ពិភពលោកបញ្ចេញ​ប្រតិកម្ម​ចម្រុះ​ចំពោះ​អាមេរិក​ដែល​បាន​ចាប់​ខ្លួន​មេដឹក​នាំ​វេណេ​ស៊ុយ​អេឡា

បណ្តា​ប្រទេស​ភាគ​ច្រើន​នៅ​លើ​ពិភព​លោក បាន​ថ្កោល​ទោស​សហរដ្ឋ​អាមេរិក​ចំពោះការ​ប្រើ​យន្ត​​ហោះ​ ចូល​ទៅ​ទម្លាក់​​គ្រាប់​បែក​លើ​ទឹក​ដី​ប្រទេស​វេណេ​ស៊ុយ​អេឡា និង​ចាប់​ខ្លួន​ លោក ម៉ាឌូរ៉ូ មេដឹកនាំ​ផ្តាច់​ការ​របស់​ប្រទេស​នេះ កាល​ពី​យប់​រំលង​អាធ្រាត្រ​ ឈាន​ចូ​ល​ថ្ងៃ​ទី​៣ខែ​មករា​ថា ជា​ការ​ដើរ​រំលង​បន្ទាត់​ច្បាប់​អន្តរ​ជាតិ​ ដែល​មិន​អាច​ទទួល​យក​បាន។ មាន​តែ​ប្រទេស​អ៊ីស្រា​អែល អេក្វា​ទ័រ អាហ្សង់​ទីន​ទេ ដែល​គាំទ្រ​ចំណាត់​ការ​របស់​លោក ដូណាល់ ត្រាំ  ចំណែក​​បណ្តា​ប្រទេស​​ផ្សេង​ទៀត បាន​បញ្ចេញ​ប្រតិ​កម្ម​ដោយ​ប្រយ័ត្ន​ប្រយែង និង​កំពុង​តាម​ឃ្លាំ​មើល​ស្ថាន​ការណ៍​ដោយ​យក​ចិត្ត​ទុក​ដាក់។

ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា៖ «ប្រទេសចិន​ មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង និង​សូម​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​បាយ​របស់​សហរដ្ឋ​អា​មេរិក ប្រឆាំង​នឹង​ប្រទេស​ដែល​មាន​អធិប​តេយ្យ​ភាព​មួយ និង​ការ​ប្រើ​​ប្រាស់​កម្លាំង​បាយ​ប្រឆាំង​នឹង​ប្រធានាធិបតី​នៃ​ប្រទេស​មួយ»។

ជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ី ដែលបានលើកទ័ពចូលឈ្លានពាន​ប្រទេសអ៊ុយក្រែន ក៏​បាន​ថ្កោល​ទោស​អាមេរិក​ផង​ដែរ​ថា សហរ​ដ្ឋ​អាមេរិក​ បាន​ប្រព្រឹត្ត​អំពើ​ឈ្លាន​ពាន​ដោយ​អាវុធ ប្រឆាំង​នឹង​ប្រទេស​វេណេ​ស៊ុយ​អេឡា។ នេះ​គឺ​ជា​រឿង​ដែល​គួ​រឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​គួរ​ឱ្យ​ថ្កោល​ទោស​បំផុត។

វិមានក្រឹមឡាំងបញ្ជាក់ថា៖ «លេស​ដែល​ត្រូវ​បាន​ប្រើ ដើម្បីប​ង្ហាញ​ហេ​តុ​ផល​សម​ស្រប​សម្រាប់​​សកម្ម​ភាព​បែប​នេះ គឺ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ឡើយ។ គំនុំ​មនោគមវិ​ជ្ជា​បាន​ឈ្នះ​លើ​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុង​អាជី​វកម្ម និង​ឆន្ទៈ ក្នុង​ការ​កសាង​ទំនាក់​ទំនង​ដែល​ផ្អែក​លើ​ទំនុក​ចិត្ត និង​ការ​ព្យាករណ៍ទុ​ក​ជាមុន​បាន។ នៅ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​ត្រូវទ​ប់ស្កា​ត់​ការ​រីក​រាល​ដាល​នៃជ​ម្លោះប​ន្ថែម​ទៀត និង​ត្រូវ​ផ្តោត​លើកា​រ​ស្វែង​រក​ច្រក​ចេញ​​ពីស្ថាន​ភាព​នេះ​ តាម​រយៈ​កិច្ច​សន្ទនា»។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ANTONIO GUTERRES បានលើក​ឡើង​ថា ព្រឹត្តិ​ការណ៍​​ទាំង​នេះ បង្កើត​ឱ្យមា​ន​ជាគំ​រូ​ដ៏គ្រោះ​ថ្នា​ក់មួ​យ។ អគ្គ​លេខា​ធិការ​នៅតែ​បន្តស​ង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​គោរព​គ្នា​ឱ្យ​បាន​ពេញ​លេញ ពី​សំណាក់​គ្រប់​ភាគី​ទាំងអស់ ចំពោះ​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​ធម្មនុញ្ញ​អង្គកា​រ​សហ​ប្រជា​ជាតិ​ផងដែ​រ។ លោក​មាន​ការព្រួ​យបា​រម្ភ​យ៉ាង​ខ្លាំង ដែល​វិធាន​នៃ​ច្បាប់​អន្តរ​ជាតិ​មិន​ត្រូវ​បាន​គេគោ​រព។

បន្ថែមពីនេះ ប្រធានាធិបតីបារាំង លោក EMMANUEL MACRON បាន​សរ​សេរ​នៅ​លើប​ណ្តាញ​សង្គម X ថា៖ «ការផ្ទេរ​អំណាច​ដែល​នឹង​ឈាន​ម​ក​ដល់ ត្រូវ​តែ​ប្រព្រឹត្ត​ទៅដោ​យ​សន្តិ​វិធី ប្រកប​ដោយ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​គោរព​តាម​ឆន្ទៈ​របស់​ប្រជាជន​វេណេ​ស៊ុយ​អេឡា។ យើងសង្ឃឹម​ថា ប្រធានាធិបតី Edmundo Gonzalez Urrutia ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ​២០២៤ នឹង​អាច​ធានា​ការ​ផ្ទេរ​អំណាច​នេះ ឱ្យ​បា​នឆា​ប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក KEIR STARMER និយាយថា៖ «ខ្ញុំ​ចង់​បញ្ជា​ក់​ពីអ​ង្គ​ហេតុ​ជាមុន​​សិន។ ខ្ញុំច​ង់​ជជែក​ជាមួយ​ប្រធានាធិបតី Trump។ ខ្ញុំច​ង់​ជជែក​ជាមួយ​បណ្តា​សម្ព័ន្ធ​មិត្ត។ ខ្ញុំអាច​និយាយ​បាន​យ៉ាង​ច្បាស់​បំផុត​ថា យើង​មិន​បាន​ចូល​រួម​ពាក់​ព័ន្ធ​នោះ​ទេ… ហើយ​ខ្ញុំ​តែង​តែ​និយាយ និង​ជឿជា​ក់​ថា យើង​ទាំង​អស់​គ្នា​គួរ​តែ​លើក​តម្កើង​ច្បាប់​អន្តរ​ជាតិ»។ នេះ​បើ​យោងតាម​សារព័ត៌​មាន​Reuter ។

ចំណែក អធិការបតីអាល្លឺម៉ង់ លោក FRIEDRICH MERZ បានមានប្រសាសន៍ថា ការ​វាយ​តម្លៃផ្លូ​វ​ច្បាប់​នៃ​ប្រតិ​បត្តិ​ការរ​បស់​សហរដ្ឋ​អាមេរិក មាន​លក្ខណៈ​ស្មុគ​ស្មាញ ហើយ​យើង​នឹង​ចំណាយ​ពេល​ដើម្បី​ពិនិត្យ​វាយ​តម្លៃវា​។ លោក​បន្ថែម​ថា គោល​ការណ៍​នៃ​ច្បាប់​អន្តរ​ជាតិ​ ត្រូវ​តែយ​ក​មក​អនុវត្ត។ លោកបានជំរុញថា ការផ្ទេ​រ​អំណាច​ទៅ​កាន់​រដ្ឋាភិ​បាល​មួយ​ដែល​ស្រប​ច្បាប់​តាម​រយៈកា​រ​បោះ​ឆ្នោត ត្រូវ​តែ​បាន​ធានា។

ក្រសួងការបរទេសជប៉ុន ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា៖ «ជប៉ុន​បាន​ផ្តល់​តម្លៃខ្ព​ស់​ជាយូរ​មក​ហើយ​ លើ​គោល​ការណ៍​គ្រឹះ​នៃសេ​រីភា​ព និង​ប្រជា​ធិប​តេយ្យ។ យើង​ក៏​បាន​ភ្ជាប់​សារៈ​សំខាន់​ជា​ជាប់​លាប់ ដល់​ការ​លើក​តម្កើង​គោល​ការណ៍​នៃ​ច្បាប់​អន្តរ​ជាតិ នៅក្នុ​ង​សហគម​ន៍អន្តរ​ជាតិ​ផង​ដែរ»។

ចំណែក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ANDRII SYBIHA ដែល​កំពុង​រង​គ្រោះដោយ​សារ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​​រុស្ស៊ី និយាយ​ថា៖ «”អ៊ុយ​ក្រែន​បាន​ការ​ពារ​ជានិច្ច​នូវ​សិទ្ធិ​របស់​ប្រជា​ជាតិ​ ក្នុង​ការ​រស់​នៅ​ដោ​យ​សេរី ផុត​ពី​របប​ផ្តាច់​ការ ការ​ជិះ​ជាន់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​។​

លោកបន្តថា៖ «របប​លោក Maduro បាន​រំលោភ​លើគោ​ល​ការណ៍​ទាំង​អស់​នេះ ក្នុង​គ្រប់​ទិដ្ឋ​ភាព​។ យើង​គាំទ្រ​ដល់​ការ​វិវត្ត​បន្ត​ទៀត ដែល​ស្រប​តាម​គោល​ការណ៍​នៃ​ច្បាប់​អន្តរ​ជាតិ ដោយ​ផ្តល់​​អាទិភា​ពដ​ល់​ប្រជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស និង​ផល​ប្រយោជន៍​របស់​ប្រជាជន​វេណេស៊ុ​យ​អេឡា»។

បន្ថែមពីនេះ ក្រសួងការបរទេសម៉ាឡេស៊ី ថ្លែងថា ជា​គោល​ការណ៍ ម៉ាឡេស៊ី​ប្រឆាំង​នឹង​រាល់​ទម្រង់​នៃ​អន្ត​រា​គមន៍​បរទេស នៅ​ក្នុង​កិច្ច​ការ​ផ្ទៃក្នុ​ង​របស់​រដ្ឋ​ដទៃ ក៏ដូ​ច​ជាកា​រ​គំរាម​កំហែង ឬ​ការ​​ប្រើ​​​ប្រាស់​កម្លាំង​បាយ។ ទាំង​នេះ គឺ​ជាគោ​លកា​រណ៍​គ្រឹះដែ​ល​មាន​ចែង​ក្នុង​ធម្ម​នុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ និង​ច្បាប់​អន្តរ​ជាតិ។ ម៉ាឡេស៊ី ប្រកាន់​ខ្ជាប់​ជានិ​ច្ច​នូវ​សារៈ​សំខាន់​នៃដំណោះ​ស្រាយ​វិវាទ​ដោយ​សន្តិ​វិធី តាម​រយៈ​ការ​សន្ទនា ការ​គោរព​អធិប​តេយ្យ​ភាព និង​ការអនុ​លោម​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ។

ក្រសួងការបរទេសសិង្ហបុរី ប្រកាសថា សិង្ហ​បុរី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះអន្ត​រាគមន៍​របស់​អាមេរិកនៅ​ក្នុ​ង​ប្រទេស​វេណេ​ស៊ុយ​អេឡា។ សិង្ហ​បុរី​ប្តេជ្ញា​យ៉ាង​មុត​មាំ​ ចំពោះ​ច្បាប់​អន្តរ​ជាតិ និង​គោល​ការណ៍​នៃ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​ការ​ពារ​ឯករាជ្យ​ភាព អធិប​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​នៃ​រដ្ឋ​ទាំង​អស់ ជាពិសេស​រដ្ឋ​តូចៗ។

ក្រៅពីនះ ប្រទេសអាហ្វ្រិកខាងត្បូង ម៉ិកស៊ិក កាណាដា ប៉េរូ ប្រេស៊ីល ដាណឺម៉ាក បេឡារុស អ៊ីរ៉ង់ និងអ៊ុយរ៉ូហ្គាយ​ជាដើម បាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​របស់​សហរដ្ឋ​អាមេរិក លើ​ប្រទេស​វេណេ​​ស៊ុយ​អេ​ឡា​ថា ជា​ការ​រំលោភ​ធម្ម​នុញ្ញ​អង្គ​ការសហ​ប្រជា​ជាតិ និង​ជាកា​រ​ដើរ​រំលង​បន្ទាត់​ច្បាប់​ដែល​មិន​អាច​ទទួល​យក​បាន។ សកម្ម​ភាពទាំង​នេះ តំណាង​ឱ្យ​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អធិប​តេយ្យ​ភាព​របស់​វេណេ​ស៊ុយ​អេឡា និង​ជាគំរូ​ដ៏គ្រោះ​​ថ្នាក់​បំផុត​មួយ​ទៀត សម្រាប់​សហគមន៍​អន្តរ​ជាតិ​ទាំង​មូល។

ពួកគេថា ការវាយ​ប្រហារលើប្រទេសនានា ដោយរំលោភច្បាប់អន្តរជាតិយ៉ាង​ធ្ងន់​ធ្ងរ ​គឺ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅរ​ក​ពិភព​លោក​នៃ​អំពើ​ហិង្សា ភាព​វឹក​វរ និង​អស្ថិរ​ភាព ដែល​ច្បាប់​របស់​អ្នក​ខ្លាំង​មាន​អំណាច​លើ​ពហុ​ភាគី​និយម។

ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី URSULA VON DER LEYEN ថ្លែងថា៖ «យើង​កំពុង​តាម​ដាន​យ៉ាង​​ដិត​ដល់​បំផុត នូវ​ស្ថាន​ភាព​នៅ​ក្នុងប្រ​ទេស​វេណេ​ស៊ុយ​អេឡា។ យើង​​ឈរ​នៅ​ជាមួយ​ប្រជាជ​នវេ​ណេ​ស៊ុយ​អេឡា និង​គាំទ្រ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី និង​ប្រជា​ធិប​តេយ្យ។ រាល់​ដំណោះ​ស្រាយ​ទាំង​អស់ ត្រូវ​តែ​គោរព​ច្បាប់​អន្តរ​ជាតិ និង​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ»។

យ៉ាងណាក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក BENJAMIN NETANYAHU បានសរសេរ​លើ​បណ្តាញ​សង្គម X ថា៖ «សូម​អបអរ​សាទរ លោក​ប្រធានាធិបតី @realDonaldTrump ចំពោះ​ភាព​​​ជា​​អ្នក​ដឹកនាំ​ដ៏​​ក្លាហាន និង​ជា​ប្រវត្តិ​សាស្ត្រ តាំង​​នាម​ឱ្យ​សេរីភាព​ និង​យុត្តិ​ធម៌។ ខ្ញុំ​សូម​គោរព​ចំពោះកា​រ​ប្តេជ្ញា​ចិត្ត​ដ៏ម៉ឺ​ង​ម៉ាត់​របស់​អ្នក និង​សកម្ម​ភាព​ដ៏​អស្ចារ្យ​​របស់​កង​ទ័ព​ដ៏​ក្លាហាន​របស់​អ្នក»។

ជាមួយគ្នានេះ ប្រធានាធិបតីអេក្វាទ័រ លោក DANIEL NOBOA ប្រធានាធិបតីប៉ាណាម៉ា លោក JOSE RAUL MULINO និង​ប្រធានា​ធិបតី​អាហ្សង់​ទីន លោក JAVIER MILEI ក៏​បាន​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​ចំណាត់​ការ​របស់​លោក ដូណាល់ ត្រាំ ផង​ដែរ​ថា ពេល​វេលា​បាន​មក​ដល់ សម្រាប់​មេដឹក​នាំ​ផ្តាច់​ការ និង​ថា​ «អ្វី​ដែល​យើង​ត្រូវ​យល់​នោះគឺ​ថា នេះ​គឺ​ជា​ការ​ដួល​រលំ​នៃ​របប​មេដឹក​នាំ​ផ្តា​ច់​ការ ដែល​បាន​បន្លំ​ការ​បោះ​ឆ្នោត ដែល​នេះ​គឺជា​ព័ត៌មា​ន​ដ៏អ​ស្ចារ្យ​​សម្រាប់​ពិភព​លោក​សេរី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ