យន្តហោះចម្បាំងថៃ នៅថ្ងៃសុក្រនេះ ទម្លាក់គ្រាប់បែកចំនួន៤០គ្រាប់ ចូលភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបាញ់ផ្សែងពុល ខណៈទីតាំងជាច្រើនទៀត ដូចជា ប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម យោធាថៃបង្កើនការបាញ់ផ្លោងយ៉ាងសន្ធាប់ ដើម្បីឈ្លានពានកម្ពុជា។
នេះបើតាមការធ្វើបច្ចុប្បន្នភាព ពីស្ថានការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែន របស់អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ខណៈការឈ្លានពានរបស់យោធាថៃមានចំនួន២០ថ្ងៃគិតត្រឹមថ្ងៃសុក្រនេះ។
អ្នកស្រីថា៖ «ចាប់ពីវេលាម៉ោង៦និង៨នាទីដល់វេលាម៉ោង៧និង១៥នាទី យោធាថៃបានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន៤០គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ»។
បើតាមប្រភពនោះ ចាប់ពីរសៀលថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ខែធ្នូនេះ តំបន់ជាច្រើនរបស់កម្ពុជា កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការបាញ់ផ្លោង និងយន្តហោះចម្បាំងថៃ រួមទាំងរថក្រោះ កាំភ្លើងប្រភេទ ១៥៥ ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ជាដើម។
លើសពីនេះ ការសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ របស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៥ ឱ្យដឹងប្រហាក់ប្រហែលនេះដែរ ដោយតំបន់ដែលកំពុងរងការឈ្លានពានខ្លាំង នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។
ភូមិភាគទី៥ យោធាថៃ បានបាញ់ផ្លោងចូលភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន ថ្មពួក និងផ្នែកខ្លះនៅក្រុងប៉ោយប៉ែត។ ចំណែកនៅសមរភូមិទិសយោធភូមិភាគទី៤ យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ បាញ់សន្ធាប់ចូលប្រាសាទតាមាន់ ប្រាសាទត្រាក្របី ប្រាសាទព្រះវិហារ និងទីតាំងមួយចំនួន ។
អ្នកស្រីថា៖ «ទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជាដ៏សាហាវឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធយុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ ដូចជាយន្តហោះចម្បាំងប្រភេទ F-16 -T-50 នាវាចម្បាំង កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនគ្រប់ប្រភេទ កាំជ្រួចហ្វូង DTI-2 DTI-1G- […] ដែលជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូល»។
យ៉ាងណា ក្រសួងថា មកដល់ពេលនេះ កងកម្លាំងកម្ពុជានៅបន្តតស៊ូយ៉ាងស្វិតស្វាញលើសមរភូមិប្រយុទ្ធ ប្រឆាំងនឹងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
លើសពីនេះ កម្ពុជា បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការទៅលើប្រទេសថៃជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាននេះ និងឱ្យថៃទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា និងជនស៊ីវិលខ្មែរ ខណៈគិតត្រឹមថ្ងៃទី២៥ ខែធ្នូ ជនស៊ីវិលខ្មែរស្លាប់កើនឡើងដល់៣០នាក់ របួសជិត៩០នាក់ និងជនភៀសសឹកឡើងដល់ជាង៦៣ម៉ឺននាក់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម ផ្ទះសម្បែងពលរដ្ឋជាច្រើនត្រូវបានបំផ្លាញ រួមទាំងប្រាសាទបូរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
យ៉ាងនេះក្តី ក្រុមអ្នកតាមដាន ផ្តល់យោបល់ថា ដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានពានរបស់ថៃ នាសម័យទំនើបនេះ កម្ពុជាក្រៅពីប្រើសិទ្ធិការពារខ្លួន កម្ពុជាចាំបាច់ត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) រួមទាំងប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យកោះប្រជុំបន្ទាន់ ទើបអាចទប់ស្កាត់បាន។
ពួកគេសំអាងថា ប្រទេសថៃបានចិញ្ចឹមចិត្តឈ្លានពានដែនអធិបតេយ្យកម្ពុជា ច្រើនទសវត្សរ៍មកហើយ។ ហើយថាពួកគេនឹងមិនបញ្ចប់ត្រឹមនេះ បើកម្ពុជាមិនប្រើច្បាប់អន្តរជាតិដែលកម្ពុជាមាន ដើម្បីទប់ទល់នឹងមហិច្ឆតាឈ្លានពាននេះទេនោះ៕









