ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍នេះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខណៈថ្ងៃម្សិលមិញ ថៃទម្លាក់គ្រាប់បែក៤០គ្រាប់ចូលភូមិជោគជ័យ។
ក្រសួងឱ្យដឹងថា ចាប់ពីវេលាម៉ោង ៧:៣១នាទី ដល់ ៨:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ក្នុងនោះ «៤គ្រាប់ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ»។
បើតាមក្រសួង ប្រឈមនឹងការឈ្លានពាននេះ កងកម្លាំងកម្ពុជា នៅបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។
លើសពីនេះ ក្រសួងថា នៅវេលាម៉ោង ២២:៥០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ សហប្រធានកិច្ចប្រជុំ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) របស់កម្ពុជានិងថៃសម្រេចឯកភាពគ្នាលើខ្លឹមសារនៃសេចក្តីព្រាង សេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។
កិច្ចប្រជុំក្រុម នេះធ្វើឡើង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូនេះ។
បើតាមប្រភពខាងលើ កាលពីថ្ងៃសុក្រ យោធាថៃបានបើកការបាញ់ប្រហារ ឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។
តំបន់ដែលប្រឈមនឹងការឈ្លានពានខ្លាំងជាងគេ គឺភូមិសាស្ត្រ ប្រាសាទតាមាន់ ប្រាសាទតាក្របី ភូមិព្រៃចាន់ បឹងត្រកួន និងភូមិជោគជ័យ ដែលភូមិជោគជ័យ ថៃប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន៤០គ្រាប់។ ទីតាំងមួយចំនួនទៀតរងការបាញ់ផ្លោង ដូចជា នៅក្រុងប៉ោយប៉ែត និងទីតាំងខ្លះទៀតនៅខេត្តបាត់ដំបង និងនៅខេត្តសៀមរាប។
គិតត្រឹមថ្ងៃទី២៦ខែធ្នូ ថៃបើកការបាញ់ប្រហារ ឈ្លានកម្ពុជា មានចំនួន២០ថ្ងៃមកហើយ បើគិតចាប់ពីថ្ងៃទី៧ខែធ្នូមក។ ទង្វើនេះបង្កឱ្យជនស៊ីវិលខ្មែរស្លាប់កើនឡើងដល់ ៣០នាក់ របួស៨៨នាក់ ជនភៀសសឹកកើនឡើងដល់ជាង ៦៤ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានសាលារៀន ផ្លូវថ្នល់ ស្ពាន លំនៅឋានពលរដ្ឋ និងប្រាសាទបូរាណខែ្មរ ជាច្រើនត្រូវបានបំផ្លាញដោយគ្រាប់ផ្លោង និងយន្តហោះចម្បាំងថៃ៕









