អ្នកឃ្លាំមើលជំរុញឱ្យសភាកោះហៅរដ្ឋាភិបាល​មក​សួរ​​រឿង​​សៀម​ថា​ដណ្តើម​​បាន​ដី​ខ្មែរ​តាម​ព្រំដែន

ការដែលសៀម​បញ្ចេញ​វីដេអូ​ក្រោយមានបទឈប់បាញ់ថា​ បា​ន​គ្រប់​គ្រង​ដីខ្មែ​រ​ជា​ច្រើន​តាមបន្ទាត់ព្រំដែន ក្រោយឈ្លានពានកម្ពុជាទាំងកំរោលចំនួន២១ថ្ងៃមកនេះ មានចរន្តទាមទារ​ឱ្យរដ្ឋសភា​កោះ​ហៅរ​ដ្ឋាភិបាល មក​សួរ​ជា​បន្ទាន់ ដើម្បី​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ពលរដ្ឋ​ខ្មែ​រ និង​រដ្ឋ​ធម្ម​នុញ្ញ។

តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៩ ខែ​ធ្នូនេះថា​ ដំណាក់​កាល​នេះ​ រដ្ឋសភា​ត្រូវ​កោះ​ហៅ​រដ្ឋាភិបាល​បន្ទាន់ ដើម្បី​ឱ្យរ​ដ្ឋាភិ​បាល​បញ្ជាក់​ថា ដី​ខ្មែរ​នៅតា​ម​បន្ទាត់​ព្រំដែន តំបន់ណា​ខ្លះ​ដែល​សៀម​ឈ្លាន​ពាន​ដណ្តើមគ្រប់​គ្រង ហើយទីតាំងណាខ្លះ ដែលកងកម្លាំង​កម្ពុជា នៅបន្តគ្រប់​​គ្រង ដើម្បី​បង្ហាញពីការទទួលខុសត្រូវ ចំពោះមុខប្រជាជាតិខ្មែរ។ មួយវិញទៀត ដើម្បីកុំឱ្យសត្រូវឈ្លា​ន​ពាន​សៀម យក​បញ្ហា​នេះ មក​វាយ​បំបាក់​ស្មារតីពលរដ្ឋខ្មែរ ដែលស្រឡាញ់ទឹកដី។

លោកអះអាងថា ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋសភាត្រូវកោះហៅរដ្ឋាភិបាលសួរដេញដោលម្តងជាពីរដង រឿងធ្វើឱ្យបាត់ទឹកដី ហើយបើរដ្ឋាភិបាលគ្មានដំណោះស្រាយទេ ត្រូវទម្លាក់រដ្ឋាភិបាលចោលភ្លាម។

លោកថា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា រដ្ឋាភិបាលមានតួនាទីបម្រើ​ជាតិ មាតុភូមិ ការពារបូរណ​​ភាព​ទឹក​ដី តែបើហ៊ានធ្វើឱ្យបាត់បង់ទឹកដី មានទោសក្បត់ជាតិតាមក្រមព្រហ្មទណ្ឌមាត្រា ៤៤០។

លោកថា៖ «មេដឹកនាំដែលធ្វើឲ្យបាត់បង់ទឹកដីទៅបរទេសនោះ គឺត្រូវជាប់ទោសពីបទក្បត់ជាតិជាប់គុកអស់​មួយជីវិត​ ហើយនៅពេលដែលធ្វើឲ្យបាត់បង់ទឹកដីនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹង​ត្រូវរំលាយ​រដ្ឋាភិបាល​ហ្នឹង​ចោល គឺមានតែន័យថា សភាត្រូវតែស្នើឲ្យមានការ​បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុង​ការទម្លាក់រដ្ឋាភិបាលហ្នឹង បើមិនអ៊ីចឹងទេគឺលោក ហ៊ុន ម៉ាណែត ត្រូវ​លាលែង​ពី​តំណែង​ដោយ​ស្ម័គ្រ​ចិត្ត​​​ឲ្យមា​ន​រដ្ឋាភិ​បាល​ថ្មី​ ដែល​មក​ជំនួស​រដ្ឋាភិបាល​គាត់​ហ្នឹង ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន»។

សម្រាប់ លោក សំអាន ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន បាននឹងកំពុងធ្វើឱ្យទឹកដីកម្ពុជាកាន់តែរួមតូចទៅៗ មានន័យថា ទឹកដីខ្មែរបាត់បង់បន្តិចម្តងៗទៅប្រទេសជិតខាង ថៃនិងវៀតណាម។

លោកសង្កត់ធ្ងន់ថា សង្រ្គាមឈ្លានពានជាង២០ថ្ងៃមកនេះ សបញ្ជាក់ឱ្យឃើញថា មេដឹកនាំគ្រួសារហ៊ុនគ្មាន​សមត្ថ​ភាព​​ការពារទឹកដី និងអាយុជីវិតពលរដ្ឋខ្មែរទេ គឺគាត់ខ្លាំងបានតែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ។

លោកថា៖ «ទឹកដីដែលបាត់បង់រហូតដល់ពេលនេះ គឺយើងឃើញហើយបាត់បង់ច្រើនណាស់ ដូចជាបាត់​បង់​ប្រាសាទ​តាមាន់តូច តាមាន់ធំ ប្រាសាទខ្នារ ប្រាសាទតាក្របី ច្រកអានសេះ ភ្នំ៥០០ ភ្នំ៦៧៧ នៅ​ជិតច្រក​អាន​សេះ ភ្នំ៣៥០​នៅ​ជិត​​ប្រាសាទតាក្របី ភ្នំ៣២២ ភ្នំ២២៥ បាត់ភូមិជោគជ័យ ភូមិព្រៃចាន់ បាត់ដូច​ជា​នៅថ្មដា នៅបឹងត្រកួន ឥឡូវ​ថៃគ្រប់គ្រងនៅកាស៊ីណូ លឹម ហេង នៅអូរស្មាច់ជាដើម»។

អតីតមន្រ្តីបក្សសង្រ្គោះ​ជាតិ លោក ហ៊ីង សុខសាន្ត និយាយថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវចេញមុខទទួលខុសចំពោះការបាត់បង់បូរណភាពទឹកដី និងចេញមុខសុំទោសពលរដ្ឋខ្មែរ ដែលខ្លួនគ្មានសមត្ថភាព ការពារ និង​ទប់​ស្កាត់​សត្រូវឈ្លានពាន។

លោកបន្តថា បញ្ហាជាតិ មាតុភូមិ ជារឿងចំបាច់ណាស់ ដែលរដ្ឋសភាត្រូវកោះហៅរដ្ឋាភិបាលមកស្រាយបំភ្លឺជាបន្ទាន់ ដើម្បី​សួរនាំនិងដោះស្រាយ បញ្ហាការបាត់បង់បូរណភាពទឹកដីខ្មែរទៅប្រទេសថៃនេះ។

លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលធ្វើឱ្យបាត់បង់ទឹកដីខ្មែរមែន ត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌ​មាត្រា ៤៤០ គឺទោសក្បត់ជាតិ ដែលមិនអាចប្រកែកបាន។

យ៉ាងណា លោកហាក់គ្មានជំនឿថា រដ្ឋសភា ហ៊ានកោះហៅរដ្ឋាភិបាលមកសួរដេញដោល ឬស្តីបន្ទោស និងទម្លាក់នោះ​​ទេ ព្រោះរដ្ឋាភិបាលជាកូនរបស់ប្រធានព្រឹទ្ធសភា ហើយប្រទេសកម្ពុជាស្ថិតក្រោមអំណាច​គ្រួសារហ៊ុនតែ​មួយ​គត់។

លោកថា៖ «ប្រទេសយើងតាមពិតគេអាច ដោយសារតែរដ្ឋាភិបាលគាត់អសមត្ថភាព ជាពិសេស​គឺ​នាយក​រដ្ឋ​មន្ត្រី ឬ​ក៏​គណៈ​រដ្ឋ​មន្ត្រីហ្នឹង​អសមត្ថ​ភាព​មិន​អាច​ធ្វើ​អ្វី​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ ឬ​ក៏​ច្បាប់​ដែល​បាន​កំណត់​ទេ គឺ​គេរ​អៀស​ខ្លួន​​ផង បាន​ន័យ​ថា គេ​ថា​ចុះ​ចេញ​ដោយ​ខ្លួន​ឯង បើ​តាម​ប្រទេស​ប្រជា​ប្រិយ​ភាព ក៏​ដូច​ជានៅ​បណ្ដា​ប្រទេស​សេរី ឬ​មួយ​ដូច​ជា​នៅជ​ប៉ុន​អី​ជាដើ​ម បើ​មាន​បញ្ហាអី​តិច​តួច​គេ​ចុះ​ចេញ​បាត់​ហើយ គេ​មិន​ចាំបាច់​ដល់​បែប​នេះ​ទេ ហើយ​​បើសិ​ន​មិន​មាន​ឆន្ទៈ ឬក៏​ចុះ​ចេញ​ដោ​យសុ​ទ្ធ​ចិត្ត​ទេ សភា​គេ​គឺ​គេឬ​ក៏​ពលរដ្ឋ​គេហ្នឹ​ង គេអា​ច​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល ឬក៏​នា​យក​រដ្ឋ​មន្រ្តីហ្នឹង ចុះ​ចេញ​ពី​អំណាច​ភ្លាម»។

យ៉ាងណា VODមិនទាន់អាចទាក់ទង​​អ្នកនាំពាក្យរដ្ឋសភាកម្ពុជា​ លោក ឡេង ប៉េងឡុង ដើម្បីសុំការពន្យល់បន្ថែមរឿងនេះ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

យ៉ាងនេះក្តី នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបកស្រាយលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែ​ធ្នូនេះ​ថា ការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណ​ភាព​ទឹក​ដី ទៅ​ដូរ​យក​សន្តិភាព​ឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់​សមត្ថភាព ឬ បោះបង់សិទ្ធិ​ស្វ័យការពារខ្លួននោះដែរ។

លោកថា ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការ​តម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ ។

លោកនិយាយថា ជាការពិត ការឈប់បាញ់ភ្លាម នៅនឹងកន្លែង មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្ត​បទ​ឈប់​បាញ់​នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។

ក្នុងន័យនេះ លោកសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ។

ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំ​​ពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ចុះថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២៥» ។

លោកអះអាងថា ប្រការនេះ បញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង​ថៃ នៅតែត្រូវបានកំណត់​ដោយ​សន្ធិសញ្ញា និង​អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុង​ការដោះស្រាយបញ្ហាព្រំដែន​នេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង​យន្តការទ្វេភាគី​ទាំង​ឡាយ​ដែលមានជាធរមាន។

ដោយឡែក អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បានបង្ហោះសារកាលពីថ្ងៃទី២៨ ខែ​ធ្នូថា មិន​អា​ចគ្មានការទទួលខុសត្រូវបានឡើយ សម្រាប់រាជរដ្ឋាភិបាល ចំពោះមុខសភា និងពលរដ្ឋខ្មែរ។

ក្នុងន័យនេះ លោកពន្យល់ថា សភា គួរតែកោះហៅនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងការពារជាតិ ទៅសួរនាំ​ពីការបណ្ដោយឱ្យបាត់បង់ទឹកដី និងប្រាង្គប្រាសាទមួយចំនួន។ បើរដ្ឋសភា មិនហ៊ានដេញដោល ព្រោះ​តែជាសភាឯកបក្ស នាយករដ្ឋមន្ត្រី​ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង​មេទ័ពកំពូលរបស់កម្ពុជា គួរតែក្លាហាន​​ទទួលខុសត្រូវ ដោយរំលាយរាជរដ្ឋាភិបាល ឬលាលែងពីតំណែង។

លោកបញ្ជាក់ថា កិច្ចការទាំងអស់នេះ ស្របតាមស្មារតីរដ្ឋធន្មនុញ្ញកម្ពុជាបំផុត បើពុំដូច្នោះទេ ពលរដ្ឋជាម្ចាស់អំណាច ម្ចាស់ជោគវាសនាប្រទេស គួរតែពិចារណាកុំបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា តទៅទៀត ព្រោះគ្មានសមត្ថភាពការពារជាតិ និងសេចក្ដីសុខសាន្ដរបស់ពលរដ្ឋ។

លោកបន្តថា ទន្ទឹមនឹងនេះ គណបក្សប្រឆាំងនៅកម្ពុជា គួរតែរៀបចំខ្លួនឱ្យបានរួចរាល់ដើម្បីពលរដ្ឋអាចផ្ដល់សន្លឹក​ឆ្នោតឱ្យ ដោយភាពជឿជាក់។

សម្រាប់លោក ចាន់ឡូត បាននិយាយថា ជាជម្រើស​ល្អ​បំផុត លោក ហ៊ុន ម៉ាណែត គួរ​ចេញ​មុខ​សុំទោស​ប្រជាជាតិ​ខ្មែរ​ជាសា​ធារណៈ និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ដែល​អសមត្ថ​ភាព​មិនអា​ចកា​រពា​រ​ទឹក​ដី និង​ចាញ់​សង្គ្រាម។

លោកបញ្ជាក់ថា ក្នុងនាមជាពលរដ្ឋម្នាក់ លោកពិតជាគាំទ្រការចុះចាញ់នេះ ព្រោះមិ​ន​អាច​បន្ដ​សង្គ្រាម​ដែល​​ដឹង​ថា​ខ្លួនឯ​ង​ចាញ់​បែប​នេះទេ​។ លោក​ថា តំប​ន់អា​ន​សេះ និង​អូរស្មាច់ បើ​សត្រូវ​អាច​វាយ​បែក​ហើយ ទំនង​គ្មាន​កន្លែង​ណាអា​ច​ទប់​បាន​ទេ។ លោកគិត​ថា បើ​កុំតែ​ឈ​ប់បា​ញ់​ទាន់ សូម្បី​តែ​ប្រាសាទ​ព្រះ​​វិហារ​​ពេល​នេះ​ក៏​ត្រូវ​បាន​យោធា​ថៃ​គ្រប់​គ្រង​ដែរ។

សម្រាប់ លោក វ៉ន ចាន់ឡូត ការទទួលស្គាល់កំហុសជាសាធារណៈរបស់អ្នកដឹកនាំ ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ការ​ដឹក​នាំ​ដែល​អំណាច​បាន​មក​ពី​ពលរដ្ឋ។ ក្រៅពី​កា​រសុំ​ទោស​ចំពោះ​មុខ​ប្រជា​ជាតិ​ខ្មែរ ការ​ប្ដេជ្ញាចិត្ត​កែប្រែ​ខ្លួ​នភ្លា​មៗ ជា​ជម្រើស​បន្ទាប់ ក្នុង​ករណី​មិន​ក្លាហាន​ចុះចេ​ញ​ពី​អំណាច។

លោកថា ប្រសិនបើសង្គ្រាមឈ្លានពានរបស់ថៃ ពីរលើកមកនេះ មិនអាចឱ្យក​ម្ពុជា​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទេ មាន​ន័យ​ថា​ កម្ពុ​ជា​នឹង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ទឹក​ដី​ទាំង​ស្រុង។

លោក ចាន់ឡូត ចោទជាសំណួរថា៖ «ត្រង់​នេះ ពលរដ្ឋខ្មែរក៏នឹងពិចារណាបោះសន្លឹក​ឆ្នោត​ទៅ​ឱ្យ​គណបក្ស​​កាន់​អំណាច​​អាណត្តិ​ក្រោយៗ​ទៀត​ឬ​យ៉ាង​ណា?»។

បើតាម ព្រហ្មទណ្ឌកម្ពុជា​មាត្រា​៤៤០ ចែងថា ​អំពើ​ប្រគល់​​ឲ្យ​រដ្ឋ​​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​​​ដែនដី​ជាតិ​​ទាំង​ស្រុង ឬ​មួយ​​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ​ត្រូ​វ​​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​​អស់​​មួយ​ជីវិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ