បទវិភាគ៖ តើមាន​ចំណុច​ស្នូល​អ្វី​ខ្លាំង​ដែល​ប្រជាជាតិ​ខ្មែរ​ត្រូវបន្តជឿលើការដឹកនាំ​របស់​គ្រួសារ​ហ៊ុន?

បន្ទាប់​ពីសង្គ្រាមឈ្លានពានក្តៅគគុក​របស់សៀម ​​អូស​បន្លាយ​ជាង​២០​ថ្ងៃ​លើក​នេះ ដែល​​បាន​បណ្តាល​​ឱ្យ​​​កង​ទ័ព និង​​​​ពល​រដ្ឋ​ខ្មែរ​ជាច្រើន​ស្លាប់​​និង​​រង​របួស ​​ពល​រដ្ឋ​ជាង​កន្លះលា​ន​​នាក់​​ភៀស​​សឹក ប្រាសាទ​​​​ហេដ្ឋារចនា​សម្ព័ន្ធ​ ​និង​​ផ្ទះ​​ពល​រដ្ឋ​​ជាច្រើន​ ​ត្រូវ​បាន​​គ្រាប់​​ផ្លោង​​​ថៃ​បំផ្លាញ ហើយ​កង​ទ័ព​ថៃ​ ​បាន​​​ដណ្តើម​កាន់​កាប់​​ទឹក​​​ដី​​ខ្មែរ​នៅ​​តាម​​ទីតាំង​​ជាច្រើន រួម​ទាំង​ប្រាសាទបុរាណ ដោយ​​សារ​តែកង​ទ័ព​កម្ពុជា​ ​ដែល​មាន​ទឹក​ចិត្ត​ប្រយុទ្ធ​យ៉ាងមោះមុត​អង់​​អាចក្លាហាន ​ប៉ុន្តែគ្មាន​សព្វា​វុទ្ធ​ទំនើប​បាញ់​តបតកងទ័ព​ថៃ​ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​​នៅ​​ថ្ងៃទី​២៩​ខែ​ធ្នូនេះ​ បាន​​សម្តែង​​​ក្តី​​សង្ឃឹម​​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​​រូប​​នៅគ្រប់​ទិសទី​​ «នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល»​​ដែល​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន​របស់​លោក​។

នៅ​ក្នុង​សារផ្ញើ​​​ជូនវីរកងទ័ព វីរនគរបាលនិងជនរួមជាតិខ្មែរ​ ​នៅ​ថ្ងៃទី២៩ខែ​ធ្នូ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត បាន​សរសេរ​ថា ទុក្ខ​លំបាក​និង​ពលិកម្ម​សាច់​ស្រស់ ឈាម​ស្រស់ របស់​វីរជន​របស់​យើង​នៅ​សមរភូមិ គឺ​ជា​ការ​ដាស់​តឿន មិន​ឱ្យ​យើង​បំភ្លេច​បាន​មួយ​វិនាទី​ណា​ឡើយ​ថា «បែក​បាក់​គឺ​ស្លាប់, សាមគ្គី​រឹងមាំ​គឺ​រស់» ។ ដូច្នេះ​ស្រប​តាម​​ពាក្យ​​ចាស់​ថា «ចង្កឹះ​មួយ​បាច់ គេ​កាច់​មិន​បាក់» យើង​ត្រូវ​យក​ការ​លំបាក​នៅ​ពេល​នេះ ធ្វើ​ជាឱ​កាស​ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​រូប​ចេះ​ពួត​ដៃ​​គ្នា​កសាងជា​តិ​ខ្មែរ​យើង​ឱ្យកា​ន់​តែរឹ​ង​មាំ និង​កាន់​តែ​ប្រសើរ​ឡើង​ប្រកប​ដោយ​ភាព​ធន់ ។

ជាមួយគ្នា​នេះ ​លោក ​ហ៊ុន ម៉ាណែត ​សង្ឃឹម​​ថា៖ «បងប្អូនប្រជាពលរដ្ឋយើង, គ្រប់​មជ្ឈ​ដ្ឋាន និង​គ្រប់​ទិសទី នឹង​បន្ត​ផ្តល់​ជំនឿដ៏​មុ​តមាំ​​លើ​រាជ​រដ្ឋាភិបាល និង​រួប​រួម​សាមគ្គី​គ្នា​ក្នុង​ស្មារតី​ជាតិ​ខ្មែរ​​​តែមួ​យ ប្រើ​ប្រាស់​តម្លៃនៃ​ស​ន្តិភាព​នេះ ដើម្បីអ​ភិវឌ្ឍ​ខ្លួន​ឱ្យក្លា​យ​ជាព​លរដ្ឋ​ឆ្នើម​របស់​កម្ពុជា និង​​ក្លា​យ​ជាក​ម្លាំង​ដ៏​រឹង​មាំ​មិន​អាច​បំបែក​បំបាក់​បាន ក្នុង​កិច្ចការ​ពារ​អធិប​តេយ្យ​ជាតិ និង​បូរណ​​ភាព​ទឹក​ដី និង​ក្នុង​ការ​អភិវ​ឌ្ឍ​ជាតិ និង​មាតុភូ​មិ​កម្ពុជា ជាទីស្នេហា​បំផុត​នៃ​យើង​ឱ្យ​កាន់​តែ​មាន​​ការ​រីក​ចម្រើន​ខ្លាំង​ក្លា​ឡើង​ជា​លំដាប់ និង​ក្លាយ​ជា​ប្រជា​ជាតិ​មួយ ប្រកប​ដោយ​មោទន​ភាព និង​កិត្យានុ​ភាព​ខ្ពស់​ត្រដែត លើ​ឆាក​អន្តរ​ជាតិ»។

តើមាន​ចំណុច​ស្នូល​អ្វីខ្លាំង​​​ដែល​ប្រជាជាតិ​ខ្មែរ​ ត្រូវបន្តជឿ​លើការ​ដឹក​នាំ​​របស់​​រដ្ឋាភិ​បាល​​គ្រួសារ​​ហ៊ុន?

ដើម្បី​អាច​​​ឱ្យ​ប្រទេស​កម្ពុជាគង់​វង្ស​ជាអមតៈ​ និង​រីក​ចម្រើន​​បញ្ញវ័ន្ត​ខ្មែរមួយ​ចំនួន ​បាន​​រំឭក​​ពល​រ​ដ្ឋ​​ខ្មែរ​​ សូម​កុំចេះ​តែ​ជឿ​​ទៅ​លើ​ពាក្យ​សម្តី​បែប​ប្រជា​​ភិថុ​ត​​របស់​​មេដឹក​នាំខ្មែរ និង​​អ្នក​​នយោ​បាយ​​​​ដោយ​​គ្មាន​​ហេតុ​​ផល ​​និ​ងមិន​​ផ្អែក​​ទៅ​​​លើ​​សកម្ម​​​ភា​ព​​ជាក់​​ស្តែង​។

លោក ​ម៉ែន ណាត ​ប្រធាន​ក្រុមប្រឹ​ក្សា​​ឃ្លាំ​មើល​​កម្ពុជា ​ប្រាប់​​វីអូឌី​នៅថ្ងៃ​​​២៩​ខែធ្នូ​នេះ​​ ​ដោយ​លើក​​ឡើង​​ថា​ លោក ​ហ៊ុន ម៉ាណែត​ គាត់​​ចេះ​​តែ​អំ​ពាវ​នាវ​​ឱ្យ​​ពល​រ​ដ្ឋ​​ខ្មែរ​​ជឿទុ​ក​​ចិត្ត​​លើ​​រដ្ឋា​ភិ​បាល​​គ្រួសារ​​ហ៊ុន​​របស់​គាត់ ប៉ុន្តែ​​ពល​រដ្ឋ​​ត្រូវ​​មើល​​ទៅ​លើ​​​សកម្មភាព ​និង​លទ្ធ​ផល​​ជាក់​​ស្តែង។

លោកថា៖ «ជាយោបល់​សូម​ប្រជាពល​រដ្ឋ​ខ្មែរ​កុំ​ជឿ​ទុក​ចិត្ត​អ្នក​នយោបាយ​ កុំ​ជឿ​ទុកចិត្ត​រដ្ឋាភិ​បាល​​ដោយ​​គ្មាន​​ហេតុ​​គ្មាន​​ផល​ សូម​​ជឿ​ទុក​ចិត្ត​​លើ​ដំណោះ​​ស្រាយ​​ទៅ​ បើ​​ដំណោះ​​ស្រាយ​​ហ្នឹង​វា​ផ្តល់​យុត្តិ​ធម៌​​​ដល់​កម្ពុជា​​ ដល់​ជាតិ ដល់​ពល​រដ្ឋ​ ជឿទៅ​​ថា​ រដ្ឋាភិបាល​នឹងដឹកនាំល្អ។ តែ​បើ​ថា ដឹក​នាំ​​តា​ម​​បែប​​ដោះ​សារ​ទេ អាហ្នឹង​​បង​ប្អូន​​ប្រជា​ពល​រ​ដ្ឋ​​ពិចារណា​​​ដោយ​​ខ្លួន​​ឯង​​អាហ្នឹង​គ្រាន់​​តែ​ជូ​ន​​​​​យោបល់​ដោយ​​​ខ្លី​ ​អ្វី​ដែល​​ លោក ​ហ៊ុន ម៉ាណែត ​លើក​ឡើង​។ លោក ​ហ៊ុន ម៉ាណែត ​មិន​​បាច់​​ចាំ​ទា​ម​​ទារ​​​សុំ​​ការ​ជឿ​ទុក​ចិត្ត​​​អី​ពី​ពល​រដ្ឋ​ទេ។ តែលោក​ហ៊ុន ម៉ាណែត​ត្រូវ​ធ្វើ​ត្រូវ​​បង្ហាញ​​ឱ្យ​​​ឃើញ​​ថា ​​ជាដំ​ណោះ​​ស្រាយ​ល្អ​​ជូន​ជាតិ​​ជូន​​ពល​រដ្ឋ​ទៅ គឺ​គ្រប់​គ្រាន់​​សម្រាប់​​ពល​រដ្ឋ​​ ហើយ​​គេ​នឹង​​អាច​​ជឿ​បាន​​ ហើយ​​ធ្វើ​សិ​ន​ធ្វើ​ឱ្យ​បាន​​ បើ​​ធ្វើ​មិ​ន​​បា​ន​​ទេ ​​កុំ​​ទាម​ទារ​ឱ្យ​គេ​ជឿ​ទុក​ចិត្ត​​កុំ​​ចាប់​​ប​ង្ខំ​គេ​​ឱ្យ​គេ​ជឿ​ទុក​ចិត្ត​ដូច​​ឪពុក​គាត់»។

សម្រាប់​ លោក​វន ចាន់ឡូត ​អ្នក​សិក្សា​ផ្នែក​ច្បាប់​មិន​ត្រឹម​តែ​អស់​ជំនឿ​​លើ​​​ការ​ដឹក​​នាំ​​របស់​​រដ្ឋាភិ​បាល​​គ្រួសារ​​ហ៊ុ​​នប៉ុ​ណ្ណោះ​​ទេ ថែម​ទាំង​ជំរុញឱ្យ​លោក ហ៊ុន ម៉ាណែត​ គួរចេញមុខសុំទោស​ប្រជាជាតិខ្មែរជាសាធារណៈ និងទទួលស្គាល់កំហុស​របស់ខ្លួន​ដែលអសមត្ថភាព មិនអាចការពារទឹកដី និងចាញ់សង្គ្រាមលើកនេះ​ថែមទៀត​ផង​។

អ្នក​ឃ្លាំមើល​រូប​នេះ​​​ សរសេរ​លើ​បណ្តាញ​សង្គម​ក្នុង​សំណេរដើមថា៖ «ខ្ញុំជា​ពលរដ្ឋ​ម្នាក់ ពិត​ជា​គាំទ្រ​ការ​ចុះ​ចាញ់​នេះ ព្រោះ​មិន​អាច​បន្ដ​សង្គ្រាម​ដែល​ដឹង​ថាខ្លួ​ន​ឯង​ចាញ់​បែប​នេះទេ​។ ខ្ញុំ​បាន​លើក​ជា​គំនិត​តាំង​ពី​សង្គ្រាម​ថ្ងៃ​ទី​១០ និង​នៅ​ពេល​កម្ពុជា ពុំ​ទាន់​បាត់​បង់​សមរ​ភូមិ​ច្រើន ដោយ​កាល​ណោះ​ទើប​បាត់​អាន​សេះ។ អាន​សេះ​នេះមួ​យ អូរ​ស្មាច់​នេះ​មួយ បើ​សត្រូវ​អាច​វាយ​បែក​ហើយ ទំនង​គ្មាន​កន្លែង​ណាអា​ច​ទប់​បាន​ទេ។ សាកគិ​ត​បន្ដិច បើ​កុំ​តែឈ​ប់​បាញ់​ទាន់ សូម្បី​តែ​ប្រាសាទ​ព្រះវិ​ហារ​ពេល​នេះ ក៏​ត្រូវ​បាន​យោធា​ថៃ​គ្រប់​គ្រង​ដែរ»

លោក​ ចាន់ឡូត បញ្ជាក់​ថា ប្រសិនបើសង្គ្រាម​ពីរ​លើក​នេះ មិន​អាច​ឱ្យ​កម្ពុជា ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទេ ​មាន​ន័យ​ថា កម្ពុជា​​នឹង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ទឹក​ដី​ទាំង​ស្រុង​​នា​ពេល​​ខា​ង​​មុខ​។

លោក​បណ្ឌិត មាស នី ​អ្នក​សិក្សា​ស្រាវ​ជ្រាវ ​និងជាអ្នក​វិភាគ ​បាន​សម្តែងការ​សោកស្តាយ​ និង​​​​ឈឺ​ចាប់​ដោយ​សារ​តែ​ការ​រំលោភ​បំពាន​ដោ​យ​អយុត្តិធ​ម៌ ពីសំ​ណាក់​ប្រទេស​ជិត​ខាង​ តែង​តែ​កើ​ត​មាន​នៅ​ក្នុង​បេះ​ដូង​ខ្មែរ​នៅ​រៀង​រាល់​ពេល​ ដែល​មាន​ការ​បាត់​បង់​នៅ​គ្រប់​ជំនាន់។ លោក​ទទួលស្គាល់ថា​ សន្តិភាព​មាន​សារ​:សំខាន់ តែ​ការ​ដេក​លង់​លក់​ស្រម៉ុក​នៅ​ក្នុង​សន្តិ​ភាព​ ដោយ​មិន​ខ្វល់​​​ពីកា​រ​ការ​ពារ​មិន​ឲ្យ​ដា​ន​ប្រវត្តិ​សាស្រ្ត​ចាស់​វិល​មក​ជាន់​យើង​វិញ​នោះ បាន​ន័យ​ថា យើង​នឹង​ត្រូ​​វជួប​នូវ​វិបត្តិ​ដដែលៗ​នេះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​គ្មាន​នរណា​ទទួល​ខុស​ត្រូ​វ បាន​ត្រឹម​រាស្រ្ត​បន្ទោស​អ្នក​នយោ​បាយ ហើយ​អ្នក​នយោបា​យ​បន្ទោស​រាស្ត្រ ក្នុង​ខណៈ​ដែល​ដី​កាន់​តែ​រួម​តូច​ ហើយ​​ជំ​ងឺ​​សង្គ​មរ៉ាំ​រ៉ៃ​ធំៗ​មិន​បាន​ព្យាបាល។

ជាមួយគ្នា​នេះ ​លោក​បណ្ឌិត ​គិន ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃរាជ​បណ្ឌិត​សភា​​កម្ពុជា ​បាន​​ប្រាប់​​វិទ្យុ​បារាំង​​​ថា ទាក់​​ទង​​នឹង​នយោបាយ​​អន្តរ​ជាតិ​កម្ពុជា ​នៅ​មាន​​បញ្ហា​ប្រឈម​​នៅ​​ក្នុង​ការ​ប្រកួ​ត​​ប្រជែង​ខាង​ភូមិ​សាស្រ្ត​​នយោ​បាយ ​ដែល​​តម្រូវ​​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​ការ​​ទូត​​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​​ជាង​​មុន ​និង​​សកម្ម​​ជាង​មុន។ លើស​ពី​នេះ​ ពាក់​​​ព័ន្ធ​​នឹង​​ការ​​ឆបោក​តាម​​អន​ឡាញ ​​វា​ក៏​​ជា​វិញ្ញា​សារ​ស្មុគ​​ស្មាញ​​​មួយ​​សម្រាប់​កម្ពុជា នៅ​​ក្នុង​​វិស័យ​​សន្តិ​សុខ​ផង​វិស័យ​​ព័ត៌​​មាន​​ផង ​និង​​វិស័យ​ការ​ទូត​ផង​​ដែល​​ត្រូវ​​​តែ​ដោះ​​ស្រាយ​។

លោកថា៖«ដោយ​ឡែកពាក់​ព័ន្ធ​រឿង​សង្រ្គាមឈ្លាន​ពាន​របស់​ថៃ​មក​លើកម្ពុជា​​ នេះ​ជា​វិញ្ញា​សារ​​ស្មុគ​​ស្មាញ ​ហើយ​​​ក៏​​ជា​ការ​​វាស់​​វែង​នូវ​សមត្ថ​ភាព​​ការ​​ពារ​ជាតិ ​និងសមត្ថភាព​ការ​ទូត​របស់​រាជរដ្ឋា​ភិបាល​​កម្ពុជា​​ផង​ដែរ​។ ក្នុង​ស្ថានភាពនេះ ​ខ្ញុំគិត​ថា ​យើង​ត្រូវ​តែពង្រឹង​នូវភាពខ្លាំង​របស់​យើង ​​តាម​រយៈ​ការ​ទូតមួយ​ដែល​មាន​ភាព​បត់​បែនមាន​ភាព​ជាក់​ស្តែង​និយម​និងលឿន​រហ័ស។ ភាព​ធន់​របស់​ស្ថាប័ន​អភិបាល​កិច្ច​យើង​ ការធ្វើ​ពិធកម្ម​សេដ្ឋកិច្ចការរៀប​ចំ​គោល​​​នយោ​បាយ​ជាយុទ្ធសាស្ត្រ​វែង​ឆ្ងាយ​ ហើយ​និងការ​ពង្រឹងនូវការសាមគ្គី​ឯក​ភាព​ផ្ទៃក្នុង​ជាតិ​យើង​ឱ្យ​បាន​រឹង​មាំ»។

ចំណែក​​ លោក ​មួង​ ណារ៉េត ​​អតី​ត​អ្នក​បកប្រែផ្នែក​ច្បាប់​នៅ​សាលា​ក្តីខ្មែរ​ក្រហម ​និង​ជា​អ្នក​កាសែត​​ជើងចាស់ ​បាន​ថ្លែង​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​និយាយ​មួយ​ម៉ាត់​ណា ​​ក៏ការពារ​បូរ​ណភាព​ដែនដី​ដែរ ក៏ប៉ុន្តែ​ធាតុពិត​ជាក់​ស្តែង​វិញ គឺ​ថៃ​បាន​ដណ្តើម​កាន់​កាប់​ទឹក​ដីខ្មែរ​ នៅ​តាម​តំបន់​ព្រំ​ដែន ​នៅ​តាម​ទី​តាំង​ជាច្រើន​​ក្នុង​សង្គ្រាម​រយៈ​ពេល​ជាង​២០​ថ្ងៃកន្លង​មក​នេះ។

លោកថា«​ពាក្យថា​យើង​អនុវត្ត​ដោយសន្តិវិធីអ្នកណា​មិនចង់​បាន​ដោយ​សន្តិ​វិធីដែរ ​ព្រោះអី​យើង​ចង់​បាន​សង្គ្រាម​​រាំង​ជល់​មក​ពីណា​ទៀត​ យើង​មានកម្លាំង​ឯណាទៅ​វ៉ៃគេឱ្យឈ្នះគេទៀត​ បើ​យើង​អត់​មានកាំភ្លើង​អត់មាន​សព្វាវុធ​ អត់មាន​យន្តហោះ​បណ្តេញ​ អត់មាន​អាសំណាញ់​មេឃ​ដែល​រដ្ឋាភិបាល​ប្រមុខដឹកនាំ​សន្យាថា បាញ់​ចាប់អីៗ​នឹង​ឥឡូវ​គេបាញ់​ខ្ទេចខ្ទី​ដល់​៩០​គីឡូដី​ចូលក្នុង​ដីខ្មែរ ក៏មិនមាន​អាហ្នឹង​ហីទៅ​ក៏ចេះ​តែផ្តាំ​ឱ្យ​ជឿជាក់ៗ​ ជឿជាក់​យ៉ាងម៉េចបើ​រដ្ឋាភិបាល​និយាយ​​អត់​ធ្វើ​ផងហ្នឹង?»​

សម្រាប់ លោក​ សុខ សុគន្ធ ​ហៅ ជែម សុខ ​អ្នក​ធ្វើអត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម ​បាន​និយាយ​​ហើយ​​និយាយ​ទៀត​ ដោយ​ជំរុញ​ឱ្យអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ ​​ឈប់​អួត​​ឈប់​ស៊ីជោ​ឈប់​​លើក​តម្កើង​​គ្រួសារ​ហ៊ុន​​ហួសពីការ​ពិត​ ទាំង​ដែល​ធាតុពិត​​ទាំង ​លោក ​ហ៊ុន សែន​និង​លោក​ហ៊ុន ម៉ា​ណែត ​ពុំមាន​សមត្ថភាព​អ្វី​ដើម្បីការពារ​ទឹក​ដីខ្មែរ​ឱ្យ​បាន​គង់វង្សនោះ​ទេ។ លោក​បញ្ជាក់​ថា សមត្ថភាព​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​អស់​ហើយ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទៀត​ទេ ​ក្នុង​សង្គ្រាម​ជាមួយ​ថៃ​អស់​រយៈ​ពេល​ជាង​២០​ថ្ងៃ​មក​នេះ។

លោកថា៖ «គេទម្លាក់​គ្រាប់បែកម្តង៤០​គ្រាប់​ទម្លាក់ឡើង​បែក ដូច្នេះហើយ​គ្រប់​ភាពស៊ីជោរ​ទាំង​​ឡាយ ​លទ្ធផល​ចេញមក​គឺ​អែឆ្កាច់។ ​អាអ្នកដែល​អួតអាងថា តាម​ហ្វេសប៊ុកខ្មែរ​រឿង​យុទ្ធ​សាស្រ្ត​​របស់​​កម្ពុជា គឺល​ទ្ធផល​​ម​ក ​​គឺប​រាជ័យ​​ទាំង​​អស់​ ឈប់​ជោរទៅ​។ ចឹង​អំណាច​យោធា​យើង​​ទាប​ណាស់ គេចូល​មក​លើ​ដែន​អាកាសយើង អត់មាន​ចម្ពានកៅស៊ូបាញ់​គេផង។ កង​ទ័ព​​យើង​​ស៊ី​​​អម្បុក​ ពេលគេជះគ្រាប់​ខ្លាំង​​មក​ យើង​​មាន​តែនៅក្នុង​ត្រង់សេរ កម្លាំង​យើង​អួត​អាង​បាក់ទ័ព។ ឧទាហរណ៍​ដូច ​B8Q គេបុកបាក់ទ័ព ​ដូច្នេះ​ហើយនៅក្នុងអំណាចនៅក្នុង​ចំណុច​​ទី២នៃភូមិ​សាស្ត្រនយោបាយ​ គឺអំណាចយោធាយើងទាប​ចឹងយើងត្រូវគិត»​។

បន្ទាប់​ពីកងទ័ព​ថៃ​បាន​ប្រើយន្ត​ហោះ​F-16 និង​យន្តហោះ​ផ្សេង​ទៀត ​រួម​ទាំង​កាំភ្លើង​ធំទម្លាក់​គ្រាប់ ​និង​បាញ់ផ្លោង​​យ៉ាង​សន្ធាប់​មកលើកម្ពុជា​​​​រយៈ​ពេល​២១​ថ្ងៃ ប្រទេស​ទាំង​២​​បានឯកភាពអនុវត្តបទឈប់បាញ់ ដែលចូលជាធរមានពីម៉ោង​១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកជំនាញ​​បារម្ភ​ថា បទឈប់បាញ់ជាថ្មីនេះ មានភាពផុយស្រួយនៅ​ឡើយ ព្រោះថា ភាគីថៃតែងតែរកលេសបង្កភាពតានតឹងជាមួយកម្ពុជាម្តងហើយម្តងទៀត។

សម្រាប់ ​លោក ​ម៉ែន ណាត ខណៈ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ​នៅ​តែមាន​ភាពផុយស្រួយ ហើយ​​ក្រោយ​​​ពី​បាន​ឆ្លង​កាត់​​សង្គ្រាម​លើកទី២​​​រយៈ​ពេល​២១ថ្ងៃមក​នេះ​ ​កម្ពុជា​ត្រូវរៀន​សូត្រ​ពី​ចំណុច​ខ្លាំង ​​និង​ចំណុច​ខ្សោយ​របស់​ខ្លួន។ ចំណុច​​ខ្សោយ​របស់​កម្ពុជា ​​គឺ​អំណាច​គ្រួសារ​និយម​ អំពើ​ពុក​រលួយ​ស៊ីរូង​ផ្ទៃក្នុងបំផ្លាញជាតិ​​ជាប្រព័ន្ធ​ ដែល​ត្រូវតែលុបបំបាត់ ​និង​កម្លាំង​សព្វាវុធ​រួម​ទាំង​​សមត្ថ​​​ភាពកងទ័ពកម្ពុជា​ នៅមាន​កម្រិត​ ដែល​ចាំបាច់ត្រូវធ្វើទំនើបកម្ម​ជាបន្ទាន់ ​និង​ក៏​ត្រូវ​សិក្សា​​​ពីចំណុច​​ខ្លាំង ​និង​ចំណុច​ខ្សោយ​​របស់​ថៃ ដើម្បី​រៀប​ចំ​យុទ្ធ​សាស្ត្រ​ត្រៀម​ទប់​ទល់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ