ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែន ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ បានបង្ហាញភស្តុតាងជាបន្តបន្ទាប់ បញ្ជាក់ថា លំនៅឋានពួកគាត់ជាច្រើន ត្រូវបានយោធាសៀមដណ្តើមកាន់កាប់ ខណៈរដ្ឋាភិបាលមិនទាន់ប្រាប់រដ្ឋសភារឿងបាត់បង់ទីកដីទៅលើប្រទេសសៀម ក្រោយសង្រ្គាមឈ្លានពាន២១ថ្ងៃមកនេះ។
ក្រោយមានបទឈប់បាញ់កម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកត្រូវបានគេជឿថា សៀមបានវាយដណ្តើមកាន់កាប់ទឹកដីខ្មែរជាង២០កន្លែង តាមបន្ទាត់ព្រំដែន ដូចជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ តំបន់អានសេះ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ ថ្មដា ខេត្តពោធិ៍សាត់ តំបន់អូរស្មាច់ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ ជាដើម។
អ្នកស្រុកថ្មដា ខេត្តពោធិ៍សាត់ មានហ្វេសប៊ុកឈ្មោះថា ស្រុ៑ន ភារម្យ លក់ឡាន បានបង្ហោះវីដេអូដោយនិយាយថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ យោធាសៀមបានរាយលួសបន្លាព័ទ្ធយកដីខ្មែរនៅថ្មដា។
លោកអះអាងថា រូបភាពនិងវីដេអូដែលសៀមឈ្លានពានដីខ្មែរនៅថ្មដា ខេត្តពោធ៍សាត់នេះ ជារឿងពិតគឺលោកបានថតផ្ទាល់មិនមែនជារូបភាព AI ទេដីខ្មែរត្រូវបានយោធាសៀមរាយលួសបន្លាព័ទ្ធយកហើយ។
លោកថា៖ «ពុកម៉ែបងប្អូន ឥឡូវខ្ញុំមកដល់ថ្មដា ឥឡូវគេព័ទ្ធអស់ហើយ នេះជាបន្លាលួសពួកវា វាព័ទ្ធយកខ្ទេច ហើយមិនមែន AI ទេ បញ្ជាក់ជូនពុកម៉ែបងប្អូន AI ឬមិន AI ! ពួកខ្ញុំឡើងមកយករូបភាពផ្ទាល់ជាក់ស្ដែងពួកវាព័ទ្ធអស់ហើយ AI ឬមិន AI ! ឥឡូវខ្ញុំថតឲ្យមើល AI ឬមិន AI ! ពុកម៉ែបងប្អូនមើលខ្លួនឯង កុំថាខ្ញុំកាត់តវីដេអូ AI មកថតផ្ទាល់ទាំងយប់តែម្ដង»។
អាខោនហ្វេសប៊ុកឈ្មោះ ឃឹម វិជ្ជាធន សរសេរថា ទាហានថៃបានរាយបន្លាលួស និងលើកទង់ជាតិថៃនៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ ពលរដ្ឋខ្មែរនៅតំបន់នោះមិនអាចចូលទៅផ្ទះពួកគាត់បានទេ។
លោកថា៖ «បើយើងមើលទៅលើតំបន់បឹងត្រកួន និងថ្មដា ជាការពិត គឺត្រូវបានយោធាថៃគ្រប់គ្រង និងយកបន្លាលួសរាយព័ទ្ធផ្ទះ និងដីប្រជាពលរដ្ឋខ្មែរយើងពិតប្រាកដមែនបង ហើយបើទោះបីមិនទាន់ដឹងពេលនេះ យើងមានបទឈប់បាញ់ហើយក៏ដោយចុះ ក៏ប្រជាពលរដ្ឋខ្មែរយើងគាត់មិនអាចចូលទៅរស់នៅលើទឹកដី និងផ្ទះរបស់គាត់ដែលធ្លាប់អាស្រ័យផលនោះវិញបានឡើយបង ដោយសារតែយោធាថៃគេមិនឲ្យពួកគាត់ចូលទៅវិញដាច់ខាត»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ប្រាប់VODថា ជាការពិត ការបាត់បង់ទឹកដី ជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវចេញមុខសុំទោសពលរដ្ឋជាសាធារណៈ ឬលាលែងពីអំណាច ព្រោះគ្មានសមត្ថភាពការពារបូរណភាពទឹកដី និងអាយុជីវិតពលរដ្ឋខ្មែរ ពីសត្រូវឈ្លានពាន។
លោកអះអាងថា សង្រ្គាមសៀមឈ្លានពាន ២១ថ្ងៃនេះ គ្រួសារហ៊ុនបានធ្វើឱ្យបាត់បង់ទឹកដីខ្មែរលើសពី២០ទីតាំង ដូចជា នៅតំបន់អានសេះ តាក្របី តាមាន់ធំ ផ្ទះបីខ្នង ថ្មដាខេត្តពោធិ៍សាត់ ភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងតំបន់ផ្ទះតាម៉ុក នៅជាំតែ បុស្សស្បូវ ខេត្តព្រះវិហារ ជាដើម។
លោកថា៖ «តំបន់ដែលបាត់បង់មាន ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ប្រាសាទខ្នារ ច្រកអានសេះ ភ្នំ៣៥០ ភ្នំ២២៥ ភ្នំ៥០០ ភ្នំ៣២២ ភ្នំ៦៧៧ ភូមិជោគជ័យ ភូមិព្រៃចាន់ ផ្ទះបីខ្នង អូសភ្លុកដំរី ថ្មដា តំបន់ចរ១ ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ មុំបី បឹងត្រកួន ភ្នំ៤០០ ភ្នំ២៨៤ និងផ្ទះតាម៉ុកនៅជាំតែ និងបុស្សស្បូវ»។
សម្រាប់លោក សំអាន នៅតែជំរុញដដែលថា ដំណាក់កាលនេះ រដ្ឋសភាត្រូវកោះហៅរដ្ឋាភិបាលបន្ទាន់ ដើម្បីឱ្យរដ្ឋាភិបាលបញ្ជាក់ថា ដីខ្មែរតាមបន្ទាត់ព្រំដែន តំបន់ណាខ្លះ ដែលសៀមឈ្លានពានគ្រប់គ្រង។ ហើយទីតាំងណាខ្លះ ដែលកងកម្លាំងកម្ពុជា នៅបន្តកាន់កាប់គ្រប់គ្រង ដើម្បីបង្ហាញពីការទទួលខុសត្រូវ ចំពោះមុខប្រជាជាតិខ្មែរ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា រដ្ឋាភិបាលមានតួនាទីបម្រើជាតិ មាតុភូមិ ការពារបូរណភាពទឹកដី តែបើហ៊ានធ្វើឱ្យបាត់បង់ទឹកដី មានទោសក្បត់ជាតិតាមក្រមព្រហ្មទណ្ឌមាត្រា ៤៤០។
លោកថា៖ «ជាការពិត បើសិនជារដ្ឋាភិបាលមិនអាចទាមទារទឹកដី ដែលថៃគ្រប់គ្រងសព្វថ្ងៃនេះ បានមកវិញនោះទេ ខ្ញុំយល់ថា លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីហ្នឹង គួរតែលាលែងពីតំណែងទៅហើយរដ្ឋាភិបាលគួរតែប្រកាសរំលាយទៅ ឬឲ្យរដ្ឋសភាបោះឆ្នោតទម្លាក់ទៅជារឿងដែលត្រឹមត្រូវ»។
បើតាម រដ្ឋធម្មនុញ្ញមាត្រា ៩៨ ថ្មី ចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
ជុំវិបញ្ហានេះ VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីសុំការពន្យល់បន្ថែមរឿងនេះ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងនាព្រឹកថ្ងៃទី២ ខែមករានេះថា កម្ពុជាបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍នានា ស្តីពីសន្តិភាពរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
អ្នកស្រីសង្ឃឹមថា ភាគីទាំងពីរកម្ពុជា-ថៃ នឹងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ ដែលមានស្រាប់ ដើម្បីឈានទៅរកការស្តារទំនាក់ទំនងល្អ វិលទៅរកភាពប្រក្រតីឡើងវិញ។
អ្នកស្រីថា៖ «កម្ពុជានឹងបន្តធ្វើការជាមួយភាគីថៃ ក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ សំដៅសម្រេចឲ្យបាននូវដំណោះស្រាយមួយ ដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង កម្ពុជាប្រឆាំងដាច់ខាតនូវការប្រើប្រាស់ការគំរាមកំហែង ឬក៏ការប្រើប្រាស់កម្លាំងទោះក្នុងរូបភាពនិងក្រោមមូលហេតុណាក៏ដោយ ជាជំហានទៅមុខកម្ពុជាសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការជំរុញវិធានការលើកកម្ពស់ជំនឿទុកចិត្ត ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ក៏ដូចជាការវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញ នាពេលអនាគត»។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា ការបរាជ័យនៃសង្រ្គាមឈ្លានពានលើកនេះ ជាការបរាជ័យរបស់ប្រជាជាតិខ្មែរទាំងមូល មិនមែនរបស់បុគ្គលណា ឬក្រុមណាមួយនោះទេ។
ប៉ុន្តែលោកថា បញ្ហាបាត់បង់ទឹកដីនេះ អ្នកដែលទទួលខុសត្រូវធំជាង គឺរដ្ឋាភិបាល ដែលត្រូវបង្ហាញឆន្ទៈ មនសិកា និងស្មារតីជាតិ គួរចុះចេញពីអំណាច។
ក្នុងន័យនេះ លោកពន្យល់ថា ក្នុងដំណើការប្រជាធិបតេយ្យ ការចុះចេញពីអំណាចជាការបង្ហាញពីចេតនាទទួលខុសត្រូវខ្ពស់ចំពោះប្រជាជាតិ និងរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមានកំណែទម្រង់ជាតិឡើងវិញ។
លោកថា៖ «ការទទួលខុសត្រូវមួយ គឺចាំបាច់គួរតែកើតមានឡើង ហើយក្នុងនោះគឺរដ្ឋាភិបាលដែលជាអ្នកមានសិទ្ធិសម្រេចនៅក្នុងកិច្ចការទាំងអស់នេះ ច្បាស់ជាត្រូវទទួលខុសត្រូវធំជាងគេ ដោយរដ្ឋាភិបាលខ្លួនឯងអាចបង្ហាញពីស្មារតីឆន្ទៈចុះចេញពីអំណាច ក៏ជារបៀបនៃការទទួលខុសត្រូវមួយនៅក្នុងដំណើរការប្រជាធិបតេយ្យ និងបង្ហាញពីចេតនា ដើម្បីកែប្រែវាឲ្យល្អប្រសើរ ជាពិសេសគឺកំណែទម្រង់រដ្ឋាភិបាលដែលក្នុងរយៈកាលមួយទសវត្សរ៍ចុងក្រោយនេះ គឺបង្ហាញថាកម្ពុជាមានភាពទន់ខ្សោយ កម្ពុជាអន់ថយហើយកម្ពុជាប្រើប្រាស់ថាមពលដ៏ច្រើនលើសលប់ ដើម្បីតែកម្ទេចវាយធ្វើបាបខ្មែរគ្នាឯង»។
ការឈ្លានពានរបស់យោធាថៃក្នុងរយៈពេល២១ថ្ងៃនេះ ចាប់ពីថ្ងៃទី៧ ខែធ្នូ បានសម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជា ៣៣នាក់ និងរងរបួសជិត១០០នាក់ រួមទាំងមានពលរដ្ឋភៀសខ្លួនចំនួនជិត ៧០ម៉ឺននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន មានផ្ទះ វត្តអារាម សាលារៀន ស្ពានថ្នល់ និង ប្រាសាទបុរាណ ជាដើម។
យ៉ាងណា គិតត្រឹមថ្ងៃទី២ ខែមករានេះ គេនៅមិនទាន់ឃើញរដ្ឋសភាកោះហៅរដ្ឋាភិបាលទៅសួរដេញដោលរឿងបាត់បង់ទឹកដី ទៅលើសៀមឈ្លានពាន នៅកន្លែងណាខ្លះឱ្យពិតប្រាកដ ដើម្បីបង្ហាញតម្លាភាពដល់ពលរដ្ឋជាម្ចាស់ប្រទេស និងបង្ហាញការទទួលខុសត្រូវ ចំពោះមុខរដ្ឋធម្មនុញ្ញនៅឡើយទេ ខណៈជនភៀសសឹកខ្មែរជិត៦០ម៉ឺននាក់ទៀត ត្រូវក្រសួងមហាផ្ទៃអះអាងថា មិនមានលទ្ធភាពវិលទៅលំនៅឋានវិញនៅឡើយ ទោះមានបទឈប់បាញ់។
បើតាម មាត្រា ៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









