អ្នកតាមដានជម្លោះព្រំដែន នៅតែបង្ហាញក្តីបារម្ភមហិច្ចតាលេបទឹកដីពីសំណាក់យោធាថៃ ទោះបីមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បង្ហាញសញ្ញាវិជ្ជមានបានជួបសន្ទនាជាមួយអាមេរិក ដើម្បីធានាបទឈប់បាញ់ឱ្យបានឆាប់ក្តី ខណៈយោធាថៃបន្តវាយសន្ធាប់កាន់តែខ្លាំងចូលទឹកដីកម្ពុជា២០ថ្ងៃទៅនេះ។
ការណ៍នេះ ជំរុញការលើកឡើងថា ថៃនឹងសម្រេចមហិច្ចតាលេបទឹកដីខ្មែរតាមផែនទីថៃគូសដោយឯកតោភាគី បើកម្ពុជាមិនពង្រឹងសមត្ថភាពលើវិស័យការពារជាតិ រួមទាំងរុញសំណុំរឿងព្រំដែននេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងតុលាការឧក្រិដ្ឋកម្ម (ICC) ទាន់ពេលទេនោះ។
ការលើកឡើងនេះ ស្របពេលមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បានទម្លាយសារលើហ្វេសប៊ុកលោកថា លោកបានពិភាក្សាតាមទូរសព្ទជាមួយ លោក ម៉ាកូ រ៉ូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃ។
បើតាម លោក ហ៊ុន ម៉ាណែត គឺលោក រ៉ូប៊ីអូ បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា អាមេរិកចង់ឃើញសន្តិភាព ស្ថិតស្ថេរ រវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យ៉ាងណា ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូនេះ អះអាងថា ថៃបន្តវាយកាន់តែខ្លាំងលើកម្ពុជា។
បើតាមក្រសួង យន្តហោះចម្បាំងថៃ បានទម្លាក់គ្រាប់បែកចំនួន៤០គ្រាប់ ចូលភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបាញ់ផ្សែងពុល ខណៈទីតាំងជាច្រើនទៀត ដូចជា ប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម យោធាថៃបង្កើនការបាញ់ផ្លោងយ៉ាងសន្ធាប់ ដើម្បីឈ្លានពានកម្ពុជា។
បើតាមប្រភពដដែល ចាប់ពីរសៀលថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ខែធ្នូនេះ តំបន់ជាច្រើនរបស់កម្ពុជា កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការបាញ់ផ្លោង និងយន្តហោះចម្បាំងថៃ រួមទាំងរថក្រោះ កាំភ្លើងប្រភេទ ១៥៥ ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ជាដើម។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ការសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ ជារឿងល្អ តែមិនអាចបញ្ឈប់ទង្វើថៃឈ្លានពានកម្ពុជាបានភ្លាមៗទេ។
ក្នុងន័យនេះ លោកថា បើអាមេរិកគ្មានវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថៃ និងបញ្ឈប់ថៃប្រើយន្តហោះចម្បាំងF16 បាញ់លើកម្ពុជាទេ នោះថៃនឹងពង្រីកសមរភូមិប្រយុទ្ធកាន់តែជ្រៅលើទឹកដីខ្មែរ ដែលទាមទារឱ្យកម្ពុជាមានសមត្ថភាពការពារជាតិដោយខ្លួនឯង ទើបទប់ទល់សត្រូវឈ្លានពានបាន។
លោកថា៖ «ទាល់តែធ្វើម៉េចពង្រឹងសមត្ថភាពយោធារបស់កម្ពុជា ធ្វើទំនើបកម្មសព្វាវុធកម្ពុជាឱ្យទំនើបជាងហ្នឹង! មានយន្តហោះចម្បាំងមានកាំភ្លើងបាញ់ដ្រូន ឱ្យបានច្រើនជាងហ្នឹង! មានសំណាញ់មេឃ ដើម្បីបាញ់ទម្លាក់យន្តហោះថៃ បានយើងមានប្រៀបនៅលើសមរភូមិ អាហ្នឹងបានអាចចរចាជាមួយថៃ»។
ជាងនេះទៀត លោកថា ការមានប្រៀបលើថៃក្នុងជម្លោះព្រំដែននេះដែរ គឺការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកថា៖ «កម្ពុជាអាចមានប្រៀបទៅលើថៃ ទាល់តែកម្ពុជាហ្នឹងប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិICJ ពីជម្លោះព្រំដែនហ្នឹង ហើយប្ដឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិICC ដែលថៃទម្លាក់គ្រាប់បែកមកលើកម្ពុជា សម្លាប់ជនស៊ីវិលកម្ពុជាឈ្លានពានទឹកដីកម្ពុជា ហើយមួយទៀត ទាល់តែកម្ពុជាប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយនិងកម្ពុជាត្រូវប្ដឹងថៃទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យកោះប្រជុំម្ដងទៀត ដើម្បីដាក់ទណ្ឌកម្ម និងដាក់សម្ពាធទៅលើថៃ»។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការដែលលោក ហ៊ុន ម៉ាណែត បានសន្ទនាជាមួយអាមេរិកនៅពេលនេះ ជាសញ្ញាវិជ្ជមានមួយដែលឈានទៅដាក់សម្ពាធឱ្យថៃចូលតុចរចាគោរពបទឈប់បាញ់។
តែលោកថា នៅចំពោះមុខនេះ រដ្ឋាភិបាលត្រូវបង្ហាញសមត្ថភាពការពារដែនអាកាស ទប់ទល់ថៃ ដែលថៃបន្តប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីខ្មែរជាបន្តបន្ទាប់ ក្នុងសង្រ្គាមឈ្លានពាន២០ថ្ងៃទៅនេះ។
លោកថា៖ «កម្ពុជាមានសំណាញ់មេឃ ឬក៏មានកាំភ្លើងដែលអាចបាញ់ទម្លាក់បាន យប់នោះក៏មានកាំភ្លើង ត្រូវតែបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ថៃ ពីព្រោះវាជាយន្តហោះដែលហោះចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា រំលោភច្បាប់អន្តរជាតិ។ កាលណារំលោភច្បាប់អន្តរជាតិទាំងបំពានលើទឹកដីប្រទេសមួយផ្សេងទៀត ហើយប្រទេសហ្នឹងគេគ្រាន់តែបាញ់ទម្លាក់ចោលបាន។ យើងត្រូវប្រើសិទ្ធិស្របច្បាប់ក្នុងការការពារទឹកដីរបស់ខ្លួន ហ្នឹងអត់មានខុសទេ។ តាមធម្មតា លោក ហ៊ុន ម៉ាណែត គួរណាស់តែប្រើយន្តការសំណាញ់មេឃ ឬក៏កាំភ្លើងដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះចម្បាំងហ្នឹងចោល»។
បន្ថែមលើនេះ លោកថា រដ្ឋាភិបាលត្រូវតែប្រញាប់ដាក់ពាក្យបណ្តឹងឱ្យបានឆាប់ទៅកាន់តុលាការអន្តរជាតិទាំង ICJ និងICC ទើបជាសម្ពាធមួយឱ្យថៃបញ្ឈប់ឈ្លានពានដីខ្មែរបាន។
លោកថា៖ «ការប្ដឹងថៃត្រូវ២! សំណុំរឿង២ គឺសំណុំរឿងព្រំដែន និងសំណុំរឿងបង្កសង្គ្រាមពីសំណាក់ថៃទៅកាន់តុលាការចំនួនពីរដែរ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងប្ដឹងថៃមួយទៀតទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដើម្បីធ្វើយ៉ាងណាក៏ដោយ ត្រូវតែប្ដឹងថៃឲ្យថៃត្រូវតែទទួលខុសត្រូវដាច់ខាត ចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរ រួមទាំងការឈ្លានពានលើទឹកដីកម្ពុជាផង»។
ជុំវិញជម្លោះព្រំដែននេះដែរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ សរសេរសារលើហ្វេសប៊ុកលោកនៅថ្ងៃទី២៥ ខែធ្នូថា ថ្នាក់ដឹកនាំតំបន់ និងពិភពលោក ព្រមទាំងសាធារណៈមតិតំបន់ និងអន្តរជាតិ ត្រូវតែក្លាហានហ៊ានប្រតិកម្ម ហ៊ានថ្កោលទោស ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា»។
ក្នុងន័យនេះ លោកថា សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។
លោកថា នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២ រីឯនៅក្នុងបរិបទនៃតំបន់អាស៊ីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជមុនកំណើតអាស៊ាននៅឆ្នាំ១៩៦៧។ ពោលគឺជាសម័យកាលនៃ «អាធំវ៉ៃអាតូច» ស្រេចតែអំពើចិត្ត។
លោកគូសបញ្ជាក់ថា «សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ មិនយូរមិនឆាប់ នឹងអាចរុញច្រានតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ទៅក្នុងជ្រោះនៃអសន្តិសុខ អស្ថិរភាព និងចម្បាំងរាំងជល ហើយ វានឹងអាចបំផ្លាញយ៉ាងលឿនរហ័ស លទ្ធផលនៃការប្រឹងប្រែងច្រើនទសវត្សរ៍របស់អាស៊ាន ក្នុងការបង្កើត ពង្រឹង ពង្រីក និងរក្សាលំហតំបន់មួយនៃកិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាពរួម។
គិតពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ មានចំនួន២០ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ គាំទ្រថ្មើរជើង ប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់ និងបាញ់ផ្សែងពុល តាមទំនើងចិត្តលើដែនដីកម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែន និងតំបន់ស៊ីវិលមួយចំនួនទៀត ដែលមានចម្ងាយប្រមាណ ៧០ ទៅ ៨០គីឡូម៉ែត្រពីតំបន់ព្រំដែន ដូចជានៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកបាណន់ ខេត្តបាត់ដំបងជាដើម។
បើតាមមហាផ្ទៃ គិតត្រឹមថ្ងៃទី២៥ខែធ្នូ មានប្រជាពលរដ្ឋខ្មែរស្លាប់ ៣០នាក់ របួសជិត ៩០នាក់ ខណៈជនភៀសសឹកបានកើនដល់ជាង ៦០ម៉ឺននាក់៕









