សហគមន៍​​កោះមាសថា​ការ​ជួល​កោះនេះ​ឱ្យ​ឧកញ៉ា​ជាកា​រ​កាត់​ដី​អ្ន​ក​ក្រឱ្យ​​ទៅអ្ន​ក​មាន

សំឡេង​ប្រជាពលរដ្ឋ៖ «រឹបអូសពីប្រជាជនក្រីក្រ យក​ឱ្យ​អ្នកមាន ខ្ញុំសុំដល់​​សម្តេច អស់​លោក​ដែល​មាន​តួ​នាទី​បម្រើ​ប្រជា​ជន​ សុំ​រក​យុត្តិធម៌ឱ្យ​ប្រជា​ជន​យើង​ខ្ញុំ​ផង យើងទាមទារ​តែ​ដីរបស់យើងទេ អត់មានប៉ះពាល់ដល់​អស់​លោក​ណា អស់​លោក​អ្នក​មាន​ៗសុំ​សូមជួយ​ដល់​យើង​ខ្ញុំផង​ ព្រោះ​ខ្ញុំក្រលំបាក​ណាស់[…] យើង​ខ្ញុំ​ចង់មាន​​​​​​អាហារ​បីពេល ហើយ​ពួក​លោក​យក​ដី​ពួកខ្ញុំទៅ​ទៀត​​ ដាច់ទាំង​ស្រុង សម្លាប់​យើង​ខ្ញុំទាំង​អស់​គ្នា​​នៅ​លើ​កោះមាស​ទៅ វា​ចប់បាត់ លោក​ចង់​បានអី​ក៏ចង់​ចុះ»។​

នេះ​ជា​ការ​លើកឡើង​​របស់តំណាង​​​ប្រជាពលរដ្ឋ​នៅ​​តំប​ន់កោះ​​មាស អំឡុង​​ពេល​ដែល​ពួក​គាត់​ប្រមាណ ១០០​នាក់ នាំ​គ្នា​​ទៅ​​​ប្រមូល​​ផ្តុំ​​​​ត​វ៉ា​​នៅ​​មុខ​​សាលា​ស្រុក​​កៀន​ស្វាយ ខេត្ត​កណ្តាល នាព្រឹក​​​​​ថ្ងៃ​សុក្រ​​នេះ ដោយ​ទាមទារជាថ្មី​​ឱ្យ​អាជ្ញាធរ​ផ្តល់បណ្ណ​កម្មសិទ្ធិដីធ្លីដល់ពួកគាត់​ដែល​ធ្លាប់​រស់នៅ និង​អាស្រ័យ​ផងរាប់​សិប​ឆ្នាំ​មក​ហើយ ក្រោយ​រដ្ឋាភិបាលផ្តល់​ដីទៅ​ឱ្យ​ក្រុមហ៊ុន​ឃុន​សៀ អភិវឌ្ឍន៍ ហើយ​​​ផ្តល់​គោលនយោ​បាយដល់ពលរដ្ឋ​​​​​ត្រឹម ៥ ទៅ​ ៨ដុល្លារក្នុ​ងមួ​យម៉ែត្រការ៉េ។ 

​ប្រជាពលរដ្ឋ​រស់នៅតំបន់កោះមាស លោក ជុំ សំអឿន មានប្រសាសន៍ថា ការដែល​ពលរដ្ឋ​នាំគ្នា​លើកបដា​តវ៉ានៅ​មុខ​​សាលា​ស្រុកកៀនស្វាយ ដោយសារតែ​​អាជ្ញាធរ​មូលដ្ឋាន​បាន​​ឱ្យ​ពលរដ្ឋ​​​​​ទៅ​ផ្ទៀង​ផ្ទាត់​​ពីទំហំដី​ដែល​វាស់វែង​រួច និងប្រកាស​​ផ្តល់​គោលន​យោបាយជាថ្នូរ​នឹង​ការ​ដោះដូរ​ដីរបស់ពួកគាត់ទៅឱ្យ​ក្រុមហ៊ុន​ឃុន សៀ ធ្វើការ​អភិវឌ្ឍ​ក្នុ​ងតម្លៃ​ ៥ ទៅ​៦ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ លោក​បន្តថា គោលនយោបាយ​នេះ ប្រជាពលរដ្ឋ​មិនអាច​ទទួល​យក​បាន​ទេ គឺ​ចង់​បានតែ​ប្លង់​កម្មសិទ្ធិ​កាន់កាប់លើដីធ្លី​ដែលធ្លាប់រស់នៅ​តាំង​ពី​ឆ្នាំ​១៩៧៩នោះ​ប៉ុណ្ណោះ។​

លោក​យល់ថា​ សកម្ម​ភាព​របស់អាជ្ញាធរ​ដែល​ចុះ​​​វាស់វែង​ដីធ្លីជូន​ពលរដ្ឋ​​តាំង​​​ពី​ឆ្នាំ​​២០២០​មក ហើយ​​ឱ្យ​ពលរដ្ឋ​ចូលរួម​សហការ តែក្រោយ​មក​បែរជា​ប្រគល់​ប្លង់កាន់កាប់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ឃុន សៀ ​ធ្វើ​ការ​អភិវឌ្ឍវិញនោះ គឺ​ជា​ទង្វើ​​បោកបញ្ឆោត​ ឬបោកប្រាស់​​ទំនុក​ចិត្ត​របស់ពលរដ្ឋ ដែលខំជឿជាក់លើ​អាជ្ញាធរ​ ដោយ​គិត​ថា ​អាជ្ញាធរ​វាស់វែងដី​​រួច នឹង​​​​ផ្តល់កម្មសិទ្ធិ​ស្រប​ច្បាប់​ឱ្យ​ពួកគាត់ តែចុង​ក្រោយ​ប្រគល់ឱ្យ​អ្នក​មានលុយ​មាន​អំណាច​ទៅវិញ។

លោកនិយាយថា៖ «យើងលែង​ចង់បាន​គោល​​​នយោបាយ​ ៥ ទៅ​៨​ដុល្លារ​ហ្នឹង​ហើយ​ យើងបដិសេធ​ យើងមិនទទួល​យក​​ទេ​ តែ​បើសិន​យើង​ចង់បាន​ គឺអត់មាន​និយាយរឿង​លុយ​កាក់​អី​ទៀត​ទេ គឺ​​យើង​ចង់​បាន​តែ​ប្លង់​កម្ម​សិទ្ធិ​។ មូល​ហេតុ​ដែល​ចង់​​បាន​ប្លង់​កម្មសិទ្ធិ​ហ្នឹង ដោយ​សារ​​អី? ដោយសារ​តែ​គាត់បានវាស់​វែង​ឱ្យ​យើង ហើយ​ឱ្យ​យើង​ចូលរួម​វាស់​​វែង ​បើ​យើង​មិនចូល​រួម​វាស់វែង​អាហ្នឹង​វា​បាត់​បង់​អត្ថ​ប្រយោជន៍ថ្ងៃ​ក្រោយ ឬក៏អ្វី​ផ្សេង​​ៗ​គាត់​អត់​ទទួល​ខុស​ត្រូវ​ ក្រោយ​ពី​ធ្វើវា​ស់​​វែ​ង​​ឱ្យ​យើ​ង​ហើយ​ ចេញបង្កាន់ដី​ឱ្យ​យើង​​​​​កាន់កាប់​សម្គាល់អចលនទ្រព្យហ្នឹង​​ហើយ ស្រាប់​តែគាត់​អត់​ចេញ​ឱ្យ​ គាត់​​ទៅចេញ​ឱ្យ ឃុន សៀ ណាណី​នោះ​វិញ​ ដូចជា​បោក​បញ្ឆោត​យើង ដូចជា​មិន​សម្តែង​ការ​ស្មោះ​ត្រង់​ជាមួយ​ប្រជា​ពលរដ្ឋ​យើង​​ដែល​នៅលើ​កោះមាសនេះទេ​»។​​​​

យោងតាម​លិខិត​មួយ​របស់​ទីស្តីកា​រគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​​បាន​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ឃុន សៀ អ៊ីម​ផង អ៊ិច​ផត ទិញ​ផ្តាច់​​​ទីតាំង​​ដី​កោះមាសទំហំជាង ៣៤០ហិកតា (៣៤០ហិកតា ៣៨​អា ០៤​សង់​ទីអា) ស្ថិត​នៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ និ​ងនៅភូមិ​កោះប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល ក្នុង​តម្លៃជាង ១០លាន​ដុល្លារ (១០ ២១១ ៤១២​ដុល្លារ) ជា​ថ្នូរ​ក្នុងការ​កសាង​សមិទ្ធ​ផល​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និ​ងរដ្ឋបាល​​ខេត្ត​កណ្តាល។

លិខិតរបស់ទីស្តីការ​ បន្តថា រដ្ឋាភិបាល​អនុញ្ញាតឱ្យ​ប្រើ​ប្រាស់​ថវិកា​ដែល​បាន​ពីការ​លក់ផ្តាច់​ចំនួនជាង ៥លាន​ដុល្លារ (៥ ៤៤៥ ០៤២ដុល្លារ) ជាថ្នូរ​ក្នុងកា​រសាង​សង់​​អគារ​គណៈបញ្ជា​ការ​ឯក​ភាព​រដ្ឋបាល​រាជធានីភ្នំពេញ និ​ង​ថវិកា​ចំនួនជាង ៤លាន​ដុល្លារ (៤ ៧៦៦ ៣៧០ដុល្លារ) ជា​ថ្នូរ​ក្នុងការ​ស្ថាបនា​ច្រាំង​ទន្លេ និងការ​រៀបចំសួន​ច្បារ​​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល។ ហើយ​ក្រុម​ហ៊ុន​ត្រូវ​ធ្វើការ​ដោះស្រាយ​គោល​នយោ​បាយ​​ ជូន​ប្រជាពលរដ្ឋ​កាន់​កាប់​អាស្រ័យ​ផល​នៅ​លើ​ទីតាំង​​ដី​ដោះមាស​ក្នុង​តម្លៃ​ចាប់​ពី​ ៥ ទៅ​ ៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ទីស្តីការ​គណៈរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ទៀត​ថា អនុញ្ញាត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និ​ងរដ្ឋ​បាល​ខេត្ត​កណ្តាល ចេញប្រកាស​រួច​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ​ ផ្ទេរ​កម្ម​សិទ្ធិកាន់​កាប់​ទីតាំ​ងកោះមាស ជូន​ក្រុមហ៊ុន​ឃុន សៀ អ៊ឹម​ផង អ៊ិច​ផត មុន​ពេល​ក្រុមហ៊ុន​អនុវត្ត​កាតព្វ​កិច្ច​ចំណុច​ទី១ ដោយពន្ធប្រថាប់ត្រា និង​ពន្ធ​ផ្សេង​ៗ​ជាប់ពាក់ព័ន្ធ​​នឹង​ការ​ផ្ទេរ​សិទ្ធិ​ជា​បន្ទុក​របស់​រដ្ឋ។

ប្រជាពលរដ្ឋ​រស់នៅតំបន់កោះមាសម្នាក់​ទៀត​ លោក ឈឹម​ រី អាយុ ៧៧ឆ្នាំ បាន​បញ្ជាក់ដែរថា រូបលោក ក៏ដូចជា​ប្រជាពលរដ្ឋ​ផ្សេង​ទៀត មិន​អាច​ទទួលយកបាន​ទេនូវ​គោល​នយោបាយ​ដែល​រដ្ឋផ្តល់ជូនត្រឹម ៥ ទៅ​៨ដុល្លារ​ក្នុ​ងមួយ​ម៉ែត្រ​ការ៉េនេះ។ លោកបន្ត​​ថា អាជ្ញាធរ​បាន​យក​ដី​របស់​​​ពលរដ្ឋ​រស់នៅ​ស្របច្បាប់​​រាប់​សិប​ឆ្នាំ​មក​ហើយ ទៅឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍ ដោយ​មិន​ប្រាប់ពលរដ្ឋ ឬដោះស្រាយផល​ប៉ះពាល់​ជា​មុនឡើយ ហើយ​ដាក់​គោល​នយោបាយ​មក​ឱ្យ​ពលរដ្ឋ​​ទទួល​យក ដែល​កា​រ​ធ្វើ​បែប​នេះ​ប្រៀប​ដូចជា​ការ​ដាក់គំនាប ឬ​គាប​សង្កត់​ពលរដ្ឋ​ក្រីក្រទន់ខ្សោយ។

លោកថា៖ «គេ​គាប​សង្កត់យើង អាច​មានបុណ្យស័ក្តិ គេ​ធ្វើ យើ​ងរស់​នៅ​ស្រប​ច្បាប់​ គេ​យក​របស់យើង​ទៅ ហើយ​​​គេ​​​ធ្វើ​អា​សេចក្តី​សម្រេច​​ហ្នឹង ជូនដំណឹង​ឱ្យ​យើ​ងទៅ អត់មាន​តវ៉ា​ អា​អី​ដូច​គេ​ដាក់គំរាប​គាបយើង ដូច​គេ​មក​​គេសុំ​វាស់​​ដីយើង បើ​​យើង​​មិន​​ចូល​រួម​​សហ​ការ​​ទេ គេអត់ទទួលខុស​ត្រូវ​​ទេ ប៉ុន្តែ​វាស់​ហើយ​ យក​ឱ្យ​ក្រុមហ៊ុន​ អត់មានសួរទៀត ហើយ​អាតម្លៃ​ គេ​មក​ ២០២៣​គេ​ដាក់ចឹង​ទៅ ធ្វើឱ្យ​ក្រុមហ៊ុនហើយអីចឹងទៅ ហើយ​គោល​នយោបាយ​ពី ៥ទៅ​៨[ដុល្លារ]​តើ​ឱ្យ​យើង​ទទួល​យក​ម៉េច​បាន​[…] ប៉ុន្តែ​ដល់​ថ្នាក់ហ្នឹង​ហើយ ខ្ញុំចង់បន្តទៀត ទៅ​ដល់​​ថ្នាក់លើបំផុតម៉ង ថ្នាក់លើបំផុត​ឱ្យ​ស្លាប់​ ស្លាប់ម៉ងទៅ ខ្ជិល​រស់នៅ​ យើងប្រ​ជា​ជន​តូច​តាច​និយាយ​​អីអត់បាន»។​

ទាំង​លោក ជុំ សំអឿន និងលោក ឈឹម រី ព្រមទាំង​ពលរដ្ឋ​ដែលប្រមូលផ្តុំ​នៅមុខ​សាលាស្រុក​កៀន​ស្វាយ នៅព្រឹក​មិញនេះ បាន​លើកឡើង​ដូចៗគ្នាថា ក្នុង​ដំណាក់កាល​នេះ ពួកគាត់ទាម​ទារ​​សុំតែ​ប្លង់កម្មសិទ្ធិ​​កាន់កាប់ដីធ្លី​ ដែលធ្លាប់រស់នៅ​ និ​ងអាស្រ័យ​ផល ដោយ​មិន​ទទួល​យក​គោល​នយោបាយ​នេះ​ទេ។ ហើយ​ថា ប្រសិន​បើមិនមានដំណោះស្រាយទេ ពួកគាត់​នឹង​បន្តការ​តវ៉ា​ទៅដល់​​ផ្ទះនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​កំពូលៗ ដើម្បីសុំអន្តរាគមន៍បន្ថែមទៀ​ត​។

វីអូឌី មិនអាចសុំការ​ឆ្លើយតបជុំវិញបញ្ហានេះ ពីអភិបាល​ស្រុក​កៀនស្វាយ លោក ឡូវ សុខសាន បានទេ​នៅ​ថ្ងៃសុក្រនេះ​។

តែយ៉ាងណា​ អភិបាល​ស្រុក​កៀនស្វាយរូបនេះ ធ្លាប់​​បាន​​ប្រា​ប់​​សារ​ព័ត៌​មាន​វិទ្យុ​​ស្ត្រី កាល​ពី​​ថ្ងៃទី​២០ ខែ​​វិច្ឆិកា​ថា អាជ្ញាធរ​​ស្រុក​មិនមាន​សិទ្ធិ​ចេញប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅតំបន់កោះ​មាស​ទេ​ ដោយ​សារ​រដ្ឋាភិបាល​បាន​ប្រគល់ដី​នៅតំបន់​នោះឱ្យ​ទៅ​ក្រុមហ៊ុន​ ឃុន​ សៀ ហើយ​ ដូច្នេះ​ពលរដ្ឋ​​​មាន​តែ​រង​ចាំ​កា​រសម្រប​សម្រួល​ដោះស្រាយ​ផល​ប៉ះពាល់ជាមួយ​ខាង​ក្រុមហ៊ុន​វិនិយោគ​នោះ​ប៉ុណ្ណោះ។​

លោក ​អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្ន ជា​សហស្ថា​បនិ​កគ​ណ​បក្ស​​​កែទម្រង់កម្ពុជា លើកឡើង​ថា មុន​នឹង​កាត់ដី​ធ្វើសម្បទាន​ឱ្យ​ក្រុម​ហ៊ុន​ណាមួយ​ធ្វើការ​អភិវឌ្ឍន៍ រដ្ឋាភិបាល​គួរ​មានការ​សិក្សា​ឱ្យ​ច្បាស់​លាស់ ដើម្បីជៀស​វាង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ជា​ទូទៅ​លោកសង្កេត​ឃើញថា រដ្ឋាភិបាល មិនដែល​សិក្សា​ពីផលប៉ះពាល់​ជាមុន​នោះទេ ដែលបង្កឱ្យ​មាន​វិបត្តិ​ជម្លោះដីធ្លី​កើត​ឡើង​ជា​ហូរ​ហែរ​បែបនេះ។

មួយ​វិញ​ទៀត លោកថា មុនពេល​ផ្តល់​ដី​​នៅតំបន់​ណាមួយ ឱ្យទៅ​​​ក្រុមហ៊ុន​អភិវឌ្ឍន៍ ក៏​រដ្ឋាភិបាល មិន​ដែល​ឆ្លង​យោ​បល់ ឬជជែក​ដេញដោល​ក្នុ​ង​​​រដ្ឋសភា ពីផលប៉ះពាល់​ដល់ពលរដ្ឋ​នោះដែរ ឱ្យ​តែ​ជជែកត្រូវគ្នាគឺ​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ភ្លាម ដែល​ការ​ណ៍នេះធ្វើឱ្យ​ពលរដ្ឋ​ជា​អ្នក​រង​ទុក្ខ។​

លោកថា៖ «បើសិនជា​យល់​ល្អត្រូវ​ឆ្ល​ងសភា ព្រោះ​តំណាង​រាស្ត្រ​ហ្នឹង​​​ត្រូវ​​ជួស​​មុខឱ្យ​រាស្ត្រ កន្លែង​ណា​ដែល​រាស្ត្រ​នៅស្អីនៅ​ ក្នុង​មណ្ឌល​មួយ​​ៗដឹង​ខ្លួន​ហើយ ដឹង​ថា​រាស្ត្រ​ខ្លួន​ឯង​នៅ​ណា​ ពី​សម័យ​ណាមក​ ហើយ​បើ​ធ្វើ​ទៅ​ប៉ះពាល់ស្អី​ខ្លះ ចឹង​ត្រូវ​សម្រេចនៅសភា[…] បើ​យើ​ងអត់ រដ្ឋាភិបាល​ចេះ​តែពួយ​ទៅ ឱ្យ​តែត្រូវ​គ្នាដាក់ប្រូង​ឱ្យ​គេ​ទៅ ហើយ​រាស្ត្រ​អ្នក​រង​ទុក្ខរ​ងគ្រោះ​ទៅ វា​ចឹង​ ចឹង​​ហើយ​តែ​បង្កើត​បញ្ហា​គ្រប់កន្លែង ដូច្នេះ​ខ្ញុំមើលទៅ រដ្ឋាភិបាល​ត្រូវ​តែ​មានការ​​ប្រុង​​ប្រយ័ត្ន​ឱ្យ​មែន​ទែន ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ កាលណា​ផ្តល់ភាពអយុត្តិធម៌ច្រើនពេក រាស្ត្រ​ម៉េច​ទ្រាំ​បាន»។

​ជាមួយគ្នា​នេះ​ដែរ ​លោក ​អំ សំអាត ​នាយក​​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​​ យល់ថា រដ្ឋាភិ​បាល​ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​រក​ដំណោះស្រាយ​សម​ស្រប​សម្រាប់​ពលរដ្ឋ បើពុំនោះវាបង្កឱ្យ​មានការ​តវ៉ា​មិន​ចេះ​ចប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ផ្ទះសម្បែង និង​​​ជីវភាព​​រស់​​នៅ​​របស់​​ប្រជាពលរដ្ឋ ​ប្រសិនបើឈាន​ដល់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។​

លោកថា​៖ «អីចឹង​វា​ទាល់តែ​មានការ​ដោះស្រាយ​ណា​មួយ ដែលអាចទទួលយកបានទាំងអស់គ្នា អាហ្នឹង​វា​ជា​រឿង​មួយល្អ ដើម្បីបញ្ចៀស​ទី១គឺ​​​ការបណ្តេញចេញ​ដោយ​បង្ខំ ព្រោះការ​បណ្តេញ​ចេញ​ដោយ​បង្ខំ វា​ប៉ះពាល់​ទៅ​ដល់ជីវភាពរស់​នៅ ឬក៏បញ្ហារស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ទៅ​ទៀត​​​ អាហ្នឹង​វា​ជាការ​រង​គ្រោះ​ពី​លើ​បញ្ហា​ដីធ្លី​ទៅ​ទៀត​ អីចឹង​ដើម្បី​បញ្ចៀស​​រាល់បញ្ហា​ទាំងអស់​នេះ វា​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ណា​មួយ​ដ៏​សមស្រប»។​

អ្នក​អភិវឌ្ឍន៍​ដីធ្លី​ដ៏​លេចធ្លោ​នៅ​កម្ពុជា លោក ឃុន សៀ បានទទួលងារ​​​ជា​អ្នកឧកញ៉ា​ កាលពី​ឆ្នាំ​​២០០៨ ហើយនៅឆ្នាំ២០២១ លោក ឃុន សៀ បានចាក់ដីលប់ច្រាំងទន្លេមេគ្គងដើម្បីសាងសង់ទីក្រុងរណប ទំហំ៧០ហិកតា នៅក្រុងអរិយក្សត្រ។ ពលរដ្ឋធ្លាប់លើកឡើងប្រាប់​សារព័ត៌មានក្នុង​ស្រុក​​ថា ក្រោមគម្រោង​អភិវឌ្ឍន៍នេះ ពួកគេមិនត្រូវបាន​គេជូនដំណឹង​ជាមុនទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ