អ្នកជំនាញ​បន្តជំរុញ​ឱ្យមេដឹកនាំកម្ពុជា​​​ធ្វើកំណែទ​ម្រង់​ប្រព័ន្ធ​​ដឹ​ក​នាំ​​រ​ដ្ឋ​​ដែល​​ជោគ​​ជាំ​​ដោយ​​អំពើ​​ពុក​​រលួយ

ខណៈ​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន ​បាន​បង្ហាញឱ្យឃើញ​​ពី​​ភាព​អសមត្ថ​ភាព​ និងទន់​ខ្សោយ​យ៉ាង​ខ្លាំង​ សូម្បី​តែ​កា​រ​​ផ្គត់​​ផ្គង់​​សព្វាវុធ​ទំនើប​​ ការហូប​ចុក​របស់​កងទ័ពជួរ​មុខ និង​ការ​​ស្លៀក​ពាក់​​ ក៏​មាន​សភាព​​រយីក​រយាក​​​តោក​​​យ៉ាក ​​​និង​ខ្វះ​ខាត​យ៉ាងខ្លាំង ​​ដែល​ធ្វើ​ឱ្យ​​កងទ័ពសៀម​ ដែល​មាន​សព្វាវុធ​​ទំនើប​​ជាង និង​​មានការ​ផ្ទត់​ផ្គង់​​គ្រឿ​ង​​​ហូប​ចុក​សម្លៀក​​បំពាក់​ពេញ​​​បរបូ​ជាង​ មាន​ប្រៀប​ក្នុងការ​ចូល​មក​​ឈ្លានពាន​​ដណ្តើមកាន់​កាប់​ទឹក​​ដី​​កម្ពុជា​ ​​អ្នក​ជំនាញ ​​និង​អ្នក​នយោ​បាយ​ក្រៅ​រដ្ឋាភិបាល ​បន្ត​ជំរុញ​ឱ្យរដ្ឋាភិបាល​​ឯក​បក្សនៃ​គ្រួសារ​​ហ៊ុន ចាំបា​ច់​​​​ត្រូវ​​ធ្វើកំណែទម្រង់​ប្រព័ន្ធ​​ដឹកនាំ​រដ្ឋ លុបបំបាត់​អំពើ​ពុក​រលួយ​​បំផ្លាញ​​ថវិកា​​ជាតិ ​ដើម្បី​​អាច​​ឈាន​​ទៅ​ធ្វើ​​​ទំនើប​​កម្ម​កងទ័ព​ដើម្បីការពារ​ជាតិ​។

លោក ឱក សេរីសុភ័ក្រ ​អ្នក​ជំនាញ​ផ្នែក​អភិបាល​កិច្ច​ បាន​ថ្លែងថា បញ្ហា​អ​យុត្តិធម៌​សង្គម ​មិន​អាច​នៅ​បណ្តោ​យ​​ឱ្យគ្រប់គ្នា​អាច​​មើល​ឃើញ​នៅ​នឹង​មុខ​ដូច​មុន​​ទៀតបាន​ទេ​។ អ្នក​ដែល​មាន​អំណាច​ ​មាន​ខ្សែ ​មាន​លុ​យ​​​កាក់​ធ្វើអ្វី​ៗ​​ស្រេច​​តែនឹងចិត្ត បង្ហាញ​នូវ​រូបភាព​អំណាច​រូបភាពមាន​បាន​​លើគំនរ​ទ្រព្យ​​សម្បត្តិ ​តាំង​ពី​ការ​​​រៀប​​ពិធីការកូន និង​​ជិះ​ឡាន​ប្រណីតៗ​​ជាដើម​​។​ លោក​​ថា អ្នក​ធ្វើការ​ដែល​ជាទូទៅ ​ត្រូវ​​បម្រើ​រាស្ត្រ​នោះ​គឺ​​​មិ​ន​​បាន​​​បម្រើ​​រាស្ត្រ​អ្វីទេ ​ឃើញ​តែ​ពីធ្វើខ្លួនបង្ហាញ​អំណាច​បង្ហាញ​ទ្រព្យ​សម្បត្តិ​​​យ៉ាងប្រណីតៗ ​ខណៈ​​រាស្ត្រ​​កំពុង​​ក្រ​លំបាក​​វេទនា​។

លោកថា៖ «អំពើ​កៀប​សង្កត់​ប្រើអំណាច ​ប្រើទឹកលុយហ្នឹង ​មិន​​អាច​​មាន​​តទៅ​​ទៀត​បាន​ទេ ត្រូវ​​តែ​ធ្វើ​​​រឿង​អ្វី​​មួយ​ ​ដើម្បី​ទប់​ស្កាត់​រឿង​ទាំងអស់នេះ​។ យុត្តិធម៌សង្គម​កាលណា​អត់មាន​ទេ ហើយ​វានៅ​នឹង​មុខៗ​​ពេក​​វា​នឹង​នាំ​​ឱ្យ​​មាន​​ការ​ប្រឆាំង​​ជាមិន​ខាន ​ជាពិសេស​នៅក្នុង​សភាពការណ៍​ដែល​​មាន​ការ​រំខាន ​ដែល​មានការ​យាយី​ ​ដែល​មាន​មហិច្ឆតា​លេប​ទឹក​ដីយើង​ ​ពីខាងក្រៅមក​។ ហើយ​​យើង​បាន​និយាយ​ហើយ​​ទាំង​អស់គ្នា​បាន​​និយាយ​ហើយ ​ប្រជាពល​រដ្ឋ​បាន​ជូន​យោបល់​ហើយ​ថា ​ត្រូវ​តែធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ណាស់​ ខ្ញុំ​ក៏​ធ្លាប់​​បាន​​និយាយ​​ដែរ​​នៅក្នុង​រឿងនេះ»។

លោក​លើកឡើង​ថា ចាប់ពីពេលនេះទៅ កម្ពុជា​​មិន​អាច​មាន​អំពើ​ពុក​រលួយ​ជោគ​ជាំ​បែប​នេះ​ទៀតទេ គឺ​ត្រូវ​តែ​​កាត់​​​បន្ថយ​ឱ្យ​បាន​ច្រើន​​ជា​អតិបរមា។ ពួកមន្ត្រី​ដែល​មាន​ជីវភាព​ស្តុកស្តម្ភ ​ល្មម​ចេះ​ឆ្អែត​ល្មម​ចេះគ្រប់​គ្រាន់​​ហើយ ​និង​ត្រូវ​​ធ្វើ​យ៉ាងណា​​ចែក​ចាយ​​ធន​ធាន​​​ និង​​​ភោគ​ទ្រព្យ​​សម្បត្តិ​​របស់​ជាតិ ​​​ជូន​ប្រជាពល​រដ្ឋ​ ​បម្រើ​ប្រជា​ពល​រដ្ឋ​​ដោយ​សុទ្ធចិត្ត ​ដោយ​ស្មើ​ភាព​ ដោយ​មាន​យុត្តិធម៌នៅក្នុង​សង្គម​។​

លោកថា៖ «អំពើ​ពុក​រលួយនេះ​ តែ​ប្រយុទ្ធ​អត់​បាន​ប្រឆាំង​អត់​បាន​ធ្វើអ្វីទៀត​ក៏អត់​បាន​ដែរ​។ ដល់​ពេល​ហើយ​ខ្នង​ទល់​ជញ្ជាំង​ហើយ ​មិន​អាច​ទិញ​ពេល​វេលា​បាន​តទៅទៀត​ទេ​ ព្រោះគ្រោះ​ថ្នាក់​មក​ពីថៃ​មិន​យូរ​មិន​ឆាប់​នឹងមក​ម្តងទៀត​។ ហើយ​​រឿង​ដែល​យក​លុយ​តាម​របៀប​ទុច្ចរិត​ មាន​បាន​តាម​របៀប​ទុច្ចរិត​ដូចជា រឿង​Scam រឿង​ឧក្រិដ្ឋកម្ម​​​អនឡាញ​គ្រប់​ទីកន្លែង ​អគារធំៗ​សុទ្ធ​តែដាក់​មនុស្ស​បង្ខាំង ​ដើម្បីធ្វើ​​Scam​អន​ឡាញ​ហ្នឹ បិទ​ទៅ​ឈប់​ទៅតែមិ​ន​ឈ​ប់បន្តិច​ទៀត​នឹង​ពិភព​លោក​ចាប់​ផ្តើម​លែង​ហៅ ​Cambodia ហើយ​ហៅ​Scam Cambodiaខ្ញុំឮពាក្យនេះ​ ឈឺចាប់មិនគួរស្រុកយើងក្លាយទៅជាអ៊ីចឹង»

​ប៉ុន្តែ​យ៉ាងណា​ក្តី ​អ្នក​ជំនាញ​អភិបាល​កិច្ច​រូប​នេះ ​និយាយ​​ថា ​ប្រទេស​ដទៃទៀត ក៏មាន​Scam​អនឡាញ​នេះ​ដែរ ​​តែ​ត្រូវ​តែលុបបំបាត់​ ខណៈ​មាន​ចលនា​ពិភព​លោក​ ​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង Scam ​អនឡាញ​នេះ។​ ដើម្បី​ឱ្យ​​កម្ពុជា​​​ធ្វើ​រឿង​អ្វីផ្សេងៗ​ទៀត​​បាន លោក​ ឱក​ សេរីសុភ័ក្រ ​លើក​​ឡើង​​ថា ​កំណែ​ទម្រង់​​រដ្ឋ​បាល​សាធារណៈ​​​ដែល​លោក​និយាយ​​ ហើយ​និយាយ​ទៀត គឺ​​ត្រូវតែ​​ធ្វើ​ឱ្យ​បាន​ស៊ី​ជម្រៅ ​ឱ្យមាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ដៃគូ​សង្គម​ស៊ីវិល​ ហើយ​នឹង​អ្នក​រកស៊ី​ឱ្យ​ច្បាស់​លាស់​​។

លោក​បន្តថា នៅ​ក្នុង​រឿង​ទាំង​អស់នឹង​បើ​​រដ្ឋាភិបាល​កម្ពុជា ចង់​​ធ្វើទំនើប​​ភូប​នីយកម្ម​នៃ​កងទ័ព ​គឺ​ជា​រឿង​​ធំ​ណាស់ ​ពីព្រោះ​ត្រូវ​​ធ្វើ​ការ​រៀប​ចំឡើង​​វិញ​​ពី​ស្ថាប័ន​​យោធា​​ទាំង​​អស់ ​​ចា​ប់​​ពី​លើ​​​ដល់​​ក្រោម​​ដើម្បី​​ចៀស​វាង​ភាព​​​អយុត្តិ​ធម៌។ ​ត្រូវ​តែរៀប​ចំក្រសួង​ការពារជាតិ ​អគ្គបញ្ជាការកងទ័ព​​ រៀប​ចំថ្នាល​បណ្តុះ​បណ្តាល​បង្វឹក​ជំនាញ​​កង​ទ័ព​ដល់​កង​ទ័ព​ឱ្យមាន​ចំណេះ​ជំនាញ​ជាចាំបាច់ ​ដើម្បី​ត្រៀម​ការពារ​ជាតិ​ទប់​ទល់​នឹងសត្រូវ​បរទេស​​ឈ្លានពាន។

ជាមួយគ្នា​នេះ​ លោក ​អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិក​គណបក្ស​កែទម្រង់​​កម្ពុជា ​​បាន​ថ្លែង​ថា នៅក្នុង​វេលា​នេះ​កម្ពុជា​​ត្រូវ​តែ​​សម្អាត​ខ្លួន​សម្អាត​​កេរ្តិ៍​ឈ្មោះ​​ និង​ត្រូវធ្វើកំណែទម្រង់​លើ​វិស័យ​អាទិភាព​នានា ជាពិសេស​​ត្រូវ​បើក​​លំហ​ប្រជាធិប​តេយ្យ​ ការគោរព​សិទ្ធិ​មនុស្ស ​និង​ពង្រឹង​នីតិរដ្ឋ ​​ពីព្រោះ​បញ្ហា​​ទាំង​នេះ ​វា​​ជាចំណុច​ចាំបាច់​​​​​ដែល​​ត្រូវ​ធ្វើ​ ដើម្បីឱ្យ​ប្រទេស​កម្ពុជា​រឹងមាំមាន​ការ​អភិវឌ្ឍ​​ពិត​ប្រា​កដ​​ មាន​ឯក​ភាព​ជាតិ​ពិតប្រាកដ។ លោក ​ច័ន្ទ​រ័ត្ន ​គាំទ្រ​ចំពោះ​ការ​ជំរុញ​​របស់​អ្នកជំនាញ​នានា ​​ឱ្យ​រដ្ឋាភិបាល​ធ្វើកំណែ​ទម្រង់​​ប្រព័ន្ធ​​ដឹកនាំ​រដ្ឋ ​​បើ​ទោះ​បី​ជា​​នៅ​​ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​នេះ ​​មិន​អាច​ធ្វើបាន​ទាំង​ស្រុងក៏​ដោយ ​​ក៏ត្រូវ​តែចាប់​ផ្តើម​ធ្វើដែរ​ ដើម្បី​​​ឈាន​​ទៅ​ធ្វើ​ឱ្យកម្ពុជា​​ខ្លាំង​ មាន​សមត្ថភាព​អាចការ​ពារ​ទឹក​ដី​របស់​ខ្លួន​បាន ខណៈ​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ​​​នៅ​តែមាន​ភាព​ផុយស្រួយ​នៅ​ឡើយ​​។

លោកថា​៖ «ក្នុងស្ថានភាពប្រថុចញ៉ុចនេះ ខ្ញុំគិតថា មា​ន​តែ​ស​ម្រួល​កង​ទ័ពត្រៀម​លក្ខណៈ ដើម្បីកា​រ​ពារ​ខ្លួន​ការ​ពារ​បូរណ​ភាព​ទឹក​ដីព្រោះយើង​ដឹង​ហើយ​តំបន់​មួយ​ចំនួន​ ដែល​ថៃ​គេឈ​រជើ​ង​អាច​មាន​ជម្លោះបន្ត​ទៅទៀតពីព្រោះយើង​ទាម​ទារ​ឱ្យ​គោរព​ទៅ​តាម​សន្ធិ​សញ្ញាបារាំង-សៀម​អីជា​ដើម ហើយ​ថៃ​ហាក់​ដូច​មិនយល់​ព្រម​ជាមួយ​យើង​ទេ ឃើញប្រកាសញយៗថា គេបានកាន់កាប់​ទឹកដីទាំងអស់​ហ្នឹង​ ជាដែ​នអធិប​តេយ្យ​របស់​គេ គេយល់ថាអ៊ីចឹងហើយគេមិនបានឈ្លានពានមកលើ​​ទឹកដីកម្ពុជាទេ។ គេយល់ថា ជាតំបន់ដែល​​កម្ពុជាទៅរស់នៅលើទឹកដី​គេ ហើយបានទម្លាប់ខ្លួនដោយថាខ្លួនរស់នៅលើទឹកដីខ្លួនឯង។ នេះ​ជា​ភាសា​មេទ័ព​ថៃ»

ជាមួយគ្នា​នេះ ​លោក ​មាជ សុវណ្ណារ៉ា ​ប្រធានគណបក្ស​ជំនាន់​ថ្មី ​ថ្លែងថា បន្ទាប់​​ពីថៃ​បើកការ​ឈ្លាន​​ពាន​មក​លើ​​ដែន​​អធិប​តេយ្យ​​​ភាពកម្ពុជា ​ក្នុង​រយៈ​ពេល​២១​ថ្ងៃ​ចុង​ក្រោយ​នេះ វាចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវតែលុប​បំបាត់​​អំពើ​ពុករលួយ ​បក្ខពួក​និយម ហើយ​ត្រូវ​ធ្វើកំណែ​​ទម្រង់​​រដ្ឋបាល​សាធារណៈ​​ និង​អភិបាល​កិច្ចល្អ ដើម្បី​​ដឹកនាំ​​និងគ្រប់គ្រង​​​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាពខ្លាំង។

លោកថា៖«ក្នុង​សណ្តាប់​ធ្នាប់​បែបថ្មី​ក្នុងការ​គ្រប់​គ្រងរដ្ឋ​សេដ្ឋកិច្ច​ខ្លាំង ​​ទាក់​ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​ត្រូវ​តែ​​​បញ្ចប់​ ហើយ​អភិបាល​កិច្ច​នៃកំណែទម្រង់​រដ្ឋបាល​សាធារណៈ ​ក្នុងការ​ដឹកនាំ​ឱ្យប្រទេសខ្លាំង​រឹង​មាំ គឺ​បញ្ហា​ការ​ពារ​ជាតិ ​ដើម្បី​​​រក្សា​​អធិប​តេយ្យ​ភាព​បូរណ​ភាព​​ទឹ​ក​ដី​ ​​ទៅ​លើ​​បញ្ហា​​ជា​ច្រើ​ន​​ដែល​​​យើង​​ត្រូវ​ធ្វើ ​ទី១​កំណែ​ទម្រង់​​រដ្ឋបាល​​សាធារណៈ ដែល​​មន្ត្រីរា​ជ​ការ​​ កងក​ម្លាំង​​ប្រដាប់​​អាវុធ ​ក្រសួង​​​​ស្ថាប័ន​ហ្នឹង​​វា​ស្អេក​ស្កះ​ពេក​​ ​កាល​ណា​​វា​ស្អេក​ស្កះ​​ទៅ​ ​​វាមិ​ន​​បាន​​​ធ្វើឱ្យ​​ប្រទេស​​ជាតិ​​ហ្នឹង​​ មាន​​​លំនឹ​ង​​សេដ្ឋ​កិច្ច​ លំនឹង​ជីវភាព​លំនឹង​នៃ​ការ​​ដឹក​នាំ​ប្រទេស ​វាបែរ​ទៅ​​​ជា​គេ​ហៅ​​​​​ថា រដ្ឋា​ភិបាល​​ក្បាល​ធំជាង​ខ្លួន​ ក្រសួង​ស្ថាប័នហ្នឹង​​វា​មិន​​ដឹ​ង​ថា​មាន​​សណ្តាប់​​ធ្នាប់​​យ៉ា​ង​ណា​ ដើម្បី​ឱ្យ​មាន​របៀប​ដឹកនាំ ការងារ​មាន​វិន័យ មាន​សណ្តាប់​ធ្នាប់​ ហើយ​បំបាត់​នូវ​អំពើ​​ពុក​រលួយ​ បក្ខពួក ​គ្រួសារ​និយម​​ទៅ ​​យើងមានរដ្ឋបាលសាធារណៈ ​ក្នុងការ​អភិបាល​កិច្ច​ល្អ ​វាបាត់​អំពើ​​ពុក​រលួយ ​វាបាត់​បក្ខពួកគ្រួសារ​»។

វីអូឌី ​មិន​អាច​ទាក់ទងលោក ​ប៉ែន បូណា ប្រធានអង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថា​ធិប្បាយ​​លើ​​បញ្ហា​​នេះ​​បាន​ទេ​នៅ​ថ្ងៃទី​៥មក​រានេះ។

យ៉ាងណាក្តី ​បើ​ទោះ​បី​ជាមាន​ការ​ជំរុញ​ជាញឹកញាប់ ​ឱ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ចំនួន​​ក្រសួង ​កាត់​បន្ថយ​ចំនួន​​មន្ត្រី​​ដ៏ច្រើន​​នៃរដ្ឋាភិបាល​ ដែលមាន​ក្បាល​ធំសំពីង​សំពោង ចាយ​ថវិកា​ជាតិ​ច្រើន​​ខ្ជះ​ខ្ជាយ​យ៉ាង​ណា​​​ក្តី​ក៏​រហូត​​មក​ដល់​ពេល​នេះ គេមិន​ឃើញ​មាន​សញ្ញាណាមួយ ​ដែល​រដ្ឋាភិបាល​បាន​បង្ហាញពីឆ្ទៈ​ក្នុង​ការ​ធ្វើ​កំណែ​​ទម្រង់​ ​ដើម្បី​អាច​ធ្វើឱ្យកម្ពុជា​​ខ្លាំងនោះទេ។

លោក ​ប៉ែន បូណា ​បាន​ថ្លែងកាលពីពេល​ថ្មីៗនេះ ​ដោយ​ហាក់​ការពារ​រដ្ឋាភិបាល​​ដែល​មាន​ក្រសួង​ច្រើន ​និង​មន្ត្រី​​ច្រើន​ ហើយ​​ចាយថវិកា​ជាតិ​ច្រើននេះ។

លោកថា៖ «ទម្រាំនឹងយើងបានមានសាលារៀនល្អ យើងមានមធ្យោបាយ​ធ្វើដំណើរ​ ​យើងមាន​អាហារហូប​​ចុកគ្រប់​គ្រាន់ ភ្នំពេញ​យើង​ជិះ​ទៅចង្អៀត​រកកន្លែងធ្វើដំណើរ​មិន​បាន​រាល់​ថ្ងៃ​​នេះ នឹង​ហើយជាផ្លែ​ផ្កា​ដែលកើត​ចេញ​ពីរាជរដ្ឋា​ភិបាលដែលយើង​កំពុងគិត​ថា ខ្លួន​តូច​ក្បាល​ធំ ហើយ​អ្នក​ណាជា​ស្ថាបត្យករ​ក្នុង​ការ​ចាត់​ចែង​រឿងហ្នឹង គឺ​សម្តេច​តេជោ ហ៊ុន សែន ចឹង​ត្រូវ​មើល​អា​ហ្នឹង​ឱ្យឃើ​ញ​បាន​​យើង​ដឹ​ងថា​មាន​តម្លៃយ៉ាង​ម៉េច»

នៅពេល​មាន​សង្គ្រាម​ឈ្លានពាន​ពីថៃ​ចំនួន​២លើក​​ក្នុង​ឆ្នាំ​២០២៥​នេះ មាន​​ការ​បង្ហោះ ​និង​ចែក​ចាយ​​ពីទុក្ខ​លំបាក​​យ៉ាងខ្លាំង​របស់​កងទ័ព​ជួរមុខ​ សូម្បី​តែ​អាហារ​ទឹក​ក៏ពុំ​មាន​ហូប​ពុំមាន​ផឹក​​គ្រប់គ្រាន់​ សម្លៀក​បំពាក់​រយីក​រយាក​ ​កង​ទ័ព​​​ខ្លះ​​ត្រូវ​គេបាញ់​សុះ​ខ្លួន ​ដោយ​សារ​ពុំមាន​អាវក្រោះ​​ពាក់​ការពារ​គ្រាប់​ សម្លៀក​បំពាក់​រយីក​​រយាក​ ​ពាក់​ស្បែក​ជើង​ផ្ទាត់​ជាដើម។ល។ សូម្បី​តែជំនួយ​របស់​សប្បុរសជន​​ជួរ​ក្រោយ​ ដែល​ផ្ញើ​ជូន​ដល់​​កងទ័ព​ជួរ​មុខ​ ក៏ភាគតិច​ណាស់​ដែល​បាន​ដល់​ដៃ​កងទ័ព​ជួរមុខ ដោយ​សារ​តែអំពើ​​ពុក​រលួយ​របស់​មន្ត្រី​យោធា និង​មន្ត្រី​អាជ្ញាធរមួយ​ចំនួន​។

មន្ត្រី​យោធាកងទ័ព​ជើង​គោកម្នាក់ ​ធ្លាប់​បានប្រាប់វីអូឌីក្នុង​​លក្ខខណ្ឌ​​មិន​បញ្ចេញ​​ឈ្មោះ​​កាលពីពេល​ថ្មីៗ​​នេះ​ថា នៅ​ពេល​ដែល​ថៃ​បើក​ការ​ឈ្លានពាន​​ទឹកដី​កម្ពុជា គេរកឃើញ​ទាហាន​​ឈ្មោះ​​ខ្មោ​ច​​​ជាង ​​៦០០​នាក់​ដែល​​​មាន​ឈ្មោះ​​បើកប្រាក់​ខែ ​ប៉ុន្តែមិន​មាន​ទាហាន​ពិតប្រាកដនោះ​ទេ។

លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​​ និង​ជាអ្នក​វិភាគ ​បាន​សរសេរលើ​បណ្តាញ​សង្គម​របស់លោក​​ថា ឪពុក​របស់​លោក​​ជានាយទាហានក្នុង​រដ្ឋាភិបាល​លោក​លន់ ណុល ហើយធ្លាប់និយាយប្រាប់លោក​ថា កាលពី​សម័យសាធារណរដ្ឋខ្មែរពី​ឆ្នាំ​១៩៧០ ដល់ឆ្នាំ​១៩៧៥ កង​ទ័ព​លោក​លន់ ណុល ច្បាំង​ចាញ់​ខ្មែ​រក្រ​ហម​ដោយ​​សារ ​ទី​១ ទាហាន​​ហ្វិក​ហ្វឺន​តិច​តួច​​ពេ​ល​បញ្ជូនទៅសមរភូមិ និង​ទី​២ ទាហាន​មាន​តែចំ​នួន​តួលេ​ខ​ តែមនុស្ស​មិន​គ្រប់ ឧទាហរណ៍​គេប្រ​កាស​ថា បញ្ជូន​​ទាហាន ​៥០០ នាក់ ទៅស​មរភូមិ ប៉ុន្តែ​​ចំនួន​ពិត​មាន​តែ២៥០ ឬ​៣០០​នាក់​ប៉ុណ្ណោះ​ ។

សម្រាប់ ​លោក ​វន ចាន់ឡូត ជាអ្នក​សិក្សាផ្នែកច្បាប់ ថ្លែងថា៖ «គួរបញ្ឈប់ទៅរដ្ឋាភិបាលក្បាល​ធំ ហើយជាក្បាល​ទាទៀត​ចាក់ទឹកមិនជ្រាប»

លោក​ថា ប្រសិនបើសង្គ្រាមពីរលើកក្នុង​ឆ្នាំ​២០​២៥​នេះ មិនអាចឱ្យកម្ពុជាផ្លាស់ប្ដូរខ្លួនឯងទេ មានន័យថា កម្ពុជា​នឹងប្រឈមទៅនឹងការបាត់បង់ប្រទេស​ទាំងស្រុង។ លោក​បន្តថា ការឈ្លានពានពីសំណាក់ប្រទេសថៃ​នាពេលចុងក្រោយនេះ ស្ដែងឱ្យឃើញថា មកពីខ្មែរស្ថិតនៅក្នុងស្ថានភាពនៃការ​​បែកបាក់ជាតិ យកការដឹក​នាំ​អាស្រ័យលើបុគ្គល។ ដោយមើលឃើញពីចំណុចខ្សោយនេះហើយ មហិច្ឆតាឈ្លានពាន​របស់​សៀម​អាចសម្រេចបានយ៉ាងលឿន និង​សបញ្ជាក់ថា អំណាចបែបបុគ្គលនិយម​របស់​គ្រួសារហ៊ុន ​មិនអាចការ​ពារជាតិ ទឹក​ដី ​និងសេចក្ដីសុខ​សាន្ដរបស់ពលរដ្ឋបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ