ជនភៀសសឹកខ្មែរជិត៦០ម៉ឺន​នាក់​ស្ថិត​ក្នុង​អនាគត​​មិន​ច្បាស់​​លាស់​​​ក្រោយ​​សៀម​​ឈ្លាន​ពាន​ដី​តាម​ព្រំដែន

ក្រសួង​មហា​ផ្ទៃ ឱ្យ​ដឹង​ថា ក្រោយ​មាន​បទ​ឈប់​បាញ់ ជន​ភៀស​សឹក​ខ្មែរ​ជិត​៦០​នាក់ មិន​ទាន់​អាច​វិល​ទៅ​ផ្ទះ​បាន​នៅ​ឡើយ ខណៈ​សេចក្តី​រាយ​ការណ៍​នានា​​ឱ្យ​ដឹង​ថា យោធា​សៀម​កំពុង​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​អ្នក​ភូមិ​មួយ​ចំនួ​ន​តាម​ព្រំដែន ដែល​ពួក​គេ​ដណ្តើម​បាន ក្រោយ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​ចំនួន​២១​ថ្ងៃ​មក​នេះ។

ក្រសួងមហាផ្ទៃ និយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៩​ខែ​ធ្នូ​នេះ ស្តីពី​ ស្ថាន​ភាព​ក្រោយ​បទ​ឈប់​បាញ់​ គិត​ពី​ម៉ោង​១រសៀល ដល់​ម៉ោង​៦ល្ងាច ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ថា វីរយុទ្ធ​ជន​កម្ពុជា និង​យោធា​ថៃ​ បាន​អនុវត្ត​បទ​ឈប់​បាញ់ ធ្វើ​ឱ្យ​ស្ថាន​ភាព​ស្ងប់​ស្ងាត់ ស្រប​តាម​សេចក្តី​ប្រកាស​រួម នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ច្រក​ព្រំដែន​អន្តរ​ជាតិ​ព្រំ ខេត្ត​ប៉ៃ​លិន នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

ក្រសួងថា ស្ថានភាពនេះ ជនភៀសសឹកខ្មែរជិត​១៥ម៉ឺ​ន​នាក់​ (១៤ ៩៦៣នាក់​) បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិ​ញ ដែល​ធ្វើ​ឱ្យជ​ន​ភៀស​សឹក​នៅ​សល់​សរុប​មាន​ចំនួន​ជិត​៦០​ម៉ឺន​នាក់ (៥៩៦ ៩២៦នាក់) ក្នុង​នោះស្ត្រី​ ជាង​៣១​ម៉ឺន​នាក់ (៣១១ ៥៩៩នាក់) និង​កុមារ​ជាង​១៨ម៉ឺ​ន​នាក់ (១៨៧ ៥៩៧នាក់)។

សម្រាប់​ក្រសួង ស្ថាន​ភាព​នេះ សេវា​សាធារណៈ​​​ជា​មូល​ដ្ឋាន មាន​សាលា​រៀន មន្ទីរ​ពេទ្យ មណ្ឌល​សុខ​ភាព​ មួយ​ចំនួន​នៅ​រដ្ឋ​បាល​ថ្នាក់​ស្រុក និង​ឃុំ សង្កាត់ ខ្លះ​បាន​ដំណើរ​ការ​ឡើង​វិញ ដូច​ជា​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ព្រះ​វិហារ បាត់​ដំបង​ និង​កោះ​កុង ជា​ដើម។

ដោយឡែក ពលរដ្ឋមួយចំនួន នៅភូមិជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ច្រក​បឹង​ត្រកួន ក្នុង​ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមាន​ជ័យ បានប​ង្ហោះវី​ដេអូប​ង្ហាញ​ថា ពួក​គេមិ​ន​អាច​ចូល​ទៅ​ផ្ទះ​ពួក​គេបា​ន ដោយ​សារ​ក្រុម​យោធា​សៀម​ឈ្លាន​ពាន បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះពួ​ក​គេ និង​កន្លែង​ខ្លះទៀ​ត សៀម​ព័ទ្ធ​បន្លា​លួស។

ដូចគ្នានេះដែរ ទង្វើឈ្លានពានរបស់សៀម បានធ្វើឡើងនៅឃុំថ្មដា ស្រុកវាល​វែង ខេត្ត​ពោធិ៍​សាត់ និង​តំបន់​មួយ​ចំនួន​ទៀត ដែល​គេ​ជឿថា​ យោធា​សៀម​ដណ្តើម​បាន​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​ចំនួន​២១​ថ្ងៃ​មក​នេះ។

លើសពី​នេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែល​សកម្ម​តាម​ដាន​បញ្ហា​ព្រំដែន បាននិយាយ​លើ​ហ្វេស​​ប៊ុក​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​ភស្តុតាង​ជាវី​ដេអូ​ថា ថ្ងៃ​ទី​៣០​ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ទាហាន​ថៃកំ​ពុង​បន្ត​ឈូស​កម្ទេច​ផ្ទះរ​បស់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ក្រៅ​ពី​នេះ​ពួក​គេ​កំពុង​ព័ទ្ធ​បន្លា​លួស​លើភូ​មិ​ខ្មែរ​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់។

បន្ថែមនេះ លោកថា យោធាថៃឈ្លានពានកំពុងប្រើគ្រឿងចក្រពន្លឿន​សម្អាត​ទីតាំង​ភ្នំ​៣៥០ ដែល​នៅ​ជាប់​ប្រាសាទ​តាក្របី ដើម្បី​សាង​សង់​លេណ​ដ្ឋាន ដើម្បី​គ្រប់​គ្រង​ទីតាំង​ភ្នំ​៣៥០ និង​ប្រាសាទ​តា​ក្របី។

ជុំវិញការឈ្លានពានរបស់សៀម រយៈពេល២១ថ្ងៃ រហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក្រសួង​មហា​ផ្ទៃ អះអា​ងថា​ផ​ល​ប៉ះពាល់​ដោយ​សារ​គ្រាប់​ផ្លោង និង​យន្ត​ហោះ​ចម្បាំង​ថៃ បាន​បង្ក​ការ​ខូច​ខាត​ផ្ទះព​លរដ្ឋ​ខ្មែរ​ចំនួន ១៦០​ខ្នង សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ចំនួន​៣២​នាក់ និង​៩៥​នាក់​រង​របួស រីឯ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ត្រូវ​បាន​បំផ្លាញ រួម​ទាំង​សាលា​រៀន មន្ទីរ​ពេទ្យ និង​ប្រាសាទ​បូរាណ​ជាដើម។

ប៉ុន្តែក្រសួងមិនបានទម្លាយឱ្យថា មានភូមិចំនួនប៉ុ​ន្មាន ឬ​ផ្ទះព​លរដ្ឋ​ចំនួន​ប៉ុន្មាន​ខ្នង ដែល​ត្រូវ​បាន​យោធា​ថៃ ដណ្តើម​គ្រប់​គ្រង​បាន និង​ប៉ុន្មាន​ខ្នង​ផ្ទះ កំពុ​ង​ប្រឈម​នឹង​ការ​ឈូស​បំផ្លាញ​ចោល ពី​សំណាក់​យោធា​ថៃ​ឈ្លាន​ពាន​នោះ​ដែរ គិ​តត្រឹ​ម​ថ្ងៃ​ទី​៣០​ខែ​ធ្នូនេះ​។

យ៉ាងណា ក្រសួងថា កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋ​ភៀសសឹ​ក ក្រសួង​មហា​ផ្ទៃ នៃ​រាជ​រដ្ឋា​ភិបា​លក​ម្ពុជា និង​ស្ថាប័ន​ពាក់​ព័ន្ធ កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ និង​ដោះ​ស្រាយ​កិច្ច​ការ​អាទិភាព​ជាច្រើន​ទៀត ដើម្បី​ធានា​ការ​វិល​មក​រក​ប្រក្រតី​ភាព នៃ​សេវា​សាធារណៈ​ជាមូ​ល​ដ្ឋាន​នៅ​តាម​បណ្តា​ក្រុង ស្រុក និង​ឃុំ-សង្កាត់ ជាពិសេស​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ដែល​បាន​បិទ​ផ្អាក​ក្នុង​រយៈ​កាល​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ