ជាមួយនឹងរយៈពេលមិនដល់មួយសប្តាហ៍ទៀតឡើយ មុនពេលកិច្ចប្រជុំកំពូលប្រធានាធិបតីឈានចូលមកដល់ ប្រមុខការទូតកំពូលរបស់ប្រទេសចិន បានប្រើប្រាស់កិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីបញ្ជាក់សារជាថ្មីនូវជំហររបស់ទីក្រុងប៉េកាំង លើបញ្ហាតៃវ៉ាន់ និងសំដៅការរិះគន់ទៅលើទីក្រុងតូក្យូ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun កាលពីថ្ងៃ៣១ខែធ្នូ លោក Wang Yi បានលើកឡើងពីស្រមោលអតីតកាលនៃរបបអាណានិគមរបស់ជប៉ុន ដើម្បីស្វែងរកការគាំទ្រចំពោះជំហររបស់ប្រទេសលោកលើបញ្ហាតៃវ៉ាន់។
យោងតាមក្រសួងការបរទេសចិន លោក Wang បានចោទប្រកាន់ “កម្លាំងនយោបាយមួយចំនួននៅក្នុងប្រទេសជប៉ុន” ថាបានព្យាយាម “បង្វែរកង់ប្រវត្តិសាស្ត្រ និងលាងជម្រះបទល្មើសនៃការឈ្លានពាន និងរបបអាណានិគម របស់ប្រទេសខ្លួន”។
លោក Wang បានប្រាប់លោក Cho ថា៖ «គេជឿជាក់ថា ភាគីកូរ៉េខាងត្បូងនឹងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងប្រជាជន ប្រកាន់យកជំហរត្រឹមត្រូវ និងការពារយុត្តិធម៌អន្តរជាតិ រួមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយលើបញ្ហាតៃវ៉ាន់»។
កាលពីថ្ងៃមុន លោក Wang ក៏បានព្រមានផងដែរថា «មេដឹកនាំបច្ចុប្បន្នរបស់ជប៉ុន បានប្រកាសជាសាធារណៈនូវការប្រឈមមុខនឹងអធិបតេយ្យភាពរបស់ចិន» ហើយពិភពលោក «ត្រូវតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះការរស់ឡើងវិញនៃរបបយោធានិយមនៅក្នុងប្រទេសជប៉ុន»។
ទីក្រុងតូក្យូ បានរិះគន់យ៉ាងខ្លាំងចំពោះសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជុំវិញកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ ដែលបានបន្ថែមភាពតានតឹងបន្ទាប់ពីមានការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីខែមុនថា ការវាយប្រហារលើកោះតៃវ៉ាន់ដោយកងទ័ព PLA អាចបង្កើតជា “ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ដែលជាហេតុផលស័ក្តិសមសម្រាប់អន្តរាគមន៍យោធាពីទីក្រុងតូក្យូ។
ដោយកត់សម្គាល់ថា កិច្ចពិភាក្សានេះធ្វើឡើងតាមសំណើរបស់លោក Cho ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងរូបនេះ បានធានាចំពោះលោក Wang ថា ការប្តេជ្ញាចិត្តរបស់ប្រទេសលោកចំពោះគោលការណ៍ចិនតែមួយ នៅតែមិនផ្លាស់ប្តូរឡើយ នេះបើយោងតាម South China Morning Post។
កិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃ៣១ខែធ្នូ បានកើតឡើងត្រឹមតែបួនថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនក្នុងសប្តាហ៍ក្រោយ ខណៈដែលទីក្រុងប៉េកាំងកំពុងរំពឹងរកការគាំទ្របន្ថែមពីទីក្រុងសេអ៊ូល លើបញ្ហាតៃវ៉ាន់ និងជប៉ុន។
លោក Lee បាននិងកំពុងព្យាយាមរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ទីក្រុងសេអ៊ូលជាមួយទីក្រុងប៉េកាំង ក៏ដូចជាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន និងតូក្យូ ដោយផ្លាស់ប្តូរទៅរកវិធីសាស្ត្រនយោបាយការបរទេសបែបជាក់ស្តែងនិយមជាងមុន បន្ទាប់ពីអ្នកកាន់តំណែងមុន គឺលោក Yoon Suk-yeol បានផ្អៀងទៅរកសហរដ្ឋអាមេរិក និងជប៉ុនខ្លាំងពេក។
លោក Lee ត្រូវបានរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងពាក់កណ្តាលខែមករា ដើម្បីជួបពិភាក្សាជាមួយលោកស្រី Takaichi បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង។
លោក Wang បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងរំពឹងថាដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងត្បូង មកកាន់រដ្ឋធានីរបស់ចិន នឹង “ជំរុញឱ្យមានវឌ្ឍនភាពថ្មី” ក្នុងទំនាក់ទំនងទ្វេភាគី។
លោក Wang ត្រូវបានដកស្រង់សម្តីដែលបានប្រាប់លោក Cho ថា៖ «ទំនាក់ទំនងចិន-កូរ៉េខាងត្បូង បានងើបចេញពីចំណុចទាបបំផុត ហើយបានវិលមករកផ្លូវត្រូវវិញ ដោយបង្ហាញពីនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងវិជ្ជមាន»។
ទន្ទឹមនឹងនេះដែរ នៅក្នុងសន្ទរកថាបុណ្យចូលឆ្នាំថ្មីដែលត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍ប្រចាំឆ្នាំរបស់លោក ប្រធានាធិបតីចិន ស៊ី ជិនភីង បានពណ៌នាអំពីការបង្រួបបង្រួមដីកោះនេះជាមួយដីគោកវិញថាជា “និន្នាការនៃសម័យកាល” ដែល “មិនអាចបញ្ឈប់បាន”។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអំពាវនាវឱ្យមាន “សន្តិភាព និងស្ថិរភាពបន្តបន្ទាប់ទៀត” នៅក្នុងច្រកសមុទ្រតៃវ៉ាន់និងថា ជំហរជាមូលដ្ឋានរបស់កូរ៉េខាងត្បូងលើបញ្ហាតៃវ៉ាន់ នៅតែមិនផ្លាស់ប្តូរឡើយ៕









