បន្ទាប់ពីស្នាក់នៅជំរំសុត្ថិភាពអស់រយៈពេលជាង ២០ថ្ងៃ ពេលនេះពលរដ្ឋភៀសសឹកមួយចំនួន បានត្រឡប់ទៅលំនៅឋានវិញបណ្ដើរៗ ក្រោយមានបទឈប់បាញ់បណ្ដោះអាសន្ន។ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះបន្តស្នាក់នៅជំរំ ព្រោះគ្មានផ្ទះត្រឡប់ទៅវិញ ក៏ព្រោះតែជម្រកពួកគាត់ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម ខណៈភូមិដ្ឋានខ្លះត្រូវបានទាហានថៃព័ទ្ធបន្លាលួសយកទាំងស្រុង។
ពលរដ្ឋភៀសសឹកមកពីភូមិជោគជ័យ អ្នកស្រី យ៉ូវ វិញ ប្រាប់វីអូឌីថា អ្នកស្រីបន្តភៀសខ្លួននៅឡើយ ដោយសារគ្មានផ្ទះត្រឡប់ទៅវិញ។ តាមវីដេអូឃ្លីបបង្ហោះដោយយោធាថៃលើបណ្ដាញសង្គម អ្នកស្រីបានឃើញយោធាថៃព័ទ្ធបន្លាលួសដល់វត្តជោគជ័យ និងបានឈូសឆាយផ្ទះមួយខ្នងដែលនៅជាប់នឹងផ្ទះអ្នកស្រី។
អ្នកស្រី យ៉ូវ វិញ និយាយថា៖ «ឈូសផ្ទះគេជាប់នឹងផ្ទះខ្ញុំហ្នឹង គេព័ទ្ធយកដល់វត្តអស់ហើយ។ ហើយណាមួយទៅក៏មិនដឹងទៅដេកឯណា។ ចាំមើលបួនប្រាំថ្ងៃទៀត បើសិនថារដ្ឋបាលគាត់ប្រកាសឱ្យយើងចុះទៅនៅវត្តចាន់ស៊ីវិញ ចាំមើលបួនប្រាំថ្ងៃទៀត ស្ងាត់អត់បាញ់បានហ៊ានទៅ»។
ចំណែកពលរដ្ឋភៀសសឹកម្នាក់ទៀតមកពីច្រកបឹងត្រកួន អ្នកស្រី យឿង រ៉េត ថា អ្នកស្រីធូរស្បើយចិត្តព្រោះលែងមានការបាញ់ប្រហារ ប៉ុន្តែក៏ពិបាកចិត្តព្រោះផ្ទះអ្នកស្រីបានឆេះក្លាយជាផេះផង់ទៅហើយ។ ទោះមិនរំពឹងថា បានផ្ទះមកវិញ តែស្ត្រីចំណាស់រូបនេះសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងអាចចរចាយកដីធ្លីប្រគល់ឱ្យប្រជាពលរដ្ឋ ដោយអ្នកស្រីសុខចិត្តប្រក់តង់រស់នៅលើដីនោះ ប្រសិនបើគ្មានលទ្ធភាពធ្វើផ្ទះថ្មី។
អ្នកស្រី យឿង រ៉េត និយាយថា៖ «ផ្ទះឆេះរលីង មានអីនៅទេ វិលទៅវិញក៏គ្មានផ្ទះនៅដែរ។ […] បើសិនថាគេឱ្យទៅនៅដីហ្នឹងវិញ សុំតែតង់ប្រក់ឱ្យចៅដេក បើគេជួយលទ្ធភាពឱ្យក៏យកតាមហ្នឹង»។
ការត្រឡប់ទៅកាន់លំនៅដ្ឋានវិញនាពេលនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២ថ្ងៃត្រង់។ យ៉ាងណា ការព្រមព្រៀងឈប់បាញ់នេះ ត្រូវស្ថិតក្រោមការតាមដានរយៈពេល ៧២ម៉ោង មុនឈានទៅរកបទឈប់បាញ់ជាធរមាន ដោយនៅតាមតំបន់មួយចំនួនអាជ្ញាធរពុំទាន់អនុញ្ញាតឱ្យពលរដ្ឋត្រឡប់ចូលវិញឡើយ ដោយសារភាពផុយស្រួយនៃស្ថានការណ៍។
ក្នុងរយៈពេល២១ថ្ងៃនៃការបាញ់ប្រហារ យោធាថៃបានប្រើប្រាស់អាវុធគ្រប់ធុន ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បាញ់ស្រោចមកលើតំបន់ស៊ីវិល បំផ្លាញផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈតាមបណ្ដោយព្រំដែន ក្រោមហេតុផលថាកម្ទេចបន្ទាយទ័ព និងតំបន់អនឡាញខុសច្បាប់។
ក្នុងពេលវាយប្រហារ យោធាថៃបានបាញ់សង្គ្រប់ និងទម្លាក់គ្រាប់ជាច្រើន ទៅលើភូមិសាស្ត្រភូមិជោគជ័យ ព្រៃចាន់ និងច្រកបឹងត្រកួន រួមទាំងតំបន់ផ្សេងទៀតក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ជាហេតុធ្វើឱ្យតំបន់ទាំងនេះរងការខ្ទេចខ្ទាំជាខ្លាំង។
បញ្ហានេះបានជំរុញឱ្យរដ្ឋបាលខេត្តមួយចំនួន ជាក់ស្ដែងខេត្តឧត្តរមានជ័យ បានត្រៀមរៀបចំជំរំដែលអាចស្នាក់នៅរយៈពេលវែង សម្រាប់ពលរដ្ឋដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ជាមួយគ្នានេះ ក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ក៏កំពុងចុះធ្វើសកម្មភាពសម្អាតគ្រាប់មិនទាន់ផ្ទុះ និងសំណល់សង្គ្រាមជាបណ្ដើរៗ។ ចំណែកសាលារៀនមួយចំនួន ក៏ចាប់ផ្ដើមប្រកាសបើកដំណើរការវិញ នៅថ្ងៃទី៣០ ខែធ្នូ។
យ៉ាងណាម៉ិញ ពលរដ្ឋដែលបន្តស្នាក់នៅជំរំភៀសសឹក អំពាវនាវឱ្យអាជ្ញាធរជួយសម្រួលដល់ការរស់នៅ ប្រភពទឹក និងបរិយាកាសឱ្យល្អប្រសើរជាងមុន ដ្បិតកូនចៅតូចៗរបស់ពួកគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺបណ្ដើរៗ ក្រោយស្នាក់នៅជំរំជាង២០ថ្ងៃមកនេះ៕









