យោធាថៃបានប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែក៤០គ្រាប់ ដាក់ភូមិព្រៃចាន់ ឃុំអូរបីជាន់ និងបាញ់ផ្លោងយ៉ាងសន្ធាប់ ទៅលើទីតាំងជាច្រើនទៀត ដូចជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងទិសប្រាសាទព្រះវិហារ។
នេះបើតាមក្រសួងការពារជាតិធ្វើបច្ចុប្បន្នភាព នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។ ដែលការណ៍នេះ អ្នកតាមដានរំឭករដ្ឋាភិបាលកម្ពុជា បញ្ចេញសមត្ថភាពកងទ័ពជើងអាកាស គាំទ្រកម្លាំងជើងគោក ដើម្បីវាយទប់ទល់ខាងដែនអាកាស ដែលកំពុងបង្កគ្រោះថ្នាក់ដល់កម្ពុជា និងជនស៊ីវិលខ្មែរ ខណៈអ្នកស្លាប់កើនឡើងដល់៣០នាក់ របួស៨៨នាក់ និងភៀសសឹកកើនឡើងដល់ជាង ៦៤ម៉ឺននាក់ ដោយគ្រាប់ផ្លោង និងយន្តហោះចម្បាំងថៃប្រមាណជា ២០ថ្ងៃមកនេះ ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា និយាយនៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ភូមិព្រៃចាន់ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។
អ្នកស្រីថា៖ «ចាប់ពីវេលាម៉ោង៦និង៨នាទីដល់វេលាម៉ោង៧និង១៥នាទី យោធាថៃបានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន៤០គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ»។
លើសពីនេះ បើតាមការធ្វើបច្ចុប្បន្នភាព ជាបន្តបន្ទាប់ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង២និង៣០នាទីថ្ងៃដដែលនេះ យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រសួងបន្តថា យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ខណៈយោធាថៃបានបន្តបាញ់ផ្លោងចំនួន ២០គ្រាប់ ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
យ៉ាងណា ក្រសួងថា មកដល់ពេលនេះ កងកម្លាំងកម្ពុជានៅបន្តតស៊ូយ៉ាងស្វិតស្វាញលើសមរភូមិប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
លើសពីនេះ កម្ពុជា បន្តអំពាវនាវឱ្យសហគមអន្តរជាតិ ចាត់វិធានការទៅលើប្រទេសថៃជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន និងឱ្យថៃទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា និងជនស៊ីវិលខ្មែរ ខណៈគិតត្រឹមថ្ងៃទី២៥ ខែធ្នូ ជនស៊ីវិលខ្មែរស្លាប់កើនឡើងដល់៣០នាក់ របួសជិត៩០នាក់ និងជនភៀសសឹកឡើងដល់ជាង៦៣ម៉ឺននាក់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម ផ្ទះសម្បែងពលរដ្ឋជាច្រើនត្រូវបានបំផ្លាញ រួមទាំងប្រាសាទបុរាណ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ដោយឡែក អតីតមន្រ្តីបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់VODនៅថ្ងៃទី២៦ ខែធ្នូនេះថា ទង្វើឈ្លានពានយ៉ាងកំរោល និងឃោរឃៅរបស់យោធាថៃនេះ សបញ្ជាក់ឱ្យឃើញពីមហិច្ចតាលេបទឹកដីខ្មែរ។
លោកអះអាងថា សង្រ្គាមឈ្លានពានរបស់ថៃលើកនេះ មិនមែនជាសង្រ្គាមបង្រ្កាបឧក្រិដ្ឋកម្មឆបោកទេ តែជាសង្រ្គាមលេបទឹកដីខ្មែរ ប្រាសាទបុរណខ្មែរ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរបស់ខ្មែរ។
លោកបន្តថា នេះជាក្តីប្រាថ្នាពួកអភិរក្សនិយមថៃ ដែលចិញ្ចឹមចិត្តឈ្លានពានកម្ពុជាយូរហើយ តាំងពីចាញ់ក្តីនៅប្រាសាទព្រះវិហារ ថៃថាជាប្រាសាទរបស់គេ ខណៈតុលាការអន្តរជាតិកាត់ក្តីឱ្យខ្មែរឈ្នះ។
លោកថា៖ «យើងឃើញថាថៃមែនជាទំនាស់ព្រំដែននេះ វាជាសង្គ្រាមឈ្លានពាន ពីព្រោះសៀមបានចូលមកក្នុងទឹកដីយើងជ្រៅ ហើយពេលដែលតំបន់ណាដែលវាមកគ្រប់គ្រងបាន ឬកាប់កាន់បាន អ៊ីចឹងវាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឲ្យបោះទង់ជាតិសម្គាល់អីហ្នឹង អ៊ីចឹងមានន័យថា ឥឡូវនេះ សង្រ្គាមរវាងខ្មែរនិងសៀមហ្នឹង វាប្ដូរពីជម្លោះព្រំដែនទៅជាសង្គ្រាមឈ្លានពាន ហើយឈ្លានពាននេះគឺវាចូលឈ្លានពានដីខ្មែរយ៉ាងជ្រៅ បើយើងគិតទៅលើការទម្លាក់គ្រាប់បែកនោះ គឺវាចូលខ្មែរជ្រៅណាស់»។
ការណ៍នេះ លោក យល់ថា មេដឹកនាំកម្ពុជាត្រូវបញ្ចេញសមត្ថភាពឱ្យអស់ ដែលខ្លួនធ្លាប់គ្រប់គ្រងកម្ពុជាជាង៤០ឆ្នាំមកនេះ ទាំងផ្នែកជើងទឹក និងជើងអាកាស ជាពិសេសត្រូវបញ្ចេញសំណាញ់មេឃ បាញ់ទម្លាក់យន្តហោះចម្បាំងF-16 ថៃ កុំឱ្យថៃបន្តព្រហើនមើលងាយសមត្ថភាពដឹងនាំរបស់កម្ពុជា។
ហើយក្រៅតែពីប្រើសិទ្ធស្វ័យការពារ មេដឹកនាំកម្ពុជា ក៏មិនអាចភ្លេចដែរ បញ្ជូនសំណុំរឿងព្រំដែន រួមទាំងករណីបាញ់សម្លាប់ជនស៊ីវិល ទាហានខ្មែរ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនេះ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តុលាការឧក្រិដ្ឋកម្ម ICC និងសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស។
លោកថា៖ «ដំណោះស្រាយពិតប្រាកនោះ គឺយើងអាចរកភាគីទីបី គេអាចទីមួយបណ្ដឹងទៅICJរឿងវាប្រើជាផែនទីឯកតោភាគីនេះ ឱ្យវាងាកមករកកិច្ចព្រមព្រៀងរបស់យើង ទាំងអនុសញ្ញាក្តី សន្ធិសញ្ញាក្តីនោះគឺយកតាមផែនទីសម័យបារាំងអាហ្នឹងទីមួយ។ ទីពីរយើងអាចប្តឹងទៅ ICC រឿងប្រតិបត្តិការវាបានបាញ់សម្លាប់ទាហាន និងពលរដ្ឋខ្មែរស្លាប់ ហើយរឿងទម្លាក់គ្រាប់បែក កម្ទេចលើសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនេះ អាហ្នឹងយើងត្រូវប្តឹងអាហ្នឹង ប៉ុន្តែយើងឃើញថាដូចមិនប្តឹងទេ។ ហើយទីបី យើងត្រូវអំពាវនាវដល់សហគមន៍អន្តរជាតិ និងសហរដ្ឋមេរិកឱ្យជួយកម្ពុជា»។
នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលី លោក សេង វណ្ណលី និយាយថា កំឡុងពេលនេះ កម្ពុជាគ្មានជម្រើសអ្វីទេ ក្រៅពីបញ្ចេញសមត្ថភាពវាយទល់ស្កាត់សត្រូវឈ្លានពានទេ។
ក្នុងន័យនេះ លោកពន្យល់ថា យោធាថៃ ហាក់មិនដកដៃឈ្លានពានកម្ពុជាទេ គឺពួកអភិរក្សនិយមថៃ នឹងបន្តឈ្លានពានកម្ពុជាគ្រប់រូបបែប ទាំងយន្តហោះចម្បាំង នាវាចម្បាំង កាំភ្លើងធុនធ្ងន់ និងទ័ពថ្មើជើង។
លោកបារម្ភថា សង្គ្រាមឈ្លានពានកម្ពុជាម្តងនេះ ពួកយោធាថៃអាចនឹងវាយសម្រុកបំបុករុលសង្រ្កប់ខ្លាំង ដើម្បីលេបទឹកដីខ្មែរតាមបន្ទាត់ព្រំដែន តាមផែនទីចោរខ្នាត ១/៥០ ពាន់ ដែលថៃគូរឯកតោភាគី។
លោកថា៖ «ថៃគាត់នឹងកាន់តែបង្កើនការវាយសង្គ្រុបទៅលើទីតាំងឈរជើងរបស់កម្ពុជា ឆ្ងាយពីតំបន់ព្រំដែន ដោយសារតែទីតាំងនៅតំបន់ព្រំដែនដែលមានជម្លោះ គឺគាត់ក្តោបក្តាប់ស្ទើរទាំងស្រុងហើយ ដូច្នេះគាត់គោលដៅបន្ទាប់ គឺព្យាយាមវ៉ៃផ្តាច់ប្រព័ន្ធផ្គត់ផ្គង់ផ្នែកយោធានៅឆ្ងាយពីបន្ទាត់ព្រំដែនរបស់កម្ពុជាដើម្បីធ្វើយ៉ាងណា ផ្តាច់សមត្ថភាពរបស់កម្ពុជា ក្នុងការបញ្ជូនសព្វាវុធទៅឲ្យទាហានជួរមុខរបស់កម្ពុជា គឺគាត់ដឹងថាបើសិនជាគាត់អាចផ្ដាច់ប្រព័ន្ធផ្គត់ផ្គង់សព្វាវុធឱ្យទាហានជួរមុខរបស់កម្ពុជា»។
យ៉ាងណា លោក វណ្ណលី នៅតែលើកទឹកចិត្តមេដឹកនាំកម្ពុជា បន្តប្រើសិទ្ធិស្វ័យការពារខ្លួន និងបន្ថែមកងកម្លាំង អាវុធទំនើបៗដែលកម្ពុជាមាន រួមទាំងសំណាញ់មេឃ ដើម្បីទល់ស្កាត់មហិច្ចតាឈ្លានពាន។
គិតពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ មានចំនួន២០ថ្ងៃហើយ ដែលយោធាថៃ បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅជួរមុខ តាមបន្ទាត់ព្រំដែន ដោយប្រើទាំងអាវុធធុនធ្ងន់ គាំទ្រថ្មើរជើង ប្រើយន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់ និងបាញ់ផ្សែងពុល តាមទំនើងចិត្តលើដែនដីកម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែន និងតំបន់ស៊ីវិលមួយចំនួនទៀត ដែលមានចម្ងាយប្រមាណ ៧០ ទៅ ៨០គីឡូម៉ែត្រពីតំបន់ព្រំដែន ដូចជានៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកបាណន់ ខេត្តបាត់ដំបងជាដើម។
បើតាមក្រសួងការពារជាតិ គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ ៣០នាក់ របួស៨៧នាក់ ខណៈជនភៀសសឹកកើនដល់ជាង៦៣ម៉ឺននាក់៕









