ក្រុមគណបក្សក្រៅរដ្ឋាភិបាល ជំរុញឱ្យគ្រួសារហ៊ុនប្រញាប់ប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរតាមបន្ទាត់ព្រំដែនត្រឡប់មកវិញ ដោយសំអាងថាមានតែជម្រើសមួយនេះទេ ដែលអាចទប់ស្កាត់ទង្វើបរទេសឈ្លានពានបានយូរអង្វែង និងកុំឱ្យពលរដ្ឋខ្មែររស់ក្នុងភាពភ័យខ្លាចដូចបច្ចុប្បន្ន ។
ការជំរុញបែបនេះ ខណៈសៀមធ្វើសង្គ្រាមឈ្លានពានជាលើកទី២ ដែលមានរយៈពេល២១ថ្ងៃមកនេះ បានបង្កឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួសជាង១០០នាក់ ជនភៀសសឹកជាងកន្លះលាននាក់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបូរាណត្រូវបានបំផ្លាញ ទឹកដីខ្មែរតាមព្រំដែនជិត២០ទីតាំងត្រូវបានគេជឿថា សៀមវាយដណ្ដើមគ្រប់គ្រងបាន និងកំពុងធ្វើសំណង់រឹង។
ជុំវិញបញ្ហានេះ គណបក្សកម្លាំងជាតិ បាននិយាយក្នុងចេញសេចក្តីថ្លែងការណ៍ថ្មីមួយ ចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ថា ខ្លួនស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិរៈកងទ័ពកម្ពុជាទាំង១៨រូប ដែលមានសេរីភាពបានវិលត្រឡប់មកកាន់មាតុភូមិវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលថៃបានដោះលែងក្រោយចាប់យកទៅឃុំខ្លួនជាង៥ខែមកនេះ។
ប៉ុន្តែថា ការដោះលែងនេះ ខ្លួនយល់ថាមិនទាន់គ្រប់គ្រាន់ទេ ថៃត្រូវដកកងទ័ពចេញពីដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ឱ្យវិលត្រឡប់ទៅស្ថានភាពដើមវិញដូចមុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ លើសពីនេះ គណបក្សនេះចាត់ទុកថា ថៃត្រូវទទួលខុសត្រូវ និងផ្តល់សំណងជំងឺចិត្តដល់ការខូចខាត ទ្រព្យសម្បត្តិជាតិរបស់កម្ពុជា ក្នុងសង្គ្រាមឈ្លានពាន២១ថ្ងៃមកនេះ ដូចជា សាលារៀន ផ្ទះសំបែង មន្ទីរពេទ្យ អាគារ ស្ពានថ្នល់ និងប្រាសាទបូរាណខ្មែរ រួមទាំងសំណងដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់អាយុជីវិត និងរងរបួស។
លើសពីនេះ ថៃត្រូវគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គោរពសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបញ្ឈប់រាល់ទង្វើឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា។
ពិសេសជាងនេះ រដ្ឋាភិបាលកម្ពុជា ត្រូវដាក់ពាក្យប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចំពោះការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា និងត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យកោះប្រជុំជាបន្ទាន់ ចំពោះករណីថៃឈ្លានពានទឹកដីកម្ពុជា។
ជាមួយគ្នានេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយថា ជម្រើសតែមួយគត់ដែលអាចដាក់សម្ពាធឱ្យថៃគោរពបូរណភាពទឹកដីកម្ពុជា គឺត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែលោកមិនជឿថា គ្រួសារហ៊ុនហ៊ានប្តឹងថៃនោះទេ ដោយសំអាងថា គ្រួសារហ៊ុននឹងបំភ្លេចរឿងនេះ ដោយយកការដោះលែងទាហានខ្មែរ១៨រូបនេះ ធ្វើឱ្យធ្វើជាគុណសម្បត្តិ ក្រោមរូបភាពនយោបាយបែបប្រជាភិថុតិ ឱ្យពលរដ្ឋដឹងគុណមេដឹកនាំ ហើយភ្លេចរឿងសៀមឈ្លានពានទឹកដី ។
លោកថា៖ «ត្រកូលហ៊ុនយករឿងការដោះលែងទាហាន ១៨នាក់ ជាគុណសម្បត្តិរបស់ពួកគាត់ តាមពិតការដោះលែងដោយសារតែគំនាបពីខ្មែរយើងធ្វើបាតុកម្មនៅក្រៅប្រទេស ហើយលោក ដូណាល់ ត្រាំ និងចិនដាក់សម្ពាធខ្លាំង ហើយមួយទៀតថា យើងបានដីក្បែរយើងជិតអស់ហើយ ដែលបាន៨០ទៅ៩០ភាគរយ ដែលគេចង់បាន អាហ្នឹងអ៊ីចឹងរឿងអីមិនដោះលែង ពិសេសរឿងដែលដោះលែងទាហាន១៨នាក់ ដែលយើងអបអរសាទរ យើងស្វាគមន៍ហើយ ក៏ប៉ុន្តែមិនគ្រប់គ្រាន់ តែត្រូវទាមទារឲ្យថៃដកចេញទៅវិញពីទឹកដី ដែលថៃឈ្លានពានយកទឹកដីខ្មែរយើង នៅក្នុងអំឡុងពេលនៃការច្បាំងគ្នា»។
លោកគូសបញ្ជាក់ថា រដ្ឋាភិបាលគ្រួសារហ៊ុន ពេលនេះមានតែធ្វើនយោបាយប្រជាភិថុតិ ឬបំភាន់ភ្នែកពលរដ្ឋឱ្យភ្លេចរឿងសៀមកំពុងពង្រីកទឹកដីតាមព្រំដែន និងកម្ទេចផ្ទះពលរដ្ឋនៅតាមព្រំដែន ក្រោយគ្មានលទ្ធភាពការពារទឹកដី។
លោកថា៖ «នឹងជានយោបាយប្រជាភិថុតភូតប្រសិនជាគាត់មិនយករឿងហ្នឹង មកឱ្យប្រជាពលរដ្ឋបំភ្លេចរឿងទឹកដីទេ គាត់មិនដឹងនិយាយអីជាមួយប្រជាពលរដ្ឋ អត់មានអីដោះស្រាយជាមួយពលរដ្ឋ ហើយគាត់អត់មានមធ្យោបាយអី ទៅយកទឹកដីនោះមកវិញ អ៊ីចឹងមានតែធ្វើរឿងអីផ្សេង ដើម្បីពលរដ្ឋបំភ្លេចរឿងទឹកដី»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ក៏បានបង្ហាញការគាំទ្រចំពោះសេចក្ដីថ្លែងការណ៍នេះផងដែរ ដោយថាជាការបង្ហាញពីស្មារតីសាមគ្គី និងឯកភាពជាតិមួយក្នុងនាមជាខ្មែរ ដូច្នេះមានតែការចូលរួមឈឺឆ្អាល និងស្វែងរកដំណោះស្រាយរបស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពីការឈ្លានពានរបស់សៀមទេ ទើបអាចនាំកម្ពុជាឆ្ពោះទៅរកភាពខ្លាំងបាន។
លោកបន្តថា ក្នុងសង្គ្រាមឈ្លានពានរបស់ថៃចំនួន២លើកមកនេះ យើងសង្កេតឃើញទាំងអស់គ្នាហើយថា ថៃមានប្រៀបជាងកម្ពុជាខាងផ្នែកសព្វាវុធ ជាហេតុធ្វើឱ្យកម្ពុជាពិបាកទប់ទល់ ទើបថៃអាចដណ្ដើមគ្រប់គ្រងទឹកដីខ្មែរបានជិត២០ទីតាំង តាមបណ្ដោយព្រំដែន។ ដូច្នេះកម្ពុជាត្រូវតែចាប់យកយន្តការអន្តរជាតិ កិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១ ប្ដឹងថៃពីករណីរំលោភចូលដែនអធិបតេយ្យខ្មែរ សិទ្ធិមនុស្សជាសកល ធ្វើឱ្យជនស៊ីវិលស្លាប់ បាត់បង់ជំរក និងរបួស ដើម្បីទាមទារដីខ្មែរដែលថៃកំពុងគ្រប់គ្រងមកវិញ។
លោកថា៖ «កម្ពុជាអាចប្ដឹងទៅភាគីថៃបានពាក់ព័ន្ធទៅនឹងបញ្ហាពីរឿងការរំលោភសិទ្ធិមនុស្ស មកលើប្រជាជនកម្ពុជា តាមបន្ទាត់ព្រំដែនដែលកំពុងតែមានជម្លោះដាក់គ្នា ឃើញថា បញ្ហាដែលភាគីថៃរំលោភបំពានហ្នឹង គឺពាក់ព័ន្ធនឹងការធ្វើឲ្យបាត់ជម្រករបស់ប្រជាជនកម្ពុជា និងការរំលោភសិទ្ធិទៅលើការរស់រានមានជីវិត ជាសំខាន់ណាស់ ដូច្នេះយន្តការជ្រើសរើសយកការប្ដឹងទៅតុលាការអន្តរជាតិ តាមរយៈICJតុលាការព្រហ្មទណ្ឌអន្តរជាតិICC សំខាន់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តឲ្យមានស្មារតីក្នុងការគោរពឡើងវិញ ខណៈកិច្ចព្រមព្រៀងនេះ វាសំខាន់ សំខាន់ត្រង់ថាភាគីថៃក៏ជាភាគីដែលនៅក្នុងហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹងដែរ ដើម្បីឲ្យមានការចាប់បង្ខំ ឬក៏ធ្វើម៉េចឲ្យថៃ គោរពដែនអធិបតេយ្យរបស់កម្ពុជា គឺជាយន្តការមួយដែលអាចធ្វើឲ្យកម្ពុជាហ្នឹង អាចឈរលើដែនអធិបតេយ្យរបស់កម្ពុជាវិញ»។
បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC និងសើរើយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្តទេ នោះមានន័យថា កម្ពុជាកំពុងបើកឱកាសឱ្យសៀមបន្តមហិច្ឆតាឈ្លានពានខ្មែរ ហើយប្រជាជនខ្មែរនឹងនៅតែបន្តរស់ក្នុងភាពភ័យខ្លាច ការបាត់បង់ និងរងគ្រោះបន្តទៅទៀតនាពេលខាងមុខ។
VODមិនអាចសុំការឆ្លើយតប ជុំវិញការមានចំណាត់ការបែបណាបន្តទៀត ក្នុងការទាមទារនូវដែនអធិបតេយ្យខ្មែរ ក្រោយសៀមឈ្លានពានក្នុងសង្គ្រាម២១ថ្ងៃមកនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះ ខណៈអ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធ សុំមិនធ្វើអត្ថាធិប្បាយ ។
យ៉ាងនេះក្តី កាលពីថ្ងៃទី២៩ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និយាយថា ការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ តែថា ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ថ្លែងក្នុងបទសម្ភាសន៍ជាមួយ VOD កាលពីថ្ងៃទី៣១ ខែធ្នូ ដោយបានលើកឡើងថា ការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ មិនអាចផ្ដល់យុត្តិធម៌ជូនកម្ពុជាបានទេ ដែលការណ៍ចាំបាច់ណាស់កម្ពុជា ត្រូវប្រើយន្តការច្បាប់អន្តរជាតិ ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICCផងដែរ ខណៈកងទ័ពថៃមានប្រៀបក្នុងសង្គ្រាមលើកទី២ រយៈពេល២១ថ្ងៃកន្លងមកនេះ ដែលបានសម្លាប់ជីវិតកងទ័ព និងជនស៊ីវិលកម្ពុជាជាច្រើននាក់ និងបំផ្លាញប្រាសាទមួយចំនួន ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន និងផ្ទះប្រជាពលរដ្ឋរាប់រយខ្នងផងនោះ។
លោកថា៖ «យើងមិនអាចទៅចរចាទ្វេភាគី ដើម្បីឲ្យសៀមគោរពសន្ធិសញ្ញាបារាំងសៀមបានទេ អ៊ីចឹងយើងព្រំដែនខ្ញុំនៅតែយល់ស្របតាមសម្ដី លោក ហ៊ុន សែន និយាយកាលខែឧសភាថា ចរចា១០០ឆ្នាំទៀត ក៏មិនបានយុត្តិធម៌ដែរ អ៊ីចឹងមានតែប្ដឹង អ៊ីចឹងរឿងហ្នឹងផ្លូវច្បាប់គ្មានអីក្រៅពីប្ដឹងទេ ប្ដឹងបានអាចការពារបានការពារដែនអធិបតេយ្យដែលបន្សល់ពីរបបអាណានិគមបារាំងបាន បើថាមិនប្ដឹងទេ គឺការពារមិនបានទេ ស្ថានភាពបច្ចុប្បន្នមិនប្ដឹងគឺការពារបានសៀមមិនឲ្យវិញទេ សៀមរំលោភឈ្លានពានខុសច្បាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ ក្នុងស្ថានភាពអន្តរជាតិបច្ចុប្បន្ន មិននាំគ្នាថ្កោលទោសសៀមទេ ដែលគ្រាន់តែសម្របសម្រួលដើម្បីយុត្តិធម៌ ត្រូវតែប្ដឹងពីរឿងដែលសៀមបង្កហេតុឲ្យមានសង្គ្រាមបង្កឲ្យមានរបួសស្នាមលើជនស៊ីវិល បង្កឲ្យមនុស្សស្លាប់នៅកម្ពុជា បង្កសង្គ្រាមទៅបាញ់ភូមិអ្នកស្រុកក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅអីហ្នឹង»។
លោកសង្កត់ធ្ងន់ថា បើមេដឹកនាំកម្ពុជាមិនប្រើជម្រើសប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ រួមទាំងប្រើយន្តការអន្តរជាតិផ្សេងទៀតដែលកម្ពុជាមានទេ នោះទឹកដីកម្ពុជានឹងបាត់បង់រហូតមិនអាចទាមទារពីថៃបានមកវិញទេ៕









