ដីខ្មែរដែលសៀមដណ្តើម​កាន់​កាប់​ត្រូវ​គេជឿ​ថា​នឹ​ងបា​ត់រ​ហូត​បើ​គ្រួសារ​ហ៊ុន​មិន​ប្តឹង (ICJ)

ដីខ្មែរច្រើន​កន្លែង​តាម​បន្ទាត់​ព្រំដែន មាន​ប្រាសាទ​តាក្របី និង​ភូមិ​ជោគ​ជ័យ​ជាដើ​ម ដែល​ពួក​សៀម​បង្ហាញ​វីដេអូ​ថា បាន​ដណ្តើម​កាន់កា​ប់​ក្រោយ​សង្គ្រាម​ឈ្លាន​ពាន​ចំនួន​២១​ថ្ងៃ​មក​នេះ ត្រូវ​គេ​ជឿ​ថា នឹង​បាត់​បង់​ជា​រៀង​រហូត​ បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​មិន​ប្តឹង​សត្រូវ​ឈ្លាន​ពាន​នេះទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) ដើម្បី​បង្ហាញ​ពីកា​រ​ទទួល​ខុស​ត្រូវ ចំពោះ​បូរណ​ភាពទឹក​ដី​ខ្មែរ​ទេ​នោះ។

ក្តីបារម្ភនេះ ខណៈ​បទ​ឈប់​បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ថៃ​បាន​​បញ្ចេញ​​វីដេអូ​​ជា​ច្រើន​ ដែល​​​​គ្រប់​គ្រង​ដីខ្មែ​រ​​ ដូ​​ច​​ជា ​ប្រាសា​ទ​​ខ្នា ប្រាសាទ​​តា​ក្របី នៅ​​ខេត្ត​​ឧត្តរ​​មាន​​ជ័យ ​ភូមិ​ជោ​គ​​​​​ជ័យ និង​​ភូមិ​​​ព្រៃ​​ចាន់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និងតំបន់​អាន​សេះ​ក្នុង​ខេត្ត​ព្រះ​វិហារ រួមទាំងទីតាំង​​មួយចំនួនទៀត។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែធ្នូ នេះ បានផ្ញើ​សារដ៏វែង​អន្លាយ​មួយ​លើ​ហ្វេស​ប៊ុក​​​​ពី​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ក្រោយ​រង​ការ​រិះ​គន់​ថា​ថៃ​នឹង​ច្បាម​យក​ដី​ខ្មែរ​បាន​ជោគ​ជ័យ តែ​លោក​មិន​បញ្ជាក់​រឿង​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​(ICJ)​នោះ​ទេ។ 

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រោយពីព្យាយាមចរចាដោយ​ភាព​អត់​ធ្មត់​ខ្ពស់​បំផុត កម្ពុជា​ និង​ថៃ បាន​ឯកភាព​​អនុវត្ត​បទ​«ឈប់​បាញ់​ភ្លាម​នៅនឹ​ង​កន្លែង» ដែល​ចូល​ជា​ធរមាន​ចាប់​ពីម៉ោង១​២​ថ្ងៃត្រង់​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​តទៅ។

លោក​ថា ការអនុវត្តបទឈប់បាញ់នេះ មិនមែនមាន​ន័យ​ថា កម្ពុជា​ចុះ​ចាញ់ ឬ​សុខ​ចិត្ត​យក​បូរណ​ភាព​ទឹក​ដី ទៅ​ដូរ​យក​សន្តិភាព​ឡើយ ហើយ​រឹត​តែ​មិន​មែន​មាន​ន័យ​ថា កម្ពុជា​អស់​សមត្ថភាព ឬ​បោះប​ង់​សិទ្ធិ​ស្វ័យ​ការ​ពារ​ខ្លួន​នោះ​ដែរ។

តែលោកថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការដោ​យ​ភាគី​ទាំ​ង​​សង​​ខាង​​ថា គ្មាន​​ការ​ពាក់​ព័ន្ធ​ដល់​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន រវាងប្រទេស​ទាំង​ពីរ​នោះ​ឡើយ។

បើតាម លោក ហ៊ុន ម៉ាណែត ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង​ថៃ នៅ​តែ​ត្រូវ​បាន​កំណត់​ដោយ​សន្ធិ​សញ្ញា និង​អនុ​សញ្ញា​ដែល​មាន​ស្រាប់ ហើយ​កម្ពុជា​នៅ​តែរ​ក្សា​បាន​ពេញ​លេញ​នូវ​សិទ្ធិ​ក្នុង​ការ​ដោះ​ស្រា​យ​បញ្ហាព្រំ​ដែន​នេះ​ជាមួយ​នឹង​​ភាគី​ថៃ អនុ​លោម​តាម​ច្បាប់​អន្តរ​ជាតិ សន្ធិសញ្ញា អនុ​សញ្ញា និង​យន្តកា​រ​ទ្វេភាគី​ទាំង​ឡាយ​ដែល​មាន​ជាធ​រមាន។

យ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា​ បទឈប់បា​ញ់​នេះ គឺ​ខ្មែរ​ចាញ់​ប្រៀប​ថៃ ក្រោយ​​​​ថៃ​​ឈ្លាន​​ពាន​​កម្ពុជា​​២១​​ថ្ងៃ​​មក​​នេះ កាន់កាប់បានទីតាំងមួយចំនួន ហើយខ្មែរនឹងមិនអាចទាមទាមកវិញបានទេ បើបន្តចរចា​ទ្វេភាគីជាមួយថៃនោះ។

អ្នកឃ្លាំមើលកិច្ចការព្រំដែនរូបនេះ ឱ្យដឹងថា ទីតាំងដែលថៃកំពុងទីតាំងជាច្រើនលើ​ទឹកដី​កម្ពុជា រួម​មាន ប្រាសាទ​តាក្របី ភូមិជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ប្រាសាទ​ខ្នារ ច្រកកអានសេះ ថ្មដា និងភ្នំ​៥០០​ជាដើម។

បើតាមលោក សំអាន ជាបទពិសោធន៍ថៃបានគ្រប់គ្រង​កោះគុត ផ្ទះតាម៉ុក និងប្រាសាទតាមាន់តូច​នាពេលកន្លងទៅ ហើយថៃមិនប្រគល់ឱ្យកម្ពុជាទេ ទោះចរចា​ទ្វេភាគីក្តី ដែលការណ៍នេះទាល់​តែប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ទើបអាចទាម​ទារ​ទឹក​ដីទាំ​ង​នោះ​មកវិញ​បាន។

លោក​ថា៖ «កម្ពុជាយើងអាចប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិICJ ដើម្បីទាមទារដីមកវិញហើយ​ទី៣​យើងអាចប្តឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីសឆ្នាំ១៩៩១​ ដើម្បីទាមទារទឹកដីទាំងអស់ហ្នឹងមកវិញ ប៉ុន្ដែយើងជឿថា លោក ហ៊ុន ម៉ាណែត នឹងមិន​ប្ដឹង​ទៅតុ​លាការ​យុត្តិធម៌​អន្ដរ​ជាតិ​ICJ សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភា​ពទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ទាម​ទារ​ទឹក​ដី​ហ្នឹង​មក​វិញ​នោះ​ទេ គាត់​នឹង​ចរចា​ទ្វេភា​គី​ដើម្បី​កាត់​ទឹក​ដី​ខ្មែរ​យើង​ដែល​ថៃ​ឈ្លាន​ពាន​ក្នុង​អំឡុង​ពេល​សង្គ្រាម​ជាង​ដប់​ថ្ងៃ​ហ្នឹង ដើម្បីកា​ត់​ទៅឲ្យ​​ថៃ​ទៅ​ដូរ​យក​សន្តិភាព​និង​អំណាច»។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា បើរដ្ឋាភិបាល​គ្រួសារ​​​ហ៊ុនចរចា​ទ្វេ​ភាគីជា​មួយ​ថៃ ហើយ​កាត់​ទឹក​ដី​ឱ្យ​ថៃ ដូច​ដែល​ធ្លាប់​ធ្វើជា​មួយ​វៀត​ណាម​នោះ គ្រួសារ​ហ៊ុន​នឹង​រង​ការ​ចោទ​ថា ជា​ជន​ក្បត់​ជាតិ។

ក្នុងន័យនេះ លោកថា ដើម្បីជម្រះមន្ទិលរឿងកាត់ដីឱ្យបរទេសនេះ រដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវ តែដាក់​ពាក្យ​ប្តឹង​ថៃ​ទៅ​ការ​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​​ទាំងតុលាការ ICJ និងICC។

លោកថា៖ «បើសិនជាភាគីខ្មែរហ្នឹង! ទទួលយកលក្ខខណ្ឌរបស់ថៃ ​បានន័យថា យើងមេដឹកនាំហ្នឹងចោល​ម្សៀត​ហើយ។ ការ​ប្ដឹ​ងរឿ​ង​ព្រំដែន​គឺ​ទៅតុ​លាការ​យុត្តិធ​ម៌អ​ន្តរ​ជាតិ ហើយ​ប្ដឹង​រឿង​សង​ការ​ខូច​ខាត​ប្រាសាទ​អីហ្នឹង​ វាអា​ច​ប្ដឹង​ទៅតុ​លាការ ICJ​ដែរ។ ចំណែក​ឯរឿ​ង​បញ្ហា​ជន​ស៊ីវិល​បញ្ហា​អ្នក​ណាប​ង្កស​ង្គ្រាម​ គឺ​យើង​ប្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ដរជា​តិ​ICC។ រដ្ឋាភិបា​ល​កម្ពុជា​ហ្នឹង ជា​ប្រវត្តិ​សាស្ត្រ​របស់​ លោក ហ៊ុន សែន ដោះ​ស្រាយ​ហ្នឹង គឺ​គាត់​ឈិន​ឆាយ​ជាមួយ​យួន​វិញ​អ៊ីចឹង ហើយ​ជាមួ​យ​សៀម​ហ្នឹង ក៏បង្កើត​ឲ្យមា​ន​មន្ទិល​សង្ស័យ​ដែរ​ ថា​តើដោះស្រាយ​តាមបែប​ដូច​យួន ឬ​ក៏បែ​បទា​ម​ទារ​យុត្តិធម៌​ដោយ​ស្មោះត្រ​ង់​ជាមួយ​ជាតិ​ជាមួយ​ពលរដ្ឋ»។

កម្ពុជា និង​ថៃ ​បាន​សម្រេច​ចុះហត្ថលេខាលើ​បទ​ឈប់​បាញ់​​បណ្ដោះអាសន្ន ក្នុងរយៈពេល ៧២​ម៉ោង ចាប់​​ពី​ម៉ោង១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ដែលកិច្ចព្រមព្រៀងនេះ ​បាន​បញ្ជាក់​​ថា ភាគី​ថៃ​នឹង​​ដោះលែង​យោធា​កម្ពុជា​ចំនួន១៨​នាក់​វិញ ​ដែលថៃឃុំខ្លួនជា​ង​៥ខែ​មក​នេះ បើ​បទ​ឈប់​បាញ់​នេះ​មាន​ប្រសិទ្ធភាព​​តាម​រយៈពេល​កំណត់។

យ៉ាងណា អ្នកវិភាគឯករាជ្យ និង​ជា​អ្នក​ច្បាប់ លោក វ៉ន ចា​ន់​ឡូត ហៅ​លទ្ធ​ផល​នេះ​ថា ថៃ​នៅ​តែ​អា​ច​​ដណ្ដើម​យក​កូន​សោរ​​រក្សា​ទុក​ក្នុង​ដៃ មាន​ន័យ​ថា បិទ ​ឬ​បើក នៅ​តែ​អាស្រ័យ​លើភា​គី​ថៃ​​ដដែល។

លោកថា ២១ថ្ងៃ នៃ​សង្គ្រាម​ជុំទី២​នេះ កម្ពុជា​គួរ​តែ​អាច​វាយ​តម្លៃ​កម្លាំង​យោធា​ថៃ​ដឹ​ង​ច្បាស់​ហើយ​ ដូច្នេះចន្លោះ​ពេល​នេះ ត្រូវ​ប្រញាប់​បំពេញ​ចំណុច​ខ្វះខា​ត ដោយ​កុំ​ឱ្យ​កង​ទ័ព​ក្លាយ​ជា​កណ្ដុរ​​នៅ​តែក្នុ​ង​រូង​ ត្រូវ​បាន​ដុត​ចម្អិន​ដោយ​គ្រាប់​បែក និង​ដែន​អាកាស​ល្ហល្ហេវ មាន​តែអ​ង្គភាព​បង្កើត​មន្ដ្រី​ដេក​ស៊ី​តែ​ប្រាក់​ខែ។ ជុំទី៣​នៃ​សង្គ្រាម​នឹង​អាច​កើត​ឡើង​ដោយ​ជៀស​ពុំ​ផុត គ្រាន់​តែ​ពេល​​វេលា​វែង ឬ​ខ្លី។

លោកសង្កត់ធ្ងន់ថា កំណែទម្រង់ស៊ីជម្រៅ និងច្បាស់លាស់ ត្រូវតែ​ចាប់​ផ្ដើម រីឯ​ការ​ពង្រឹង​សាមគ្គី​​ជាតិ និង​ឯកភាព​ជាតិ ដោយ​ដោះ​លែង​អ្នក​ទោស​នយោ​បាយ និង​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​អស់ ហើយ​បើក​ចំហ​ឱ្យ​ខ្មែរ​គ្រប់​ទិសទី​បាន​ចូល​ស្រុក​ទេស​ជួយ​ជាតិ ជា​ការ​ចាំបាច់​ផង និង​សំខាន់​ផង។ ថៃ​ពិត​ជា​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ផ្ដួល​រំលំ​មេដឹក​នាំ​កម្ពុជា តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ ព្រោះ​តែកា​រ​បែក​បាក់​ជាតិ ពលរដ្ឋ​រង​គ្រោះ ព្រោះ​របៀប​ដឹកនាំ និ​ង​អយុត្តិធម៌​សង្គម និង​​អន្ដរ​ជាតិ​​មើល​មក​កម្ពុជា ជា​ដែន​ដី​ឧក្រិដ្ឋ​កម្ម។

ការ​​​ឈ្លានពាន​របស់​យោធា​ថៃក្នុង​រយៈពេល២១​ថ្ងៃ​នេះ ចាប់ពីថ្ងៃទី៧ ខែធ្នូ បាន​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​កម្ពុជា ៣១​នាក់ និង​រងរបួស​ជិត ១០០​នាក់ រួមទាងមាន​ពលរដ្ឋ​ភៀសខ្លួន​ចំនួនជិត៧០​ម៉ឺន ព្រមទាំង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ជាច្រើន មាន​ផ្ទះ វត្តអារាម សាលារៀន កាស៊ីណូ ស្ពាន​ថ្នល់ និង ប្រាសាទបុរាណ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ