កម្ពុជា អំពាវនាវដល់មិត្តបរទេស ជាពិសេស អាមេរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តសកម្មភាពជួយជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាម ដោយសារអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ខណៈគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៤ខែធ្នូ ម្សិលមិញ ពលរដ្ឋខ្មែរស្លាប់បានកើនដល់ ៣០នាក់ របួសជិត ៩០នាក់ និងជនភៀសសឹកកើនដល់ជាង ៦៣ម៉ឺននាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងនេះ បានឱ្យដឹងថា គិតចាប់ពីតាំងពីថ្ងៃទី០៧ ខែធ្នូ មកដល់ម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូម្សិលមិញ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោងគ្រាប់ និងទម្លាក់គ្រាប់គ្របប្រភេទ និងគ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរសរុបចំនួន ៣០នាក់ បានស្លាប់ ក្នុងនោះបូកបញ្ជូលទាំងពលរដ្ឋភៀសសឹកចំនួន ៩នាក់ ដែលបានស្លាប់ជាបន្តបន្ទាប់នៅជំរំភៀសសឹកខេត្តសៀមរាប ខណៈអ្នករងរបួស បានកើនដល់ ៨៧នាក់។
ចំណែក ជនស៊ីវិលដែលភៀសសឹកវិញ ក្រសួងថា កើនដល់ជាង ៦៣ម៉ឺននាក់ (៦៣៦ ៥៣៦នាក់) ក្នុងនោះមានស្ត្រីជាង ៣៣ម៉ឺននាក់ (៣៣១ ៧០៧នាក់) និងកុមារជាង ២០ម៉ឺននាក់ ( ២០២ ៤៥៥នាក់)។
សម្រាប់ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនស៊ីវិលវិញ គិតពីថ្ងៃទី៧ មកដល់ពេលនេះ ខូចខាតផ្ទះពលរដ្ឋ ១២៥ខ្នង អគារឯកជន៦ទីតាំង សណ្ឋាគារ៥ទីតាំង សាលារៀន៦កន្លែង មណ្ឌលសុខភាព២ទីតាំង ប្រាសាទបុរាណមួយចំនួន រថយន្តនិងម៉ូតូ២៨គ្រឿង និងអគារ វត្តអារ៉ាម ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
ក្រសួងថា៖ «មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមមានស្ត្រីជាង ៥០ភាគរយ និងកុមារជាង៣០ភាគរយ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ ដែលបំផ្លាញផ្ទះសម្បែង សាលារៀន និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ។ ជាក់ស្តែងនៅស្រុកបាណន់ ខេត្តបាត់ដំបង ថ្ងៃនេះ[ថ្ងៃទី២៤ខែធ្នូ]កុមារតូចៗ និងសិស្សជាច្រើនរយនាក់ បានសម្រុករត់ចេញពីសាលារៀន ខ្លះវង្វេងឪពុកម្តាយ ព្រោះតែភិតភ័យដោយសារយន្តហោះថៃទម្លាក់គ្រាប់»។
ការណ៍នេះ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់មិត្តបរទេស ជាពិសេសអាមេរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តសកម្មភាពជួយជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាមជាស្ថាពរ នាំមកនូវសន្តិសភាពជាអចិន្ត្រៃយ៍ ដែលជាបំណងប្រាថ្នាតាំងពីដើមរបស់កម្ពុជា។ ហើយជំហររបស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយជម្លោះ ការកំណត់ខ័ណ្ឌសីមាព្រំដែន តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងយន្តការដែលមានស្រាប់។
គិតពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី២៥ ខែធ្នូនេះ មានចំនួន១៩ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ គាំទ្រថ្មើរជើង ប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់ និងបាញ់ផ្សែងពុល តាមទំនើងចិត្តលើដែនដីកម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែន និងតំបន់ស៊ីវិលមួយចំនួនទៀត ដែលមានចម្ងាយប្រមាណ ៧០ ទៅ ៨០គីឡូម៉ែត្រពីតំបន់ព្រំដែន ដូចជានៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកបាណន់ ខេត្តបាត់ដំបងជាដើម៕









