ថៃបង្កើនការវាយសន្ធាប់ឈ្លានពានដីខ្មែរមុនការ​ជជែក​បទ​ឈប់​បាញ់​ថ្នាក់​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត

ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ ឈាន​ចូល​ដ​ល់​ថ្ងៃ​ទី​១៩​នេះ ថៃ​បាន​បាញ់​បំបុក​យ៉ាង​សន្ធាប់ ព្យាយាម​ច្បាម​យក​ប្រាសាទ​​ព្រះ​វិហារ និងទី​តាំង​មួ​យ​ចំ​នួន​ទៀត ដើម្បី​សម្រេច​មហិច្ចតា​លេប​ទឹក​ដី​ខ្មែរ មុន​ការ​ជជែក​ថ្នាក់​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ជា​ថ្មី​ទៀត តាម​យន្ត​ការ​ទ្វេភា​គី ដែល​គ្រោង​ធ្វើ​នៅ​២​ថ្ងៃ​ខាង​មុខ ពាក់​ព័ន្ធ​នឹង​ការ​ជំរុញ​នានា ឱ្យ​ថៃ​គោរព​បទ​ឈប់​បាញ់។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​នេះ​ថា យោធា​ថៃ​បន្ត​បាញ់​យ៉ាង​សន្ធាប់ បំបុក​រុល​ចូល​ឈ្លាន​ពាន​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​។

អ្នក​ស្រីថា​ ប៉ុន្មានថ្ងៃជាប់គ្នានេះ យោធាថៃបានបន្តឈ្លានពាន​កម្ពុជា ដោយ​ប្រើ​កាំភ្លើង​ធំ កាំភ្លើង​បំពាក់​​លើ​រថ​ក្រោះ និង​ដ្រូន​អត្តឃាត​បាញ់​សន្ធាប់​ចូល​ភូមិ​សាស្ត្រ​ប្រាសាទ​​ព្រះ​វិហារ និង​ទីតាំង​ផ្សេង​ទៀត។

អ្នកស្រីបន្តថា យោធាថៃបន្តបាញ់ផ្លោងចំនួន១៥គ្រាប់ ចូល​ក្នុង​ភូមិ​សាស្ត្របឹ​ង​ត្រកួន ខេត្ត​បន្ទាយ​មានជ័យ​ដើម្បីបំ​ផ្លិច​បំផ្លាញ កម្ទេច​លំនៅឋាន​របស់​ជន​ស៊ីវិល​កម្ពុជា​ចោល យ៉ាង​កំរោល និង​អមនុស្ស​ធម៌។

លើស​ពីនេះ អ្នកស្រីថា កងកម្លាំងថ្មើរជើងរបស់ថៃជាច្រើន អមដោយរថគ្រោះ បាន​បន្ត​បាញ់​ផ្លោង​ចូល​ដែន​អធិប​តេយ្យ​កម្ពុជា​នៅ​ភូមិ​សាស្រ្ត​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិ​សាស្ត្រ​ភូ​មិតាឡី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដែលប​ណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់​កម្ពុជា​បាត់​បង់​ជីវិត​ចំនួន ១នាក់។

អ្នកស្រីថា៖ «យោធាថៃបានបន្តប្រើប្រាស់រថក្រោះបាញ់ចំនួន​២០​គ្រាប់ ចូល​ក្នុង​ភូមិ​សាស្ត្រ​ប្រាសាទ​ព្រះវិហារ​ យោធា​ថៃបា​ន​ចាប់​ផ្តើម​ប្រើ​ប្រាស់​កាំភ្លើង​ធំ​បាញ់​យ៉ាង​សន្ធាប់​ខ្លាំង និង​បាន​បាញ់​កាំភ្លើង​បំពាក់​លើ​រថ​ក្រោះ​ ដើម្បី​បាញ់​បំបុក​បន្ថែម​ទៀត ព្រម​ទាំង​ប្រើ​ប្រាស់​ដ្រូន​អត្ត​ឃាត នៅ​ក្នុង​ភូមិ​សាស្ត្រ​ប្រាសាទ​ព្រះវិហារ»។

យ៉ាងណា​ ក្រសួងគូរបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន និង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុង​ការ​បំពេញ​តួនាទី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុ​ជា​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត។

សមាជិកសភារដ្ឋវិចថូរីយ៉ា-ប្រទេសអូស្ត្រាលី មាន​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េង​ហៀង ប្រាប់​VODនៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ​ថា លោក​ពិត​ជាឈឺ​ចាប់​ជា​ខ្លាំង ពេល​ដែល​ឃើញ​បរទេស​ជិត​ខាង ទម្លាក់គ្រាប់​បែក និង​បាញ់​ផ្លោង​សម្លាប់​ជន​ស៊ីវិល​ខ្មែរ និង​ឈ្លាន​ពាន​ទឹក​ដី​របស់​បុព្វ​បុរស​ខ្មែរ​បែប​នេះ។

លោកចាត់ទុកទង្វើឈ្លានពានរបស់យោធាថៃ ធ្វើសកម្មភាពបាញ់ផ្លោង ទម្លាក់គ្រាប់បែក​សំដៅលើ​ជ​នស៊ីវិល​ខ្មែរ កម្ទេច​​ហេដ្ឋារ​ចនា​សម្ព័ន្ធ និង​ប្រាសាទ​បុរាណ​ខ្មែរ ជា​អំពើ​ឃោឃៅ និង​អមនុស្ស​ធម៌​បំផុត។

ការណ៍នេះ លោក តាក់ ម៉េងហៀង ផ្តល់ជាយោបល់ថា មេដឹក​នាំ​កម្ពុជា​ត្រូវ​បន្ត​អនុវត្ត​យុទ្ធ​សាស្រ្ត​បីយ៉ាង​គឺ ទី១ បន្ថែម​កង​កម្លាំង និង​សព្វា​វុធ​ទំនើបៗ វាយ​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន។

ទី២ ត្រូវពន្លឿនប្តឹងទៅអន្តរជាតិ ទាំង​តុលាការ ICJ តុលាការឧ​ក្រិដ្ឋ​កម្ម ICC និង​មហា​អំណាច​សហរដ្ឋ​អាមេរិក រួម​ទាំង​សហ​ប្រធា​នកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស។

ហើយទី៣ រឿងដែលចំបាច់បំផុត គឺផ្សះផ្សា បង្រួប​បង្រួម​ជាតិ ​ដោះ​លែងអ្ន​ក​ទោស​មនសិកា សកម្ម​ជនសិទ្ធិ​មនុស្ស បើក​លំហរ​សេរីភាព​បញ្ចេញ​មតិ​ជាដើ​ម ទើប​អាច​ទាក់​ទាញ​អន្តរ​ជាតិ ឱ្យ​ជួយ​កម្ពុជា​បាន។

លោកថា៖ «ខ្ញុំយល់ថា ពេល​វេលា​វាសមស្របនៅក្នុងកា​រពិ​ចារណា ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់ រួម​ទាំង​អ្នក​ទោស​នយោបាយ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង ដើម្បី​ឲ្យ​ប្រជាជន​មើល​​ឃើញ​ថា​ រដ្ឋាភិបាល​ពិត​ជា​មាន​ចេតនា​ពិត​ប្រាកដ​ នៅ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ដើម្បី​ទប់​ជាមួយ​នឹង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង​នៅ​ក្នុង​ពេល​នេះ ហើយ​នឹង​ក្នុង​ពេល​ទៅ​មុខ​ទៀត បើ​សិន​ជា​រង់​ចាំរ​ហូត​ដល់​ការ​វាយ​ប្រហារ​នេះ​ចប់ ឬ​មួ​យក៏​ស្ងប់​ស្ងាត់​ត្រឡប់​ទៅ​វិញ​នោះ នោះ​ការ​ផ្សះផ្សា​ជាតិ​ហ្នឹង ក៏​វា​ហាក់​ដូច​ជា​មិន​មាន​តម្លៃ​អ្វី​សម​គួរ​ជាង​នៅ​ក្នុង​ពេល​នេះ​ដែរ»។

ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ធ្នូមក ថៃ​បានប្រើ​យន្ត​​ហោះ​​ចម្បាំង F-16 និង​ប្រើ​​អាវុធ​​ធុន​ធ្ងន់ កម្ទេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា​រាប់​សឹប​កន្លែង​តាម​ទំនើង​ចិត្ត ដូច​ជា ទម្លាក់​គ្រាប់​ផ្តាច់​​ស្ពាន​អូរជីក ព្រំ​ប្រទល់​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មាន​ជ័យ និ​ងព្រំ​ប្រ​ទល់​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប។ ទម្លាក់​គ្រាប់ផ្តា​ច់​ស្ពាន​មេទឹក​មួយ​កន្លែង​ទៀត នៅ​ខេត្ត​ពោធិ៍​សាត់ និង​ទីតាំង​មួយ​ចំនួន​ទៀត។

យ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន  ណាត ធ្លាប់និយាយ​ថា ក្នុង​កាលៈ​ទេសៈ​ដែល​ថៃ​បន្ត​វាយ​សម្រុក​ឈ្លាន​ពាន​ខ្លាំង មេដឹក​នាំ​កម្ពុជា​ត្រូវ​បន្ថែម​កង​កម្លាំង ទាំង​ទ័ព​ជើង​អាកាស និង​ជើង​ទឹក រួម​ទាំង​អាវុធ​ទំនើបៗ និង​សំណាញ់​មេឃ ប្រយុទ្ធ​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន​ភ្លាម ដើម្បី​ការ​ពារ​ទឹក​ដី។

ម្យ៉ាងទៀត លោកថា ក្រៅតែពីការវាយទប់ទល់នេះ មេដឹកនាំ​កម្ពុជា​ត្រូវបន្តដើរ​យុទ្ធ​សាស្រ្ត​ការ​ទូត ដើម្បី​​បង្ហាញ​​​ទៅ​​សហគមន៍​​អន្តរ​ជាតិ ប្រទេស​​លោក​​សេរី ជា​ពិសេស សហរដ្ឋ​​អាមេរិក និង​​ម៉ាឡេ​​ស៊ី ឱ្យ​ដឹង​​ថា ថៃ​​ជា​​ជន​​ល្មោភ​​សង្រ្គាម មិន​គោរព​ច្បាប់​អន្តរ​ជាតិ និង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​នោះ​ទេ។

លោកថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវពិចារណា​ឡើង​វិញ អត់​មាន​គ្រាន់​តែ​ការ​ពារ​ខ្លួន​ឆ្លើយ​តប​នឹង​អ្វី​តាម​តំបន់​គោល​ដៅ​ដែល​ថៃ​​បាញ់​មក​ទេ ត្រូវ​បាញ់​ត្រឡប់​ទៅ​វិញ​លើ​ទីតាំង​យោធា​ថៃ​ដូច​គ្នា បើ​ថៃ​បាញ់​ចេញ​ពីក​ន្លែ​ង​​ណា ត្រូវ​បាញ់​ទៅ​កន្លែង​នោះ​វិញ ហើយ​ត្រូវ​វា​យរុ​​លទៅ​មុខ​ ដើម្បី​ដេញ​ថៃ​ចេញ​ពី​តំបន់​ព្រំដែន​កម្ពុជា​ អាហ្នឹង​រដ្ឋាភិ​បាល​កម្ពុជា​ត្រូវ​គិត​អាហ្នឹង​ឡើង​វិញ អត់​គ្រាន់​តែ​ទប់ៗ​ស្ថាន​ការណ៍ ទប់​មិន​ឈ្នះ​ទេ មាន​តែ​វាយ​រុល​ទេ លើក​ឧទាហរណ៍​ដូច​អ៊ុយ​ក្រែន ដំបូង​ឡើយ​អ៊ុយ​ក្រែន​វាយ​ទប់​ស្ថានកា​រណ៍ ចុ​ង​ក្រោយ​រុស្ស៊ី ទម្លាក់​គ្រាប់​បែក​ចូល​ទីក្រុង​គាវ បន្ទាប់​មក​អ៊ុយ​ក្រែន​ប្រើ​ទ័ព​ឈ្លប ទ័ពព្រៃ​វា​យ​បក​រុស្សី​វិញ»។

បើតាមក្រសួងការពារជាតិ គិតពីថ្ងៃទី៧ ខែធ្នូ រហូត​ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អំពើ​ឈ្លានពាន​របស់​រដ្ឋាភិបាល និង​​យោធា​ថៃ ជាពិសេស​ការ​ទម្លាក់​គ្រាប់​គ្រប់​ប្រភេទ គ្រប់​​ទម្រង់ ចូល​​តំបន់​​ស៊ីវិល បាន​​បណ្តាល​​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ៣០​នាក់ របួស ៨៧​នាក់ ខណៈ​ជន​ភៀស​សឹក​បាន​កើន​ដល់​ជាង ៦០​ម៉ឺន​​នា​ក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ