ចិននៅតែប្តេជ្ញាចិត្ត​ចំពោះទំនាក់​ទំនង​ជាមួយ​ប្រទេស​​វ៉េណេ​ស៊ុយ​អេឡា​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​​ថាម​ពល

ក្រសួងការបរទេសចិន បាន​ថ្លែង​កាល​ពីថ្ងៃ​៥​​ខែ​មក​រាថា​ ទីក្រុង​ប៉េកាំង​នៅ​តែប​ន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​ភាព​ជា​ដៃគូ​ថាមពល​​ជាមួយ​ប្រទេស​វ៉េណេ​ស៊ុយ​អេឡា ហើយ​បាន​សង្កត់​ធ្ងន់​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​អន្តរ​ជាតិ។

បន្ទាប់ពីការឆ្មក់ចាប់ខ្លួន​ប្រធានាធិបតី Nicolas Maduro កាល​ពីថ្ងៃទី៣ខែ​មករា និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក អ្ន​កនាំ​ពាក្យ​ក្រសួង​ការ​បរទេ​ស​ចិន លោក Lin Jian ត្រូវ​បាន​គេ​សាកសួរ​ថា តើប្រទេស​ចិន​ដែល​ជាអតិថិជន​ដ៏​ធំ​បំផុត​នៃ​ប្រេង​របស់​វ៉េណេ​ស៊ុយ​អេឡា នឹង​បន្ត​ការ​នាំចូ​ល​ប្រេង​ទៀត​ដែរ​ឬ​ទេ?

លោក​មិន​បាន​ឆ្លើយដោយផ្ទាល់នោះទេ ប៉ុន្តែបានមានប្រសាសន៍​ថា៖ «ទោះ​បីជាស្ថានភាព​នយោបា​យ​របស់​​វ៉េណេ​ស៊ុយអេឡា​មាន​ការ​ប្រែប្រួល​យ៉ាង​ណាក៏​ដោយ ក៏​ប្រទេស​ចិ​ននៅ​​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់​ស្តែង​លើវិ​ស័យ​ផ្សេងៗ ដោយ​មាន​ការ​ការ​ពារ​ផ្លូវ​ច្បាប់​សម្រាប់​វិនិយោគ និង​ផលប្រយោជន៍​របស់​ខ្លួន​យ៉ាង​រឹង​មាំ»

លោកក៏បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋអធិបតេយ្យ ត្រូវបានការពារ​ដោយច្បាប់​អន្តរ​ជាតិ និងច្បាប់​នៃប្រទេសទាំង​ពីរ។ នេះបើ​តាម South China Morning Post។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានការពារសកម្មភាពរបស់ខ្លួន ដោយលើកឡើងថា វ៉េណេ​ស៊ុយអេឡា​បាន «លួច» ប្រេង និង​ទ្រព្យសម្បត្តិរបស់អាមេរិកនិងថា ក្រុមហ៊ុនប្រេងអាមេរិកនឹងចូលគ្រប់គ្រងឧស្សាហ​កម្ម​ប្រេង​របស់ប្រទេសនេះ។

លោក​មានប្រសាសន៍ថា ចំណូលពីប្រេងរបស់ប្រទេសនេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បីសង​សហរដ្ឋ​អាមេរិក​វិញ ចំពោះ​អ្វីដែល​លោកបានពិពណ៌នាថា ជាការខូចខាតផ្នែកហិរញ្ញវត្ថុ និងសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ ទោះ​បីជាលោកក៏បានសន្យាថា​ ​នឹងបន្តលក់ប្រេងឱ្យប្រទេសចិន និងអ្នកនាំចូលសំខាន់ៗផ្សេងទៀត នៅពេល​ដែលផលិតកម្មត្រូវបានស្តារឡើងវិញក៏ដោយ។

លោក Lin បានលើកឡើងពីគោលនយោបាយ «ជាប់លាប់ និងស្ថិរភាព» របស់ចិនចំពោះតំបន់អាមេរិកឡាទីន ដោយនិយាយថា ចិនតែងតែជា «មិត្ត និងជាដៃគូដ៏ល្អ»។

លោកក៏បានសង្កត់ធ្ងន់លើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃផងដែរ។

លោក Lin បានមានប្រសាសន៍ថា៖ «ការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយបណ្តាប្រទេសនៅអាមេរិក​ឡាទីន តែងតែត្រូវបានដឹកនាំដោយគោលការណ៍សមធម៌ និងផលប្រយោជន៍ទៅវិញទៅមក ដោយមិនដែលស្វែងរកឥទ្ធិពល ឬដែនគ្រប់គ្រង ហើយក៏មិនសំដៅលើភាគីណាមួយដែរ»។

បណ្តាប្រទេសនៅអាមេរិកឡាទីន និងតំបន់ការីបៀន មានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍ និងដៃគូរបស់ពួកគេដោយឯករាជ្យ។

ចិនមានឆន្ទៈធ្វើការរួមគ្នាជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន ដើម្បីបន្តសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការផ្លាស់ប្តូរនៃទិដ្ឋភាពអន្តរជាតិ ស្វែងរកផលប្រយោជន៍ និងការអភិវឌ្ឍ​ទៅវិញទៅមក និងនាំមកនូវវិបុលភាពដល់ប្រជាជនទាំងសងខាង។

ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការឆ្មក់ចាប់ខ្លួនលោកម៉ាឌូរ៉ូ ទីក្រុងប៉េកាំងបានថ្លែងថា ខ្លួន «មានការ​តក់ស្លុតជាខ្លាំង» ចំពោះការឆ្មក់ចាប់ខ្លួននេះ ហើយបាន «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះ «ការប្រើប្រាស់កម្លាំងបាយដោយឥតអៀនខ្មាស»។

ក្រសួងការបរទេសចិន បានលើកឡើងថា៖ «អាកប្បកិរិយាអនុត្តរភាពរបស់សហរដ្ឋអាមេរិក បានរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ បំផ្លាញអធិបតេយ្យភាពរបស់ប្រទេសវ៉េណេស៊ុយអេឡា និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការីបៀន»

South China Morning Post បន្តថា ប្រទេសចិនក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឃាត់ខ្លួនលោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ដោយបានអំពាវនាវឱ្យមានការដោះលែងពួកគេជាបន្ទាន់។

ចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់មកកាន់តំណែងវិញ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បី​កាត់បន្ថយឥទ្ធិពលដែលកំពុងរីកធំឡើងរបស់ចិននៅក្នុងតំបន់អាមេរិកឡាទីន ដែលសហរដ្ឋអាមេរិកចាត់ទុកថាជា «សួនក្រោយផ្ទះ» តាមបែបប្រពៃណីរបស់ខ្លួន ជាពិសេសនៅក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធកំពង់​ផែ និងធនធានរ៉ែ។

ការវិនិយោគរបស់ចិននៅអាមេរិកឡាទីនបានកើនឡើងយ៉ាងខ្លាំង ក្នុងទសវត្សរ៍ចុងក្រោយនេះ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ មក ប្រទេសចិន និងវ៉េណេស៊ុយអេឡាបានកសាងទំនាក់ទំនងហិរញ្ញវត្ថុដ៏ស៊ីជម្រៅដែលផ្អែកលើវិស័យប្រេង ដោយផ្ដោតលើកិច្ចព្រមព្រៀង «កម្ចីប្តូរយកប្រេង» ដែលទូទាត់ជាប្រាក់យន់ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ភាពជាដៃគូនេះ ត្រូវបានជំរុញដោយតម្រូវការរបស់ប្រទេសវ៉េណេស៊ុយអេឡា សម្រាប់ទីផ្សារដែលមានស្ថិរភាព និងតម្រូវការរបស់ប្រទេសចិនសម្រាប់ប្រភេទប្រេងឆៅជាក់លាក់។​

ប្រទេសចិនបានបញ្ឈប់ការនាំចូលប្រេងឆៅពីវ៉េណេស៊ុយអេឡាជាផ្លូវការ បន្ទាប់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានចូលជាធរមានក្នុងឆ្នាំ ២០១៩ ហើយបានចាប់ផ្តើមនាំចូលឡើងវិញតែនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមពាណិជ្ជករបាននិយាយថា ប្រទេសចិនបានបន្តទិញប្រេង ដែលជារឿយៗត្រូវបានគេ​កត់​សម្គាល់​ថា​ជា​ប្រភេទ​ប៊ីទីម (bitumen) តាម​រយៈ​បណ្តាញ​ក្រៅ​ផ្លូវ​ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ