ក្រោយយោធាសៀមឈ្លានពានដណ្តើមកាន់កាប់ទឹកដីខ្មែរតាមព្រំដែន ក្នុងប្រតិបត្តិការឈ្លានពាន២១ថ្ងៃកន្លងមកនេះ អ្នកតាមដានបានលើកឡើងថា វាដល់ពេលដែលគ្រួសារហ៊ុន ត្រូវងាកទៅផ្សះផ្សាជាតិខ្មែរឡើងវិញ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដី ទប់ទល់សត្រូវឈ្លានពាន។
ការជំរុញនេះ ក្រោយយោធាថៃបានបើកប្រតិបត្តិការឈ្លានពានដីខ្មែរ ក្នុងរយៈពេល២១ថ្ងៃ តាំងពីថ្ងៃទី៧ ខែធ្នូ មក ថៃបានបញ្ចេញវីដេអូគ្រប់គ្រងដីខ្មែរ ដូចជា ប្រាសាទខ្នា ប្រាសាទតាក្របី នៅខេត្តឧត្តរមានជ័យ ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ និងតំបន់អានសេះ ក្នុងខេត្តព្រះវិហារ រួមទាំងទីតាំងមួយចំនួនទៀត។
ទង្វើឈ្លានពាននេះ បង្កឱ្យជនស៊ីវិលខ្មែរស្លាប់និងរបួសជាង១០០នាក់ បំផ្លាញសាលារៀន ផ្លូវថ្នល់ ស្ពាន លំនៅឋានពលរដ្ឋ និងប្រាសាទបូរាណខែ្មរ ជាច្រើនត្រូវបានបំផ្លាញដោយគ្រាប់ផ្លោង និងយន្តហោះចម្បាំងថៃ។
ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញសារលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី២៩ ខែធ្នូថា ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។
ដូច្នេះលោកថា ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា ដើម្បីមានឯកភាពជាតិបាន ចាំបាច់ណាស់មេដឹកនាំប្រទេសត្រូវតែបង្ហាញភាពជាគំរូក្នុងកាផ្សះផ្សាជាតិ តាមរយៈការដោះលែងសកម្មជនសង្គម សកម្មជនបរិស្ថាន និងអ្នកនយោបាយប្រឆាំងជាដើម មិនមែនរួបរួមគ្នាតែមនុស្សមួយក្រុម ហើយផាត់ចោលមនុស្សមួយក្រុមនោះទេ។
សម្រាប់ លោក ប៉ោ មករា ការឯកភាពជាតិ គឺជារឿងសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីការពារទឹកដីឱ្យបានគង់វង្ស ហើយការបែកបាក់ជាតិ គឺជាឱកាសឱ្យបរទេសលេបយកដីខ្មែរតាមទំនើងចិត្ត។
លោកបញ្ជាក់ថា ជាក់ស្តែងចាប់តាំងពីមានការបែកបាក់ជាតិ ក្រោយសម័យអង្គរមក ជាតិខ្មែរបានធ្លាក់ដុនដាបចុះជាបន្តបន្ទាប់ គ្មានឱកាសកសាងសេដ្ឋកិច្ច បាត់បង់ទឹកដី ដែលថៃ និងវៀតណាមច្បាមយក និងបន្តចិញ្ចឹមចិត្តលេបទឹកដីខ្មែររហូតបច្ចុប្បន្ន ដែលការណ៍នេះទាមទារឱ្យខ្មែររួបរួមជាតិគ្រប់និន្នាការទាំងអស់ ទើបជាតិខ្មែរខ្លាំងទប់ទល់សត្រូវឈ្លានពានបាន។
លោកថា៖ «ភាពសំខាន់នៃការរួបរួមជាតិឯកភាពជាតិហ្នឹង មិនមែនឋិតនៅលើម៉ាក្រុម ឬក៏ម៉ាបក្ស ម៉ាពួកទេ! អ៊ីចឹងភាពសំខាន់នៃការឯកភាពជាតិហ្នឹង គឺក្ដោបរួមនៃប្រជាជាតិខ្មែរទាំងអស់គ្រប់ស្រទាប់នៃប្រជាជនសុទ្ធតែជាសារៈសំខាន់នៃការចូលរួម នៅក្នុងការអភិវឌ្ឍប្រទេសជាតិអ៊ីចឹងបើសិនជាមានម្ខាងធ្វើទុក្ខបុកម្នេញ ម្ខាងទទួលរងការអយុត្តិធម៌ក្នុងការចូលរួមកសាងសង្គម ខ្ញុំគិតថា វាមិនមែនជាផ្នែកមួយនៃការបង្រួបបង្រួមជាតិទេ។ អ៊ីចឹងគួរតែផ្តល់ឱកាសឲ្យពួកគាត់ ឬក៏ក្រុមណាមួយដែលតែងតែមើលឃើញបញ្ហាជាតិ មើលឃើញដំណោះស្រាយជាតិឲ្យចូលរួមក្នុងការដោះស្រាយចូលរួម ក្នុងការធ្វើម៉េចឱ្យជាតិកាន់តែខ្លាំងសម្រាប់ជាតិកាន់តែពូកែ»។
បន្ថែមលើនេះ លោកថា ការស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ក៏ជារឿងចាំបាច់ដែលកម្ពុជាត្រូវធ្វើ ដើម្បីពង្រឹងចំណងការទូតជាមួយសហគមន៍អន្តរជាតិ និងលោកសេរី ដែលជាផ្នែកមួយសំខាន់ជួយគាំទ្រកម្ពុជា បើមានការឈ្លានពានពីបរទេស។
លោកថា៖ «កម្ពុជាទទួលយកនូវការអនុវត្តនយោបាយ ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស អ៊ីចឹងភាពសំខាន់នៃសិទ្ធិ ភាពសំខាន់នៃលទ្ធិប្រជាធិបតេយ្យនេះសំខាន់ណាស់ បើកលំហលទ្ធិប្រជាធិបតេយ្យ បើកលំហសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បើកលំហពាក់ព័ន្ធនឹងការលំហនៃសារព័ត៌មាន ដើម្បីឲ្យមានការផ្សាយព័ត៌មានពិតពីកម្ពុជា ទៅកាន់ពិភពលោកទាំងអស់នេះ វាអាចធ្វើឲ្យកម្ពុជាហ្នឹងខិតជិតទៅប្រទេសសេរី ពោលគឺសហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប សុទ្ធតែជាផ្នែកមួយដែលកម្ពុជាគួរតែពង្រឹងផ្នែកសិទ្ធិមនុស្សពង្រឹងពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិបតេយ្យ ដើម្បីជាធ្នាក់ជាប់ទៅជាមួយនឹងបណ្ដាប្រទេសសេរី»។
សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ទោះមានការបញ្ចេញសារនយោបាយពីការរួបរួមជាតិក្តី តែលោកថា ភាពពិតជាក់ស្តែងការឯកភាពជាតិមិនទាន់កើតមាននៅកម្ពុជានៅឡើយទេ ដ៏រាបណាមេដឹកនាំបក្សនយោបាយគ្រប់និន្នាការនៅតែចងគំនុំនយោបាយរវាងគ្នានឹងគ្នាដូចសព្វថ្ងៃ។
លោកថា៖ «ខ្ញុំចង់ឃើញរដ្ឋាភិបាល ក៏ដូចជាគណបក្សក្រៅរដ្ឋាភិបាល ហើយនិងភាគីពាក់ព័ន្ធទាំងអស់គួរតែទម្លាក់ចោលនូវភាពអត្តារបស់ក្រុមនីមួយៗហ្នឹងចេញ ហើយចាប់ផ្ដើមដោះស្រាយដោយឈរទៅលើគោលការណ៍ច្បាប់ ដែលមានជាធរមានតាមបែបលទ្ធិប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បើសិនជាពួកគាត់អាចធ្វើកិច្ចការនេះបាន ខ្ញុំជឿជាក់ថាបញ្ហាទាំងអស់ហ្នឹង ដោះស្រាយបានដោយរលូន និងមិនមានបញ្ហាធំនោះទេ»។
លោក សុជាតិ សង្កត់ធ្ងន់ថា ការបែកបាក់ជាតិ គឺជាចំណុចខ្សោយរបស់កម្ពុជា ដែលធ្វើឱ្យ បរទេសហ៊ានឈ្លានពានទឹកដីខ្មែរ ហើយថាបើកម្ពុជាមានការឯកភាពជាតិពិត កម្ពុជានឹងមានកម្លាំងរួមតែមួយប្រឆាំងបរទេសឈ្លានពាន រួមទាំងមានកម្លាំងកសាងជាតិឱ្យកាន់តែរីកចំរើនគ្រប់វិស័យ។
លោកថា៖ «ក្នុងការឯកភាពជាតិនេះ! មិនមែនមានន័យថា ប្រឆាំងទៅជាមួយនឹងបរទេសឈ្លានពានទេ! គ្រប់ទម្រង់ទាំងអស់ដែលធ្វើឲ្យមានបញ្ហាទៅដល់សង្គម ទៅដល់ប្រជាជន! ហើយនឹងទៅដល់របៀបនៃការដឹកនាំជាតិ ដែលប្រាសចាកអំពីគោលការណ៍សំខាន់នៃច្បាប់និងលទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺជាបញ្ហារួមហើយត្រូវតែដោះស្រាយរួម ដោយគ្មានការប្រកាន់និន្នាការអ្វីនោះទេ វាគឺជាបញ្ហារួមរបស់ខ្មែរតែមួយ»។
ជាការកត់សម្គាល់ ជាង៨ឆ្នាំមកនេះ គណបក្សកាន់អំណាច ដែលដឹកនាំដោយគ្រួសារហ៊ុន រងការរិះគន់ថាបានប្រើតុលាការ ដើម្បីកម្ចាត់ និងកម្ទេចខ្មែរគ្នាឯង ដើម្បីសម្រេចមហិច្ឆតាកា្រញអំណាច ពីឪពុកទៅកូន ធ្វើឱ្យជាតិបែកបាក់ធ្ងន់ធ្ងរជិត១០ឆ្នាំមកនេះ ។
តួយ៉ាងដូចជារំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ មានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស និងចាប់មេបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ និងបន្តសម្លាប់ជីវិតនយោបាយពួកគេរហូតបច្ចុប្បន្ន ចាប់សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងកម្ចាត់សារព័ត៌មានឯករាជ្យជាដើម។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ តុលាការកម្ពុជា ដែលគេដឹងថាជាឧបករណ៍បម្រើនយោបាយរបស់គ្រួសារហ៊ុន បានបន្តចាប់ឃុំខ្លួនអ្នកនយោបាយប្រឆាំងនិងសកម្មជនបម្រើសង្គមចំនួន ៩២នាក់ហើយ និងនៅតែបន្តដាក់សម្ពាធផ្សេងៗទៅលើសកម្មជននយោបាយ និងសកម្មជនសង្គមបន្តទៀត បើទោះជាមានចរន្តជំរុញឱ្យតុលាការទម្លាក់ចោលបទចោទ និងដោះលែងអ្នកទោសមនសិការទាំងនេះ ដើម្បីចាប់ផ្តើមបើកទំព័រថ្មីឱ្យមានការរួបរួមជាតិ ចាប់តាំងពីថៃបានបើកធ្វើសង្គ្រាមវាយចូលឈ្លានពានកម្ពុជា ចាប់តាំងពីខែកក្កដាមកក្តី៕









