សម្បុកក្រុមឆបោកScamរងការវាយប្រហារ ក្នុងសង្រ្គាមរវាងកម្ពុជា និងថៃ

យន្តហោះ​ចម្បាំង​របស់​ថៃ ​បាន​ទម្លាក់​គ្រាប់​ចូល​ទៅ​​ទីតាំង​អូរ​ស្មាច់ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ កាន់​តែ​ខ្លាំង កាល​ពីថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ជាពិសេស​​ក្នុង​តំបន់​ដែល​សម្បូរ​​ដោ​យ​​អគារ​​ក្រុម​ឆបោក​តាម​អន​ឡាញ ឬ​ហៅ​ថា Scam។ ការ​វាយ​ប្រហារ​​ទម្លា​ក់​​គ្រាប់​បែក​​ពី​​លើមេ​ឃ បង្ក​​ភាព​​វឹក​វរ​ ហើយ​​បណ្តាល​​ឲ្យ​ម​នុស្សជា​ច្រើ​ន​​នាក់​ភៀស​ខ្លួន​គេច។

កម្មករខ្មែរ​មួយចំនួន ​ដែលធ្វើការនៅអគារ​Scam ក្នុង​តំបន់​អូរ​ស្មាច់​​ បាន​​លើក​ឡើង​ថា​ ទាហាន​ថៃ​​បាន​ទម្លាក់​គ្រាប់​​ចូល​ក្នុង​​បរិវេណ​អគារ​​Scam ហើយ​កម្មករ​ខ្មែរ​​ចា​ប់ផ្តើ​ម​សម្រុក​រត់​ចេញ។ ប៉ុន្តែ​​ជន​បរទេស​​ដែល​ជា​អ្នក​ធ្វើការ​​នៅ​ទី​នោះ មាន​ជន​ជាតិ​ចិន នេប៉ាល់ ឥណ្ឌា ឥណ្ឌូ​នេស៊ី និង​ជន​បរទេស​​ផ្សេង​ទៀត យ៉ាង​តិច​​២ពាន់​​នាក់​ មិន​ត្រូវបា​ន​​អនុញ្ញាត​ឲ្យ​គេចចេ​ញភ្លា​មៗ​​ឡើយ​។

សុភាព​ ជា​ឈ្មោះដែលវី​អូឌី​ដាក់​ឲ្យ​​កម្មករ​ម្នាក់​​ដែល​​ធ្វើកា​រ​ងារ​ជា​អ្នក​ដឹក​ម្ហូប​ក្នុង​អគារ​​Scam នៅ​អូរ​ស្មាច់ ដោយ​សារ​​កម្មករ​​រូ​ប​នោះ​ ​បារម្ភ​អំពី​សុវត្ថិ​ភាព ពេល​និយាយ​ជា​មួយ​អ្នក​សារព័ត៌​មាន​អំពី​​ការ​ធ្វើ​ទារុណក​ម្ម​​ក្នុង​អគារ​Scam។ សុភាព ប្រាប់​វីអូឌី​​ថា ​​កញ្ញា​​បាន​ឃើញ​សន្តិ​សុខ​ខ្មែរ​ម្នាក់​ស្លាប់ និង​២នាក់​រង​របួស ដោយសា​រ​​ការបា​ញ់ប្រ​ហារ​នេះ នៅ​ពេល​កញ្ញា​​រត់ចេ​ញពី​អ​គារ​​ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥។ កម្មករ​រូប​នេះ​ធ្វើ​ការ​​​នៅ​«អគារ​ចិន» ឬ​គេ​ហៅ​ថា «អគារ​​​៩ជាន់» ដែល​ជា​ទីតាំង​អន​ឡាញ​​បោ​កប​ញ្ឆោត​អន​ឡាញ និងមា​ន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ រួមមាន​​ការ​ឃុំខ្លួ​នម​នុស្ស និងកា​រធ្វើ​ទា​រុណក​ម្ម​​រហូត​ដល់​ស្លាប់។

ទីតាំង​បោកប​ញ្ឆោត​​តា​មអ​នឡា​ញ​​នៅ​អូរ​ស្មាច់ ត្រូវ​បាន​គេស្គា​ល់ថា​ជា​ក​ម្មសិ​ទ្ធិ​​របស់​​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ទីប្រឹក្សា​​របស់​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត និង​ជា​មហា​សេដ្ឋី​មាន​ឥទ្ធិ​ពល​ម្នាក់ ដែល​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​ រឿង​បោក​បញ្ឆោត​តាម​អន​ឡាញ​ កាល​ពីក​ន្លង​ទៅ។ ក្រៅពី​អ​គារ​​របស់ ​លោក លី យ៉ុង​ផាត់ អគារ​​កាស៊ីណូ និង​​អគារ​​Scam​ផ្សេងទៀត​របស់​​លោក​ឧកញ៉ា លឹម ហេង ទីប្រឹក្សា​​របស់​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត ក៏​រងការ​បំផ្លិច​បំផ្លាញ​ផង​ដែរ។

អ្នកសារព័ត៌មាន​វីអូឌី បានព្យាយាម​សុំកា​រ​អត្ថា​ធិប្បាយ​ពី​លោក លី យ៉ុង​ផាត់ កាល​ពីថ្ងៃ​ទី​​២៣ ខែធ្នូ​ ប៉ុន្តែ​ទូរសព្ទ​ត្រូវ​ចុច​ផ្តាច់ ខណៈ​សំណួរ​ក៏ត្រូ​វ​បាន​ផ្ញើទៅ​​លោក​តាម​ប្រព័ន្ធ​តេឡេក្រា​ម​ផង​ដែរ។ ទោះជា​យ៉ា​ងណា​ មិន​មាន​ការ​ឆ្លើយ​តប​ឡើយ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។ ចំណែក លោក លឹម ហេង ក៏​មិន​អាច​ទាក់​ទង​សុំកា​រ​ពន្យល់​តាម​ប្រព័ន្ធ​ទូរសព្ទ និង​តេឡេ​ក្រាម​បាន​ដែរ​។

អូរស្មាច់​ជាទីតាំង​ដែលស​ម្បូរ​ទៅដោ​យក្រុ​មបោ​កប​ញ្ឆោត និងកា​រ​រីក​ដុះដា​ល​អគារ​ជា​ច្រើនសម្រាប់​ប្រតិប​ត្តិ​ការ​បោកប​ញ្ឆោត។ ដោយ​សារ​អូរស្មាច់​​ស្ថិត​នៅ​តំបន់​​ដា​ច់​ស្រយាល​ជាប់​ព្រំដែន​ថៃ ដូច្នេះ​ការ​ធ្វើ​ទារុណ​កម្ម​ និ​ង​ការ​ឃុំ​ខ្លួន​​ត្រូ​វ​បាន​លាក់​បាំង ហើយ​កម្មករ​ខ្មែរ​​មិ​ន​ហ៊ាននិយាយ​អំពី​បញ្ហា​នេះ​ទៅ​ខាង​ក្រៅ ជាពិសេស​ជាមួយ​អ្នក​សារ​ព័ត៌​មាន។ ទីតាំង​មួយ​នេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចុះ​ទៅ​ស៊ើប​អង្កេត ឬ​បង្រ្កាប​ឡើយ បើ​ទោះមា​ន​ផ្សព្វ​ផ្សាយ​ឈ្មោះ​ចំៗ​ពីស្ថាប័ន​សារ​ព័ត៌​មាន​អន្តរ​ជាតិ និង​​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក​ក៏​ដោយ។

កម្មករខ្មែរមួយចំនួន ​​លើក​ឡើង​ថា ​នៅ​ក្នុង​ទីតាំង​មួយ​ដែល​រឹត​បន្តឹង​យ៉ាង​តឹង​រ៉ឹង កម្មករ​បរទេស​យ៉ាង​តិច​២ពាន់​នាក់​ ធ្វើការ​​បោក​បញ្ឆោត​នៅ​ទី​នោះ ហើយ​ពួក​គេមិ​ន​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​ចេញ​ក្រៅ​ឡើយ។ កម្មករ​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ រៀប​រាប់​អំពី​ការ​ធ្វើទា​រុណ​កម្ម ដូច​ជា វាយដំ​ដោយ​ដំបង​អគ្គិសនី រហូត​ដល់​ស្លាប់ ការ​ដាក់​ទណ្ឌ​កម្ម​​​ឲ្យឈ​រ រយៈ​ពេល​យូរ ក្រោម​កម្តៅថ្ងៃ​ ការ​បង្ខំ​ឲ្យ​លើក​ធុង​ទឹក​លើ​ខ្នង​រយៈ​ពេល​ជា​ច្រើន​ម៉ោង និង​​កា​រ​​ប​ង្ខំ​​ស្រ្តីជ​នប​រទេស ​ជាពិសេស​​ជន​ជាតិ​ចិន​​​ឲ្យប​ម្រើសេ​វា​ផ្លូវ​ភេទ។

អ្នកធ្វើការលើផ្នែកសិទ្ធិមនុស្ស​​ដែលតាមដាន​ការ​បោក​បញ្ឆោត​តាម​អន​ឡាញ ក៏​ធ្លាប់​បាន​កត់ត្រា​​អំពើ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ផង​ដែរ។ កាល​ពី​កន្លង​ទៅ ការិយា​ល័យ​​ឧត្ដម​ស្នង​ការ​ទទួល​​បន្ទុក​សិទ្ធិ​​មនុស្ស (OHCHR) បាន​​លើក​ឡើង​ថា ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ១០​ម៉ឺន​នាក់ ដែល​ជាជ​ន​បរទេស ត្រូវបា​ន​បង្ខំ​ឲ្យ​ចូល​រួម​ក្នុង​ការ​បោក​ប្រាស់​តាម​អន​ឡាញ​នៅ​កម្ពុជា។

នៅពេ​លមា​ន​​ការ​វាយ​ប្រហារ​​យ៉ាង​ធ្ងន់​ធ្ងរ​ពីទាហាន​ថៃ ក្រុម​ឧក្រិដ្ឋ​ជន​​ចិន​មិន​​អនុញ្ញាត​​ឲ្យ​កម្មករ​​ជា​ជន​បរទេសរ​ត់​ចេញ​​ភ្លាមៗ​​ឡើយ។ រហូ​ត​ដល់​ថ្ងៃទី​​​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ ពួក​គេ​ត្រូវ​បានអនុញ្ញាត​ឲ្យភៀ​ស​ខ្លួន​ចេញ ប៉ុន្តែពួ​កគេ​ត្រូ​វ​បាន​តាម​ដាន​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​​ជា​តិ​​ចិន។ ពួក​គេ​​ត្រូវ​បាន​បញ្ជូន​ទៅក​ន្លែង​ផ្សេងៗ​ទៀត គឺ​នៅ​រាជធានី​ភ្នំពេ​ញ នៅតំ​បន់​ជាប់​ព្រំដែន​វៀត​ណាម​ ដូច​ជា នៅ​បាវិត ​​ជ្រៃធំ​ ត្រពាំង​ផ្លុង និង​​នៅ​ខេ​ត្ត​​មណ្ឌល​គិរី​ជា​ដើម។ នេះបើ​តាម​​អ្នក​​រត់​តាក់ស៊ីមួយ​ចំនួន​​ដែល​បាន​ដឹក​ជន​បរទេស​ទាំង​នោះ។

អូរ​ស្មាច់ដែលជាតំបន់សម្បូរទៅដោយអគារ​​Scam និងកន្លែងឃុំខ្លួន​មនុស្ស​​ផ្សេង​ទៀត​ ត្រូវបាន​​កង​ទ័ព​ថៃចោ​ទ​ប្រកាន់​​​ថា​ជា​​មជ្ឈ​មណ្ឌលយោធាសម្ងាត់ ដែលផ្ទុកយន្តហោះគ្មានមនុស្សបើក (ដ្រូន)។ ទាហានថៃ បានលើកឡើងថា ​បន្ទាប់ពីសង្គ្រាមតាមព្រំដែន កាលពីខែកក្កដា ឆ្នាំ​២០២៥ ថៃបានទទួលព័ត៌មានសម្ងាត់ថាទីតាំងអគារScam នៅ​អូរ​ស្មាច់​ត្រូវបានប្រើសម្រាប់ផ្ទុក​អាវុធ។

ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃលើករណីនេះ។

មិនមែនតែទីតាំងអូស្មាច់ទេដែល​ថៃបានវាយប្រហារ ទីតាំងផ្សេងទៀតនៅតាមព្រំដែនដែលជាតំបន់​កាស៊ីណូ និងត្រូវបានសង្ស័យថាជា​តំបន់​អគារ​Scam ក៏ត្រូវបានថៃបំផ្លាញដោយគ្រាប់ទម្លាក់​​ពីយន្តហោះចម្បាំងថៃ។ ក្នុងនោះក៏មានទីតាំងនៅថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍​សាត់ ដែលគ្រប់គ្រង​ដោយលោក​ឧកញ៉ា ទ្រី ភាព ផងដែរ។ លោក ទ្រី ភាព ដែលជាទីប្រឹក្សារបស់​​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​រងទណ្ឌកម្ម​របស់អាមេរិក កាលពីចុងឆ្នាំ​២០១៩ ក្រោម​ការចោទប្រកាន់​ថា​​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរនិងប្រព្រឹត្តអំពើពុករលួយ។

អាជ្ញាធរកម្ពុជា បាននិយាយថា កាស៊ីណូចំនួន៤ ត្រូវបានថៃវាយប្រហារ ប៉ុន្តែមិនបានបញ្ចេញព័ត៌​មាន​អំពីអ្នកស្លាប់ ឬអ្នករងរបួសឡើយ។

មុនពេលមានសង្រ្គាម ទីតាំង​អូរ​ស្មាច់ ត្រូវបានពង្រីកជាបន្ត​បន្ទាប់ ក្នុងនោះ មានអគារ​ជាច្រើនដែល​កំពុងត្រូវបានសាងសង់ ដើម្បីពង្រីកការរកស៊ី។ បើទោះមានការវាយប្រហារលើអគារ​Scam​ នៅតាមព្រំដែនថៃ ក្រុមជនបរទេសទាំងនោះ នៅតែអាចបន្តប្រតិបត្តិការ​បោកបញ្ឆោតពី​ទីតាំងផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ពីទីតាំង​ជាប់ព្រំដែន​វៀតណាម នៅពេលដែល​​តំបន់ជាប់ព្រំដែនថៃ លែងជាកន្លែងសុវត្ថិភាព សម្រាប់ពួកគេអាច​ឆបោកតាមអនឡាញ​បាន​យូរអង្វែងតទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ