ប្រទេសកម្ពុជា បានចោទប្រកាន់ភាគីថៃនៅថ្ងៃទី២៦ ខែធ្នូថា បានបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ព្រំដែនដែលមានជម្លោះ ទោះបីជាមន្ត្រីប្រទេសទាំងពីរចូលរួមកិច្ចប្រជុំ រយៈពេលច្រើនថ្ងៃ ក្នុងគោលបំណងចរចាបញ្ចប់ការប៉ះទង្គិចគ្នានេះក៏ដោយ។
សារព័ត៌មាន ដឹ ស្ត្រេតថាមស៍ បានចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ជម្លោះព្រំដែនដ៏យូរអង្វែងរបស់ប្រទេសជិតខាងដែលបានផ្ទុះឡើងជាថ្មី កាលពីខែធ្នូ ដោយបានធ្វើឱ្យខូចខាតបទឈប់បាញ់នៅមុននេះ បានសម្លាប់មនុស្សជាង ៤០នាក់ និងប្រមាណ ១លាននាក់ ត្រូវបានផ្លាស់ទីលំនៅផងដែរ នេះបើយោងតាមរបាយការណ៍ផ្លូវការ។
មន្ត្រីកម្ពុជា និងថៃ កំពុងស្ថិតក្នុងថ្ងៃទី៣នៃកិច្ចពិភាក្សានៅចំណុចត្រួតពិនិត្យព្រំដែន នៅថ្ងៃទី២៦ ខណៈដែលរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង២ គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃទី២៧ ខែធ្នូ។
ផ្ទុយទៅវិញ ក្រសួងការពារជាតិប្រទេសកម្ពុជា បាននិយាយថា យោធារបស់ថៃបានទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ព្រំដែនដែលមានជម្លោះ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ។
បើយោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ‘‘ពីម៉ោង៦:០៨ព្រឹក ដល់ម៉ោង ៧:១៥ព្រឹក យោធាថៃបានដាក់ពង្រាយយន្តហោះចម្បាំងអេហ្វ១៦(F-16) ដើម្បីទម្លាក់គ្រាប់បែកដែលចំនួនរហូតដល់៤០គ្រាប់ ក្នុងការបង្កើនការបំផ្ទុះនៅតំបន់ភូមិជោគជ័យ។
ប្រព័ន្ធផ្សព្វផ្សាយថៃ បាននិយាយនៅថ្ងៃទី២៦ ខែធ្នូថា កងកម្លាំងកម្ពុជាបានបើកការវាយប្រហារធ្ងន់ធ្ងរនៅពេលយប់តាមព្រំដែន នៅខេត្តសាកែវ ដែលមានផ្ទះជាច្រើនខ្នង ត្រូវរងការខូចខាត ដោយការបាញ់ផ្លោង។
ប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកបង្កឱ្យមានការប្រយុទ្ធថ្មីៗនេះ ដែលបានរាលដាលទៅដល់ស្ទើរតែគ្រប់ខេត្តទាំងអស់តាមបណ្តោយព្រំដែនរបស់ពួកគេ។
ភាគីប្រទេសទាំងពីរ ក៏អះអាងដូចគ្នាដែរថា ពួកគេបានធ្វើសកម្មភាពក្នុងការការពារខ្លួន ហើយថែមទាំងចោទភាគីម្ខាងទៀតថា វាយប្រហារជនស៊ីវិល។
នៅពេលព្រឹកថ្ងៃទី២៦ ខែធ្នូ នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បាននិយាយលើហ្វេសប៊ុកថា លោកបាននិយាយតាមទូរស័ព្ទជាមួយ លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហើយអ្នកទាំងពីរ ក៏បានពិភាក្សាគ្នាអំពីវិធី ដើម្បីធានាបានបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ៕









