យោធិនខ្មែរ ចំនួន១៨រូប ដែលសៀមចាប់យកទៅឃុំខ្លួនជាង៥ខែទាំងបំពានបទឈប់បាននោះ ត្រូវបានបញ្ជូនត្រឡប់មកដល់កម្ពុជាវិញហើយ នៅវេលាម៉ោង១០ព្រឹកថ្ងៃពុធនេះ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ នេះបើតាមក្រសួងការពារជាតិកម្ពុជា។
ក្រសួងបាននិយាយនៅថ្ងៃទី៣១ខែធ្នូនេះថា យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព ។
ក្រសួងថា ការដោះលែងនេះ « គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់»។
សម្រាប់ក្រសួងការពារជាតិ ការដោះលែងយោធិនខ្មែរទាំង១៨រូបនេះ ក៏ស្របនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្រោមការធ្វើជាសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។
យ៉ាងណា បើគិតត្រឹម៧២ម៉ោងដូចនិយាយក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ចុះថ្ងៃទី២៧ខែធ្នូនោះ យោធិនខ្មែរ១៨នាក់ ត្រូវដោះលែងនៅរសៀលថ្ងៃទី៣០ខែធ្នូ ប៉ុន្តែភាគីថៃបានប្រកាសពន្យាពេលបញ្ជូនពួកគេឱ្យត្រឡប់មកកម្ពុជាវិញ។
បើតាមកាសែតថៃ ខាវសុត ចុះផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ បានអះអាងថា ការពន្យាពេលបញ្ជូនទាហានខ្មែរ១៨នាក់នេះ ធ្វើតាមរដ្ឋមន្ដ្រីការបរទេសថៃ លោក សីហាសាក់ ភុងកេតកែវ ដែលលោក សំអាងថាកម្ពុជាបំពានបទឈប់បាញ់រយៈពេល៧២ម៉ោង ដោយកម្ពុជាបន្តធ្វើសកម្មភាពបង្ហោះដ្រូនជាង ២៥០គ្រឿង នៅតំបន់ព្រំដែនខេត្តស៊ីសាក់កេត និងបូរីរាំ និងចោទថា កម្ពុជា បន្តដាក់មីន ធ្វើឱ្យទាហានថៃ ជាន់មីនដាច់ជើងស្តាំម្នាក់ទៀត លើកទី១១ ដែលកម្ពុជាត្រូវទទួលខុសត្រូវចំពោះរឿងនេះ។
យ៉ាងណា កម្ពុជា បានច្រានចោលការចោទប្រកាន់ពីភាគីថៃ ហើយអះអាងថា កម្ពុជា ជាអ្នកគោរពយ៉ាងពេញលេញលើបទឈប់បាញ់ ដែលមានរយៈពេល៧២ម៉ោងនេះ តាមការសន្យារបស់ខ្លួន៕









