គិតមកដល់ត្រឹមព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ កងទ័ពថៃនៅតែបន្តធ្វើការបាញ់ផ្លោងយ៉ាងសន្ធាប់មកលើភូមិសាស្ត្រប្រាសាទព្រះវិហារ ធ្វើឱ្យផ្នែកខ្លះនៃប្រាសាទរងការខូចខាតយ៉ាងដំណំ បើទោះបីជាអង្គការយូណេស្កូបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងតាមដានភាពតានតឹងនៃការប្រយុទ្ធគ្នានៅតំបន់ប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញនេះក្តី។
ប្រាសាទព្រះវិហារ ដែលស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវបានកសាងឡើងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទបុរាណដ៏ល្បីល្បាញ មានទំហំ៨០០គុណនឹង៤០០ម៉ែត្រការ៉េ ដែលត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២នេះ ត្រូវបានអង្គការយូណេស្កូទទួលចុះបញ្ជីចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។
អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងតាមរយៈការផ្សាយផ្ទាល់ស្តីពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៥ខែធ្នូនេះថា គិតមកដល់ត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១៩ហើយ ដែលយោធាថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ ដោយនៅតែបន្តបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជា បើទោះបីជាក្រុមលេខាធិការដ្ឋានគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជានិងថៃ(GBC) បានចាប់ផ្តើមដំណើរការកិច្ចចរចានៅថ្ងៃទី២៤ខែធ្នូក្តី។
អ្នកស្រីបន្តថា នៅតាមព្រំដែនក្នុងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជា។ នៅថ្ងៃទី២៤ខែធ្នូ វេលាម៉ោង៥និង១៥នាទី យោធាថៃបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងព្យាយាមរុលចូលក្នុងភូមិសាស្ត្រវាលឥន្ទ្រីយ៍ ចំការចេក ៥មករា និងសម្បុកឃ្មុំ នៅក្បែរប្រាសាទព្រះវិហារ។
អ្នកស្រីថា៖ «រហូតដល់ម៉ោង១១យប់ថ្ងៃដដែល យោធាថៃ បានបន្តប្រើប្រាស់រថក្រោះបាញ់ចំនួន២០គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ។ ចូលមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីព្រឹកព្រលឹមវេលាម៉ោង៦និង១៥នាទីដល់ម៉ោង៧ យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើងធំបាញ់សន្ធាប់ខ្លាំងនិងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះ ដើម្បីបាញ់បំបុកបន្ថែមទៀត ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ»។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បញ្ជាក់ថា ជាមួយគ្នានេះ នៅទីតាំងមួយចំនួន នៅជួរមុខមានសភាពស្ងប់ស្ងាត់ ខណៈទីតាំងមួយចំនួន យោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ហើយកងកម្លាំងកម្ពុជាកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ឆ្លើយតបជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីការពារអធិបតេយ្យកម្ពុជា។
ការទម្លាក់គ្រាប់បែកមកលើប្រាសាទព្រះវិហារ ពីសំណាក់កងទ័ពថៃ មិនមែនគ្រាន់តែជាការបំផ្លាញសម្បត្តិវប្បធម៌របស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាការវាយប្រហារដោយផ្ទាល់លើបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។
លោក គឹម យុទ្ធនា អ្នកកាសែតខ្មែរដែលកំពុងបំពេញបេសកកម្មនាំអ្នកកាសែតបរទេស ទៅយកព័ត៌មាននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ខែធ្នូនេះ បានបង្ហោះសារនិងរូបភាពថតនៅប្រាសាទព្រះវិហារថា នេះជារូបថតអនុស្សាវរីយ៍ចុងក្រោយរបស់លោក ជាមួយភ្ញៀវទេសចរជនជាតិបារាំង នៅលើប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ លោកបញ្ជាក់ថា ប៉ុន្តែឥឡូវតួប្រាសាទទាំងអស់ រាប់ទាំងពីគោបុរៈទី១ រហូតដល់គោបុរៈទី៥ ត្រូវទទួលរងការបំផ្លាញស្ទើរទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែកតាមយន្តហោះ F-16 និងដ្រូនទម្លាក់គ្រាប់បែករបស់កងទ័ពថៃ កាលពីសង្គ្រាមរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា។
ប៉ុន្តែសម្រាប់ទំហំនៃការខូចខាតដោយសារសង្គ្រាមលើកទី២ ចំនួន១៩ថ្ងៃ ដែលមិនទាន់បញ្ចប់នៅឡើយនេះ មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ។
ជាមួយគ្នានេះ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានប្រាប់កាសែតបារាំងឈ្មោះ LE MONDE កាលពីពេលថ្មីៗនេះថា ទំហំនៃការខូចខាតរបស់ប្រាសាទព្រះវិហារ ពីការទម្លាក់គ្រាប់បែករបស់កងទ័ពថៃ មានការខូចខាតយ៉ាងធំធេង និងយ៉ាងដំណំ ទៅលើតួប្រាសាទទាំងមូល ដែលមួយភាគធំនៃកន្លែងខ្លះរបស់តួប្រាសាទ “មិនអាចជួសជុលបានឡើយ”។
មន្ត្រីរូបនេះ បន្តថា ទំហំខូចខាតបាក់បែកនៃតួប្រាសាទ ដោយសារសង្គ្រាមលើកនេះ ខ្លាំងលើស១០ដង បើប្រៀបធៀបពីការខូចខាតបាក់បែក ដោយសារការប៉ះទង្គិចប្រដាប់អាវុធលើកដំបូងកាលពីឆ្នាំ២០០៨។
វីអូឌី មិនអាចទាក់ទងមន្ត្រីអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយពីចំណាត់ការជាក់ស្តែងរបស់អង្គការអន្តរជាតិមួយនេះ ចំពោះភាគីថៃដែលបានបើកការបាញ់ផ្លោងយ៉ាងកំរោលមកលើប្រាសាទព្រះវិហារនេះបានទេ នៅថ្ងៃទី២៥ខែធ្នូនេះ។
ប៉ុន្តែយូណេស្កូ បានប្រកាសនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ នៅតំបន់ជុំវិញប្រាសាទព្រះវិហារ។ យ៉ាងណាក្តី យូណេស្កូ មិនបានថ្កោលទោសថៃឡើយ ប៉ុន្តែបានអំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ទាំងអស់។
អង្គការនេះ បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។
បន្ថែមពីនេះ យូណេស្កូ ប្រកាសថា ខ្លួននឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ដើម្បីការពារនិងអភិរក្ស ហើយយូណេស្កូបានធ្វើការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធ អំពីការសម្របសម្រួលភូមិសាស្ត្រនៃទីតាំងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាសារៈសំខាន់របស់ជាតិ ដើម្បីជៀសវាងការបង្កការខូចខាតដែលអាចកើតមាន។ បន្ថែមពីនេះ យូណេស្កូ បញ្ជាក់ថា ខ្លួនត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមលក្ខខណ្ឌអនុញ្ញាត។
បើតាមកងទ័ពកម្ពុជាជួរមុខ ក្នុងសង្គ្រាមឈ្លានពានរបស់ថៃលើកទី២ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែធ្នូមកនេះ ក្រៅពីទម្លាក់គ្រាប់ពីយន្តហោះF-16 និងការបាញ់ផ្លោងបំផ្លាញផ្នែកជាច្រើននៃប្រាសាទព្រះវិហារកងទ័ពថៃក៏បានទម្លាក់គ្រាប់កម្ទេចទាំងស្រុងលើប្រាសាទតាក្របី និងក៏បានបាញ់ផ្លោងយ៉ាងសន្ធាប់ចូលប្រាសាទតាមាន់ធំផងដែរ។
វីអូឌី មិនអាចទាក់ទង លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្នើសុំធ្វើការបញ្ជាក់ថាតើក្រសួងបានធ្វើអ្វីខ្លះ ដើម្បីការពារប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀត នៅតាមព្រំដែននោះទេ នៅថ្ងៃទី២៥ខែធ្នូនេះ។ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានថ្មីថ្មី កាលពីពេលថ្មីៗនេះថា អង្គការយូណេស្កូ មិនបានបញ្ជាក់អំពីចំណាត់ការផ្លូវច្បាប់ ឬការទទួលខុសត្រូវណាមួយរបស់ភាគីថៃ ចំពោះការបំផ្លិចបំផ្លាញមកលើប្រាសាទតាក្របី ក៏ដូចជាប្រាសាទព្រះវិហារនោះទេ។
ប៉ុន្តែលោកថា អង្គការអន្តរជាតិមួយនេះ ត្រៀមផ្តល់ជំនួយបច្ចេកទេស សម្រាប់អភិរក្ស និងជួសជុលរាល់ការខូចខាតប្រាសាទបុរាណខ្មែរ ដែលរងការបំផ្លាញដោយចេតនាពីភាគីថៃ។
ជាមួយគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣២ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក កាលពីថ្ងៃទី១២ ខែធ្នូ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ថា យូណេស្កូ មាននីតិវិធីច្បាស់លាស់សម្រាប់ធ្វើកិច្ចការងារនានា រួមទាំងការបំផ្លាញបេតិកភណ្ឌ ដោយទាហានថៃមកលើប្រាសាទបុរាណខ្មែរផងដែរ។
បើតាមលោកស្រីរដ្ឋមន្រ្តី ពេលមានការផ្ទុះសង្គ្រាមភ្លាមៗ កម្ពុជាបានដាក់លិខិតទៅកាន់យូណេស្កូ បន្ទាប់មកអង្គការនេះ បានចេញលិខិតអំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។ ជំហានបន្ទាប់យូណេស្កូត្រូវបញ្ជូនអ្នកជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែង បន្ទាប់មកធ្វើរបាយការណ៍សម្រាប់កិច្ចប្រជុំធំ មុននឹងមានការថ្កោលទោសណាមួយកើតឡើង។
មេធាវីចាស់វស្សា លោក សុក សំអឿន ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីអមរិន្ទ បានប្រាប់វីអូឌីនៅថ្ងៃទី២៥ខែធ្នូនេះថា ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក មិនត្រឹមតែប៉ុណ្ណោះតំបន់ជុំវិញប្រាសាទក៏មានស្លាកសញ្ញាបេតិកភណ្ឌពិភពលោកផងដែរ ដែលមានន័យថា មិនអាចមានប្រទេសណាមួយប៉ះពាល់បាននោះឡើយ។ ដូចនេះ ប្រសិនបើថៃធ្វើឱ្យខូចខាតដោយបាញ់ ឬក៏ផ្លោងគ្រាប់កាំភ្លើងចូលតំបន់នោះ ហើយបណ្តាលឱ្យមានការខូចខាតប្រាសាទ នោះថៃប្រាកដជាទទួលខុសត្រូវក្នុងការសងការខូចខាត។
លោកថា៖ «ប៉ុន្តែថៃប្រាកដជាអះអាងថា កម្ពុជាបានដាក់កងទ័ពនៅក្នុងតំបន់នោះ ដាក់កាំភ្លើងផ្លោងក្នុងតំបន់នោះ ហើយបានបាញ់ទៅលើវា បានជាវាផ្លោងកាំភ្លើងធំចូលទៅក្នុងតំបន់នោះ។ ការបើថៃមានភស្តុតាងបង្ហាញថា មានកងទ័ពកម្ពុជានៅក្នុងតំបន់នោះមែននោះ នោះកម្ពុជាអាចជាអ្នកទទួលខុសត្រូវលើការខូចខាតនោះទៅវិញទេ។ ដូចនេះជាការសំខាន់ណាស់ ដែលកម្ពុជាត្រូវតែមានភស្តុតាងរឹងមាំបង្ហាញពីទ្រង់ទ្រាយពេលប្រាសាទមិនទាន់មានការខូចខាត បង្ហាញភស្តុតាងឱ្យឃើញថា នៅទីនោះ មិនមានវត្តមានកងទ័ពកម្ពុជា ឬកាំភ្លើងរបស់កម្ពុជានោះទេ ហើយបង្ហាញឱ្យឃើញថា កងទ័ពថៃជាអ្នកធ្វើឱ្យខូចខាតហើយការខូចខាតនោះទៀតសោត មានទំហំប៉ុណ្ណាជាដើម»។
លោក សុក សំអឿន លើកឡើងថា អង្គការសហប្រជាជាតិ អាចបានត្រឹមតែធ្វើការថ្កោលទោសតែប៉ុណ្ណោះដូចនេះដើម្បីទាមទារឱ្យមានការសងការខូចខាតនោះ កម្ពុជាត្រូវដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ(ICJ) ទាមទារឱ្យថៃសងការខូចខាត ពីព្រោះមានតែតុលាការទេ ដែលមានសិទ្ធិសម្រេចឱ្យសងឬមិនសង ហើយបើកម្ពុជាមិនដាក់ពាក្យប្តឹងទេ ថៃប្រាកដជាមិនអើពើឡើយ៕









