សង្គមស៊ីវិល រំពឹងថា សាលាឧទ្ធរណ៍នឹងពិនិត្យទៅលើសំណុំរឿងរបស់លោក ជា ចាន់ថា ថ្នាក់ដឹកនាំសមាគម IDEA នៅខេត្តស្វាយរៀងឡើងវិញ និងផ្តល់យុត្តិធម៌ដល់គាត់ តាមរយៈការទម្លាក់ចោលប្រកាន់ និងដោះលែងឱ្យមានសេរីភាពវិញ ក្រោយតុលាការជាន់ខ្ពស់បានបង្វែរសំណុំរឿងទៅសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ។
កាលពីថ្ងៃទី៣០ ខែធ្នូថ្មីៗនេះ តុលាការកំពូល បានប្រកាសសាលដីកា ដោយសម្រេចបង្វិលសំណុំរឿង លោក ជា ចាន់ថា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ទៅកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះជាលើកទី២។
លោក ចាន់ថា ត្រូវបានចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលលោកចុះជួយផ្សព្វផ្សាយព័ត៌មាន អំពីការចុះឈ្មោះទទួលបានអត្ថប្រយោជន៍ ពីបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស ) និងត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ និងផ្តន្ទាទោសពីបទ «ឆបោក និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ យោងតាមមាត្រា៣៧៧ ៣៧៨ និង៦១០ នៃក្រមព្រហ្មទណ្ឌ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះថា ក្នុងដំណាក់កាលប្តឹងសារទុក្ខលើកទី១ បើសិនជាតុលាការកំពូលពិនិត្យមើលសំណុំរឿងទៅឃើញមានកំហុសឆ្គង ឬខ្វះខាតនីតិវិធីណាមួយនោះ តុលាការកំពូលអាចបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះឡើងវិញបាន។
យ៉ាងណា លោកថា ករណីលោក ជា ចាន់ថា នេះតាំងពីដើមមកមិនគួរមានការចាប់ខ្លួន និងចោទប្រកាន់ទៅលើរូបលោកទេ ពីព្រោះលោកគ្រាន់តែធ្វើការផ្សព្វផ្សាយទាក់ទងរបបបេឡាសន្តិសុខសង្គមទៅដល់ប្រជាពលរដ្ឋ និងសមាជិករបស់ខ្លួន ដែលមិនគួរណាមានការចោទប្រកាន់រឿងបទល្មើសព្រហ្មទណ្ឌ។
ការណ៍នេះ លោក អំ សំអាត សង្ឃឹមថា សាលាឧទ្ធរណ៍ដែលនឹងបើកសវនាការជំនុំជម្រះសំណុំរឿងលោក ជា ចាន់ថា ជាលើកទី២នៅពេលខាងមុខ នឹងពិចារណាក្នុងការទម្លាក់បទចោទ និងដោះលែងគាត់ឱ្យមានសេរីភាពវិញ។
លោកថា៖ «ពីព្រោះការចាប់ និងការឃុំខ្លួនលោក ជា ចាន់ថា ឬក៏ការកាត់ទោសជាប់ពន្ធនាគារនេះ ហាក់ដូចជា មិនសមហេតុផល ហើយបង្កផលលំបាកសម្រាប់ក្រុមគ្រួសារ ហើយណាមួយលោកក៏ជាសកម្មជនរបស់សមាគមIDEA ដែលបានជួយទៅលើសមាជិករបស់លោក ក៏ដូចជាប្រជាពលរដ្ឋ ការផ្សព្វផ្សាយអំពីរបបបេឡាសន្តិសុខសង្គម ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង អាហ្នឹងយើងមើលទៅហាក់ដូចជាមិនមែនជាបទល្មើសនោះទេ ចឹងយើងសង្ឃឹមថា សាលាឧទ្ធរណ៍នឹងបើកជំនុំជម្រះឡើងវិញជាលើកទី២ហ្នឹង នឹងអាចទម្លាក់បទចោទប្រកាន់ដើម្បីឱ្យលោក ជា ចាន់ថា ហ្នឹងមានសេរីភាពឡើងវិញ»។
សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក ជា ចាន់ថា ជាលើកទីមួយ កាលពីខែកក្កដា ហើយប្រកាសសាលដីកា ដោយសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង កាលពីខែសីហា ឆ្នាំ២០២៥ ទុកជាបានការ។ នៅពេលនោះ ទាំងមេធាវីជនជាប់ចោទ និងព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានស្នើសុំឱ្យក្រុមជំនុំជម្រះនៃសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់ ដោយសំអាងថា មិនមានភស្តុតាងគ្រប់គ្រាន់។ នេះបើតាមអត្ថបទរបស់អង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី៣១ខែធ្នូ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថា ការបង្វែរសំណុំរឿងលោក ជា ចាន់ថា ទៅសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យជំនុំជម្រះឡើងវិញ ពីសំណាក់តុលាការកំពូលនេះ ជារឿងមួយអយុត្តិធម៌ និងប៉ះពាល់ដល់សិទ្ធិ សេរីភាព និងការស្វែងរកយុត្តិធម៌សម្រាប់ លោក ជា ចាន់ថា ខណៈលោកថា មេដឹកនាំសមាគមមូលដ្ឋានរូបនេះ គ្រាន់តែបំណេញការងារ ជួយដល់ប្រជាពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ុណ្ណោះ បែរជាត្រូវចាប់ខ្លួន និងជាប់ចោទទៅវិញ។
លោកថា៖ «នេះជារឿងមួយដែលអយុត្តិធម៌បំផុត ដែលតុលាការគ្មានភស្តុតាងដាក់បន្ទុកត្រឹមត្រូវ បែរជាបង្វិលទៅសាលាឧទ្ធរណ៍ ចំណុចនេះវាធ្វើឱ្យខាតពេលវេលានៃការអនុវត្តសិទ្ធិជនជាប់ចោទទៅលើ លោក ជា ចាន់ថា ធ្វើឱ្យគាត់បាត់សិទ្ធិ បាត់សេរីភាព មិនទទួលបានយុត្តិធម៌ ខាតពេលវេលានៃការបំពេញកិច្ចការ ក៏ដូចជាការប្រកបរបរអាជីវកម្មសម្រាប់គ្រួសារផងដែរ។ ហើយយើងឃើញថា វាជារឿងមួយដែលបំពេញកិច្ចការសម្រាប់បុព្វហេតុក្នុងនាមជាសហជីព សមាគមបម្រើសមាគម តែបែរជារងការចោទចឹងទៅវិញ អីចឹងជារឿងមួយដែលយើងមានការសោកស្តាយ យើងមានការខកចិត្តផងដែរ»។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេនៅថ្ងៃទី០១ខែមករានេះ។
បើតាមអង្គការលីកាដូ លោក ចាន់ ថា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តស្វាយរៀង ហើយលោកស្ថិតក្នុងចំណោមមនុស្សចំនួន ៩២ នាក់ ដែលកំពុងជាប់ឃុំ ដោយសារការប្រើប្រាស់សិទិ្ធ របស់ពួកគេ និងដែលត្រូវបានចងក្រងដោយអង្គការលីកាដូ។ លោកនឹងអនុវត្តទោសរួចរាល់នៅខែមករា ឆ្នាំ២០២៦៕









