ជនភៀសសឹកមួយចំនួន​​​នៅ​​ខេត្ត​​សៀមរាប​​ស្ទាក់​ស្ទើរ​​ត្រឡប់​​​ទៅ​​លំនៅឋាន​​វិញដោយ​ថា​​បារម្ភ​​ពី​​​សុវត្ថិ​ភាព

ជន​ភៀស​​សឹក​​ខ្មែរ​មួយ​​ចំនួន ​ដែ​ល​​មក​​ស្នាក់​នៅ​​តាម​​ជំរំ និង​​​ផ្ទះ​​សាច់​​ញាតិ​​បង​ប្អូន​​ក្នុង​​ខេត្ត​សៀម​រាប​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​​២​ខែ​មករា​នេះ​ថា ពួកគេ​កំពុង​​ស្ទាក់​ស្ទើរ​​ចិត្ត​ មិន​​ទាន់​​ហ៊ាន​វិល​​ត្រឡប់​ទៅ​​លំនៅ​ឋាន​​របស់​​ខ្លួន​​វិញ ​នៅ​ឡើយ​​ទេ​ ដោយ​សារ​​ពួក​គាត់​​បារ​ម្ភ​​ពី​​សុវត្ថិ​ភាព​​ក្រុម​​គ្រួសារ និង​​មិន​​ទុក​​ចិត្ត​បទ​ឈប់​​បាញ់​លើក​ទី២​នេះ ពី​សំណាក់​យោធា​សៀម ដែល​បាន​បើកកា​រឈ្លា​ន​ពាន​កម្ពុជា ជាង​២០​ថ្ងៃ​មក​នេះ។

 ​​គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែម​ករា​​​នេះ ស្ថាន​ភាព​​ជន​​ភៀ​ស​​សឹក​​ទូទាំង​​ស្រុក ក្រុង ​ក្នុង​​ខេត្ត​​សៀមរាប​ មិន​ទាន់​​មាន​​​អ្វី​​ប្រែប្រួល​​ជា​​ដុំ​​​កំភួន​​ឡើយ ដោយ​​ពលរដ្ឋ​​ភៀស​​សឹក​ខ្មែរ​​ភាគច្រើ​ន ​មិន​ទាន់​ហ៊ាន​សម្រេច​​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​​សម្បែង​​វិញ​ នៅ​ឡើយ ដោយ​ពួក​គេ​ថា បារម្ភ​ពី​សុវត្ថិ​ភាព ​មិន​​ទុក​ចិត្ត​​យោធា​​សៀម។

ជន​ភៀស​សឹក​រស់​នៅ​ស្រុក​អន្លង់​វែង ខេត្ត​​បន្ទាយ​​មាន​​ជ័យ លោក ខាន់ ខន ប្រាប់​​វីអូឌី​​នៅ​ថ្ងៃ​​ទី​០២ ខែ​មករា​នេះ​ថា លោក​​មិន​​ទាន់​ហ៊ាន​​វិល​ត្រឡប់​​ទៅ​​​ផ្ទះ​​វិញ​​នៅ​​ឡើយ​ទេ ព្រោះ​​​បារម្ភ​ពី​សុវត្ថិភាព​​ក្រុម​គ្រួសារ ជា​ពិសេស​កូន​តូចៗ។

លោក​ថា ការ​រត់​ភៀស​សឹក​ម្តងៗ​ បង្ក​ការ​លំបាក​ច្រើន​រួមមាន ​ចំណាយ​​សោយ​​ហុយ​ បញ្ហា​ស្មារតី សុខភាព និង​អាហា​រ​ហូបចុក ជាដើម។

លោកថា៖ «បារម្ភ​ពី​សុវត្ថិភាព​ផ្ទះ​​សម្បែង ទ្រព្យ​​សម្បត្តិ​ ​មាន​តែ​ផ្ទះ និង​ស្រូវ​ តិច​តួច​​​គ្រាប់​​ទម្លាក់​​ខ្លះ​ៗ​ទម្លាក់​​តាម​​ផ្លូវ»។

របាយការណ៍​​អាជ្ញាធរ​​ខេត្ត​​សៀមរាប ​ឱ្យ​​ដឹង​​ថា ជន​​ភៀស​​សឹក​កំពុង​​ស្នាក់​នៅ​តាម​​ជំរំ​​ចំនួន ១៣ ក្រុង/ស្រុក សរុបជិត​​១២​​ម៉ឺន​​នាក់ ស្មើ​​នឹង​​ជាង​៣ម៉ឺន ៦ពាន់​គ្រួសារ (៣៦ ០០០គ្រួសារ​) គិត​​ត្រឹម​​ថ្ងៃ​​​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥។

ជន​​ភៀស​​សឹក​​ខ្លះ មក​ស្នាក់​នៅ​តាម​ផ្ទះ​សាច់​ញាតិ​បង​ប្អូន វត្តអារាម សាលា​រៀន និង​មួយ​ចំនួន​ធំ​ ស្នាក់​នៅ​ក្នុង​ជំរំ​ភាគ​​ច្រើន​នៅ​តាម​វត្ត​​អារាម។ ពួកគេ​ភាគច្រើន​បាន​កែច្នៃ​​គោយន្ត​កន្ត្រៃ​​ជា​ផ្ទះ​​ចល័ត​ ដោយ​​យក​​តង់​រុំ​​ធ្វើ​ជា​​ដំបូល​ បិត​​បាំង​​ជុំ​​ជិត ដើម្បី​​ងាយ​​ស្រួល​ទុក​ដាក់​​សម្ភារ​ប្រើ​ប្រាស់​​ខាង​​ក្នុង​។ ស្ត្រី និង​កុមារ ​ដេក​លើ​គោយន្ត​ ហើយ​បុរសៗ​ពេញ​​​កម្លាំង​​ជា​អ្នក​បើក​​បរ​គោ​យន្ត។

ពួកគេ​ធ្វើ​ដំណើរ​តាម​គោយន្ត​​ចាប់​ពី​ព្រំដែន​ថៃ​ ឆ្ពោះ​មក​ខេត្ត​សៀមរាប ​តម្រង់​មក​កន្លែង​សុវត្ថិភាព​​នៅ​​តាម​​វត្ត​អារាម និង​​ផ្ទះ​សាច់​ញាតិ​​បងប្អូន​ក្នុង​ក្រុង​សៀមរាប និង​តា​មស្រុក​មួយ​ចំនួន។

ជន​ភៀស​សឹក​ម្នាក់​ទៀត រស់​នៅ​ខេត្ត​​ស្រុក​អន្លង់​វែង ខេត្ត​​ឧត្តរ​មាន​ជ័យ អ្នក​ស្រី ប៊ុន តុងធឿន ឱ្យ​ដឹង​ថា គ្រួសារ​អ្នក​ស្រី​​បាន​​ចាក​ចេញ​​ពី​​​ផ្ទះ​​​ច្រើន​​ថ្ងៃ​​ហើយ កំពុង​​ស្នាក់​​នៅ​​ផ្ទះ​​សាច់​​ញាតិ​ មិន​​ទាន់​​ហ៊ាន​​វិល​​ត្រឡប់​​ទៅ​​វិញ​​នៅ​​ឡើយ​​ទេ។

លោក​​ស្រី​​បារម្ភ​​ខ្លាច​​មាន​​ជន​​ឆ្លៀត​​ឱកាស​​លួច​​ស្រូវ ​និង​​ទ្រព្យ​​សម្បត្តិ ហើយ​​​អំពាវនាវ​​ឱ្យ​​​អាជ្ញាធរ​​ការ​ពារ​​សុវត្ថិ​ភាព​ផ្ទះ​​សម្បែង​​របស់​​ពួក​គាត់។  

អ្នកស្រីថា៖ «នៅ​ស្ទាក់ស្ទើរ​ខ្លាច​ទៅ​ផ្ទុះ​ទៀត​ សម្រេច​មិន​​ទាន់​​ចង់​​ទៅ​​ទេ ខ្លាច​​ទៅ​​ផ្ទុះ​​ទៀត មួយ​​គ្រាប់​ផាំង​​ចំ​​ផ្ទះ​​ចាស់ៗ​​​ខ្ញុំ​អត់​​ភ័យ​​ទេ ខ្លាច​​កូន​​ៗ​​ខ្ញុំ​​តូច​ៗ​ ​វា​ដឹង​អី​វា»។

វីអូឌី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀម​រាប លោក លី វណ្ណៈ បាន​​នៅ​​ឡើយ​​ទេ​​នៅ​​ថ្ងៃ​​ទី០២ ខែ​មករា។

តែ​យ៉ាង​ណា លោក លី វណ្ណៈ ប្រាប់​សារ​ព័ត៌មាន​ថ្មីៗ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥​ថា​ ចំនួន​​ជន​​ភៀស​​សឹក​​ក្នុង​ខេត្ត​​សៀមរា​ប​​មាន​​ជាង ៣ម៉ឺន ៦​ពាន់​​គ្រួសារ (៣៦ ៦០៨គ្រួសារ) ស្មើ​​នឹង​​ជាង ១សែន ១ម៉ឺន​នាក់ (១១៧ ៨៤៥នាក់)។ 

របាយការណ៍​រដ្ឋបាល​ខេត្ត​សៀមរាប ​ឱ្យ​ដឹង​ថា ជំរំ​​សុវត្ថិភាព​​ដែល​​ពលរដ្ឋ​​ភៀស​​សឹក​​ច្រើន​​ជា​ង​​គេ ឋិត​​ក្នុង​​ស្រុក​ក្រឡាញ់ មាន ១២​ទីតាំង ដែល​​មាន​​ពលរ​ដ្ឋ​​ស្នាក់​​នៅ​​​ជាង ៦ពាន់​គ្រួសារ ស្មើ​​នឹង​​ជិត ១៦ ០០០​នាក់។ ស្រុក​​ស្រី​ស្នំ មាន​​ជន​​ភៀស​​សឹក​​ជិត​​៦​ពា​ន់​​គ្រួសារ ក្រុង​សៀមរាប ជាង៤ពាន់គ្រួ​សារ ស្រុក​​ពួក​ ជិត​​៤ពាន់​​គ្រួសារ ស្រុក​បន្ទាយ​ស្រី ជាង​៣ពាន់​គ្រួសារ និង​​ស្រុក​​ស្វាយ​​លើ ជាង២​ពាន់​គ្រួសារ។ 

អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​​សៀម​រាប​ លោក អ៉ិន គង់​ជិត សង្កេត​​ឃើញ​​ថា ក្នុង​​ពេល​​ពលរដ្ឋ​​ភៀស​​សឹក​​សម្រុក​​ចាក​​ចេញ​​ពី​​ផ្ទះ​ ទ្រព្យ​​សម្បត្តិ​​របស់​ពួកគា​ត់​​មួយ​​ចំនួន បាន​​បាត់​បង់​​ដោយ​សារ​​មាន​​ជន​ឆ្លៀត​​ឱកាស​​គាស់​​ផ្ទះ។

លោក​ថា អាជ្ញាធរ​គួរតែ​ចាត់​វិធានការ​ករណី​នេះ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ភៀស​សឹក​កក់​ក្ដៅ​ផ្លូវចិត្ត។

លោកថា៖ «កន្លែង​ខ្លះ​នៅ​ពេល​ពួក​គាត់​​ចេញ​​អស់​ ទ្រព្យ​សម្បត្តិ​បាត់ប​ង់​​ទាំង​​ស្រុង​​ហ្មង​​ មាន​​ស្រូវ និង​​អីវ៉ាន់​​ក្នុង​​ផ្ទះ​គេ​​លួច​​ទ្រព្យ​​អស់។ នៅ​​ពេល​​នេះ​ គាត់​អំពាវនាវ​​ឱ្យ​​អាជ្ញាធរ​​មូល​ដ្ឋាន និង​​ប្រជា​​ការ​ពារ​ជួយ​​បន្ត​​ជួយ​​មើល​​ថែ​​ទាំ​​ទ្រព្យ​​សម្បត្តិ​​របស់​​ពួក​​គាត់ មិន​​ទាន់​បាត់​បង់ ទី១ ទី២​​គាត់​​នៅ​​អំពាវ​នាវ​​ឱ្យ​មាន​​ការ​​ជួយ​​ឧបត្ថម្ភ»។

ក្រសួងមហាផ្ទៃ ​បាន​ឱ្យ​ដឹង​ថា បើ​គិត​ពី​ម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ២០២៥ មាន​​ជន​ភៀស​​សឹក​ ជាង ៥ ពាន់​​នាក់ (៥ ១៩២នាក់​) ក្នុ​ង​​ចំណោម​​ជន​​ភៀស​​សឹក​​សរុប​​ជាង ៥ សែន​​នាក់ (៥១២ ២៦៣នាក់)។

ក្រសួង​មហាផ្ទៃ ​គាំទ្រ​ជំហរ​ដ៏​មោះមុត​ចំពោះ​ការអនុវត្ត​បទ​​ឈ​ប់​​បាញ់ ដែល​មិនមែ​ន​​ជា​​ការ​​ចុះ​ចាញ់​ ឬ​​យក​បូរណ​ភាព​​​ទឹក​​ដី និង​​អធិប​តេយ្យ​​ជាតិ​​ទៅ​​ដោះ​ដូរ​​យក​​សន្តិភាព​​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ