ប្រជាពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបង និងនៅតាមបណ្ដាស្រុកផ្សេងទៀត ចាប់ផ្ដើមបិទតូបលក់ដូរ ផ្អាកអាជីវកម្ម ក្រោយយោធាថៃទម្លាក់គ្រាប់នៅស្រុកបាណន់។ តែពលរដ្ឋផ្សេងទៀត រួមទាំងអ្នកតាមដានសង្គមថា សកម្មភាពអាជីវកម្មគួរតែនៅបន្តដូចធម្មតា ដើម្បីជំរុញឱ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកដែលជាផ្នែកសំខាន់មួយនៃការជួយប្រទេសជាតិ។
ទីប្រជុំជនក្រុងបាត់ដំបង ដែលធ្លាប់មានភាពអ៊ូអរ ប្រែជាស្ងប់ស្ងាត់ត្រឹមរយៈពេលពីរថ្ងៃ ក្រោយយោធាថៃទម្លាក់គ្រាប់បែក៥គ្រាប់ នៅស្រុកបាណន់ ដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីក្រុង។
នៅផ្សារធំបាត់ដំបង ឬផ្សារណាត់ អាជីវករបិទតូបចាក់សោរលែងលក់ដូរ ខណៈនៅស្រុកឯកភ្នំឯណោះ តាមសាលារៀនមួយចំនួនក៏លែងសូវមានសិស្សទៅរៀន។
ពលរដ្ឋស្រុកឯកភ្នំ កញ្ញា សា ឌីណា ប្រាប់វីអូឌី នៅថ្ងៃទី២៦ ខែធ្នូ ថា កញ្ញាជួបការលំបាកដោយមិនអាចរកទិញសម្ភារៈមួយចំនួនបាន ដោយសារលែងមានអ្នកលក់ដូរ។ កញ្ញាបន្តថា ទោះការទម្លាក់គ្រាប់មានចម្ងាយឆ្ងាយពីតំបន់កញ្ញារស់នៅ តែពលរដ្ឋទីនេះហាក់មានការបារម្ភខ្លាំង រហូតអ្នកខ្លះចាប់ផ្ដើមភៀសខ្លួនចេញបណ្ដើរៗ ខណៈមិនទាន់មានប្រកាសណាមួយពីអាជ្ញាធរនៅឡើយ។
កញ្ញា សា ឌីណា និយាយថា៖ «បើថាគាត់ (អាជ្ញាធរ) ឲ្យយើងជម្លៀស ចាំយើងជម្លៀស។ បើថាគាត់អត់ទាន់ឱ្យយើងជម្លៀសទេ បានន័យថា យើងនៅមានសុវត្ថិភាពគ្រប់គ្រាន់ មិនទាន់ចាំបាច់រើទៅណាទៅណី នាំឱ្យជ្រួលច្របល់ទេ»។
មិនខុសពីកញ្ញា សា ឌីណា លោក រ៉េត ប៊ុនរិទ្ធ ពលរដ្ឋនៅក្រុងបាត់ដំបង យល់ឃើញថាការផ្អាកលក់ដូរ ឬធ្វើអាជីវកម្មផ្សេងៗ មិនថាដោយសារហេតុផលណាក៏ដោយ គឺមិនមែនជាជម្រើសល្អឡើយក្នុងដំណាក់កាលនេះ ដោយសារប្រទេសជាតិកំពុងត្រូវការចរន្តសេដ្ឋកិច្ច ដើម្បីមានដង្ហើមដក ខណៈក្រុងបាត់ដំបងក៏នៅឆ្ងាយពីសមរភូមិក្ដៅ។
លោក រ៉េត ប៊ុនរិទ្ធ និយាយថា៖ «តាមពិតទៅ ប្រជាពលរដ្ឋដែលនៅឆ្ងាយពីសមរភូមិ ឆ្ងាយពីការវាយប្រហាររបស់យោធាសៀមហ្នឹង គួរណាស់តែបន្តនូវការលក់ដូរបន្តទៀតទៅ ព្រោះអីយើងវានៅឆ្ងាយពីការវាយប្រហារហ្នឹងដែរ ចៀសវាងការគាំងស្ទះនូវចរន្តសេដ្ឋកិច្ច ចរន្តដំណើរការរបស់លុយ របស់រូបិយប័ណ្ណ ហើយណាមួយក៏ជួយសម្រួលដល់ប្រជាពលរដ្ឋយើងដែលនៅក្នុងក្រុងហ្នឹងដែរ»។
យ៉ាងណា ពលរដ្ឋរូបនេះថា ការបារម្ភរបស់ពលរដ្ឋនៅពេលនេះ ក៏អាចទាក់ទងទៅនឹងភាពអស់ជំនឿចិត្តលើរដ្ឋាភិបាលកន្លងមក ដែលតែងតែលាក់ព័ត៌មានផ្សេងៗ ឬជូនដំណឹងមិនបានទាន់ពេលវេលា។
ភាពស្ងប់ស្ងាត់របស់ក្រុងបាត់ដំបងនៅពេលនេះ កើតឡើងក្រោយយោធាថៃកាលពីថ្ងៃទី២៤ ខែធ្នូ បានបើកការវាយប្រហារតាមផ្លូវអាកាស ដោយប្រើយន្តហោះ T-50 ទម្លាក់គ្រាប់ទៅលើភូមិសាស្ត្រភ្នំសំពៅ ស្រុកបាណន់ ដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងបាត់ដំបង។ ភ្លាមៗពលរដ្ឋទីនោះបានភៀសខ្លួន ខណៈមន្ទីរអប់រំប្រកាសផ្អាកការសិក្សា និងបិទសាលាទូទាំងស្រុក។
ប៉ុន្តែពលរដ្ឋនៅក្រុងបាត់ដំបង និងបណ្ដាស្រុកជុំវិញស្រុកបាណន់ បានដាក់ក្ដីបារម្ភថា យោធាថៃ អាចបង្កើនការវាយប្រហារម្ដងទៀត រហូតមានពលរដ្ឋខ្លះចាប់ផ្ដើមជួលអេស្កាជីកត្រង់សេត្រៀមទុកទៀតផង។
ទោះសុវត្ថិភាពនៅតែជារឿងសំខាន់ ប៉ុន្តែអ្នកតាមដានសង្គមថា ពលរដ្ឋត្រូវតាំងចិត្តឱ្យរឹងមាំ បន្តធ្វើការងារ និងប្រកបអាជីវកម្ម ដើម្បីឱ្យចរន្តសេដ្ឋកិច្ចមូលដ្ឋានដំណើរការ ដែលជាចន្ទល់សំខាន់របស់សេដ្ឋកិច្ចជាតិទាំងមូល ទប់ទល់នឹងស្ថានភាពលំបាកនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការផ្អាកអាជីវកម្ម ឬសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដោយហេតុផលបាក់ទឹកចិត្ត ឬភ័យខ្លាច គឺស្មើនឹងការបង្ហាញភាពទន់ខ្សោយ ហើយអាចក្លាយជាបន្ទុកជាតិទៀតផង។ លោកលើកទឹកចិត្តពលរដ្ឋទាំងអស់ ជាពិសេសអ្នកនៅឆ្ងាយតំបន់ប្រយុទ្ធ ឱ្យខិតខំទ្វេដង និងគ្រប់វិស័យ ពិសេសវិស័យកសិកម្ម និងអាជីវកម្ម ដើម្បីរក្សាកម្លាំងផ្ទៃក្នុង និងលំនឹងសេដ្ឋកិច្ចជាតិ។
លោក សេក សុជាតិ ថ្លែងថា៖ «ហើយនៅក្នុងស្ថានភាពនេះ រដ្ឋាភិបាលក៏គួរតែពិចារណានៅក្នុងការអប់រំផ្នត់គំនិត ហើយនិងដាក់ចេញនូវគោលការណ៍ដើម្បីលើកកម្ពស់ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើការទ្វេដង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅចំពោះមុខ ក្រោមរូបភាពនៃការឈ្លានពានរបស់បរទេសនេះ»។
មិនមែននៅតែខេត្តបាត់ដំបងនោះទេ តែសកម្មភាពអាជីវកម្មថយចុះ ដោយនៅរាជធានីភ្នំពេញ ដែលឆ្ងាយពីព្រំដែនរាប់សិបគីឡូម៉ែត្រ ក៏មិនសូវមានពលរដ្ឋចាយលុយ ដើរទិញទំនិញដូចមុន ខណៈអ្នកខ្លះភ័យខ្លាចរហូតដល់ដកលុយចេញពីធនាគារទៀតផង។
ជាមួយគ្នានេះ អាជីវកម្មបម្រើសេវាកម្មសប្បាយៗ ដូចជា អាហារដ្ឋានរាត្រី កន្លែងកម្សាន្តតន្ត្រី និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ រឹតតែមានភាពស្ងប់ស្ងាត់ ដោយពលរដ្ឋចាត់ទុកថាការធ្វើបែបនេះ ជាការចូលរួមកាន់ទុក្ខ និងដឹងគុណយុទ្ធជនដែលកំពុងប្រយុទ្ធ។
ប៉ុន្តែសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ខ្លាំងលើម្ចាស់អាជីវកម្ម ដែលធ្វើឱ្យផលប៉ះពាល់ជះបន្តបន្ទាប់គ្នាជាប្រព័ន្ធដល់បុគ្គលិកតូចតាច។
ប្រជាពលរដ្ឋ និងអ្នកតាមដានសង្គមថា មានតែការពង្រឹងចិត្តគំនិតរបស់ខ្លួន និងខិតខំបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យដំណើរការតាមប្រក្រតីប៉ុណ្ណោះ ដែលជាចំណុចចាប់ផ្ដើមល្អមួយ ក្នុងការជួយប្រទេសជាតិក្នុងដំណាក់កាលរងការឈ្លានពានពីបរទេស៕









