រដ្ឋាភិបាលគ្រួសារហ៊ុន តាមរយៈក្រសួងការពារជាតិ ឱ្យដឹងថា មកដល់ពេលនេះ កងកម្លាំងជួរមុននៅតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងបុព្វហេតុការពារទឹកដី ដោយមិននិយាយពីចំនួនទីតាំងតាមព្រំដែន ដែល សៀមវាយដណ្តើមឈ្លានពានបានចំនួន២១ថ្ងៃមកនេះទេ ទោះសៀមបានបង្ហាញទីតាំងជាច្រើន ដែលគេជឿថា សៀមបានវាយដណ្តើមបាន ហើយកំពុងធ្វើសំណង់រឹងក្តី ។
ការណ៍នេះ ជំរុញឱ្យមានការព្រួយបារម្ភថា ដីខ្មែរដែលសៀមឈ្លានពាន នាសម័យទំនើបនេះ នឹងត្រូវបាត់បង់រហូត បើមេដឹកនាំមិនទទួលស្គាល់ការពិត ដើម្បីទាមទារយកត្រឡប់មកវិញទេនោះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមករានេះថា ស្ថានការណ៍ព្រំដែននៅជួរមុខទិសយោធភូមិ៤ និងយោធភូមិ៥ មានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ជាដើមនោះ មានសភាពស្ងប់ស្ងាត់ ក្រោយកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
អ្នកស្រីថា៖ ‘‘ជាមួយគ្នានេះ កងកម្លាំងរបស់យើងបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួន ជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ និងគោរពយ៉ាងពេញលេញនូវបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ’’។
លើសពីនេះ អ្នកស្រីរំឭកពីសារសំខាន់លើស្មារតីបទឈប់បាញ់ ពីការមិនបញ្ចេញព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងបំណងឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ប៉ុន្តែក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាលមួយនេះ នៅតែមិនប្រាប់ពលរដ្ឋខ្មែរឱ្យដឹងថា មានទីតាំងប៉ុន្មានដែលសៀមឈ្លានពានបាន រយៈពេល២១ថ្ងៃកន្លងមកនេះនៅឡើយទេ។
អ្នកស្រីថា៖ ‘‘ក្នុងវិធានការកាត់បន្ថយភាពតានតឹងត្រង់ចំណុចទី០៨ ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណៈមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធី’’។
យ៉ាងណា ក្រោយពីមានបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាសៀមបានបង្ហោះវីដេអូជាបន្តបន្តាប់ ដោយបង្ហាញពីយោធាខ្លួនវាយដណ្តើមគ្រប់គ្រងទីតាំងជិត២០កន្លែង និងកំពុងធ្វើលេណដ្ឋានសំណង់រឹង និងសម្រុកពង្រីកព្រំដែនថ្មីលើទីតាំងដែលឈ្លានពានបានពីកម្ពុជា អំឡុងធ្វើសង្គ្រាមចំនួន២១ថ្ងៃមកនេះទៀតផង។
បើតាមការផ្សព្វផ្សាយនានា ប៉ុន្មានថ្ងៃមកនេះ ទីតាំងដែលយោធាសៀមឈ្លានពានបានពីកម្ពុជា មានជិត២០ទីតាំង ហើយថា ពេលនេះសៀមកំពុងពង្រីកព្រំដែនថ្មី និងធ្វើលេណដ្ឋាន ដូចជា នៅភូមិព្រៃចាន់ ភូមិជោគជ័យ បឹងត្រកួន និងទីតាំងផ្សេងទៀតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅឃុំថ្មីដា ផ្ទះ៣ខ្នង និងអូរភ្លុកដំរី តំបន់ចរ១ ខេត្តពោធិ៍សាត់ តំបន់អានសេះ ភ្នំ៣៥០ ប្រាសាទខ្នារ ភ្នំ៣២៣ ភ្នំព្រទ្យ និងថ្មដូនជាដើម។
ជុំវិញសៀមឈ្លានពាននេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយថា កាលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានចល័តសព្វាវុធកាន់តែច្រើនចូលមកច្រកអានសេះ និងបានតំរៀបលូធំៗត្រៀមធ្វើលេណដ្ឋាននៅរង្វង់មូលតាអ៊ំនៅច្រកអានសេះ ខេត្តព្រះវិហារ។
លោកថា ពេលនេះ ទាហានថៃកំពុងសម្រុកដាក់ទូកុងទីន័រធ្វើជារបងព្រំដែនថ្មីទៅតាមផែនទីខ្នាត ១លើ៥០ ០០០ របស់ថៃ កំពុងសម្រុកវាយកម្ទេចផ្ទះរបស់ពលរដ្ឋខ្មែរ និងកំពុងសម្រុកធ្វើលេណដ្ឋាន ដើម្បីការពារពីការវាយលុករបស់កម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់។
លើសពីនេះ លោកថា មូលហេតុចម្បងដែលក្រសួងការពារជាតិ ក៏ដូចជាមេដឹកនាំគ្រួសារហ៊ុន មិនប្រាប់ពលដ្ឋខ្មែរ ឱ្យដឹងដីដែលសៀមឈ្លានពានបាន ដោយសារតែរដ្ឋាភិបាលដឹងមុនថា ខ្លួនគ្មានសមត្ថភាពទៅទាមទារយកដីនោះត្រឡប់យកមកវិញបានទេ តាមយន្តការចរចាទ្វេភាគីដូចប្ចុប្បន្ននេះ។
លោកលើកជាឧទារណ៍ ដូចករណីសៀមដណ្តើមកាន់កាប់ប្រាសាទតាមាន់តូច អំឡុងទសវត្សរ៍ឆ្នាំ៨០ និងសៀមបន្តគ្រប់គ្រងកោះគត់ជាដើម រហូតបច្ចុប្បន្ន គ្រួសារហ៊ុន គ្មានសមត្ថភាពយកមកវិញបានទេ។
លោកថា៖ « ត្រកូលហ៊ុនអត់មានឆន្ទៈទាមទារទឹកដីហ្នឹងដីមកវិញទេ ព្រោះបើគាត់យល់ថា បើសិនជាទាមទារក៏អត់បានដែរ តាមរយៈការចរចាទ្វេរភាគី១០០%ថៃមិនឱ្យយកទេ ដូចប្រាសាទតាមាន់តូច ថៃគ្រប់គ្រងពីយូរហើយ តើយើងទាមទារដែលឱ្យមកវិញទេ ដូចកោះគុតអី យើងទាមទារដែលឱ្យទេ តំបន់ដែលថៃគ្រប់គ្រងហើយថៃមិនដែលឱ្យមកវិញទេ»។
បន្ថែមពីនេះ លោកថា បន្ទាត់នយោបាយគ្រួសារហ៊ុន ពេលនេះ និងទៅថ្ងៃអនាគត មានតែសម្របសម្រួលជាមួយសៀម ដើម្បីកុំឱ្យសៀមបន្តបើកកកាយរឿងបណ្តាញឧក្រិដ្ឋកម្ម ដែលគ្រួសារហ៊ុនការពារដើម្បីរក្សាអំណាច និងការពារឆ្នាំងបាយគ្រួសារអ្នកមានអំណាចប៉ុណ្ណោះ ដោយថា មេដឹកនាំរូបនោះ មិនខ្វល់ពីបញ្ហាបូរណភាពទឹកដី ដែលសៀមបានឈ្លានពាននោះទេ។
លោកថា៖ «ប្រសិនជាកោះគុតហ្នឹងថៃអន់ចិត្តទៅ អាចផ្ទុះសង្រ្គាមទៀត អាចទម្លាក់ត្រកូលហ៊ុនពីអំណាចហើយថៃគេខឹងគេអាចបង្រ្កាបបទល្មើសនៃការឆបោកតាមអនឡាញ វាប៉ះទៅដល់ឆ្នាំបាយគណបក្សប្រជាជន ព្រោះអាហ្នឹងជាឆ្នាំងបាយរបស់គណបក្សប្រជាជន រឿងបទល្មើសនៃការឆបោកអនឡាញហើយអាចថៃគេនៅតែចេញដីកាចាប់ខ្លួន លោក កុក អាន លោក លី យ៉ុងផាត់ ដែលជាដៃស្តាំដែលជាហោប៉ាវលុយរបស់ត្រកូលហ៊ុន»។
ជុំវិញបញ្ហានេះ បើតាមក្រសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀលថ្ងៃទី២៧ខែធ្នូ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកខ្មែរជាង៥០ម៉ឺននាក់ទៀត (៥១៧ ៥៥៥នាក់)មិនទាន់បានវិលទៅភូមិឋានវិញនៅឡើយ ក្នុងនោះស្រ្តីជាង២៦ម៉ឺននាក់(២៦៩ ៩៥៤នាក់) និងកុមារជាង១៦ម៉ឺននាក់ ដែលការណ៍នេះបង្ហាញថា ជនស៊ីវិលខ្មែរនៅជាង៥០ម៉ឺននាក់ទៀត កំពុងមានអនាគតមិនច្បាស់លាស់ ក្នុងការវិលទៅកាន់លំនៅឋាន ផ្ទះសម្បែងក្រោយសៀមឈ្លានពានវាយយកបានភូមិជាច្រើនមកគ្រប់គ្រង៕









