ពលរដ្ឋថាថៃ​កម្ទេច​ផ្ទះ​នៅ​ភូមិ​ជោគ​ជ័យ​​អស់​ជាង​៤០០​ខ្នង​និង​​ពង្រីក​​ឈ្លាន​​ពាន​​​ចូល​​​​​ដី​​​​ខ្មែរ​​​បន្ថែម​​​ទៀត

ពល​រដ្ឋ​ខ្មែរ ឱ្យ​ដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា យោធា​​ថៃ​​បន្ត​​ឈូស​​កម្ទេច​​ផ្ទះ​​ពលរដ្ឋ​​​នៅ​​​ភូមិ​​ជោគ​ជ័យ ឃុំអូ​របី​ជាន់ ស្រុក​អូរជ្រៅ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​​ជ័យ ​អស់​​ជាង ៤០០​ខ្នង និង​​ពង្រីក​​សកម្ម​ភាព​​ឈ្លាន​​ពាន​​រំកិល​​ចូល​​​ដី​​ខ្មែរ​ កាន់​​​តែ​​ជ្រៅ​ ដោ​យ​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ ​មិន​ឱ្យ​វិល​ទៅ​កាន់​លំនៅឋាន​វិញ​ឡើយ បើ​ទោះ​បី​ជាក្រសួងការបរទេស​កម្ពុជា​ បាន ​ចេញ​សេចក្តីថ្លែងការណ៍ តវ៉ា​ឱ្យភាគ​ថៃ​បញ្ឈប់ការរំលោភបំពាននេះក្តី។

បើតាមពលរដ្ឋ គិត​ត្រឹម​ថ្ងៃ​ទី៥ ខែ​មករា​​នេះ យោធា​​​ថៃ​​បន្ត​​សម្រុក​​បញ្ជូន​​កង​​ទ័ព​​ឈរ​​ជើង​​លើ​​ដី​​ខ្មែរ​ ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ អម​ដោយ​គ្រឿង​ចក្រ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​ខ្មែរ​កាន់​តែ​ចូល​ជ្រៅ។ បន្ថែម​ពី​នេះ​​ទៀត​ យោធា​ថៃ​ បាន​កម្ទេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ដី​ខ្មែរ ​ដែល​ដណ្ដើម​បាន​ក្នុង​រយៈ​ពេល​ ២១​ថ្ងៃ និង​​ព័ទ្ធ​​បន្លា​លួស គំរាម​​កំហែង​​ពលរដ្ឋ​​ខ្មែរមិន​​ឱ្យ​​វិល​​ទៅ​​កាន់​​លំនៅ​ឋាន​​វិញ​​ឡើយ។

ពលរដ្ឋ​រង​គ្រោះ​រស់​នៅ​ភូមិ​ជោគជ័យ​ ខេត្តបន្ទាយមានជ័យ លោក ចាន់ បូនី ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា​​ថា​ ផ្ទះ​​របស់​​លោក​​ទើប​សាងសង់​ថ្មី​ថ្មោង ចំណាយ​អស់​ជាង ៤ម៉ឺនដុល្លារ ​ត្រូវ​យោធាថៃ​ឈូស​កម្ទេច​ចោល​ ហើយ​ទ្រព្យ​​សម្បត្តិ​​ក៏​បាត់បង់​អស់​ដែរ ​កាល​ពី​ចុង​ខែ​ធ្នូ ​ឆ្នាំ​២០២៥។

លោក​ថា ពេល​នេះ​ពលរដ្ឋ​រស់​នៅ​ភូមិ​ជោគជ័យ​ជាង ៧០០គ្រួសារ និង​ភូមិ​ព្រែ​ចាន់ ជាង ២៧០​គ្រួសារ មិន​ទាន់​ហ៊ាន​​វិល​ត្រឡប់ ទៅ​លំ​នៅឋាន​វិញ​ឡើយ​បាន​ត្រឹម​​ឈរ​សម្រក់​ទឹក​ភ្នែក​ស្តាយ​ស្រណោះ​ផ្ទះ​សម្បែង​ និង​ភូមិ​កំណើត​ពីចម្ងាយ។

លោក ចាន់ បូនី និយាយ​ថា៖ «វា​ព័ទ្ធ​ភូមិ​យើង​វា​យក​កុង​តឺន័រ​ដាក់​ វា​ប្រុង​តែ​វាទ​ទី​​ដូច​​ថា ថ្ងៃ​​នេះ​​​វា​​ព័ទ្ធ​ត្រឹម​​នេះ​​អីចឹង​​​​ស្អែក​ឡើង​វា​លាត​កុងតឺន័រ​បន្ថែម​ទៀត។ សកម្មភាព​វា​អត់​ឈប់​ទេ វា​បង្ខិត​រាល់​ថ្ងៃ គ្រឿង​ចក្រ​​ប្រដាប់​អាវុធ ត្រៀម​​រហូត​​ វា​អត់​ស្ងាត់​ទេ»។

អ្នក​ភូមិ​ព្រៃ​ចាន់​ថា មក​ទល់​ពេល​នេះ ​ផ្ទះ​របស់​អ្នកភូមិជោគជ័យ​ជាង ៤០០ខ្នង ត្រូវ​យោធា​ថៃ​ឈូស​កម្ទេច​អស់ក្លាយ​​ជា​វាល​ ហើយ​​បញ្ជូន​ទូកុងតឺន័រ​ហ៊ុមព័ទ្ធ​យក ​ព្រម​ទាំង​គំរាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​តំបន់​ឡើយ។

បន្ថែម​​ពី​នេះ​ទៀត​ រយៈ​ពេល​ជិត ១​សប្តាហ៍​ចុង​ក្រោយ​នេះ​ យោធា​ថៃ​បាន​រំកិល​ទូ​កុងតឺន័រ​ ចូល​ដី​ខ្មែរ​ហួស​វត្ត​ព្រៃ​ចាន់ និង​​បាន​ដោត​ទង់​ជាតិ​ថៃ ​នៅ​តំបន់​ដែល​ពួកគេ​កំពុង​កាន់កាប់​ជាក់ស្តែង។

ថ្មីៗ​នេះ ​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ញើ«កំណត់​ទូត»តវ៉ា​យ៉ាង​ខ្លាំង​​ទៅ​កាន់​ភាគី​ថៃ ​ដើម្បី​ប្រឆាំង​សកម្មភាព​បំពាន​ដោយ​​​ដាក់ទូ​កុងតឺន័រ​រាយ​​បន្លា​លួស ​និង​ដោត​ទង់​ជាតិ​ថៃ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ចេញ​​ផ្សាយ​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា​​ថា រាជ​​រដ្ឋាភិ​បាល​​កម្ពុជា ​បន្ត​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​ការ​ឈរ​ជើង​ និង​កាន់កាប់​ជាក់​ស្តែង​ដោយ​កង​កម្លាំង​យោធា​​ថៃ​លើ​ទឹក​ដី​កម្ពុជា ក្នុង​តំបន់​មួយ​ចំនួន​តាម​បណ្ដោយ​ព្រំដែន​ ថា​ជា​អំពើ​ខុសច្បាប់​អន្តរជាតិ។

លោកថា ​កម្ពុជា​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ហើយ​​កម្ពុជា​ប្រកាន់​ជំហរ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​​បន្សល់​ទុក​ ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម ហើយ​​គោរព​អនុ​សញ្ញា សន្ធិ​សញ្ញា​បារាំង-សៀម។

លោក ប៉ែន បូណា ថ្លែង​ថា៖ «កម្ពុជា​ប្រកាន់​ជំហរ​ម៉ឹងម៉ាត់​ ក្នុងការ​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន​​អន្តរជាតិ​កម្ពុជា-ថៃ​ បន្សល់​​ទុក​គណៈកម្មាធិការ​​ព្រំដែន​ឥណ្ឌូចិន-​សៀម ​ដោយ​​គោរព​​ច្បាប់​​អន្តរ​ជាតិ គោល​ការណ៍​​​ខ្សែ​​ព្រំដែន​​មិន​​កែ​ប្រែ គោរព​​អនុ​សញ្ញា​ សន្ធិ​សញ្ញា និង​គណៈកម្មាធិការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន​-សៀម»

ជុំវិញ​រឿងនេះ ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់​ថា​ រដ្ឋាភិបាល​គួរ​ពន្លឿន​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​សហ​ប្រធាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​​ឆ្នាំ​​១៩៩១ ដើម្បី​ទាម​ទារ​​ដី​​​ដែល​ថៃ​​កំពុង​​គ្រប់​គ្រង​​ខុស​ច្បាប់ ជា​ពិសេស​ទាមទារ​សំណង​ខូច​​ខាត​ ពី​ភាគី​ថៃ​ដោយសារ​សង្គ្រាម​កន្លង​ទៅ​នេះ។

លោកថា៖ «នៅ​ពេល​មិន​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ និង​សហ​ប្រធាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ឆ្នាំ ១៩៩១។ ខ្ញុំ​យល់​ថា​ ដី​ដែល​ថៃ​គ្រប់គ្រង​ប្រាកដ​ជា​មិន​អាច​ទាមទារ​បាន​វិញ​ទេ នឹង​បាត់​ទៅ​ភាគី​ថៃ»

អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​ លោក អ៊ិន គង់​ជិត សង្កេត​​ឃើញ​​ថា យោធា​ថៃ​បំពាន​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់ ​ដោយ​បន្ត​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ និង​ទូ​កុងតឺន័រ​រំកិល​ចូល​ដី​ខ្មែរ​ជា​បន្ត​បន្ទាប់។

លោក​ថា ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃចាន់​ ភូមិ​​ជោគជ័យ និង​តំបន់​បឹង​ត្រកួន ​នៅ​តែ​មិន​អាច​វិល​ទៅ​លំនៅឋាន​វិញ ​ហើយ​​​កំពុង​រស់​នៅ​យ៉ាង​លំបាក​លំបិន​ក្នុង​ជំរំ។

លោក អ៊ិន គង់ជិត និយាយថា៖ «ប្រជាជន​នៅ​តំបន់​ខ្លះ​គាត់​វិល​ត្រឡប់​ទៅ​វិញ​ កន្លែង​មាន​សុវត្ថិភាព​ខ្លះ​ តែ​គាត់​នៅ​​គិត​ព្រួយ​បារម្ភ​រឿង​ការ​ស្តារ​​ជីវភាព​រស់​នៅ​ឡើយ​វិញ »

ក្នុង​តំបន់​បឹង​ត្រកូន​ដែល​យោថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​ភូមិ រួម​មាន​ ​ភូមិ​បន្ទាយ​មាន​ឫទ្ធិ​ ភូមិ​ផ្លូវ​បំបែក ភូមិ​ត្រពាំង​សំរោង និង​ភូមិ​សាមគ្គី  ក្នុង​ឃុំ​គោក​រមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ។ រីឯ​ភូមិ​​ព្រៃចាន់ និង​​ភូ​មិ​​ជោគ​ជ័យ​​ដែល​​មាន​​ផ្ទះ​​ពលរដ្ឋ​​ជិត ១ពាន់​ខ្នង​ ស្ថិត​​​ក្នុង​​ឃុំ​​អូរ​បី​ជាន់ ស្រុក​​អូរជ្រៅ​ ខេត្ត​​បន្ទា​យ​មាន​ជ័យ ក៏​យោធា​ថៃ​​​ព័ទ្ធ​​យក​ទាំង​មូល​ដែរ ដោយ​បាន​ពង្រាយ​ទូ កុងតឺន័រ​រាំង​​ខ្ទប់​ផ្លូវ​ និង​រាយ​បន្លា​លួស​​​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ចូល​ឡើយ។

របាយការណ៍​ក្រសួង​ការពារ​ជាតិ ​បង្ហាញ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ២០២៦ មាន​​​​​ជន​ភៀ​ស​សឹក​ជាង ២ម៉ឺន ៥ ពាន់​​នាក់ (​​២៥ ៤០៧នាក់​) ​​បន្ត​វិល​ទៅ​លំនៅឋាន​វិញ ​ ក្នុង​ចំណោម​ជន​ភៀស​សឹក​សរុប​ជាង ​​៦សែន៤ម៉ឺន​នាក់ ​បន្ត​ស្នាក់​នៅ​ជំរំ​សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ