ធនាគារព្រីនស៍​ប្រាប់​អតិថិជន​ឱ្យ​បិទគណនី​ធនាគារ​ស្រប​​ពេល​​លោក ចេន ហ្ស៊ី រង​ចំ​ណា​ត់​​ការច្បាប់

នៅពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ២០២៥​នេះ អតិថិជន​នៃ​ធនាគារ​ព្រីនស៍​ បាន​ទទួល​ការ​ខល​ចូល​ពី​បុគ្គលិក ប្រាប់​ពួក​គេ​ឱ្យ​ទៅបិ​ទគ​ណនីធ​នាគារ នៅ​តាម​បណ្ដា​សាខា​នា​​នា។ តាម​រយៈ​ការ​ខល​ចូល​នេះ បុគ្គលិ​​ក​ធ​នាគារ​បាន​ប្រាប់​ទៅ​អតិថិជន​ថា ការ​បិទ​គណនី គឺ​ធ្វើ​ឡើង​ដើម្បី​បង្ការ​ហានិ​ភ័យ​ដែលអា​​ច​កើ​​​តមា​ន​​ជាយថា​ហេតុ។

វីអូឌី បានសាកសួរទៅកាន់បុគ្គលិកធនាគារព្រីនស៍ដោយ​ផ្ទាល់ នៅ​ថ្ងៃទី​៣​០ ខែ​ធ្នូ ដោ​​យ​ពួ​ក​គេ​អះ​អាងថា ពិតជា​មា​នកា​រជូ​នដំ​ណឹងតា​មទូ​រស័ព្ទ​ពិត​មែន និងមា​នអ​​តិថិជនទៅ​បិ​ទ​គណនី ឬកុ​ងធ​នាគារ​ជារៀង​រាល់​ថ្ងៃ។ ពួក​គេប​ន្តថា កា​​របិ​ទគ​ណនី​នេះ​ គឺ​តម្រូ​វ​ឱ្យ​​អតិថិ​ជ​ន​ទៅ​សាខា​​ដោយ​ផ្ទា​ល់​​ដើម្បី​ចុះ​ហត្ថ​លេខា និង​ទទួល​ការ​បង្វែរ​សាច់​ប្រាក់​ ប្រសិន​បើ​មាន​សេស​សល់​ក្នុង​គណនី។ បុគ្គលិក​​ដដែល បញ្ជាក់​ថា ការ​បិទ​គណនីនេះ​នឹ​ង​ធ្វើ​ឡើ​ង​រហូត​ដល់​ស្ថាន​ភាព​ធនា​គារ​ល្អ​​ប្រសើរ​​ឡើង​វិញ។

យ៉ាងណា ពួកគេមិនបានប្រាប់បន្ថែមឡើយថានឹង​មាន​រឿង​អ្វី​កើត​ឡើង ប្រសិន​បើ​អតិថិ​ជ​ន​មិន​បា​​ន​​ទៅ​​បិ​​ទ​គណនី ឬ​កុង​ធនាគារ​របស់​ខ្លួន។

ប្រតិបត្តិការបិទគណនីអតិថិជននេះ កើតឡើងក្រោយធនាគារ​ព្រីនស៍ (Prince Bank) ដែល​ជា​បុ​ត្រ​សម្ព័ន្ធ​​របស់​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប (Prince Group) មាន​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹ​ង​ឧក្រិដ្ឋ​កម្ម​​អន​ឡា​ញ និង​លាង​លុយ​កខ្វក់ ដែល​មាន​មេក្លោង​ជាម្ចាស់​ក្រុម​ហ៊ុន​ផ្ទាល់​ គឺ​លោក ចេន ហ្ស៊ី។

បទឧក្រិដ្ឋ​នេះ បាន​ផ្ទុះ​ឡើង​នៅ​ខែ​តុលា ក្រោយប​ណ្ដាប្រ​ទេស​ធំៗ ដូច​ជា សហរដ្ឋ​អាមេ​រិក ចក្រ​ភព​អង់​​គ្លេស ចិន តៃវ៉ាន់ សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង ថៃ និង​ហុង​កុង​ បាន​សើរើ​រឹប​អូស​ និង​ដក​ហូតទ្រ​ព្យ​សម្បត្តិ ទាំង​អច​​លន​ទ្រព្យ និង​រូបិយ​បណ្ណ​ឌីជីថល របស់​លោក ចេន ហ្ស៊ី រាប់​រយ​ពាន់​លាន​ដុល្លារ។ លើស​ពី​នេះ បណ្ដាប្រ​ទេស​ខាង​លើ ក៏បា​ន​ចេញ​ដីកា​ ឬ​និវេទ​ក្រហម​តាម​ចាប់អ្ន​ក​ជំនួញ​រូប​នេះ​ផង​ដែរ។

យោ​ងតាមការចុះផ្សាយរបស់កាសែត ដឹ ស្ត្រេត ថាមស៍ (The Strait Times) នៅ​ថ្ងៃទី​២​៩ ខែ​ធ្នូ បាន​ឱ្យដឹ​ង​ថា នាយក​​​ដ្ឋាន​កិច្ច​កា​​រពា​​រ​ពាណិជ្ជ​កម្មរ​បស់សិ​ង្ហបុ​រី​ [Commercial Affairs Department (CAD)​] កំពុង​​ស្វែងរ​ក​រឹប​​អូស​​សែក​​(cheques) ឬ​​មូល​ប្បទាន​​ប័ត្រ​ដែល​មាន​​តម្លៃ​​លើស​​ពី​ ៣.៧​​លាន​​ដុល្លារ បណ្ណ​បំណុល​មាន​តម្លៃ​លើស​ពី​២​សែន​ដុល្លារ​ និង​ប្រាក់​បញ្ញើ​​​តម្លៃ ៣សែន​ជាង​ដុល្លារ ក្រោ​យ​តុ​លាការបានលាតត្រដាងក្នុងសវនាការ។​

ភាពរង្គោះរង្គើនៃអាណាចក្រឧក្រិដ្ឋកម្មអនឡាញខុសច្បាប់ និង​លាង​លុយ​កខ្វក់​របស់​លោក ចេន ហ្ស៊ី បាន​ធ្វើ​ឱ្យ​បណ្ដា​​អ្នក​មាន​អំណា​ច និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ចាប់​ផ្ដើម​ដក​ខ្លួន​ចេញ​ជា​បន្ត​បន្ទាប់។ ក្នុងនោះ​ក្រុ​មហ៊ុ​ន​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ​មន្ត្រីក្រ​សួងម​ហាផ្ទៃ​ លោក ស សុខា ដែល​ធ្លាប់​ប្រើ​ប្រាស់​សេវា​ធនាគារ​ព្រីនស៍ សម្រាប់​បើក​ប្រាក់​ខែ​​ឱ្យ​បុ​គ្គ​លិក ក៏ត្រូ​វ​បា​​ន​​ផ្លា​ស់​​ប្ដូរ​​ទៅ​​ប្រើសេ​វាធនាគារ​ផ្សេង​ តាំង​ពី​ចុង​ខែ​​តុលា។

ត្រកូល ស នេះហើ​យ​ដែល​បាន​នាំ​លោក ចេន ហ្ស៊ី ឱ្យ​មក​ស្គាល់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៣ និង​នាំ​ទៅ​​បង្កើ​​​ត​ទំ​នាក់​ទំនង​​ជិត​ស្និទ្ធ​ជាមួយ​ថ្នាក់​ដឹក​នាំ​ត្រកូល​ហ៊ុន រហូត​ធ្វើ​ឱ្យ​បុរស​ជន​ជាតិ​ចិន​វ័យ​​៣៨​​ឆ្នាំ​រូ​​បនេះ​​ ទទួល​បាន​សញ្ជាតិ​ខ្មែរ ក្លាយ​ជា​អ្នក​ឧកញ៉ា និង​ជាទី​ប្រឹក្សា​នា​យ​ក​រដ្ឋមន្ត្រី​ទាំង​​ពីរ​ជំនាន់។

ទោះរឿងក្ដីមេឧក្រិដ្ឋជនរូបនេះ បានកក្រើកពាសពេញទ្វីបអាស៊ី រហូតដល់អ៊ឺរ៉ុប និង​អាមេ​រិក ក៏​គេមិ​ន​​ទាន់​​ឃើ​​ញ​មា​ន​ចំ​ណាត់​ការ​ណា​មួយ ពី​រដ្ឋាភិបា​ល​កម្ពុជា​ទៅ​លើ​លោក ចេន ហ្ស៊ី ខណៈ​ក​ម្ពុជា​​មា​​ន​​ទាំង​​ច្បា​​ប់ដក​សញ្ជាតិ​ទៅ​ហើយ​​ក្ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ