ក្រោយសៀមដណ្តើមកាន់កាប់ទឹកដីមួយផ្នែកតាមព្រំដែន ក្នុងសង្គ្រាមឈ្លានពានខ្មែរចំនួន ២១ថ្ងៃមកនេះ រហូតមានកិច្ចព្រមព្រៀងឈប់បាញ់ថ្មីទៀត កាលពីថ្ងៃសៅរ៍នោះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាចិត្តថា នឹងយកការលំបាកនេះ ធ្វើឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នា កសាងជាតិខ្មែរឱ្យកាន់តែរឹងមាំ ខណៈមានការរិះគន់ថា មេដឹកនាំបច្ចុប្បន្ន អសមត្ថភាពការពារទឹកដី។
លោក ហ៊ុន ម៉ាណែត បានបញ្ចេញសារថ្មីមួយ ដែលជាការឆ្លើយតបទៅនឹងការរិះគន់ ដោយថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយ។ ហើយថា រឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។
ប៉ុន្តែ ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ ។
សារនេះត្រូវបានអង្គភាពអ្នកនាំពាក្យ លោក ប៉ែន បូណា យកអានទាំងស្រុងនៅព្រឹកថ្ងៃចន្ទនេះផងដែរ ដោយបញ្ជាក់ថា រដ្ឋាភិបាលនឹងយកការលំបាកនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នា កសាងជាតិខ្មែរឱ្យកាន់តែរឹងមាំ។
លោកថា៖ «ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ឈាមស្រស់របស់វីរៈជនយើងនៅសមរភូមិ គឺជាការដាស់តឿនមិនឲ្យយើងបំភ្លេចមួយវិនាទីណាឡើយ បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់ ដូច្នេះស្របតាមពាក្យចាស់ថា ចង្កឹះមួយបាច់កាច់មិនបាក់យើង ជួបការលំបាកពេលនេះធ្វើជាឱកាស ដើម្បីឲ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឲ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់លោកក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង»។
ជាការកត់សម្គាល់ ជាង៨ឆ្នាំមកនេះ គណបក្សកាន់អំណាច ដែលដឹកនាំដោយគ្រួសារហ៊ុន រងការរិះគន់ថាបានប្រើតុលាការ ដើម្បីកម្ចាត់ និងកម្ទេចខ្មែរគ្នាឯង ដើម្បីសម្រេចមហិច្ឆតាកា្រញអំណាច ពីពុកទៅកូន ធ្វើឱ្យជាតិបែកបាក់ធ្ងន់ធ្ងរជិត១០ឆ្នាំមកនេះ ។
តួយ៉ាងដូចជារំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស និងចាប់មេបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ និងបន្តសម្លាប់ជីវិតនយោបាយពួកគេរហូតបច្ចុប្បន្ន ចាប់សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងកម្ចាត់សារព័ត៌មានឯករាជ្យជាដើម។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ពាក្យថារួបរួមគ្នានេះ ជាពាក្យដែលពលរដ្ឋខ្មែរទូទាំងប្រទេសចង់បាន។ ប៉ុន្តែថាការបង្រួបបង្រួមពិតប្រាកដ គឺទាល់តែមានគោលនយោបាយច្បាស់លាស់សម្រាប់ធ្វើដំណើររួមគ្នា មិនមែនបបួលគេរួបរួមតែគេនិយាយរិះគន់មិនបាន នោះមិនមែនជាឆន្ទៈសម្រាប់រួបរួមនោះទេ។
ក្នុងន័យនេះ លោកពន្យល់ថា ក្នុងសង្គមមួយបើមានអយុត្តិធម៌ច្រើនពេក ពុករលួយច្រើន ហើយនិយាយមិនបាន ដូចករណីឧក្រិដ្ឋកម្មឆបោក ជាដើម មិនអាចរកការឯកភាពជាតិបានទេ។
មួយវិញទៀត ឯកភាពជាតិអាចធ្វើទៅបាន លុះត្រាតែមានគោលនយោបាយច្បាស់លាស់ សម្រាប់ជាតិទាំងមូល តាមរយៈការអង្គុយជជែកគ្នាដោយមិនគិតពីរឿងនិន្នាការនយោបាយ ពិសេសអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនគិតពីការក្រាញអំណាចជាធំ អំណាចត្រូវផ្លាស់ប្តូរតាមការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមឆន្ទៈពលរដ្ឋ រួមទាំងប្រកាសដោះលែងអ្នកទោសមនសិការផងដែរ ទោះទើបធ្វើឱ្យពលរដ្ឋខ្មែរ ជឿថា រដ្ឋាភិបាល ពិតជាមានឆន្ទៈរួបរួមជាខ្មែរគ្រប់រូប ដើម្បីកសាងជាតិខ្មែរឱ្យខ្លាំង។
លោកថា៖ «ឥឡូវប្រកាសទៅលើកលែងទោសអ្នកទោសមនសិការទាំងអស់ នឹងត្រូវទម្លាក់បទចោទទម្លាក់ទៅឯកឧត្តម កឹម សុខា អីហ្នឹង ហ្នឹងជារឿងមួយដែលចាប់ផ្តើមជំហានដំបូង អ្នកបរិស្ថានក្ដី ដែលគេធ្វើការដើម្បីសង្គមធ្វើការអីហ្នឹង លែងគេមកវិញមកដើម្បីបង្ហាញពីឆន្ទៈក្នុងការបង្រួបបង្រួម ពួកយើងពិនិត្យឡើងវិញ មិនមែនតែយើងអ្នកថាទេ សហគមន៍អន្តរជាតិគេថាដែរ វាអយុត្តិធម៌ វាមិនត្រឹមត្រូវគេចាប់គេដាក់គុកបែបហ្នឹង ដូច្នេះត្រូវពិនិត្យឡើងវិញ លែងអ្នកទាំងអស់នឹងចេញមកមានសេរីភាព»។
លើសពីនេះ លោកថា រដ្ឋាភិបាលត្រូវរៀបចំយន្តការប្រជាធិបតេយ្យឱ្យច្បាស់លាស់ បើកលំហសេរីភាពបញ្ចេញមតិឱ្យបានច្បាស់លាស់ ដែលលោកគិតថាពេលនោះខ្មែរឈប់ឈ្លោះគ្នា ព្រោះអំណាចបានពីការបោះឆ្នោតត្រឹមត្រូវ តាមសមត្ថភាពរបស់អ្នកនយោបាយ។
លោកថា៖ «អ្នកណាពូកែអ្នកណាឆ្លាត អ្នកណាគិតពីប្រយោជន៍ជាតិជាងគេ ត្រូវបានប្រជាពលរដ្ឋគាំទ្រហើយកុំគិតថាអំណាចនឹងត្រូវតែជារបស់ខ្លួនរហូត អាហ្នឹងលែងអីហើយដូចនៅស្រុកអ៊ីចឹងមានអ្នកណាទៅខ្វល់រឿងអំណាចរហូតតែដល់ម៉ោងគេចុះ ហើយគេដើរចេញ ហើយទុកឲ្យអ្នកក្រោយធ្វើទៅដល់ពេលហ្នឹងលែងឈ្លោះគ្នាហើយ លែងកាប់ចាក់ដណ្ដើមគ្នាហើយ ប៉ុន្តែសំខាន់មែនទែនឆន្ទៈនយោបាយទេ មែនទែនទៅមានចេតនានយោបាយហ្នឹង មែនទែនទេក្នុងការបង្រួបបង្រួម»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលី លោក ស៊ឹង សែនករុណា និយាយថា សាររបស់នាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះ ដូចគ្នាទៅនឹងសារនាយករដ្ឋមន្ត្រីអាណត្តិចាស់ដែរ ដោយលោកសង្កេតឃើញថា មេដឹកនាំតែងតែផ្ញើសារបែបនេះ ប៉ុន្តែថា បើសង្កេតមើលពីជីវភាពរស់នៅជាក់ស្តែងរបស់គ្រួសារកងទ័ព និងជីវភាពគ្រួសារមេដឹកនាំវិញ នៅមានគម្លាតឆ្លាយណាស់។
មួយវិញទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិមនុស្សក៏ដូចគ្នា លោកសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះការលើកកម្ពស់សិទ្ធិធ្វើនយោបាយ និងសិទ្ធិបញ្ចេញមតិ នៅតែបន្តរងការគំរាមកំហែង និងចាប់ចងតាមទំនើងចិត្តមិនទាន់មានភាពប្រសើរឡើងទេ។
លោកថា ដើម្បីឱ្យពលរដ្ឋជឿលើការដឹកនាំ ត្រូវផ្តើមចេញពីការជួយលើកកម្ពស់ជីវភាពគ្រួសារកងទ័ព រួមទាំងគ្រួសារដែលមានសមាជិកពលីជីវិត និងត្រូវដោះលែងសកម្មជនសង្គម អ្នកនយោបាយប្រឆំាងឱ្យមានសេរីភាពឡើងវិញ ការបោះឆ្នោតត្រូវមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យឡើងវិញ។
លោកថា៖ «ខ្ញុំមិនចង់ឱ្យអ្វីដែលជាការដឹកនាំហ្នឹង ឃើញគ្រាន់តែគម្លាតរវាងមេដឹកនាំ និងអ្នកដែលលះបង់នូវអាយុជីវិតអ៊ីចឹងទេ យើងចង់ឲ្យវាស្ដែងចេញនូវអ្វីដែលជាការធ្វើឡើងដោយមានទំនុកចិត្តជូនចំពោះទៅដល់ក្រុមគ្រួសារកងទ័ពដែលបានលះបង់ជីវិត ដែលពិការ ដែលរស់នៅក្នុងភាពក្រីក្រទុរគតអីទាំងអស់នេះ យើងត្រូវរកវិធីរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីស្ដារនៃលទ្ធភាពទិញជីវភាពពួកគាត់ឲ្យបានល្អប្រសើរនោះ គឺជាអ្វីដែលយើងចង់ឃើញរូបភាពពិតជាក់ស្ដែង»។
សម្រាប់ លោក ករុណា ដើម្បីឱ្យគ្រួសារយោធិន រួមទំាងអ្នកដែលបានពលីជីវិតលើសមរភូមិ ដែលបានពលីជីវិតលើសមរភូមិ ប្រឆាំងនឹងសៀមឈ្លានពានមានជំនឿលើការអះអាងរបស់រដ្ឋាភិបាល គឺចាំបាច់ណាស់ត្រូវធ្វើយ៉ាងណា កុំឱ្យជីវភាពគ្រួសារកងទ័ព មានគម្លាតដាច់ឆ្ងាយខ្លាំងពីគ្រួសារមេដឹកនាំ និងត្រូវស្តារប្រជាធិបតេយ្យ ដោះលែងអ្នកនយោបាយបក្សឆាំង ហើយរៀបចំការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យឡើងវិញ ដើម្បីអាចទាក់ទាញការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ នោះទើបអាចកសាងជាតិខ្មែរឱ្យកាន់តែរឹងមាំប្រឆាំងនឹងសត្រូវឈ្លានបាន៕









