សង្គមស៊ីវិល​​ប្រកាស​ធ្វើកា​រ​​រួ​ម​គ្នា​​ក្នុង​ការ​​​តស៊ូមតិ​ទាម​​ទារ​ឱ្យ​ថៃ​​ទទួល​​ខុស​ត្រូ​វ​​លើ​​សង្គ្រាម​ឈ្លាន​ពាន​​កម្ពុជា

អង្គការ​​សង្គម​ស៊ីវិល​​កម្ពុជាជាង​​១០០​ ប្រកាស​​ពីការធ្វើ​ការ​​​​រួម​គ្នា​ក្នុ​ង​​ការ​​ប្រមែ​​ប្រមូល​ព័ត៌មាន ​​​​ក្រប​​​​ខណ្ឌ​​​​គតិ​​​យុត្តិ និង​​ភស្តុ​​តាង​​​​​​នានា ក្នុង​​ការតស៊ូមតិជាមួយ​​បណ្តា​ស្ថានទូត​​បរទេស​​ និ​ង​​​ស្ថាប័ន​​​អន្តរ​ជាតិ​នានា រួម​ទាំង​ប្រើ​ប្រាស់​យន្តការ​អន្តរ​ជាតិ​​ ​ដើ​ម្បី​​​​​ទាម​​ទារ​​ឱ្យ​ប្រទេស​​ថៃ​ទទួល​​ខុស​​ត្រូវ​ និង​ផ្តល់សំណង​ខូចខាត​​​ចំពោះប្រជា​ពលរដ្ឋ និងប្រទេស​កម្ពុជា ដែល​រង​គ្រោះ​ដោយ​សារ​​សង្គ្រាម​​ឈ្លាន​ពានរ​បស់ប្រទេស​ថៃ ក្នុងរយៈពេលជាង២០ថ្ងៃ​កន្លង​មក​នេះ។

កា​រប្រកាស​នេះ ធ្វើឡើង​នៅ​​ក្នុងសន្និសីទសារព័ត៌មានរួមគ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ស្តីពី​​ការ​ឆ្លើយ​តប​វិបត្តិ​ព្រំ​ដែន កា​រ​រក​ឃើញ​​ពីការ​វាយ​តម្លៃ​រហ័ស និង​សកម្ម​ភាព​បន្ទាប់ ដែលធ្វើឡើងនៅមជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) នាព្រឹក​ថ្ងៃ​ទី​០៥ ខែមក​រា ឆ្នាំ​២០២៦នេះ។ អង្គការ​សង្គមស៊ីវិលទាំងនោះ មានដូចជា អង្គការCCIM វេទិកា​មិនមែន​រដ្ឋាភិបាល​​​ស្តីពី​កម្ពុជា សមាគមចលនាកុមារ​និង​យុវជន​កម្ពុជា​ដើម្បីសិទ្ធិ​កុមារ និងខេមបូចាជា​ដើម។​

ក្នុ​ងសន្និសីទ​សារព័ត៌មាន​​​នោះ លោក សឿង សារឿន នាយក​​ប្រតិបត្តិ​វេទិកា​មិនមែន​រដ្ឋាភិបាល​​​ស្តីពី​កម្ពុជា បាន​លើកឡើង​ថា សង្គ្រាម​ឈ្លានពាន​អធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេស​​​​ថៃ កាលពី​ខែធ្នូនេះ បានបណ្តាល​ឱ្យ​ប្រជាពលរដ្ឋខ្មែរ​ស្លាប់និងរបួសជាង ១០០នាក់ ធ្វើ​ឱ្យ​​ពលរដ្ឋ​ត្រូវភៀសសឹកជាង ៦០ម៉ឺននាក់ រួមទាំង​ខូចខាត​នូវ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ហេដ្ឋា​រចសម្ព័ន្ធផ្សេងៗ រួមទាំង​ប្រាសាទបូរាណខ្មែរ​ផងដែរ។

លោកថា ទង្វើឈ្លាន​ពាន​របស់ថៃ ជាការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ អមនុស្ស​ធម៌ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​​​ធ្ងន់ធ្ងរ មកលើ​ពលរដ្ឋ និង​ប្រទេស​កម្ពុជា ដែលការណ៍នេះ កម្ពុជា​​ចាំបាច់​ត្រូវ​រួម​​គ្នា​ក្នុង​​ការ​​ទាម​ទារ​​នូវ​​យុត្តិ​ធម៌ និងសំ​ណង​​ខូច​ខាត​​ដោយសារ​ឧក្រិដ្ឋ​កម្មសង្គ្រាម​ឈ្លាន​ពាន​របស់ថៃ​នេះ។

លោកថា៖ «​អីចឹង​យើងឃើញថាការ​ខាត​បង់របស់គាត់ ទាំង​ផ្ទះសម្បែង ទាំង​ជីវភាព​រស់នៅរបស់គាត់ ទាំង​ភាព​ភ័យ​ខ្លាច សុខភាពរបស់គាត់ ហើយ​និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ហ្នឹង​​ យើង​​​​​​​ត្រូវ​​ការ​​ទាម​ទារ​​ឱ្យ​មាន​ភាព​​យុត្តិ​ធម៌​​សម្រាប់​​ប្រជាជន​​​ហ្នឹង​​ផង ហើយចូលរួម​ទាមទារ​យុត្តិ​​ធម៌​​​សម្រាប់​កម្ពុជា​យើង​ ​ក៏ដូចជាពិភពលោក​ ឧ​ទាហរណ៍​​ដូចជា ​​ទាក់ទង​នឹង​ប្រាសាទ​បេតិ​កភណ្ឌ​ពិភព​លោក យើង​ឃើញ​​មាន​ប្រាសាទ​ព្រះវិហារ និ​ង​តំបន់​​ព្រះ​វិហារ ហើយ​និ​ង​ប្រាសាទ​​​តា​ក្របី ហើយ​និង​​ប្រាសាទ​តាមាន់តូច តាមាន់​ធំហ្នឹងត្រូវ​​បាន​បំផ្លាញ​យ៉ាង​ខ្លាំង​​ក្លា​​តែ​ម្តង ហើយ​យើង​មើល​ឃើញថា ដូចមិនមែន​ជាមនុស្សជាតិ​ទេ អ្នកដែលបំផ្លាញ​​យើង​ហ្នឹង​ ទាហាន​​ថៃ​ដូច​មិន​មែន​ជា​មនុស្ស​ជាតិ ដូចជាសត្វ អីចឹង​យើង​ត្រូវ​តស៊ូ​មតិយ៉ាងណា​ដើម្បី​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​បេតិកភណ្ឌពិភពលោក​ហ្នឹង​ផង»។

លោក សឿង សារឿន បន្តថា ដើម្បី​ធានានូវ​ការ​បញ្ចប់​សង្គ្រាម ការ​ការពារ​ជនស៊ីវិល​ កា​រធានានូវ​និរន្តរភាពសន្តិភាព និងការ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ និងប្រទេស​​រង​​គ្រោះ ដែលជា​ប្រទេស​កម្ពុជានេះ អង្គការ​សង្គម​​ស៊ីវិល​​ទាំងនោះ បានបញ្ជាក់ពីជំហរ​​ធ្វើការ​រួម​គ្នា​ជាយុទ្ធសាស្ត្រ​ចំនួន ៥ចំណុចសំខាន់ៗ ក្នុងនោះ ទី១ ​​បន្តចូល​រួម​ជាមួយ​រដ្ឋាភិ​បាល ដើម្បីឆ្លើយ​តប​តម្រូវ​ការជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ភៀស​សឹក ដែលកំពុង​ត្រូវ​កា​រ​ជំនួយ​​មនុស្ស​​ធម៌​​ជា​​ខ្លាំង ទី២ ការ​តស៊ូ​មតិ​​ផ្នែក​ការ​ទូត​ជា​មួយ​បណ្តា​តំណាង​ស្ថានទូត​បរទេស​ប្រចាំ​នៅកម្ពុជា ដៃគូរពាក់ព័ន្ធក្នុងកម្រិត​អាស៊ាន និងភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ រួមទាំង​បណ្តាប្រទេសធំៗមួយចំនួន​​​ក្នុ​ងពិភព​លោក​​​ ជាមួយ​​ការ​បង្ហាញភស្តុ​តាង​​ជាក់​​លាក់​ ​ពីការ​ឈ្លានពានរបស់យោធាថៃ​មក​លើទឹកដីកម្ពុជា​ផងដែរ។

ទី៣ អង្គការ​សង្គម​​ស៊ីវិល​​​កម្ពុជា ក៏​​​​នឹង​​​ចុះ​​ប្រមែ​ប្រមូល​ព័ត៌មាន ប្រើប្រាស់នូវ​​​យន្តការ និង​​ក្របខណ្ឌ​គតិយុត្តិសំខាន់​ៗ​ជាង១០ ក្នុងនោះ​​មាន​ដូចជា ធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិឆ្នាំ១៩៤៥ តុលាកា​រឧក្រិដ្ឋ​កម្មអន្តរជាតិ​(ICC)​​ ច្បាប់​មនុស្ស​ធម៌អន្តរជាតិ យន្តកា​រសិទ្ធិមនុស្ស​ និងអនុសញ្ញា​​​អន្តរ​ជាតិ​នានា ដើម្បី​ទាមទារឱ្យថៃទទួល​ខុសត្រូវ និង​ស្វែង​រក​យុត្តធម៌​សម្រាប់ពលរដ្ឋ​ខ្មែរ​ និងប្រទេស​កម្ពុជា​ដែលរង​គ្រោះដោយសារ​សង្គ្រាម​ឈ្លាន​ពាននេះ។ ចំណែកចំណុចទី​៤ និងទី៥ គឺ​យន្តការនៃការ​កសាង​សន្តិភាព ការ​ផ្សះផ្សា​ទំនាក់ទំនងរវាង​ប្រជាជន​កម្ពុជា​និង​ថៃ ដើម្បី​ស្តារ​សេដ្ឋកិច្ច និងសង្គម​ ព្រមទាំង​គៀងគរ​នូវ​ថវិកាដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​​ងាយ​រង​គ្រោះ​។

លោកថា៖ «យើងក៏នឹង​ដាក់ពាក្យ​បណ្តឹង ក៏ដូចជាកា​រតស៊ូមតិ​តាម​លក្ខណៈការ​ទូត ជាមួយនឹង​​​ភាគី​ពាក់​ព័ន្ធ​​ដូច​​​​ខ្ញុំ​បា​ន​​លើក​ឡើង​ខាង​ដើម​ មានភាគី​ជាច្រើន​ដែល​យើង​នឹង​ធ្វើការ​តស៊ូ​មតិ​ទាំង​​​ផ្លូវ​​ការ​ក្តី ទាំង​ក្រៅផ្លូវ​ការ​ក្តី គឺ​ដើម្បី​ឱ្យ​​ពួកគាត់​ទទួល​យក​​ករណី​ពី​កម្ពុជា​យើង​​ទៅហ្នឹង ដើម្បី​ជា​អាទិភាពដោះស្រាយ​ជា​​ប្រព័ន្ធ​ ដើម្បី​ចាប់​ឱ្យ​ប្រទេស​ដែល​ឈ្លានពាន​យើង គឺ​ប្រទេស​ថៃ​ហ្នឹង​គាត់​ទទួល​ខុស​ត្រូវ​ ហើយ​ខ្ញុំសង្ឃឹមថា យើង​​នឹង​​ទទួល​បាន​ភាព​យុត្តិ​ធម៌​ដោយ​ពិត​ប្រាកដ​ ទោះបី​​ពេល​វេលា​ ហើយ​និង​​យន្តការ​នេះ​ត្រូវ​ការពេលវេលា​រៀង​​យូរ​បន្តិច​​ក្តី ប៉ុន្តែ​យើង​សង្ឃឹម​ថា​​នឹង​បានជោគជ័យ»។

បើតាម លោក សារឿន ប្រជាពលរដ្ឋខ្មែរម្នាក់ៗ ជាពិសេសពលរដ្ឋ​ដែលរង​គ្រោះផ្ទាល់ក្នុង​សង្គ្រាម​​ឈ្លាន​ពាន​​របស់ថៃនេះ ក៏អាច​ចូលរួម​តស៊ូមតិ​ជា​លក្ខណៈបុគ្គល ឬ​ក៏ដាក់ញតិរួមគ្នា​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាប់​ឱ្យ​​អ្នក​ដែលប្រព្រឹត្តអំពើឈ្លានពានទឹកដីនេះ សងសំណង និង​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ។

លោក រស់ សុដ្ឋា នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​កា​រពារ​សិទ្ធិ​មនុស្ស​កម្ពុជា មានប្រសាសន៍​ក្នុង​សន្និសីទ​ដែរ​ថា ការ​វាយ​តម្លៃពីផលប៉ះពាល់ក្នុង​សង្គ្រាម​ឈ្លានពានរបស់ថៃមក​លើ​ទឹក​ដី​​កម្ពុជា​ ដែល​សង្គម​ស៊ីវិល​ធ្លាប់​​​បានចុះ​វាយតម្លៃជាបឋមដោយផ្ទាល់ កាលពីអំឡុង​ខែ​កក្កដា​​នោះ​ ឃើញថា ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​បរិស្ថាន សុខភាពពលរដ្ឋ សត្វពាហនៈនិង​សត្វស្លាប ​និង​​ភូមិឋាន​ជនស៊ីវិលជាង ១២០ភូមិ ក្នុង​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ព្រោះ​​យោធាថៃ បានប្រើប្រាស់នូវ​ផ្សែង​ពុល គ្រាប់​បែក​ចង្កោម និងសព្វា​វុធ​គ្រប់​ប្រភេទ។

លោក​​បន្តថា សង្គ្រាមឈ្លាន​ពានរបស់ថៃ​ជាថ្មីទៀត ដែល​មានទ្រង់ទ្រាយធំ រយៈពេល​២១ថ្ងៃ​ក្នុង​ខែ​ធ្នូកន្លង​​ទៅ​​​នេះ យោធាថៃ​ក៏បាន​បន្តប្រើប្រាស់សារធាតុគីមី និងសព្វាវុធដែល​​​បង្ក​​​នូវ​​​​​​​ប៉ះ​ពាល់​​កាន់​តែ​​ធ្ងន់​ធ្ងរ​មក​លើ​កម្ពុជា​​ ដែល​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់សិទ្ធិមនុស្សអន្តរជាតិ សេចក្តីប្រកាសជា​សកល​ស្តីពី​សិទ្ធិ​បរិស្ថាន និង​​ច្បាប់​​មនុស្ស​​​ធម៌​អន្តរ​ជាតិជា​ដើម​​។

លោកថា៖ «យោងតាម​សញ្ញាណនៃកា​រប៉ះពាល់ទង្វើរបស់​រដ្ឋាភិបាល​​និង​កងទ័ព​ថៃ​ មក​លើ​កម្ពុជា​ហ្នឹង​ គឺ​យើង​​សង្ខេប​​មក​​ថា គឺអមនុស្ស​ធម៌ និង​រំលោភ​ច្បាប់​អន្តរ​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ។ ហើយ​យើង​ក៏មានមូលដ្ឋាន​ពិធី​សារ​ហ្សឺណែវ​អនុសញ្ញា​អាវុធគីមី ដែលហៅថា CWC ច្បាប់មនុស្ស​ធម៌អន្តរ​ជាតិ​ សន្ធិសញ្ញា​សិទ្ធិ​មនុស្ស បរិស្ថាន​អន្តរជាតិ ហាម​ឃាត់​​គ្រោះ​ថ្នាក់​ឆ្លង​​ដែន និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសពាក់ព័ន្ធនឹង​អធិប​តេយ្យ​ភាព​​កម្ពុជា ​ដូច្នេះ​ទេ​​វា​ការ​​រំលោភ​សិទ្ធិមនុស្ស​ សិទ្ធិ​ស៊ីវិល និងកងទ័ព និង​​បរិស្ថានកម្ពុជា ហើយ​​ជាការ​​រំលោភ​​សន្តិ​សុខ​ក្នុង​​​តំបន់ និងអន្តរ​ជាតិផង​ដែរ»។

បើតាម លោក សុដ្ឋា សម្រាប់​​ផលប៉ះពាល់ក្នុង​សង្គ្រាម​​​លើកទី​២ក្នុង​ខែធ្នូកន្លងទៅ​​​​នេះ អង្គការ​​សង្គមស៊ីវិល ក៏គ្រោង​​នឹង​ចុះទៅសិក្សា និង​វាយ​តម្លៃ​ពីផលប៉ះពាល់​បន្ថែម​ទៀត ដែល​គ្រោង​​ធ្វើ​ឡើង​ចាប់ពីថ្ងៃទី​​១៩ ដល់ថ្ងៃទី​២២ ខែ​មករា ខាង​មុខ​នេះ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក​ ប៉ែន បូណា បានទេនៅរសៀល​ថ្ងៃ​ទី​០៥ ខែ​មករានេះ។

យ៉ាងណា លោក ប៉ែន បូណា បានលើកឡើងក្នុង​សេចក្តីថ្លែងការណ៍ ស្តី​ពី «បច្ចុប្បន្ន​ភាព​​​​​ស្ដី​ពីការ​វិវត្តន៍​ស្ថាន​​ការណ៍​ព្រំដែន​កម្ពុជា-ថៃ» នៅព្រឹក​ថ្ងៃចន្ទ​នេះ​ថា ទាហានថៃ​ បាន​និង​កំពុង​បន្ត​បំផ្លិច​បំផ្លាញ​ផ្ទះស​ម្បែង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល នៅ​លើ​ទឹ​ក​ដី​កម្ពុជា​ឥត​ឈប់​ឈរ ដែល​​ការ​បំផ្លិ​ចបំផ្លាញ​នេះ បាន​ធ្វើឡើង​​ដោយ​ការ​វាយ​ប្រហារ​សំដៅ​គោល​ដៅ​ស៊ីវិល កាល​ពី​ក្នុង​អំឡុង​សង្គ្រាម​ពេញ​បន្ទុក ចន្លោះ​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃទី​​២៧ ​ខែ​ធ្នូ ឆ្នាំ២០២៥​ផង និង​បន្ត​បំផ្លាញ​​ដោយ​កម្លាំង​គ្រឿង​ចក្រ និង​កម្លាំង​មនុស្ស ក្រោយ​ពេល​បទ​​ឈប់​​បាញ់​ចូល​ជា​ធរមានផង​។

លោក​បន្តថា លើសពីនេះ ទាហាន​ថៃ​ថែម​ទាំង​បាន​ព័ទ្ធ​យក​ដី​ធ្លី និង​ផ្ទះស​ម្បែង​ប្រជា​ពលរដ្ឋខ្មែរ​ជា​ច្រើន ហើយ​​បាន​និង​កំពុង​បំផ្លាញ​ចោល​ជា​បន្ត​បន្ទាប់ និង​បាន​លួច​ប្លន់យ​ក​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​អនា​ធិប​តេយ្យ​បំផុត ដែល​ជា​សកម្ម​ភាព​អមនុស្ស​ធម៌ មិន​អាច​ទទួល​យក​​បាន និង​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រោម​ច្បាប់​អន្តរ​ជាតិ។

លោក​ថា៖ «អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា សូម​ប្រកាស​ថ្កោល​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត ចំពោះ​សកម្ម​ភាព​បំពាន​ច្បាប់​អន្តរ​ជាតិ និង​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ និង​អំពើ​រំលោភ​សិទ្ធិ​មនុស្សយ៉ាង​ធ្ងន់​ធ្ងរ ព្រម​ទាំង​អំពើ​ប្លន់​យក​ទ្រព្យ​​សម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ពីសំ​ណាក់​ទាហាន​ថៃ និងទាម​ទារ​ឱ្យ​ថៃ​បញ្ឈប់​ជាប​ន្ទាន់​នូវ​រាល់​សកម្ម​ភាព​យោធា​ ប្រកប​​ដោយ​អរិភាព​បែប​នេះ និង​សូមភាគី​ថៃ​គោរព​អាណត្តិ​របស់​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​​សីមា​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ ក្នុងការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរ​ជាតិ»។

សម្រាប់ ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុ​ក សំអឿន ធ្លាប់​បាន​ពន្យល់​​​​នៅ​លើ​​បណ្តាញ​សង្គម កាល​​ពីថ្ងៃ​ទី​០២​​ខែម​ករា​​ថ្មី​ៗ​នេះថា ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទាម​ទារ​សំណង​​​ពី​កា​រខូ​​ចខា​​​ត​​​ដោយ​​សារ​​សង្រ្គាម គឺ​ប្រទេស​ដែល​ត្រូវ​គេឈ្លា​ន​ពាន​អាច ​ផ្ញើរ​កំណត់​ការទូត ទៅ​ក្រុម​ប្រឹក្សា​​​សន្តិសុ​ខ​អង្គ​ការ​សហប្រជា​​ជាតិ និង​អគ្គលេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ។

លោកបន្តថា ​កំណត់ការទូតទាំងនេះ ត្រូវចែងពីការខូចខាត និង​ទំហំ​នៃ​ការ​​ខូច​ខាត និង​ភស្តុ​តាង​​​ដែលបង្ហាញ​ថា ប្រទេស​ម្ខាង​ទៀត​​ជា​អ្នក​ឈ្លាន​ពាន និង​​តើ​ការ​ឈ្លាន​ពាន​នោះ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរ​ជាតិ​ផង។ បន្ទាប់មកគឺស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យដាក់​បញ្ចូល​បញ្ហា​របស់​កម្ពុជា​ ​ទៅក្នុ​ង​របៀប​វារៈ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា និង​សុំឱ្យក្រុមប្រឹក្សាសម្រេចលើបណ្តឹងនោះ​ ហើយ​​​​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​រាល់​ភស្តុ​តាង គាំទ្រ​បណ្តឹង និង​ភ្ជាប់​ទៅ​នឹង​សមត្ថ​កិច្ច​របស់​ក្រុមប្រឹក្សា​​សន្តិសុ​ខ​អង្គកា​រស​ហ​ប្រជា​ជាតិ​ផង។

លោក សុក សំអឿន បន្ត​ថា ​ក្នុង​ករណី​​បើ​​ថៃ​​បាន​រំលោភលើ​ទឹ​ក​ដី​ខ្មែរ ប្រហែល​​​ជា​ត្រូវ​​ដាក់​ពាក្យ​​បណ្តឹង​​ទៅ​​​តុលាការ​​អន្តរ​​ជាតិ ប្រសិន​​​បើ​ថៃ​មិន​ព្រម​គោរព និង​ប្រើ​យន្ត​ការ​គណកម្ម​ការ​ដោះស្រា​យ​វិវាទ​ព្រំដែ​ន ដែល​ធ្លាប់​បាន​បង្កើត​ឡើង​រវាង​ថៃ និង​កម្ពុជា​នោះ​ទេ។

គួរបញ្ជាក់ថា ​ការ​​​ឈ្លានពាន​របស់​យោធា​ថៃក្នុង​រយៈពេល២១​ថ្ងៃ​នេះ ចាប់ពីថ្ងៃទី៧ ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ​បាន​​​​សម្លាប់​​​​ពលរដ្ឋ​​​ខ្មែរ​ស្លូ​​ត​​ត្រង់ ៣៣​​​នាក់ និង​​​​រង​របួស​​​​ជិត​​១០០​​​នាក់ រួមទាំង​មាន​ពលរដ្ឋ​ភៀស​ខ្លួន​​ចំនួន​ជិត ៧០​​​ម៉ឺន​​​នាក់ ព្រមទាំង​​​​បាន​​​បំផ្លាញ​​​​ហេដ្ឋារចនាសម្ព័ន្ធ​​​ស៊ីវិល​​​ជាច្រើន មាន​ផ្ទះ វត្តអារាម សាលារៀន ស្ពាន​​ថ្នល់ និង ប្រាសាទ​​​​បុរាណ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ