អ្នកផ្តល់សេវាកម្មទេសចរណ៍ និងក្រុមមគ្គុទ្ទេសក៍ទេសចរអង្គរខេត្តសៀមរាប ចាត់ទុកកំណើនទេសចរណ៍ឥណ្ឌាមកទស្សនាកម្ពុជា ជាគោលដៅទេសចរណ៍យ៉ាងសំខាន់មួយ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់រៀបចំកន្លែងឱ្យបានសមរម្យ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។
ពួកគេសង្កេតឃើញថា តំបន់ទេសចរណ៍ភ្នំគូលែន អាជ្ញាធរពុំទាន់រៀបចំកន្លែងទទួលភ្ញៀវទេសចរឱ្យសមរម្យនៅឡើយទេ រួមមាន ផ្លូវធ្វើដំណើរលំបាក ខ្វះបង្គន់អនាម័យ អាហារឥណ្ឌា និងសន្តិសុខជាដើម។
មគ្គុទ្ទេសក៍ទេសចរអង្គរ លោក យុន វណ្ណា សង្កេតឃើញថា បច្ចុប្បន្នភ្ញៀវទេសចរចិន អឺរ៉ុប ជប៉ុន និងកូរ៉េ ធ្លាក់ចុះខ្លាំង ក៏ប៉ុន្តែកើនឡើងភ្ញៀវទេសចរឥណ្ឌាមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ លោកថា នៅពេលភ្ញៀវទេសចរឥណ្ឌាកើនឡើង អ្នកលក់វត្ថុអនុស្សាវរីយជារូបចម្លាក់អាទិទេព ព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម គឺលក់ដាច់ខ្លាំងទៅឱ្យភ្ញៀវទេសចរជនជាតិឥណ្ឌា។
លោកថា៖ «កាលលើកមុនចិនមកគគ្រឹក ជប៉ុនមកគគ្រឹក ឥលូវបាត់អស់មិនដឹងមូលហេតុអ្វី? ហេតុអ្វីបានគេមិនឱ្យពលរដ្ឋគេមក។ ឥលូវបើបានឥណ្ឌាមកកាន់តែល្អ ចំណូលចូលដល់ពលរដ្ឋយើងនៅតំបន់នេះ។ លក់វត្ថុបុរាណគ្រឿងអាទិទេពទាំងអស់ ដូច្នេះពួកឥណ្ឌាគាត់ចូលចិត្ត»។
អ្នកផ្តល់សេវាកម្មទេសចរណ៍ខេត្តសៀមរាប លោក អ៊ាន ស្នា យល់ថា រដ្ឋាភិបាលកម្ពុជាគួរតែពន្លឿនទំនាក់ទំនងការទូតជាមួយឥណ្ឌាបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជា។
លោកថា ប្រជាជនឥណ្ឌា បានពហិការមិនទៅលេងប្រទេសថៃ ដោយសារយោធាថៃកម្ទេចព្រះវិស្ណុនៅច្រកព្រំដែនអានសេះរបស់កម្ពុជា ជាឱកាសល្អរបស់កម្ពុជាត្រូវរៀបចំខ្លួនធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាឱ្យទូលំទូលាយ។
លោកថា៖ «ព្យាយាមផ្សាភ្ជាប់ចំណងមិត្តភាពខ្មែរនិងឥណ្ឌាបានលឿនជាងនេះបន្តិច ប្រសិនបើយូរ វានឹងបាត់បង់ឱកាស បាត់បង់ឱកាសជនជាតិឥណ្ឌាកំពុងប្រតិកម្មលើថៃ»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ធិម សេរីវុឌ្ឍ បាននៅឡើយទេនៅថ្ងៃទី០២ ខែមករា។
ប៉ុន្តែនាយកគ្រឹះស្ថានអង្គរ លោក លី សែ ប្រាប់សារព័ត៌មានស៊ីស៊ីថាមន៍ថា ភ្ញៀវទេសចរឥណ្ឌាកើនឡើងជាង ៣ ពាន់នាក់ក្នុងមួយថ្ងៃ នឹងអាចបន្តកើនឡើងទៀត។
របាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល ១១ខែឆ្នាំ២០២៥ ជនបរទេស ៥,១៧លាននាក់ បានធ្វើដំណើរមកកម្ពុជា គឺថយចុះ ១៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះមានភ្ញៀវជនជាតិឥណ្ឌាជាង ៦ម៉ឺននាក់ (៦២ ២៥៤នាក់)។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី មានប្រសាសន៍ថា តំបន់ទេសចរណ៍នៅភ្នំគូលែន អាជ្ញាធរមិនទាន់រៀបចំកន្លែងទទួលភ្ញៀវទេសចរឥណ្ឌាល្អនៅឡើយទេ។
លោកថា ថ្ងៃខាងមុខ ឥណ្ឌានឹងមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈបច្ចុប្បន្នភ្ញៀវទេសចរឥណ្ឌាអាចហោះហើរត្រង់មកលេងកម្ពុជាបាន។
លោកថា៖ «ភ្នំគូលែនជាកន្លែងជនជាតិឥណ្ឌាចូលចិត្តទៅទស្សនា យ៉ាងយ៉ាប់ផ្លូវធ្វើដំណើរពីបន្ទាយស្រីទៅទី១។ ទី២ យើងខ្វះបន្ទប់ទឹកមានស្តង់ដារធំទូលាយល្អ ទី៣ យើងចង់បានអនាម័យសន្តិសុខបន្តិចទៀតនៅភ្នំគូលែន»។
របាយការណ៍គ្រឹះស្ថានអង្គរ បង្ហាញថា គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលនេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរកើនឡើងចន្លោះពី ២ ពាន់ ៥រយនាក់ (២ ៥០០នាក់) ដល់ ៣ ពាន់ ៨រយនាក់ (៣ ៥០០នាក់) ក្នុងមួយថ្ងៃ ក្នុងនោះមានភ្ញៀវទេសចរជនជាតិឥណ្ឌា កូរ៉េ ជប៉ុន និងអឺរ៉ុប ច្រើនជាងគេ៕









