អ្នកតាមដាន ព្រមានថា ដីខ្មែរតាមបន្ទាត់ព្រំដែនដែលថៃឈ្លានពានបាន ក្នុងសង្គ្រាម២១ថ្ងៃថ្មីៗនេះ នឹងបាត់បង់ជារៀងរហូត រីឯជនស៊ីវិលរាប់ម៉ឺនគ្រួសារ ក៏មានអនាគតមិនច្បាស់លាស់ បើរដ្ឋាភិបាលគ្រួសារហ៊ុនអះអាងថា ព្រំដែនកម្ពុជាជាប្លង់រឹង តែមិនព្រមប្រើយន្តការអន្តរជាតិប្តឹងថៃ ដើម្បីទាមទារដីទាំងនោះយកត្រឡប់មកវិញ ឱ្យបានទាន់ពេលទេនោះ។
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ថ្មីមួយ តវ៉ាទៅនឹងរដ្ឋាភិបាលថៃ និងប្រាប់ទៅសហគមន៍ជាតិ និងអន្តរជាតិថា ថៃបន្តសកម្មភាពគឃ្លើនខាងប្រើកម្លាំងប្រដាប់អាវុធ រំលោភបូរណភាពទឹកដីរបស់កម្ពុជា ក្រោយពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សម្រាប់កម្ពុជា ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែង លើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា យ៉ាងតិច១៤តំបន់ នៅខេត្តចំនួនបួន។
តំបន់ដែលថៃឈ្លានពានកាន់កាប់ ក្នុងខេត្តបន្ទាយមានជ័យ មានភូមិព្រៃចាន់ ភូមិជោគជ័យ តំបន់បឹងត្រកួន។ ខេត្តពោធិ៍សាត់ នៅតំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា។ ខេត្តព្រះវិហារ នៅតំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ រីឯខេត្តឧត្តរមានជ័យ នៅតំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។
ប្រភពនោះគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនខាងលើរបស់កម្ពុជា»។
លើសពីនេះ កម្ពុជាចាត់ទុកថា ការកាន់កាប់ទឹកដីកម្ពុជា ដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយកម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាន គឺជាការរំលោភយ៉ាងជាក់ច្បាស់ ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងមាត្រា២ (៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះស្រាយជម្លោះតាមសន្តិវិធី និងហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដី នៃរដ្ឋមួយផ្សេងទៀត។
យ៉ាងណាសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយនោះ មិនបានបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលកម្ពុជា កំណត់ថ្ងៃជាក់លាក់ ដើម្បីប្រឹងថៃទៅតុលាការអន្តរជាតិ ជុំវិញទង្វើថៃឈ្លានបូរណភាពទឹកដីខ្មែរនេះទេ។
បន្ទរតាមពីក្រោយនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយថា ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា មានមូលដ្ឋានច្បាស់លាស់ និងរឹងមាំ ដែលការពារដោយច្បាប់អន្តរជាតិ ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាខ្សែព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការឥណ្ឌូចិន-សៀម។
លោកបន្តថា ទាំងអស់នេះ គឺជាមូលដ្ឋានច្បាស់លាស់ដ៏រឹងមាំ សម្រាប់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដែលមានន័យថា កម្ពុជាមានប្លង់រឹង ដែលការពារដោយច្បាប់អន្តរជាតិ ដែលគ្មានអ្នកណាបំពានបានឡើយ។
លោកថា៖ «ព្រំដែនកម្ពុជា–ថៃ គឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដល់គណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដោយផ្អែកទៅលើអនុសញ្ញា សន្ធិសញ្ញាបារាំង–សៀម ផ្អែកលើផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន–សៀម ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានេះ គឺជាមូលដ្ឋានរឹងមាំនិងច្បាស់លាស់ សម្រាប់ការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីរបស់យើង ដែលអាចនិយាយបានថា កម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិ»។
តែយ៉ាងណា ក្រុមអ្នកតាមដានព្រមានថា ទឹកដីខ្មែរ ដែលថៃបានគ្រប់គ្រងមួយផ្នែកក្នុងខេត្តចំនួន៤ ក្រោយសង្គ្រាមជាង២០ថ្ងៃនេះ អាចនឹងបាត់បង់ទៅថៃជារៀងរហូត ក្នុងអាណត្តិនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនប្រើយន្តការអន្តរជាតិ ប្ដឹងថៃជុំវិញការរំលោភបំពានមកលើកម្ពុជា រួមទាំងធ្វើឱ្យជនស៊ីវិលស្លាប់ និងរបួសជាង១០០នាក់ រួមទាំងជនភៀសសឹករាប់ម៉ឺននាក់ផងនោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ តែងតែពោលពាក្យកុហកបោកប្រាស់ពលរដ្ឋខ្មែរគ្នាឯង ជាក់ស្ដែងគឺរឿងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប៉ុន្តែបានត្រឹមជូនដំណឹងទៅវិញ ដោយរកលេសផ្សេងៗមិនព្រមប្ដឹងថៃ។
លោកបន្តថា សង្គា្រមថៃឈ្លានពានជាង២០ថ្ងៃ ដែលបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីជាង២០ទីតាំង តាមបណ្ដោយព្រំដែននេះ បើកម្ពុជានៅតែបន្តចរចាទ្វេភាគីជាមួយថៃ ដោយមិនប្រញាប់រៀបចំឯកសារប្ដឹងថៃ ទៅតុលាការយុត្តិធម៌ ICJ រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទេនោះ នោះកម្ពុជានឹង បាត់បង់ទឹកដីដែលថៃកំពុងគ្រប់គ្រងទាំងស្រុង ជារៀងរហូត ។
លោកសង្កត់ធ្ងន់ថា ដូច្នេះដើម្បីដាក់សម្ពាធថៃឱ្យព្រមប្រគល់ដែនដីខ្មែរ ដែលខ្លួនបានរំលោភយកទាំងខុសច្បាប់នោះមកវិញ រដ្ឋាភិបាលកម្ពុជា ដាច់ខាតត្រូវតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិទាំងនេះ។
លោកថា៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រមប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិICJទេ អ្វីដែលជាហានិភ័យ និងធ្វើឲ្យបាត់បង់ទឹកដីចំនួន២៨តំបន់ ដែលថៃកំពុងកាន់កាប់ទឹកដីខ្មែរ ហើយប្រជាពលរដ្ឋខ្មែរ ដូចជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ហ្នឹង បាត់ដីស្រែចម្ការផ្ទះសម្បែងរបស់ពួកគាត់ យើងគ្មានជម្រើសអីផ្សេង ក្រៅពីការប្ដឹងថៃទៅICJនោះទេ បើចរចាទ្វេភាគីយើងមិនអាចយកទៅដីហ្នឹងបានមកវិញ ប្រទេសថៃមិនប្រគល់ឲ្យនោះទេ ហើយបើយើងច្បាំងគ្នាបន្តទៀត យើងមើលទៅសង្គ្រាម២១ថ្ងៃ គឺយើងចាញ់ប្រៀបថៃច្រើន រហូតដល់ធ្វើឲ្យបាត់បង់ទីតាំងជាច្រើន ដូច្នេះនៅពេលដែលសព្វាវុធយើងទន់ខ្សោយជាងថៃ ដោយសារតែអំពើពុករលួយ ទើបធ្វើឲ្យយើងមិនអាចឈ្នះតាមរយៈការច្បាំងគ្នាទេ»។
ដោយឡែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ថា ការអះអាងរបស់កម្ពុជាតែម្ខាងថា និងដឹងឮត្រឹមពលរដ្ឋខ្មែរ ថាកម្ពុជាមានប្លង់រឹង អាចការពារដែនអធិបតេយ្យកម្ពុជាបាន ដោយមិនស្វែងការជំនួយការទូត ពីច្បាប់អន្តរជាតិ គឺមិនគ្រប់គ្រាន់ទេ ដោយថៃមិនព្រមប្រគល់ឱ្យកម្ពុជាវិញឡើយមើលគ្មានសម្ពាធពីអន្តរជាតិទេនោះ។
លោកថា កាលៈទេសៈនេះ កម្ពុជា ត្រូវតែបង្ហាញប្លង់រឹងដែលខ្លួនមានទៅកាន់តុលាការអន្តរជាតិ ដើម្បីឱ្យគេសម្រេចកាត់សេចក្ដីទើបត្រឹមត្រូវ ទើបកម្ពុជាមានសង្ឃឹមក្នុងការទាមទារមកវិញ នៅដែនអធិបតេយ្យកម្ពុជាមកវិញបាន។
លោកថា៖ «បើកម្ពុជាអះអាងពីប្លង់រឹងតែកុំតែម្នាក់ឯងឯ អះអាងពីប្លង់រឹងប្រាប់ទៅប្រជាពលរដ្ឋខ្លួនឯង ធ្វើម៉េចឲ្យថៃប្រគល់ទឹកដីខ្មែរ ដែលខ្លួនគេកាន់កាប់ដណ្តើមកាន់កាប់ឈ្លានពាន កាន់កាប់ហ្នឹងឱ្យខ្មែរវិញបាន អ៊ីចឹងប្លង់រឹងរបស់កម្ពុជាត្រូវហើយ បង្ហាញប្លង់រឹងទៅអន្តរជាតិតាមនយោបាយការទូតដែលមានស្រាប់ហើយនឹងបង្ហាញប្លង់រឹងទៅតុលាការអន្តរជាតិ ដើម្បីឲ្យគេជួយការពារប្លង់រឹងរបស់កម្ពុជាហ្នឹងគ្រប់គ្រាន់ហើយនៃដំណោះស្រាយហ្នឹង វាជាដំណោះស្រាយងាយបំផុតដែលកម្ពុជាគួរគប្បីត្រូវធ្វើជាបន្ទាន់»។
ជាមួយគ្នានេះ ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីអមរិន្ទ លោក សុក សំអឿន បានលើកឡើងថា យោងតាមកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយនេះ មូលហេតុដែលថៃព្រមចុះហត្ថលេខាឈប់បាញ់នេះ គឺដោយសារមានកថាខណ្ឌដែលចែងថា ក្រោយបទឈប់បាញ់ ភាគីណានៅខាងណា គឺត្រូវឈប់សកម្មភាពទាំងអស់ ហើយដែលថៃបានយល់ថា វានឹងចំណេញពីសង្រ្គាមនេះ ដោយសារវាបានដណ្តើមបានដីមួយចំនួន ដូចដែលក្រសួងការបរទេសកម្ពុជាបានប្រកាស។
លើសពីនេះ លោកថា ប៉ុន្តែនៅកថាខណ្ឌចុងក្រោយនៃកិច្ចព្រមព្រៀង មានចែងថា វិវាទព្រំដែនត្រូវធ្វើការដោះស្រាយតាមច្បាប់អន្តរជាតិ ដែលមានន័យថា រឿងព្រំដែនត្រូវធ្វើទៅតាមច្បាប់អន្តរជាតិ ដែលកិច្ចព្រមព្រៀង បារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និង MOU ឆ្នាំ២០០១ មិនមែនតាមរយៈការប្រើកម្លាំងទ័ពនោះទេ។
លោកបន្ថែមទៀតថា ប៉ុន្តែកាលបើមានការកាន់កាប់ដោយទ័ពបែបនេះហើយ គឺថៃប្រាកដជាមិនដកថយនោះទេ គឺលុះត្រាតែប្រើយន្តការអង្គការសហប្រជាជាតិ និងធ្វើឱ្យអន្តរជាតិប្រើសម្ពាធលើថៃខ្លាំងណាស់។ ដូចនេះ ប្រសិនបើថៃមិនព្រមដកទ័ព និងប្រើយន្តការគណកម្មការដោះស្រាយវិវាទព្រំដែននោះទេ គឺមានតែប្រើយន្តការអង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិហើយ៕









