អង្គការសង្គមស៊ីវិលកម្ពុជាជាង១៨០ស្ថាប័ន ជំរុញឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ាន ចាត់វិធានការជាដុំកំភួន និងធ្វើសកម្មភាពផ្ទាល់ជាជាងប្រយោល ក្នុងការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពសង្គ្រាមឈ្លានពានរបស់យោធាថៃ ក្នុងទឹកដីកម្ពុជា ព្រមទាំងបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិឯករាជ្យ ដើម្បីស៊ើបអង្កេតលើការរំលោភបំពាន ការបំផ្លិចបំផ្លាញ រួមទាំងអំពើហិង្សាផ្លូវភេទ និងការសម្លាប់ដោយខុសច្បាប់ ពីសំណាក់ក្រុមសមាជិកយោធាថៃមកលើជនស៊ីវិលកម្ពុជា។
ក្នុងលិខិតថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា ដែលចេញដោយអង្គការសង្គមស៊ីវិលកម្ពុជាចំនួន ១៨៣ស្ថាប័ន នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធឈ្លានពានទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងជាការបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និងនីតិសាកល។
អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានបង្ហាញក្តីបារម្ភយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការចោទប្រកាន់ដែលគួរឱ្យជឿទុកចិត្តបានអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងអំពើហិង្សាផ្លូវភេទប្រឆាំងប្រជាជនស៊ីវិលកម្ពុជា ពីក្រុមសមាជិកនៃយោធាថៃ។ ហើយនៅពេលដែលភស្តុតាងត្រូវបានបញ្ជាក់ជាផ្លូវការ គឺអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មក្រោមច្បាប់អន្តរជាតិ ដែលការណ៍នេះ ពួកគេបានទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ឯករាជ្យ យុត្តិធម៌ និងមានប្រសិទ្ធភាព ដោយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវ។
ពួកគេបានសង្កត់ធ្ងន់ថា៖ «ការឈ្លានពាន និងការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធ មិនអាចបង្កើតជាមធ្យោបាយស្របច្បាប់ ឬស្របច្បាប់ក្នុងការដោះស្រាយបញ្ហាទ្វេភាគីបានទេ។ ការបន្តកើនឡើងជាបន្តបន្ទាប់នៃកម្លាំងប្រដាប់អាវុធ មិនត្រឹមតែបង្កគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញប្រជាជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញស្ថិរភាពក្នុងតំបន់ គោលការណ៍មូលដ្ឋានគ្រឹះរបស់អាស៊ាន និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរផងដែរ»។
ការណ៍នេះ អង្គការសង្គមស៊ីវិលទាំង១៨៣ស្ថាប័ន បានស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពសង្គ្រាមឈ្លានពាន និងការដកកម្លាំងយោធាប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ចេញពីទឹកដីកម្ពុជា និងត្រូវគោរពឱ្យពេញលេញចំពោះច្បាប់អន្តរជាតិ ការការពារជនស៊ីវិល និងកម្មវត្ថុនានាទាន់ទងនឹងប្រជាជនស៊ីវិល។
ពួកគេក៏បានស្នើឱ្យបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិឯករាជ្យ ដើម្បីស៊ើបអង្កេតលើការរំលោភបំពាន ការបំផ្លិចបំផ្លាញ រួមទាំងអំពើហិង្សាផ្លូវភេទនិងការសម្លាប់ដោយខុសច្បាប់ ព្រមទាំងបង្ហាញពីគណនេយ្យភាពប្រកបដោយអត្ថន័យ តាមរយៈយន្តការជាតិ តំបន់ ឬអន្តរជាតិសមស្រប រួមទាំងការចូលរួមជាមួយយន្តការពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងស្ថាប័នយុត្តិធម៌អន្តរជាតិ។
លិខិតបានបន្ថែមថា៖ «អង្គការសង្គមស៊ីវិល ជំរុញឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ាន ចាត់វិធានការជាដុំកំភួន និងធ្វើសកម្មភាពយ៉ាងសកម្មផ្ទាល់ ជាជាងដោយប្រយោល។ ការឆ្លើយតបយឺតយ៉ាវ ឬមិនពេញលេញចំពោះការឈ្លានពានដែលគឃ្លើន វាមានតែបង្កើតនូវនិទណ្ឌភាព និងធ្វើឱ្យការរំលោភបំពានទៅជារឿងធម្មតា។ វិធានការប្រកបដោយភាពច្នៃប្រឌិត ស្របច្បាប់ និងចេញជាគោលការណ៍ រួមទាំងសម្ពាធការទូត ការចូលរួមបង្ការទប់ស្កាត់ ការដាក់ទណ្ឌកម្មតាមគោលដៅសមស្រប និងការត្រួតពិនិត្យជាអន្តរជាតិ ដោយភាពវៃឆ្លាត និងចាំបាច់ ដើម្បីទប់ស្កាត់ការរំលោភបំពានបន្ថែមទៀត និងការពារប្រជាជនស៊ីវិល»។
អង្គការសង្គមស៊ីវិលកម្ពុជា ដែលចេញលិខិតថ្កោលទោសទាំងនោះ មានដូចជា សមាគមអាដហុក អង្គការអនាគតកុមារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា អង្គការទ្រទ្រង់ស្ត្រីខ្មែរ សមាគមបណ្តាញយុវជនកម្ពុជា និងសហព័ន្ធសហជីពសេរីកម្មករកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា ជាដើម។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍នៅថ្ងៃទី២៥ ខែធ្នូនេះថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ហើយឈានដល់ការផ្ទុះសង្គ្រាមនេះ បង្កឡើងដោយយោធាថៃ ដែលថៃបានប្រើប្រាស់នូវអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ រួមទាំងប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ វាយប្រហាររំលោភចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា បង្កឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល ជាពិសេសកុមារ និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានា។
លោកបន្តថា មានតែការចាត់វិធានការជាអន្តរជាតិទេ ទើបអាចទប់ស្កាត់ និងបញ្ចប់នូវជម្លោះប្រដាប់អាវុធនេះ ហើយរក្សាឱ្យបាននូវបទឈប់បាញ់ និងការរស់រានមានជីវិតរបស់ពលរដ្ឋស៊ីវិល។
លោកថា៖ «យើងនឹងបន្តជំរុញទៅឱ្យបណ្តា[សហគមន៍]អន្តរជាតិដែលមានការពាក់ព័ន្ធពិសេសគឺអង្គការសហប្រជាជាតិ ក៏ដូចជា ប្រទេសដែលជាសមាជិកនៃហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានប្រទេសថៃផងដែរ នៅក្នុងការធានានូវការគោរពនូវអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ឱ្យគោរពឱ្យបានពេញលេញ ហើយយើងនឹងបន្តតាមដានចំពោះបញ្ហានេះតទៀត ហើយបើសិនប្រទេសថៃនៅតែបន្តឈ្លានពានបន្តសង្គ្រាមហ្នឹងបន្តទៀត យើងនឹងមានវិធានការបន្តទៅទៀតចំពោះបញ្ហាហ្នឹង ជាលក្ខណៈអន្តរជាតិ។ យើងក៏សុំនៅតែអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការចរចាគ្នា ដើម្បីបញ្ចប់នូវសង្គ្រាមនេះ ហើយងាកមកដោះស្រាយបញ្ហាព្រំដែនឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍កិច្ចព្រមព្រៀង ក៏ដូចជាគោលការណ៍ច្បាប់អន្តរជាតិដែលមានស្រាប់ ឱ្យខានតែបាន ដើម្បីកាត់បន្ថយអរិយភាពរវាងប្រទេសជិតខាង»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានគាំទ្រចំពោះការជំរុញនេះ ដោយថា ក្នុងអំពើឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា កន្លងមក ខាងសហគមន៍អន្តរជាតិ បានត្រឹមអំពាវនាវឱ្យថៃគោរពបទឈប់បាញ់ ដោយពុំមានការថ្កោលទោស ការចាត់វិធានការជាក់ស្តែង ឬដាក់ទណ្ឌកម្មការទូតណាមួយនោះទេ។
លោកថា៖ «ព្រោះថៃ បើសិនជាអត់មានវិធានការជាក់ស្តែងថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ ថៃមិនបញ្ឈប់ឈ្លានពានមកលើទឹកដីកម្ពុជានោះទេ នៅតែបន្តរំលោភយកទឹកដីកម្ពុជា និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់»។
សម្រាប់កម្ពុជាវិញ លោកថា ត្រឹមការថ្កោលទោស និងការអំពាវនាវ វាមិនគ្រប់គ្រាន់សម្រាប់ឱ្យសហគមន៍អន្តរជាតិ ដាក់ចេញនូវវិធានការទប់ស្កាត់ការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាបាននោះទេ គឺរដ្ឋាភិបាលកម្ពុជា ត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងធ្វើកិច្ចការការទូតឱ្យបានខ្លាំងជាងនេះ នោះទើបមានទម្ងន់ និងមានប្រសិទ្ធភាព។
លោក អ៊ុំ សំអាន បន្តថា៖ «កម្ពុជាត្រូវធ្វើម៉េចមានទំនាក់ទំនងកាទូតល្អៗជាងហ្នឹង គឺត្រូវធ្វើម៉េចដោះលែងលោក កឹម សុខា ដោះលែងអ្នកទោសមនសិការ ស្តារប្រជាធិបតេយ្យ រៀបចំបោះឆ្នោតដោយសេរីនិងយុត្តិធម៌ បង្ក្រាបបទល្មើសនៃការឆបោកតាមអនឡាញទៅ ហើយយើងអាចមានមុខមាត់នៅលើឆាកអន្តរជាតិទៅ យើងមានទំនាក់ទំនងការទូតល្អទៅ សហគមន៍អន្តរជាតិ គេនឹងជួយយើង ហើយកាលណាយើងអត់ដោះលែងលោក កឹម សុខា ចឹងយើងចោទអាមេរិកនៅក្រោយខ្នងលោក កឹម សុខា ផ្តួលរំលំរដ្ឋាភិបាលចឹង អាមេរិកធ្វើម៉េចង់ជួយយើង ដូច្នេះយើងត្រូវលាងជម្រះរឿងហ្នឹងឱ្យស្អាត ទើបសហគមន៍អន្តរជាតិគេជួយយើង»។
អំឡុងពេលធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា នៅព្រឹកថ្ងៃទី២៥ខែធ្នូនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា លោក ទូច សុខៈ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តសកម្មភាពជួយជ្រោមជ្រែងពន្លត់សង្គ្រាមឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាផងដែរ ខណៈលោកថា គិតមកដល់ព្រឹកថ្ងៃនេះ មានពលរដ្ឋខ្មែរស្លាប់បានកើនដល់ ៣០នាក់ របួស៨៧នាក់ និងជនភៀសសឹកកើនដល់ជាង ៦៣ម៉ឺននាក់ (៦៣៦ ៦៧៩នាក់) ក្នុងនោះមានស្ត្រីជាង ៣៣ម៉ឺននាក់ (៣៣១ ៨៥០នាក់) និងកុមារជាង ២០ម៉ឺននាក់ ( ២០២ ៤៥៥នាក់) ព្រមទាំងខូចខាតនូវប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត។
លោកថា៖ «មកដល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាងកន្លះលាននាក់ហើយ រួមមានស្ត្រីជាង ៥០ភាគរយ និងកុមារជាង៣០ភាគរយ កំពុងរងទុក្ខទោស បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ ដែលបំផ្លាញផ្ទះសម្បែង សាលារៀន និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ […] ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវមិត្តបរទេស ជាពិសេសសហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តសកម្មភាពជួយជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាមជាស្ថាពរ នាំមកនូវសន្តិសភាពជាអចិន្ត្រៃយ៍ ដែលជាបំណងប្រាថ្នាតាំងពីដើមរបស់កម្ពុជា»។
លោក ទូច សុខៈ បន្ថែមថា ជំហររបស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយជម្លោះ ការកំណត់ខ័ណ្ឌសីមាព្រំដែន តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងយន្តការដែលមានស្រាប់៕









