញតែថៃបានបដិសេធ៕









