ការទប់ស្កាត់ទង្វើឈ្លានពានរបស់ថៃត្រូវ​ឆ្លើយ​តប​ទៅ​នឹង​បំណង​អន្តរ​ជាតិ​និង​ត្រូវ​ដាក់​ពាក្យ​បណ្តឹង

ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរ​ជា​តិ ការ​ស្ដារ​សិទ្ធិ​ម​នុស្ស និង​ចាប់​ខ្លួន​មេ​ឧក្រិដ្ឋជ​ន​​ឆបោ​ក ជាដើម ត្រូវ​​គេ​ជឿថា​ ជា​ជម្រើស​មួយ​ឆ្លើយ​តប​ទៅ​បំណង​ប្រាថ្នា​របស់​សហគមន៍​អន្តរ​ជាតិ ដែល​​អាច​ឱ្យ​ពួក​គេយក​ចិត្ត​​ទុក​ដាក់​នឹង​មេដឹក​នាំ​កម្ពុជា ជុំវិញ​ការ​អំពាវ​នាវ​ឱ្យ​ជួយ​ទប់​​​ស្កាត់​ការ​ឈ្លាន​ពាន​របស់​ថៃ នាសម័យ​ទំនើប​នេះ។

ការលើកឡើងបែប​នេះ ចំពេលរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ថ្កោលទោស​ការ​ឈ្លានរ​បស់​ថៃ​ថាបាន​រំលោភ​លើប​ទឈ​ប់​បាញ់ និង​រំលោភ​ច្បាប់​អន្តរ​ជាតិ និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់។

លើស​ពីនេះ​ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងក្រសួងមហាផ្ទៃ បាននិយាយនៅ​ថ្ងៃនេះ​ថា គិត​ចាប់​ពីតាំ​ង​​ពី​ថ្ងៃ​ទី​០៧ ខែធ្នូ មក​ដល់​ម៉ោង​​៦ល្ងាច​​​ថ្ងៃទី​២៤​ខែធ្នូ​នេះ​ អំពើ​​ឈ្លាន​​ពាន​​របស់​​រដ្ឋាភិបាល និង​​យោធា​​ថៃ ជា​ពិសេស​​ការ​​ផ្លោង​​គ្រាប់ និង​ទម្លាក់គ្រាប់​​គ្រប់​​ប្រភេទ និ​​ង​​គ្រប់​ទម្រង់​ ចូល​​តំបន់​​ស៊ីវិល បាន​​បណ្តាល​ឱ្យ​ប្រជា​​ពលរដ្ឋ​​ខ្មែរ​សរុប​​ចំនួន ៣០នាក់ បានស្លាប់ ក្នុងនោះ​​បូក​​បញ្ជូល​ទាំង​ពលរដ្ឋ​​ភៀស​សឹកចំនួន​ ៩នាក់ ​​ដែល​បាន​ស្លាប់ជា​បន្ត​បន្ទាប់​​នៅ​ជំរំ​ភៀស​​សឹក​ខេត្ត​សៀ​មរា​ប ខណៈ​អ្នក​រង​របួស បាន​កើន​ដល់ ៨៧នាក់​។

ចំណែក ជនស៊ីវិលដែលភៀសសឹកវិញ កើនដល់ជាង ៦៣ម៉ឺន​​នាក់ (៦៣៦ ៥៣៦នាក់) ក្នុង​នោះ​មាន​ស្ត្រីជាង ៣៣ម៉ឺននាក់ (៣៣១ ៧០៧នាក់) និង​កុមារជាង ២០ម៉ឺននាក់​ ( ២០២ ៤៥៥នាក់) កំពុងនៅជំរំ​សុវត្ថិ​ភាព​​ក្នុង​​ខេត្ត​​ព្រះវិហារ ឧត្តរ​មានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង សៀមរាប និង​​កំពតជា​ដើម​។

សម្រាប់ករណីបំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជន​ស៊ីវិល​វិញ ខូចខាត​ផ្ទះពលរដ្ឋ ១២៥ខ្នង អគារ​ឯកជន សណ្ឋាគារ​ សាលារៀន​ ​ មណ្ឌលសុខភាព​ ប្រាសាទបុរាណមួយចំនួន​ និងហេដ្ឋារចនាសម្ព័ន្ធជា​ច្រើន​​ទៀត។​

ក្រសួង​ថា៖ «​មក​ដល់​ពេល​នេះ មាន​ប្រជា​ជនកម្ពុជា​ជាង​​កន្លះ​​លាន​នាក់​ រួ​មមា​ន​​ស្ត្រី​ជាង ៥០​ភាគ​រយ និ​​ងកុមា​​រ​ជាង​​៣០​​ភាគ​រយ​ កំពុ​​ង​​រង​​ទុក្ខ​ »។

ជុំវិញបញ្ហានេះ ក្រសួង​មហាផ្ទៃ ​អំពាវ​នាវ​ដល់មិត្ត​បរទេស ជាពិសេស​អាមេរិក ចិន ម៉ាឡេស៊ី និង​មិត្ត​អាស៊ាន​បន្ត​សកម្មភាពជួយ​ជ្រោម​ជ្រែងពន្លត់​ភ្លើង​សង្គ្រាម​​ជា​ស្ថាពរ ។

ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលការរំ​លោភសិទ្ធមនុស្ស បានផ្ដល់យោ​បល់ប្រហាក់​ប្រហែលគ្នា​ថា​ ការ​អំ​ពាវ​នា​វ​រក​​​​ស​​​ហ​គ​មន៍​អន្តរ​ជាតិ​ឱ្យជួ​យទ​ប់ស្កា​ត់​ទង្វើ​ថៃ​ឈ្លាន​ពាន​នេះ មិន​មាន​ប្រសិទ្ធ​ភាព​ទេ បើ​កម្ពុជា​មិ​ន​ព្រម​ប្ដឹ​ង​ថៃ​​​ជា​​ផ្លូ​វ​​ការ​ទៅតុ​លាការអ​ន្តរ​ជាតិ ICJ និង​តុលាការ​ព្រហ្ម​ទណ្ឌ ICC រួមទាំ​ង​មិន​ព្រ​​ម​ស្ដារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស និង​ចាប់មេ​ឧ​ក្រិដ្ឋជន​ឆបោក​ដែល​​សហគមន៍​អន្តរ​ជាតិ​ បាន​ចង្អុល​បង្ហាញ​ដូច​ជា លោក ចេន ហ្ស៊ី លោក​ កុក អាន​ លោក​ លី យ៉ុងផាត់ និងលោក​ហ៊ុន​​ តូ​ ជាដើម​។

សម្រាប់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ​ សំអាន សាទរចំពោះការ​អំពាវ​នា​​វ​ឱ្យ​មាន​បញ្ចប់​​សង្រ្គា​ម ប៉ុន្តែ​​លោក​ថា ត្រឹម​ការ​អំពាវ​នាវ​គឺ​មិន​គ្រប់​គ្រាន់​ទេ ដោយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​តែ​​ចា​​​​ប់​យក​ច្បាប់​អន្តរ​ជាតិ​​មក​អនុវត្ត ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៃព្រ​មអ​នុវត្ត​បទ​ឈប់​បាញ់ និង​បញ្ចប់​កា​​រ​ឈ្លាន​ពាន​កម្ពុជា ។

​​​លោកថា៖ «កាលណាយើងដោះលែងលោក កឹម សុខា អ៊ីចឹង យើង​ចោទ​អាមេរិ​កនៅ​ពី​​ក្រោយ​ខ្នង​លោក កឹម សុខា ផ្តួល​រំលំ​រដ្ឋាភិ​បាល អ៊ីចឹង​អាមេរិក​ម៉េច​ចង់​ជួយ​យើង ដូច្នេះ​យើង​ត្រូវ​លាង​ជម្រះ​រឿង​ហ្នឹង​ឲ្យ​ស្អាត ទើប​សហគមន៍​អន្តរ​ជាតិ​គេជួ​យ​យើង ហើយ​មួយ​ទៀត គឺ​កម្ពុជា​ត្រូ​វប្ដឹង​ថៃ​ទៅ​កាន់​តុលាការយុត្តិធម៌​អន្ដរជាតិ​ICJ តុលាការ​ព្រហ្មទ​ណ្ឌអ​ន្តរ​ជាតិ​ICC ទៅកា​ន់​សហ​ប្រធា​ន​នៃកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១»។

ចំណែក ប្រធាន​​អង្គ​ការ​ប្រជា​ធិប​តេយ្យ​​​ខ្មែរ លោក​ ស៊ឹង សែន​​ករុណា និយាយថា ការអំ​ពាវ​នា​​វ​តែ​លើ​ក្រ​ដាស​តែ​​មិន​មា​ន​​សកម្មភា​ព​អនុវត្ត គឺ​ស្មើនឹ​ង​គ្មាន​ប្រសិទ្ធ​ភាព ដូច្នេះ​ដើម្បី​ឱ្យ​​សហគមន៍​អន្តរ​ជាតិ​ងា​ក​មក​ជួ​យ​អ​ន្ត​រា​គ​មន៍​ក្នុង​ជម្លោះក​ម្ពុជា​ថៃ​នេះ​បាន លុះត្រា​តែ​​​​កម្ពុជាបង្ហាញ​​ភាព​ស្អា​​ត​ស្អំ ​តា​​មរយៈ​​ការ​ស្ដារ​សិទ្ធិ​មនុស្ស បើក​លំហ​សេរី​ភាព លទ្ធិ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ និង​ចំណាត់​កា​​រ​លើ​មេខ្លោង​ឧក្រិ​​​ដ្ឋជន​ដែ​ល​សហគមន៍​អន្តរ​ជាតិ​រក​ឃើញ​ថា កំពុង​សង្ងំលា​ក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា តាម​បំណង​របស់​​សហគមន៍​អន្ត​រ​ជាតិ។

លើសពី​នេះ លោកថា រដ្ឋាភិបាលកម្ពុជា ដាច់ខាតត្រូវតែដាក់ពាក្យបណ្ដឹង​ទៅ​តុលាការ​អន្តរ​ជាតិ ICJ និង​តុលាការ​ព្រហ្ម​ទណ្ឌ ICC អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​គេមា​ន​លទ្ធភាព​បើ​​កការ​ស៊ើប​​អង្កេ​ត និង​ទំ​នាក់​ទំនង​​ច្បាប់​អន្តរ​ជាតិ ដើម្បី​ដោះស្រា​យ​ជម្លោះ​កម្ពុជា​និង​ថៃ ។

លោកថា៖ «កិច្ចសហប្រតិបត្តិការរបស់មេដឹកនាំបច្ចុប្បន្ន មិនបានធ្វើ​ឲ្យ​សហគមន៍​អន្តរ​ជាតិ មាន​ទំនុក​ចិត្ត ចឹង​ហើយ​បាន​ជា​សហគមន៍​អន្តរ​ជាតិ ហាក់​ដូច​ជា​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ ក្រៅ​ពី​ចេញ​នូវ​សេច​ក្ដី​អំពាវ​នាវ​ សេចក្ដី​ថ្លែង​ការណ៍​ ចឹង​យើងច​ង់​ឃើញ​ចំណាត់​ការ​ច្បាស់​លាស់ ត្រូវ​បង្ហាញ​ពី​ការ​ជឿ​ជាក់​ក្នុង​ចំណាត់​ការ​ទៅ​លើ​ឧក្រិដ្ឋ​​ជន ដែល​គេ​ចោទ​ប្រកាន់​ថា កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​ជាមេ​ខ្លោង​នៃ​បទ​ល្មើស​ឆបោក​អន​ឡាញ ជាមួយ​ទៅ​នឹង​សកម្ម​ជន​នានា​ដែល​កំពុង​ជាប់​ឃុំ​ហ្នឹង ឲ្យ​គេមា​ន​សេរី​ភាព​ ហើយ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ ទៅ​លើ​សកម្មជន​ទាំង​ឡាយ​​ ចេញ​ពី​កម្ពុជា​ខ្លួន​ឯង​ជាមុ​ន​សិន​ ហើយនិង​ទទូចទៅ​ដ​ល់​សហគមន៍​អន្តរ​ជាតិ តាម​រយៈ​យើង​ប្រើ​ប្រាស់​នូវ​បណ្ដឹង​ជា​ផ្លូវ​ការ​ទៅ​ដល់​តុលាការ​ទាំង​ពីរ​ហ្នឹង គឺICC​និង​ICJ»។

ទង្វើឈ្លានពានរបស់ថៃនេះ ក៏ជំរុញឱ្យព្រឹទ្ធសភាកម្ពុជា បញ្ចេញ​ប្រតិកម្ម​ថ្កោល​ទោស​ដែរ។ បើ​យោង​តាម​​សេ​ច​ក្តី​ថ្លែង​ការណ៍​ ចុះ​ថ្ងៃទី​​​២៥ខែ​ធ្នូ​នេះ ឱ្យ​ដឹង​ថា ព្រឹទ្ធ​សភា​កម្ពុជា ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​បំផុត​ ចំពោះ​អំពើ​ឈ្លាន​ពាន​ដ៏​សាហាវ យង់​ឃ្នង និង​ខុស​ច្បាប់ ដែល​បង្ក​ឡើង​ដោយ​កង​ទ័ព​ថៃ មក​លើ​បូរណ​ភាព​ទឹក​ដី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា។

សម្រាប់ព្រឹទ្ធសភាកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​បើក​ការ​វាយ​ប្រហារយ៉ា​ង​ខ្លាំង​ក្លា និង​ដោយ​ឥត​រើស​មុខ ដោយ​ប្រើ​ប្រាស់​កាំភ្លើង​ធំ​ធុន​ធ្ងន់ យន្ត​ហោះ​ចម្បាំង​ប្រភេទ F-16 និង T-50TH ព្រម​ទាំង​អាវុធ​ដទៃ​ទៀត មក​លើ​ប្រជាជន​ស៊ីវិល​ស្លូត​ត្រង់​កម្ពុជា នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ របួស ភៀស​ខ្លួន និង​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផ្ទះ​សម្បែង ហេដ្ឋារ​ចនា​សម្ព័ន្ធ​សាធារណៈ ប្រាសាទ​បុរាណ ទ្រព្យ​សម្បត្តិ​រដ្ឋ និង​បរិស្ថាន។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ២(៤) នៃធម្មនុញ្ញ​នៃអ​ង្គកា​រ​សហ​ប្រជាជាតិ (ឆ្នាំ១៩៤៥) អនុ​សញ្ញា​ក្រុង​ហ្សឺណែវ​ឆ្នាំ១​៩៤៩ និង​ពិធី​សារ​បន្ថែម​នៃ​អនុ​សញ្ញា​នេះ ព្រម​ទាំង​វិធាន​នៃ​ច្បាប់​ទំនៀម​ទម្លាប់​មនុស្ស​ធម៌​អន្តរ​ជាតិ ដែល​ត្រូវ​បាន​កំណត់​ក្នុង​ការ​សិក្សា​របស់​គណៈ​កម្មា​ធិការ ​កាក​បាទ​ក្រហម​អន្តរ​ជាតិ (ICRC)។

ការវាយប្រហារលើទីតាំងបេតិកភណ្ឌវប្បធម៌ ក៏ជាការរំលោភ​បំពាន​បន្ថែម​ទៀត​លើ​អនុ​សញ្ញា​យូណេ​ស្កូ (UNESCO) ស្តីពី​ការ​ការ​ពារ​បេតិក​ភណ្ឌ​វប្បធ​ម៌ និង​ធម្ម​ជាតិ​ពិភព​លោក​(ឆ្នាំ១៩៧២)។ សកម្ម​ភាព​របស់​ប្រទេស​ថៃ ក៏​បាន​បង្ហាញ​​ពីកា​រមិ​ន​គោរព​ចំពោះ​សាល​ដីកា​របស់តុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ស្តីពី​រឿង​ក្តីប្រាសាទ​ព្រះវិ​ហារ (ឆ្នាំ​១៩៦២) ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​អធិប​តេយ្យ​របស់​កម្ពុជា លើប្រាសា​ទ​ព្រះ​វិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​នេះ។

អំពើឈ្លានពាននេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត​លើកិច្ចព្រម​ព្រៀង​ឈប់​បាញ់ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥, សេចក្តី​ថ្លែង​ការណ៍រួ​ម​ស្តីពី​កិច្ចព្រម​ព្រៀង​សន្តិភាព​កម្ពុជា-ថៃ ចុះ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ២០២៥ នៅ​ទីក្រុង​គូឡា​​ឡាំពួរ, ធម្ម​នុញ្ញ​អាស៊ាន​(ឆ្នាំ២០០៧) និង​សន្ធិ​សញ្ញាមិ​ត្ត​ភាព និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (TAC ឆ្នាំ១៩៧៦) ដែល​ឧបករណ៍​គតិ​យុ​ត្តទាំ​ង​នេះ សុទ្ធ​តែបា​ន​ចែង​ជា​ កាតព្វ​​កិច្ច​ឱ្យ​​រ​ដ្ឋនានា ត្រូវ​គោរព​អធិប​តេយ្យ បូរណ​ភាព​ទឹក​ដី និង​ការ​ដោះ​ស្រាយ​វិវាទ​ដោយ​សន្តិវិធី។

លើសពីនេះ ព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ថា ចំពោះសកម្មភាពខុសច្បាប់​រប​ស់ប្រ​ទេស​ថៃ និង​សូម​អំពាវនាវ​ដល់​​សហគមន៍​​អន្តរ​ជាតិ​ឱ្យ​ថ្កោល​ទោស​ដោយ​ឥត​ងាក​រេ លើ​ការ​រំលោភ​បំពាន​ទាំង​នេះ ព្រម​ទាំង​ទាម​ទារ​ឱ្យប្រ​​ទេស​ថៃទ​ទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់ និង​បញ្ឈប់​ជាប​ន្ទាន់ រាល់​សកម្ម​ភាព​អរិភាព​ទាំង​ឡា​យ ដែល​កំពុង​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​របស់​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់។

យ៉ាងណា អ្នកជំនាញផ្នែច្បាប់ លោក​មេធាវី សុក សំអឿន បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ ក្នុង​ន័យ​ដើម​ថា ប្រាសាទ​ព្រះវិ​ហារ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិភណ្ឌពិ​ភព​លោក​ទៅ​ហើយ ហើយ​តំបន់​នោះ ក៏​មាន​ផ្លាក​សញ្ញា​ថា​ជា​តំបន់​បេតិ​ភណ្ឌ​ពិភព​លោក​ដែរ។ ដែល​មាន​ន័យ​ថា មិន​អាច​មាន​ប្រទេ​ស​ប៉ះ​ពាល់​បាន​នោះ​ទេ។ ដូចនេះ ប្រសិន​បើ​ថៃបា​ន​ធ្វើ​ឱ្យ​ខូច​ខាត ដោយ​បាញ់ ឬ​ផ្លោង​គ្រាប់​កាំភ្លើង​ចូល​តំបន់​នោះ ហើយ​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​នោះ នោះ​ប្រាក​ដជា​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​ការ​ខូច​ខាត​ហើយ​។ ប៉ុន្តែ ថៃ​ប្រាកដ​ជា​អះ​អាង​ថា កម្ពុជា​បាន​ដាក់​កង​ទ័​​ព​នៅ​​តំ​បន់​នោះ ដាក់​កំាភ្លើង​ផ្លោង​ក្នុង​តំបន់​ហើយ​បានបាញ់​ទៅ​លើវា​ ហើយ​បាន​ជា​វាផ្លោ​ង​កាំភ្លើង​ធំចូ​ល​តំបន់​នោះ។ កាល​បើ​ថៃ​មា​នភ​ស្តុតាង​បង្ហាញ​ថា មាន​ទ័ព​កម្ពុជា​នៅ​ក្នុង​តំបន់​នោះ​មែន​នោះ នោះ​កម្ពុជា​ទៅ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះកា​រខូ​ចខា​ត​នោះ​ទៅវិញ​ទេ។

លោក​បន្តថា ដូចនេះ ជាការសំខាន់ណាស់ ដែល​កម្ពុជាត្រូវ​មាន​ភស្តុ​តាង​រឹង​មាំ បង្ហាញ​ពី​ទ្រង់​ទ្រាយ​ពេល​ប្រាសាទ​មិន​ទាន់​មាន​ការ​ខូច​ខាត បង្ហាញ​ភស្តុ​តាង​ឱ្យ​ឃើញ​ថា​នៅ​ទីនោះ​មិ​ន​មាន​វត្ត​មាន​កង​ទ័ព ឬ កាំ​ភ្លើង​របស់​កម្ពុជា​នោះ​ទេ បង្ហាញ​ឱ្យ​ឃើញ​ថា គឺ​ទ័ព​ថៃ​ជាអ្ន​ក​ធ្វើ​ឱ្យខូ​ចខា​ត ការ​ខូចខា​ត​មាន​ទំហំប៉ុ​ណ្ណាជា​ដើម។

អង្គការ​សហប្រជាជាតិទៀត​សោត បាន​ត្រឹម​តែ​ធ្វើការ​ថ្កោល​ទោស​តែ​ប៉ុណ្ណោះ ដូចនេះ​ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​សង​ការ​ខូច​ខាត​នោះ កម្ពុជា​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ ICJ ទាម​ទារ​ឱ្យ​ថៃ​សង​ការ​ខូច​ខាត​ថែម​ទៀត ព្រោះ​មាន​តែ​តុលាការ​ទេ ដែល​មាន​សិទ្ធិ​សម្រេច​ឱ្យ​សង ឬ​មិន​សង ដូច​នេះ​បើ​​កម្ពុជា​​មិន​ដាក់​ពាក្យ​ប្តឹង​ទាម​ទារ ថៃ​ប្រាកដ​ជា​មិន​អើ​ពើ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ