ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បង្ហាញការព្រួយបារម្ភអំពីការធ្វើសមយុទ្ធបាញ់ គ្រាប់ពិត និងការធ្វើសមយុទ្ធបិទផ្លូវសមុទ្រជុំវិញកោះតៃវ៉ាន់។
ក្រុងប៉េកាំងបានតបតទៅវិញចំពោះការព្រួយបារម្ភ ដែលបានលើកឡើងដោយប្រទេសទាំងនោះ រួម ទាំងជប៉ុនអំពីការធ្វើសមយុទ្ធយោធារបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ដោយចោទប្រកាន់អ្នករិះគន់ថា មានលក្ខណៈ «លាក់ពុត»។
ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃទី៣១ខែធ្នូថា ជប៉ុន អូស្ត្រាលី និងរដ្ឋាភិបាលបណ្តាប្រទេសនៅសហគន៍អឺរ៉ុបបាន«ធ្វើដូចមិនដឹងមិនឮ»ចំពោះការខិតខំរបស់កម្លាំង«ឯករាជ្យភាពតៃវ៉ាន់»ដែលប្រើវិធានការយោធា ខណៈពេលដែលពួកគេមិនអើពើចំពោះការជ្រៀតជ្រែកពីខាងក្រៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់ប៉េកាំង។
ក្រុងប៉េកាំង បានអនុវត្តសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ និងបិទផ្លូវសមុទ្រជុំវិញកោះតៃវ៉ាន់ នៅថ្ងៃទី២៩និង៣០ខែធ្នូ ដោយបាញ់រ៉ុក្កែត និងចល័តនាវាពិឃាតព្រមទាំងឧបករណ៍បាញ់មីស៊ីល។ កងទ័ពប្រជាជនចិន(PLA) បាននិយាយថា សមយុទ្ធទាំងនេះមានគោលបំណងជាការព្រមានដល់ «កម្លាំងឯករាជ្យ» និងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅទី៣១ខែធ្នូ អូស្ត្រាលីបាននិយាយថា សមយុទ្ធទាំងនេះមានលក្ខណៈ«គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងបង្កឲ្យមានអស្ថិរភាព និងអាចបង្កើនភាពតានតឹងក្នុង តំបន់»។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងកង់បេរ៉ា(Canberra)ប្រឆាំងយ៉ាងខ្លាំងចំពោះ«សកម្មភាពណាមួយដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់ការវាយតម្លៃខុស ឬការកើនឡើងនៃភាព តានតឹង» ហើយក៏ប្រឆាំងចំពោះ«សកម្មភាពឯកតោភាគីណាមួយដែលមានគោលបំណងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅតាមច្រកសមុទ្រតៃវ៉ាន់» ផងដែរ។
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានព្រមាននៅថ្ងៃទី៣០ខែធ្នូថា សមយុទ្ធយោធានេះ នឹងបង្កើនហានិភ័យនៃការកើនឡើងនៃភាពតានតឹង ហើយបានអំពាវនាវឲ្យមានការអត់ធ្មត់។
រដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញការព្រួយបារម្ភអំពីសមយុទ្ធទាំងនេះផងដែរ ដោយទីក្រុងតូក្យូ បាន បញ្ជូនសារទៅកាន់ក្រុងប៉េកាំងនៅថ្ងៃ២៩ខែធ្នូថា ខ្លួនរំពឹងឲ្យបញ្ហាដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា។ នេះបើយោងតាមសារព័ត៌មានKyodo ដែលបានដកស្រង់ពី «ប្រភពដែលស្គាល់ការអភិវឌ្ឍនៃករណីនេះ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៣១ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានហៅសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបរទេសថាជា «សេចក្តីអត្ថាធិប្បាយមិនមានការទទួលខុសត្រូវ អំពីសកម្មភាពចាំបាច់របស់ចិន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។
លោក លីន ជៀន បាននិយាយថា «ពួកគេបំផ្លាញការពិត និងភាពត្រឹមត្រូវ ហើយបង្ហាញពីភាពលាក់ពុតយ៉ាងខ្លាំង»។
លោកបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះមតិយោបល់ពីរដ្ឋបរទេស ហើយបានដាក់សំណើរតវ៉ាយ៉ាងតឹងរ៉ឹង។
សមយុទ្ធទាំងនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា បានអនុម័តកញ្ចប់អាវុធតម្លៃ ១១ពាន់លានដុល្លារអាមេរិក សម្រាប់កោះតៃវ៉ាន់ ដែលត្រូវបានរាយការណ៍ថា ជាកិច្ចព្រមព្រៀងធំបំផុតតែមួយ ក្នុងប្រវត្តិសាស្ត្រនៃការទទួលជំនួយយោធាពីសហរដ្ឋអាមេរិករបស់តៃវ៉ាន់។ ក្រុងប៉េកាំង បានពិពណ៌នាកញ្ចប់អាវុធនេះ ដែលនៅតែត្រូវការការអនុម័តពីសភាសហរដ្ឋអាមេរិកថាជា «ការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
ភាពតានតឹងរវាងក្រុងប៉េកាំង និងក្រុងតូក្យូ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា អេតា កាអ៊ីឈី បានលើកឡើងនៅដើមខែវិច្ឆិកាថា ការវាយប្រហារលើកោះតៃវ៉ាន់អាចត្រូវបានចាត់ទុកថាជា«ស្ថានការណ៍គំរាមកំហែងដល់ការរស់រានមានជីវិត»របស់ជប៉ុន ដែលអាចផ្តល់យុត្តិធម៌សម្រាប់ការអន្តរាគមន៍យោធាពីតូក្យូ។
ក្រុងប៉េកាំង មើលឃើញកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃប្រទេសចិនដែលត្រូវតែរួមបញ្ចូលឡើងវិញដោយកម្លាំងប្រសិនបើចាំបាច់។ ប្រទេសភាគច្រើនរួមទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តតាមសន្ធិសញ្ញារបស់ខ្លួន គឺជប៉ុនមិនទទួលស្គាល់កោះតៃវ៉ាន់ថាជារដ្ឋឯករាជ្យទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការប្រើកម្លាំងណាមួយ ដើម្បីយកកោះតៃវ៉ាន់ ហើយប្តេជ្ញាផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលក្រុងតៃប៉ិ៕









