ការដែលរដ្ឋាភិបាលគ្រួសារហ៊ុន មិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងមិនព្រមផ្សះផ្សាជាតិតបតាមបំណងរបស់ពលរដ្ឋខ្មែរនោះ ត្រូវគេមើលឃើញថា ហាក់កំពុងលើកទឹកចិត្តឱ្យបរទេសលេបទឹកដីខ្មែរបានសម្រេច ក្រោយសង្រ្គាមឈ្លានពានពីថៃ រយៈពេល២១ថ្ងៃទៅនេះ និងជាគ្រោះថ្នាក់ដល់បូរណភាពទឹកដីខ្មែរតជំនាន់។
ការលើកឡើងនេះ ក្រោយសង្រ្គាមឈ្លានពានរបស់យោធាសៀម ២១ថ្ងៃកន្លងមកនេះ សៀមអះអាងថា បានកាន់កាប់ទឹកដីខ្មែរជិត២០កន្លែង ដូចជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ តំបន់អានសេះ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ ថ្មដា ខេត្តពោធិ៍សាត់ តំបន់អូរស្មាច់ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ ជាដើម។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ទឹកដីខ្មែរដែលថៃកាន់កាប់នោះ រដ្ឋាភិបាលគ្រួសារហ៊ុនមិនអាចទាមទារបានទេ បើបន្តចរចាទ្វេភាគីតែមិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះ។
បន្ថែមលើនេះ លោកថា បើរដ្ឋាភិបាលគ្រួសារហ៊ុន មិនព្រមផ្សះផ្សាជាតិ កសាងជាតិខ្មែរឱ្យរឹងមាំ រួមទាំងពង្រឹងវិស័យយោធាទេ វាគឺជាឱកាសឱ្យប្រទេសជិតខាងឈ្លានពានដីតជំនាន់ទៅថ្ងៃមុខទៀត។
លោកថា៖ «ចោរ! យើងមិនប្តឹងចោរ! ចោរបានដៃ ដូច្នេះថៃ! កាន់តែឈ្លានពានទឹកដីខ្មែរយើងថែមទៀត! ដូច្នេះ ខ្ញុំយល់ថា ដើម្បីអាចឈ្នះថៃបាន គឺត្រូវបង្រួបបង្រួមជាតិដោះលែងអ្នកទោសនយោបាយ ដោះលែងលោក កឹម សុខា ហើយប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ(ICJ) ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយហ្នឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។
សម្រាប់លោក សំអាន ឆ្លងកាត់បទពិសោធន៍សង្រ្គាមជាមួយថៃ២១ថ្ងៃនេះ ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលគ្រួសារហ៊ុន គ្មានសមត្ថភាពការពារទឹកដីខ្មែរទេ ដែលប្រឈមនឹងទោសក្បត់ជាតិ និងជាគ្រោះថ្នាក់អំណាចគ្រួសារហ៊ុនផងដែរ បើពលរដ្ឋលែងទុកចិត្តលើការដឹកនាំបែបគ្រួសារនិយមនេះ។
លោកថា៖ «នៅពេលអនាគតហ្នឹង គាត់នឹងអាចកាត់ទឹកដីខ្មែរយើងចំនួន២៤តំបន់ហ្នឹង ទៅឲ្យថៃដើម្បីដូរយកសន្តិភាព និងអំណាចតាមរយៈការចរចាទ្វេភាគី! ដូច្នេះពេលហ្នឹង ប្រជាពលរដ្ឋប្រាកដជាងើបឡើង ដើម្បីទម្លាក់ត្រកូលហ៊ុន ចេញពីអំណាចហើយ ព្រោះជនណាក៏ដោយ មេដឹកនាំណាក៏ដោយ ដែលកាត់ទឹកដីខ្មែរយើងទៅឱ្យបរទេស គឺជាជនក្បត់ជាតិ បើតាមមាត្រា៤៤០នៃក្រមព្រហ្មទណ្ឌ គឺត្រូវកាត់ទោសជាប់គុកអស់មួយជីវិត ពីបទ ក្បត់ជាតិ ដូច្នេះប្រជាពលរដ្ឋនៅពេលឃើញជាក់ស្តែង អ៊ីចឹងគេមិនអាចទុកឱ្យត្រកូលហ៊ុនដឹកនាំប្រទេសតទៅទៀតទេ ប្រាកដជាងើបឡើងដើម្បីទម្លាក់ត្រកូលហ៊ុនចេញពីអំណាច»។
សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជា្រវ លោក សេក សុជាតិ យល់ថា កម្ពុជាមានសេដ្ឋកិច្ចខ្សោយ ពលរដ្ឋតិច យោធានៅមានកម្រិត មិនអាចតតាំងជាមួយថៃដែលឈ្លានពានទឹកដីកម្ពុជាទាំងកម្រោល រហូតកាន់កាប់ទឹកដីកម្ពុជាមួយចំនួន ដែលជាទង្វើខុសច្បាប់អន្តរជាតិបានទេ។
ក្នុងស្ថានភាពនេះ លោកថា កម្ពុជាចាំបាច់ត្រូវប្រកាន់យកច្បាប់អន្តរជាតិជាមូលដ្ឋាន ទើបអាចប្រឆាំងការឈ្លានពានពីប្រទេសថៃនៅចំពោះមុខនេះបាន។
លោកថា៖ «កម្ពុជាត្រូវតែប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងអង្គការសហប្រជាជាតិតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនិងតាមគ្រប់រូបភាពដែលឈរទៅលើមូលដ្ឋានច្បាប់ ដើម្បីប្រឆាំងជាមួយនឹងពួកឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាយើង»។
បន្ថែមលើនេះ លោកថា នៅពេលនេះ ខ្មែរអាចផ្សះផ្សាបញ្ចប់ជម្លោះជាមួយបរទេសបាន ដើម្បីសន្តិភាព ហើយក៏ដល់ពេលដែលមេដឹកនាំនយោបាយខ្មែរគ្រប់និន្នាការងាកមកចាប់ដៃគ្នា កសាងជាតិឱ្យរឹងមាំ ដើម្បីទប់ទល់ការឈ្លានពានពីសត្រូវបរទេសផងដែរ។
លោកថា៖ «ក្នុងករណីដែលយើងមិនដោះស្រាយបញ្ហានេះបាន ខ្ញុំយល់ថា វាគឺជាវប្បធម៌មួយដ៏ខ្មៅងងឹតសម្រាប់នយោបាយកម្ពុជា ហើយក៏ជាសញ្ញាមួយដែលធ្វើឲ្យផ្ទៃក្នុងនយោបាយជាតិមិនមានការឯកភាពជាតិ ដូច្នេះវាគឺជារូបភាពមួយដែលធ្វើឲ្យយើងពិបាក នៅក្នុងការរួបរួមសាមគ្គីខ្មែរតែមួយ ដែលក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងពួកបរទេសឈ្លានពាន ហើយវាជាវប្បធម៌មួយដែលធ្វើឲ្យបរទេសមើលងាយយើង ហើយនឹងអាចបំពានយើងបានបន្តទៅមុខទៀត»។
បន្ថែមពីនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា សង្កត់ធ្ងន់ថា បើរដ្ឋាភិបាលកម្ពុជាមិនប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងសើរើយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្តទេ មានន័យថា កម្ពុជាកំពុងបើកដៃឱ្យសៀមបន្តមហិច្ឆតាឈ្លានពានខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ទៀត។
លោកថា៖ «បើកម្ពុជាមិនប្រើយន្តការអន្តរជាតិ តាមរយៈតុលាការ (ICJ) តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ខ្ញុំគិតថា វាជាការបើកឱកាសឲ្យសៀមបន្តឈ្លានពានកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ហើយកត្តាទាំងអស់នេះ វាធ្វើឲ្យកម្ពុជា ក៏ដូចជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដែលពាក់ព័ន្ធជាមួយនឹងប្រទេសថៃ រឹតតែមានបញ្ហារងគ្រោះធ្វើទុក្ខបុកម្នេញពីភាគីថៃបន្ថែមទៀត»។
បន្ថែមលើនេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវដាក់ពាក្យប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចំពោះការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា និងត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យកោះប្រជុំជាបន្ទាន់ ចំពោះករណីថៃឈ្លានពានទឹកដីកម្ពុជា។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៩ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និយាយថា ការអនុវត្តបទឈប់បាញ់ជាមួយថៃ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។
តែថា ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ។
បន្ថែមលើនេះ លោកថា ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» និងស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» ដែលត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង។
សម្រាប់ ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន បាននិយាយលើបណ្តាញសង្គមនៅថ្ងៃសុក្រនេះថា មានអ្នកកាសែតសួរលោកថា តើកម្ពុជាអាចប្តឹងទាមទារសំណង ដែលថៃបានធ្វើឱ្យខូចខាត ដោយសង្រ្គាមប៉ុន្មានថ្ងៃកន្លងមកបានដែរឬទេ?
លោកពន្យល់ថា ដើម្បីដាក់ពាក្យបណ្តឹងទាមទារសំណងពីការខូចខាតដោយសារសង្រ្គាម គឺប្រទេសដែលត្រូវគេឈ្លានពានអាចផ្ញើរកំណត់ការទូត ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
កំណត់ការទូតទាំងនេះ ត្រូវចែងពីការខូចខាត និងទំហំនៃការខូចខាត និងភស្តុតាងដែលបង្ហាញថា ប្រទេសម្ខាងទៀតជាអ្នកឈ្លានពាន និងតើការឈ្លានពាននោះអាចនឹងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិផង។
បន្ទាប់មកគឺស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យដាក់បញ្ចូលបញ្ហារបស់កម្ពុជា ទៅក្នុងរបៀបវារៈប្រជុំរបស់ក្រុមប្រឹក្សា និងសុំឱ្យក្រុមប្រឹក្សាសម្រេចលើបណ្តឹងរបស់យើង។ ត្រូវភ្ជាប់ជាមួយនូវរាល់ភស្តុតាង គាំទ្របណ្តឹង និងភ្ជាប់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។
ក្នុងករណីកាលបើថៃបានរំលោភលើទឹកដីខ្មែរ ប្រហែលជាត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រសិនបើថៃមិនព្រមគោរព និងប្រើយន្តការគណកម្មការដោះស្រាយវិវាទព្រំដែន ដែលធ្លាប់បានបង្កើតឡើងរវាងថៃ និងកម្ពុជានោះទេ។
មេធាវីរូបនេះ គូសបញ្ជាក់ថា សរុបសេចក្តីមក កម្ពុជាត្រូវតែប្រមូលភស្តុតាងពាក់ព័ន្ធនឹងការខូចខាត និងភស្តុតាងនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ចំពោះសំណួរដែលសួរថាតើកម្ពុជាមានសង្ឃឹមឈ្នះគេយ៉ាងណានោះ បើតាមស្តាប់តាមព័ត៌មានដែលទទួលបាន គឺគួរតែអាចទាមទារបាន ក៏ប៉ុន្តែទោះជាយ៉ាងណាគឺអាស្រ័យទៅលើភស្តុតាងដែលយើងមាន។
លោកនិយាយក្នុងសម្តីដើមថា៖ «ដូចដែលខ្ញុំធ្លាប់បានលើកឡើង ក្នុងពេលមានសង្រ្គាម កម្ពុជាគួរតែមានក្រុមព័ត៌មានរបស់កងទ័ព ដើម្បីថតរូប ថតវិឌីអូក្នុងពេលសង្រ្គាម ដើម្បីងាយនឹងប្រើជាភស្តុតាងក្រោយចប់សង្រ្គាម»៕









