សាលាឧទ្ធរណ៍រងការរិះគន់ថាព្យាយាមផ្អឹប​យុត្តិធម៌​សកម្ម​ជន​​មាតា​​ធម្មជាតិ​ជិត​៦ខែ

សាលា​ឧទ្ធរណ៍​ភ្នំពេញ រង​ការ​រិះ​គន់​ថា បាន​ព្យាយាម​ផ្អឹប​យុត្តិធម៌​យុវជន​ចលនា​មាតា​ធម្មជាតិ​៥រូប ជិត​៦ខែ​មក​នេះ តាម​រយៈ​ការ​ពន្យា​​ពេល​សវនាការ ធ្វើ​​​ឱ្យ​​ប៉ះ​ពាល់​​ដល់​​សិទ្ធិ​​​ទទួល​​បាន​​ការ​​ជំនុំ​​ជម្រះ​​ដោយ​​យុត្តិ​ធម៌ និង​​សិទ្ធិ​​​ទទួល​​បាន​ការ​​សន្មត​​​ទុ​ក​​ជា​​មុន​​ថា​​គ្មាន​​ទោស​​របស់​​​ពួក​​គេ។

ការណ៍នេះ ក៏ជំរុញឱ្យមាន​ការមើលឃើញផងដែរ ពីកម្សោយ​ប្រព័ន្ធ​នីតិរ​ដ្ឋ​របស់​កម្ពុជា បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​មិន​មាន​ចំណាត់​ការ​ចាប់​ខ្លួន​មេឧ​ក្រិដ្ឋ​ជន​ឆបោក ដែល​កំពុង​ជ្រក​ក្រោម​អំណាច​គណបក្ស​កាន់​អំណាច ដែល​សហគមន៍​អន្តរជាតិ​បាន​រក​ឃើញ។

យោងតាម កំណត់ត្រា​សង្ខេប​ស្តីពី «ការមិនលើកកម្ពស់សិទ្ធិទទួលបានការ​ជំនុំជម្រះ​ដោយ​យុត្តិ​ធម៌​ ចំពោះ​ស​កម្ម​ជន​មាតា​ធម្មជាតិ​៥រូប» របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ ទី​២៦ ខែ​ធ្នូនេះ​ បាន​លើក​ឡើង​ថា សកម្ម​ជន​ការ​ពារ​បរិស្ថាន​ទាំង​៥រូប មក​ពី​ក្រុម​មាតា​ធម្មជាតិ​បាន​រង​ចាំ​ សវនា​ការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ពួក​គេ​ អស់​រយៈ​ពេល ៦ខែ​មក​ហើយ តាំង​ពីពួ​ក​គេ​ត្រូវ​បាន​​សាលាឧទ្ធរណ៍​បាន​កំណត់​ពេល​ជំនុំ​ជម្រះ​ នៅ​ថ្ងៃ​ទី​​២៦ ខែ​មិថុនា ឆ្នាំ​២០២៥ ប៉ុន្តែ​ត្រូវ​បាន​ពន្យា​ពេល​មក​ដល់​ពេល​នេះ​ ក្រោមហេ​តុ​ផល​ថា មិន​អាច​បញ្ជូន​ដីកាកោះ​​ជន​ជាប់​ចោទ​ដែល​នៅ​ក្រៅ​ឃុំ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថា ​ការ​ណ៍​នេះ បាន​​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ដល់​​សិទ្ធិ​​​ទទួល​​បាន​​ការ​​ជំនុំ​​ជម្រះ​​ដោយ​​យុត្តិ​ធម៌ និង​សិទ្ធិ​​ទទួល​បានការ​សន្មត​​ទុក​ជា​មុន​ថា​គ្មាន​ទោស​របស់​​ពួក​​គេ។ ហើយ​មិន​តែ​ប៉ុណ្ណោះ កា​រ​បដិសេធ​​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​ម្តង​ហើយ​ម្ត​ងទៀត ក្នុង​អំឡុង​ពេល​ពួកគេ​រង​ចាំ​សវនាការ​បណ្តឹង​ឧទ្ធរណ៍​នោះ រឹត​តែ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់សិទ្ធិ​មាន​សេរីភាព​របស់​ពួកគេ​បន្ថែមទៀត។​

ប្រភពនោះ បានគូសបញ្ជាក់ក្នុងកំណត់ត្រាសង្ខេប​នោះ​​ថា៖ «ទាំងនេះ ជាការ​រំលោភ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិ​ធម៌។ ក្នុងនាម​ជា​រដ្ឋភាគី​ដែល​បាន​ផ្តល់ស​ច្ចា​ប័ន​លើ​ ក.អ.ស.ព.ន (កតិកាសញ្ញា​អន្តរ​​ជាតិ​​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិនយោបាយ) ប្រទេស​កម្ពុជា​មាន​កាតព្វកិច្ច​ និង​ធានា​ថា សកម្ម​ជន​មាតា​ធម្មជាតិ​ ត្រូវ​ទទួលបាន​នូវ​ការ​ជំនុំជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ពួកគេ​ ក្នុង​ពេល​វេលា​ឆាប់​រហ័ស​ដែល​អាច​ធ្វើទៅ​បាន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏សូមស្នើ​ឡើង​ជា​ថ្មី​ម្ត​ងទៀត ឱ្យ​លុប​ចោល​ការ​ផ្តន្ទា​ទោស​​លើ​អ្នក​ការ​ពារ​បរិស្ថាន​ទាំង ៥រូប និង​ដោះលែង​ពួកគេ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ»។

កាលពីថ្ងៃទី២ ​ខែ​កក្កដា ឆ្នាំ​២០២៤ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់ លោក ថុន រដ្ឋា លោក យឹម លាង​​ហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែង​រស្មី និង​កញ្ញា ឡុង គន្ធា ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​​ផ្ដ​ន្ទា​​ទោស​ឱ្យ​​ជាប់​ពន្ធនាគារ​ពី៦​ឆ្នាំទៅ៨​ឆ្នាំ ពី​បទ​ចោទ «​បទ​រួមគំនិត​ក្បត់​» និង «​ប្រមាថ​ព្រះមហាក្សត្រ» ។

សកម្មជន​បរិស្ថាន​ទាំង​៥​នាក់​នេះ ជា​ម្ចាស់​ពានរង្វាន់​​អន្តរជាតិ​ចំនួន​​ពីរ គឺ​ពាន​រង្វាន់​​សកម្ម​ជន​​ជួ​រ​មុខ​ (Frontline Defenders) កាល​ពី​​​ឆ្នាំ​​២០២១ និង​​ពាន​រង្វាន់ រ៉ៃត៍ ឡៃហ្វ៍​លីហ៊ូដ (Right Livelihood) កាល​ពី​​ឆ្នាំ​​២០២៣ ដោយ​សារ​​សេចក្ដី​​លះ​បង់ និង​​សេចក្ដី​ក្លាហាន​​ប្រថុយ​​​គ្រោះ​ថ្នាក់ ដើម្បី​ការ​ពារ​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។

វីអូឌី(VOD) មិនអាច​សុំការ​ឆ្លើយតប​ពីអ្ន​ក​នាំពា​ក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាង​ម៉េង និង​អ្នកនាំ​ពាក្យ​ក្រសួ​​ង​យុត្តិធម៌​ លោក សេង ឌីណា បាន​​ទេ នៅ​​ថ្ងៃ​​​​​ទី​២៦ ខែ​ធ្នូនេះ។

សម្រាប់ លោក ប៉ោ មករា  អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿន​លឿន មើល​ឃើញ​ថា ប្រព័​ន្ធ​តុលា​​កា​​រ​​នៅ​​​​កម្ពុជា ដំណើរ​ការ​នៅ​មា​ន​ភាពយឺ​ត​យ៉ាវ ដែ​​លហា​ក់​មិន​​បាន​ផ្ដល់នូ​វយុ​ត្តិធ​ម៌​​តាម​ផ្លូវ​ច្បាប់​ពិ​ត​ប្រាកដ​​ជូ​ន​ដ​​ល់​ជន​រង​គ្រោះ​ឡើយ ខណៈ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ជាតិ ​និង​អន្តរ​ជាតិ បាន​រាយ​ការណ៍​ថា កម្ពុ​​ជា​មា​​នប្រ​​ព័ន្ធ​នីតិរដ្ឋ​ខ្សោយ ការ​អនុវត្ត​ច្បាប់​មិន​ពេញ​លេញ និង​គ្មាន​តម្លា​ភាព។

លោក មករា បន្តថា ការបន្តអូសបន្លាយពេលនៃការជំនុំ​ជម្រះ​នេះ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពា​ល់ដ​ល់សិ​ទ្ធិទ​ទួលបាន​​យុត្តិ​ធម៌​​សម្រាប់​អ្នកទាំ​ង​នោះ  ដូច្នេះ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​ កំពុង​ជួប​វិបត្តិ រដ្ឋាភិ​បាល​​គួរ​​​ពន្លឿ​ន​ស​​វនាការ​ជនុំ​ជម្រះ ឬ​ក៏​ដោះ​លែ​ង​សកម្ម​ជន​ទាំង​នោះ ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​បង្ហាញ​ពី​សា​មគ្គី​ភា​​ព​​ជាតិ​តែ​មួយ។

លោកថា៖ «ភាពអយុត្តិធម៌តាមរយៈការអនុវត្តច្បាប់​មិនស្មើភា​ពគ្នា​ចំពោះ​មុខ​ច្បាប់ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បែក​បាក់​សាមគ្គី​ជាតិ​ដែរ ព្រោះ​យើង​យល់​ដឹង​ថា រហូត​ដល់​ពេល​នេះ ក្នុង​ករណី​ដូច​ឯក​ឧត្ដម​ កឹម សុខា សកម្ម​ជ​ន​២៣​តុលា ឬ​សកម្ម​ជន​សង្ស័យ​បណ្ដោះ​អាសន្ន ឃើញ​ថា អត់​ទាន់​ឃើញ​ថា​គាត់​ជាប់​ទោស​ទណ្ឌ​ពី​បទ​អ្វី​នៅ​ឡើយ​ទេ ចឹង​ការ​ដែល​យឺត​យ៉ាវ​ក្នុង​ការ​កាត់​ទោស​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី ក៏​ជា​ផ្នែក​មួយ​នៃកា​រ​បង្ក​ភាព​អយុត្តិ​ធម៌​ដល់​ពួក​គាត់​ និង​សង្គម​ជាតិ​ទាំង​មូល ក្នុង​កាលៈ​ទេសៈ​នេះ កម្ពុជា​ដែល​កំពុង​តែ​មា​ន​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង គឺប្រ​ទេស​ថៃ​គិត​ថា​ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ ពោល​គឺ​កា​រ​អនុ​គ្រោះ​គោល​ការណ៍​ដោះ​លែង​អ្នក​​ទោស​មនសិការ អ្នក​ទោស​នយោ​បាយ ពាក់​ព័ន្ធ​សក​ម្ម​ភាព​របស់​គាត់​ដែល​ធ្វើ​ទាក់​ទង​នឹង​សង្គម​ផ្សេងៗ គួរ​តែ​ត្រូ​វ​បាន​លើក​លែង»។

ស្រដៀងគ្នានេះ អនុប្រធានសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េ​ងលី បាន​និយាយ​ថា ការ​ព​ន្យា​​​ពេល​​សវនាការ​ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់​លាស់ ខណៈ​ពួក​គេ​ត្រូវ​បាន​ជា​ប់​ឃុំ​ដោយ​​មិន​​ទា​​​ន់​កំ​​​ណត់​ទោស ស្មើ​នឹង​ពួក​គេ​គ្មាន​យុត្តិ​ធម៌ ហើយ​សិទ្ធិ​​​សេរីភាព​​របស់​ពួក​គេ​ត្រូវ​បាន​រិត​​ត្បិត​​បាត់​ទៅ​​ហើយ ។

ម្យ៉ាងវិញទៀត លោក​ថា ដើម្បីបង្ហាញថា ប្រព័ន្ធតុលាការកម្ពុជាមានសុក្រឹ​ត្យភាព អាច​ឱ្យ​ពលរដ្ឋ​ជឿ​​ទុក​ចិ​ត្ត​បាន រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិចារណា​ដោះ​លែង​ឱ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ហើយ​បន្ត​នីតិ​​វិធី​តាម​ក្រោ​យ។ ជា​​ង​​នេះ​​​ទៅ​ទៀត លោក​ថា ត្រូវ​មាន​ចំណាត់​ការ​លើ​មេ​បណ្ដា​​ញឧក្រិដ្ឋ​ជន​ឆបោក ដែល​​អន្តរ​ជាតិ​រក​ឃើ​​ញ​ថា​​មាន​វ​ត្ត​មាន​​នៅក​ម្ពុជា យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ។

លោកថា៖ «ការពន្យារពេលយូរអង្វែងនេះ បានបញ្ជាក់ថាអត់មានយុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ​ ហើយ​ យើង​ចង់​ឲ្យ​តុលាការ​ដោះ​លែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​សិន​ទៅ ដើម្បី​ចៀស​វាង​នូវ​ការ​រិះ​គន់​ការ​អនុវត្ត​ច្បាប់​ថា​មាន​ស្តង់​ដារ​មួយ​ស្តង់​ដារ​ពីរ ដើម្បី​ឲ្យ​ការ​ជឿជា​ក់​មក​លើ​ប្រព័ន្ធ​តុលាការ​វិញ ហើយ​ទាក់​ទង​ទៅ​នឹង​មេឧ​ក្រិដ្ឋកម្ម​ឆបោក បើ​សិន​ជា​មាន​ការ​បង្ហាញ​ហើយ ហើយ​សុំ​សហការ​ពី​រដ្ឋាភិ​បាល​កម្ពុជា កម្ពុជា​គប្បី​តែ​ធ្វើការ​ពិចារណា​ពី​បញ្ហា​ទាំង​អស់​ ថា​តើក​ម្រិត​នៃភស្តុ​តាង​មាន​កម្រិត​ណា ហើយ​ត្រូវ​ធ្វើ​ការ​សហការ​ជាមួយ​អង្គ​ការ​អន្តរ​ជាតិ​យ៉ាង​ម៉េច ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​មុខ​មាត់ ក៏ដូច​ជា​ប៉ះ​ពាល់​ដល់​រដ្ឋាភិ​បាល​កម្ពុជា ដែល​ថា​យើង​មិន​បាន​សហការ ឬ​ក៏​យើង​ធ្វើ​ព្រងើយ​កន្តើយ​លាក់​បំពួន​ឧក្រិដ្ឋ​កម្ម​ទាំង​អស់​ហ្នឹង»។

កាលពីថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៤ ​សហភាព​អឺរ៉ុប បាន​និយាយ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ខ្លួន​និង​​​រដ្ឋ​​សមាជិក​​​​មាន បែល​​ហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំង​​ឡង់ អាល្លឺ​ម៉​ង់ ហូឡង់ និង​​ស៊ុយ​អែត មាន​​ការ​​ព្រួយ​បារម្ភ​​យ៉ា​​​ងខ្លាំង​អំពី​​ការ​​កើន​ឡើង​នៃ​​ការ​​បៀត​បៀន និង​ការ​ចាប់​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា។ ហើយ​​ថា សា​ល​ក្រមចុង​ក្រោយ​បំផុត​ស្តីពី​សកម្មជ​ន​បរិស្ថាន​ Mother Nature Cambodia គឺ​ជា​បញ្ហា​ដែល​គួ​រ​ឱ្យ​ព្រួ​​យ​បារម្ភ​ខ្លាំង។

បញ្ហានេះ សហភាពអឺរ៉ុប ជំរុញ​ឱ្យក​ម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​ស្តង់​ដារ​ប្រជា​​ធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស រួម​ទាំង​សិទ្ធិ​ទទួល​បាន​ការ​តវ៉ា​ដោយ​សន្តិ​វិធី។

ជាមួយគ្នានេះ អង្គការ Right Livelihood​ ដែល​ធ្លាប់​ផ្តល់ពា​ន់​រង្វាន់​ឱ្យ​ក្រុម​ចលនា​មាតា​ធម្មជាតិ បាន​ថ្កោល​ទោស​សាល​ក្រម​កាត់​ទោស​សកម្ម​ជន​បរិស្ថាន ថា​​ជារឿង​អយុត្តិ​ធម៌ និងទាម​ទារ​ឱ្យ​ដោះ​​លែង​សកម្ម​ជន​​ទាំ​ង​នោះ​ដោយ​ឥត​លក្ខខណ្ឌ។

ចំណែក សហរដ្ឋ​អាមេរិក ក៏​​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សាល​ក្រម​ ​កាល​ពី​នៅ​ថ្ងៃទី​​២ ខែ​មិថុនា​ ដែល​ផ្តន្ទា​ទោស​សកម្ម​​ជន​​មាតា​ធម្ម​ជាតិ និង​បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​នៅតែ​គាំទ្រ​​សេរី​ភាព​បញ្ចេញ​​មតិ និង​ការ​ចង​ក្រង​ជា​ក្រុម​ ​ជា​សមាគម ដែលជា​ធា​តុ​ផ្សំ​សំខាន់​នៃ​អភិបាល​កិច្ច​ប្រជា​ធិប​តេយ្យ។

លើស​ពីនេះ អាមេរិកនៅតែបន្តប្តេជ្ញាចិត្តចំពោះបំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ដើម្បី​ឱ្យប្រទេស​មាន​ភា​ព​រុង​រឿង ប្រជា​ធិប​តេយ្យ និង​​ឯករាជ្យ​ជាង​នេះ​ ដែល​​ក្នុង​​នោះ សំឡេង​ទាំង​អស់​ត្រូវ​បាន​គេ​ស្តាប់ និង​គោរព។

ដូចគ្នានេះដែរ អង្គការ Amnesty International លើក​ឡើង​ដែរ​ថា កា​រ​​កាត់​​ទោស​​សកម្មជន​យុវជន ជា​​​ការ​​វាយ​ប្រហារ​​បន្ថែម​​ទៀត​​ដល់​​ចលនា​បរិស្ថាន​កម្ពុជា ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​​មួយ​ទៀត​​ដល់​សង្គម​​ស៊ីវិល​កម្ពុជា។

ប្រភពនោះ គូសបញ្ជាក់ថា សាលក្រម​នេះ ​ជា​សញ្ញា​​មួយទៀត​ដែល​​បង្ហាញ​ថា រដ្ឋាភិបាល​​កម្ពុជា​​​គ្មាន​​ចេត​នា​​ការ​ពារ​​សិទ្ធិ​​សេរីភាព​​​ក្នុង​ការ​ជួប​ប្រជុំ​​ដោយ​​សន្តិវិធី​។ អាជ្ញាធរកម្ពុជា ត្រូវ​តែ​​ដោះ​លែង​អ្នក​ការ​ពារ​បរិស្ថាន​ទាំង​​អ​ស់​នេះ​​​ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

យ៉ាងណា​ក្តី សារព័ត៌មាន​បរទេស​មួយចំនួន ​បាន​ចុះ​ផ្សាយ​ជាបន្តបន្ទាប់​​នា​ពេល​ថ្មីៗ​នេះថា រដ្ឋាភិ​បាល​កម្ពុជា​​ បាន​​បង្រា្កប ​និង​​ចាប់​​ខ្លួន​​តែ​ក្រុម​​ឧក្រិដ្ឋ​​ជន​​តូច​តាច​​​ នៅ​​តាម​​ទីតាំង​​មួយ​ចំនួន​​ប៉ុណ្ណោះ ​ប៉ុន្តែ​មិន​ឃើញ​​មាន​​ការ​ចាប់​ខ្លួន​​​មេក្លោង​​កំពូលនៃ​​​បទឧក្រិដ្ឋ​នេះ​ ​​ដូច​ជា លោក ​ចេន​ ហ្ស៊ី ​​ទីប្រឹក្សា​ ​លោក​​ហ៊ុន សែន​និង​​​លោក​​ហ៊ុន ម៉ាណែត ​និ​ង​​មន្ត្រី​​គ្រាក់​​ៗ​​របស់​​​គណបក្ស​​ប្រជាជន ​ដែល​ស្ថាប័ន​ស៊ើប​អង្កេត​​របស់​​អាមេរិក​ចង្អុល​​បង្ហា​​ញ​ថា ​មាន​​២៨​​នាក់ ដូច​​ជា លោក​លី យ៉ុង​ផាត់ លោ​​កុក អាន ​និង​លោកហ៊ុន តូ ​ជាបងប្អូន​ជីដូន​មួយ​​​របស់​​លោក ​ហ៊ុន ម៉ាណែត ​ជាដើមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ