បទវិភាគ៖ ហេតុអ្វីកម្ពុជា​មិន​ប្តឹង​​​ថៃ​ទោះថៃ​​​​ប​ន្ត​​ឈូស​ឆាយ​បំផ្លាញ​​​ភូមិ​ឋាន​​វត្ត​អារាម​ខ្មែរ?

ក្រៅ​ពី​​បន្ត​ថ្កោល​​ទោស​​ថៃ ខណៈ​​ដែលថៃ​​បាន​និង​កំពុង​​ញាប់ដៃ​ញាប់ជើង ធ្វើ​ការ​ឈូសឆាយ​បំផ្លាញផ្ទះពល​រដ្ឋ​​ខ្មែរ ​និង​​​វត្តអារាមខ្មែរ​​ ថែម​ទាំង​​​ដាក់ទូរកុងតឺ​ន័រ​​ព័ទ្ធ​វាទ​​​នៅលើ​ទឹកដីខ្មែរ​នៅ​តាម​បណ្តោយ​​ព្រំដែន ​​រដ្ឋា​ភិបាល​កម្ពុជា​​នៅ​តែ​មិន​​ទាន់​ឃើញ​មាន​ការ​​​ប្តឹងថៃ​ទៅ ​ICJ ទៅ​តាម​ការ​ជំរុញ​​របស់​អ្នក​ជំនាញ​នៅឡើយទេ។ តើ​​ហេតុអ្វីមេដឹក​នាំ​កម្ពុជា​ ​​នៅតែ​មិន​ប្តឹង​ថៃ ​ខណៈ​ថៃ​​បន្ត​ឈូសឆាយបំផ្លាញ​​ភូមិឋាន​វត្តអារាម​ខ្មែរ​​តាម​​អំពើ​ចិត្ត​?

គេមើល​ឃើញ​ថា បន្ទាប់​ពីភាគីថៃ​បាន​ប្រើ​កម្លាំង​ទ័ពយ៉ាងកំរោល​​បាញ់​ផ្លោង​​ ​និង​ប្រើ​យន្តហោះ​​ចូលមក​ទម្លាក់​​គ្រាប់​​យ៉ាង​​​ជ្រៅ​​មក​ក្នុង​​ទឹក​ដី​កម្ពុជា ​ដែល​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ​រួម​មាន ​ផ្ទះ​ប្រជាពល​រដ្ឋ​ ​សាលា​​រៀន ​ស្ពាន​ ​ថ្នល់​​ជាច្រើន​អស់​​រយៈ​ពេល​២១​ថ្ងៃ​មក ភាគីទាំង​២​បាន​ចុះ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ជាថ្មី​​ទៀត ​ដោយ​កំណត់​ថា ភាគី​ណា​​ឈរជើង​នៅ​កន្លែងណា ​គឺ​ត្រូវ​នៅ​បន្តឈរជើងនៅ​ទីនោះ ​ហើយ​នឹង​បន្ត​ដោះ​​ស្រាយ​​បញ្ហា​​ព្រំដែន ​និង​បោះ​បង្គោល​​ព្រំ​ដែន ​ដោយ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ ​ចាប់​តាំង​ពី​ម៉ោង​១២​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​២៧ខែ​​ធ្នូមក។ ​ប៉ុន្តែ​ចាប់​តាំង​ពី​​ពេល​​នោះ​មក​ កងទ័ពថៃ​មិន​បាន​នៅ​ស្ងៀម​ឡើយ ​គឺ​បាន​បន្ត​ឈូស​​ឆាយ​​បំផ្លាញ​ផ្ទះ​ប្រជាពល​រដ្ឋ​ខ្មែរ លួច​យក​ទ្រព្យសម្បត្តិ ​​ឈូស​បំផ្លាញ​​វត្ត​អារាម​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​​ ថែម​ទាំង​ដាក់ទូរ​កុងតឺន័រ​វាទ​​ព័ទ្ធ​នៅ​លើ​ទឹក​ដីកម្ពុជា ​ដែល​ពួកគេទើប​តែដណ្តើម​កាន់កាប់​បាន។

ជ្រុងមួយ​នៃបញ្ហា​នេះ លោក ​សុក សំអឿន ​ទីប្រឹក្សា​ច្បាប់​នៃ​មេធាវីអមរិន្ទ ​ប្រាប់​វីអូឌី​នៅថ្ងៃទី​៦ខែ​​មករា​នេះ​​​ថា កិច្ចព្រម​ព្រៀង​ឈប់​បាញ់ មិនមែនជាកិច្ចព្រមព្រៀងកំណត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នោះទេ។ ដូចនេះការ​កំណត់ព្រំដែន ​គឺស្ថិតនៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នោះ​ដែរ។ លោកមេធាវី​ចាស់​វស្សា​រូប​នេះ ​លើក​ឡើង​ថា នៅ​ក្នុង​កិច្ចព្រមព្រៀងនោះ​មានចំណុច​ពីរដែលត្រូវពិចារណា ទី១ បានចែងថា បន្ទាប់ពីឈប់​បាញ់ ភាគីទាំងសង្ខាង​នៅទីណា ត្រូវរក្សាវត្តមាននៅទីនោះ តែចំណុចមួយទៀតគឺទី​២ បានចែងថា រឿង​ការវាស់ព្រំដែនគឺធ្វើទៅ​តាម​ច្បាប់អន្តរជាតិ។ ដូចនេះគឺមានន័យថា ការកំណត់ព្រំដែនគឺធ្វើទៅតាមច្បាប់​អន្តរជាតិ ពោលគឺធ្វើទៅតាមកិច្ចព្រមព្រៀងកន្លងមក រវាងថៃ និងកម្ពុជា ដែលបានបង្កើតយន្តការដោះ​ស្រាយ​​វិវាទព្រំដែនគឺ JBC និង GBC។ ដូចនេះថៃមិនមានសិទ្ធិប៉ះពាល់ផ្ទះ​សម្បែង និងទ្រព្យសម្បត្តិរបស់​ប្រជាពលរដ្ឋ​ក្នុងតំបន់ជម្លោះនោះទេ។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ដែល​ថៃកំពុងតែបំពាន​នេះ ​លោក​មេធាវី ​សុក សំអឿន ​ចង្អុល​បង្ហាញថា ទី១ កម្ពុជាត្រូវ​​ជំរុញ​ឱ្យថៃបន្តយន្តការ JBC និង GBC តទៅទៀត ហើយ​ក្នុងករណីដែលថៃមិនព្រមបន្ត ឬបង្ខំឱ្យកម្ពុជាត្រូវ​ទទួលស្គាល់ព្រំដែនថ្មី ដែលថៃបានរំលោភយកក្រោយឈប់បាញ់​នោះ គឺកម្ពុជាត្រូវរកយន្តការដោះស្រាយ​ដោយ​ត្រីភាគី គឺមានយន្តការអាស៊ាន និងយន្តការអង្គការសហប្រជាជាតិ។

លោក​បញ្ជាក់ថា ចំពោះយន្តការអង្គការសហប្រជាជាតិ គឺទី១ កម្ពុជា​ត្រូវដាក់ពាក្យ​​បណ្តឹងទៅក្រុមប្រឹក្សាសន្តិ​សុខ​អង្គ​ការ​សហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីឱ្យថៃដកទ័ពថយ និងទារសំណង។ ទី២ ត្រូវប្តឹងទៅ ICJ រឿងវិវាទព្រំដែន និងទារសំណងការខូចខាតផងដែរ។ ចំណែក​ទី៣ ត្រូវប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរ​ជាតិ ប្រសិនបើកម្ពុជា​មានភស្តុតាងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្ម​​សង្រ្គាម និងឧក្រិដ្ឋកម្ម​ឈ្លាន​ពាន។

វីអូឌី​ មិន​អាច​ទាក់​ទង​លោក ​ប៉ែន បូណា ​អ្នកនាំពាក្យ​រដ្ឋាភិបាល ​ដើម្បី​ស្នើ​សុំ​ធ្វើការ​អត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ​​បាន​ទេ នៅ​ថ្ងៃ​ទី​៦​ខែមករានេះ។

ប៉ុន្តែ​លោក​​បាន​ថ្លែងក្នុង​កម្មវិធី​ផ្សាយ​បន្តផ្ទាល់​ស្តីពី​ «បច្ចុប្បន្នភាពការវិវត្តន៍ស្ថានការណ៍ព្រំដែន​កម្ពុជា-ថៃ»នៅ​​ថ្ងៃទី​៥​ខែ​មករា​ថា រដ្ឋាភិបាល​កម្ពុជា​ ​នៅ​តែបន្ត​តវ៉ា​​​យ៉ាងខ្លាំងក្លាបំផុត​ ប្រឆាំង​ទៅនឹងការ​បន្តឈរ​ជើង​និង​ការ​កាន់​កាប់​​ជាក់​ស្តែង​​ដោយកម្លាំង​​យោធា​ថៃ​ នៅលើ​ទឹក​ដីកម្ពុជា​​​នៅក្នុង​តំបន់​មួយ​​​ចំនួន​ តាម​បណ្តោ​យ​​​​​ព្រំដែន ​ដែល​ជាអំពើ​ខុសច្បាប់​និងគ្មាន​មូលដ្ឋាន​ទាល់​តែសោះ ​ក្រោម​ច្បាប់​អន្តរជាតិ​។​ លោក​បន្ត​ថា សកម្ម​​ភាព​​របស់​កងកម្លាំង​​ប្រដាប់​អាវុធថៃ​បែបនេះ ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការប្តេជ្ញា​ចិត្ត​របស់​​ថៃ នៅក្នុ​ង​ការ​ដោះ​​​​​ស្រាយ​​វិវាទ​ដោយ​សន្តិវិធី ក្រោម​ស្មារតី​នៃសេចក្តីប្រកាសរួម​នៃកិច្ច​ប្រជុំ​ពិសេស​របស់​គណៈ​កម្មាការ​ព្រំដែន​​ទូទៅ ​ចុះ​ថ្ងៃទី​២៧ ខែធ្នូ ​ឆ្នាំ​២០២៥ ​ក៏ដូច​ជាស្មា​រតី​នៃកិច្ច​​​ព្រមព្រៀង​ដែល​មាន​កាល​ពី​​ពេល​កន្លង​មក​។

លោកថា៖ «ចំណែកការដាក់​ពង្រាយទូរកុងតឺន័រ​ ការ​រាយ​បន្លាលួស ​និងការដោត​ទង់​ជាតិ ​គឺ​ជាការ​បំពាន​ទៅ​​លើ​​ខ្សែព្រំដែនអន្តរជាតិ​ រវាង​ប្រទេសទាំងពីរ​ដែល​មិន​អាច​ទទួល​យក​បានឡើយ​។ ​ទី​៣ទា​ហាន​ថៃ​បាន​និង​​កំពុង​បន្តបំផ្លិច​​បំផ្លាញ​ផ្ទះ​សំបែង ​និងហេដ្ឋារចនាសម្ព័ន្ធ​​ស៊ីវិល​ នៅលើ​ទឹកដី​កម្ពុជា​ ឥត​ឈប់​ឈរ។ ការ​បំផ្លិច​​បំផ្លាញ​នេះ​បាន​​កើត​​ឡើង​ ​ដោយ​ការ​វាយ​ប្រហារ​​សំដៅ​ទៅលើ​​គោល​ដៅ​​ស៊ីវិល ​កាលពីក្នុង​​អំឡុង​ពេល​​ផ្ទុះ​​សង្គ្រាម​​ពេញ​​បន្ទុក ​ចន្លោះ​ពីថ្ងៃទី​៧ដល់​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០២៥​ផង ​និងការ​បន្តបំផ្លិចបំផ្លាញ​​ដោយ​កម្លាំង​គ្រឿង​ចក្រ​ និង​កម្លាំង​មនុស្ស ក្រោយ​ពេល​បទឈប់​បាញ់​ចូលជាធរមាន។ លើសពីនេះ ទាហាន​​ថៃ​ថែម​​ទាំង​បាន​ព័ទ្ធ​​យក​ដី​និងផ្ទះ​សំបែង​របស់​ប្រជាពល​រដ្ឋខ្មែរ​ជាច្រើន ​ហើយ​បាន​និងកំពុង​​​បំផ្លាញ​ចោល​ជា​បន្ត​បន្ទាប់​ និង​​បាន​​លួច​ប្លន់​​យក​​ទ្រព្យ​សម្បត្តិ​របស់​​ប្រជាពល​រដ្ឋ​​ខ្មែរ​យ៉ាង​អណាធិប​តេយ្យ​​បំផុត»។

​រដ្ឋាភិបាលកម្ពុជា ​បាន​ប្រកាសថ្កោលទោស​យ៉ាងខ្លាំង ​​ចំពោះ​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ​ និងច្បា​ប់​មនុស្ស​​ធ​ម៌​​អន្តរ​ជាតិ ​និ​ងអំ​ពើ​​រំលោភ​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ ​ព្រមទាំង​អំពើ​ឆក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ខ្មែរ ពីសំណាក់ទាហាន​ថៃ ​និងទាមទារឱ្យថៃ​បញ្ឈប់​ជាបន្ទាន់ ​រាល់​សកម្ម​ភាព​​យោធា​​ប្រកប​ដោយ​អរិយ​ភាព​​បែប​នេះ​។

បើតាម​ លោក​ បូណា កម្ពុជា​ប្រកាន់​ជំហម៉ឺងម៉ាត់​​ក្នុងការ​ពារ​ខ្សែបន្ទាប់​​ព្រំដែន​អន្តរ​ជាតិ ​កម្ពុជា-ថៃ ​ដែល​បន្សល់​​ទុក​​ដោយ​​គណៈ​កម្មាកា​រ​ព្រំដែន​​ឥណ្ឌូ​ចិន-​សៀម​ និង​កំណត់ ​ហេតុ​​បោះ​បង្គោល​​ព្រំដែន​​របស់​គណៈ​កម្មា​ការ​បោះ​​បង្គោល​​​ព្រំដែន​​ឥណ្ឌូ​ចិន-សៀម ​ព្រម​ទាំង​​កិ​ច្ច​ព្រម​​ព្រៀង​​នានា។

លោក កាំង ឫទ្ធិគិរី​ អតី​តមេធាវី​សាលាក្តីខ្មែរក្រហម បាន​សរសេរលើ​បណ្តាញ​សង្គម​របស់​​លោក​​ថា អ្វី​ៗ​ដែល​​កំពុង​​កើត​ឡើង​​នៅ​​​តាម​​ព្រំដែន ​វា​ជា​បញ្ហា​បណ្ដោះអាសន្នទាំងអស់ រួមទាំ​ងស​ន្តិភាពផង​ បើ​បញ្ហា​ព្រំដែន​មិនទា​ន់​​ត្រូវ​បាន​ដោះស្រា​យតា​មស​ន្ធិស​ញ្ញាបា​រាំង​-សៀម​​​ទេ​នោះ​។ លោក​​បញ្ជាក់​​ថា បន្ទាត់​ព្រំដែនកម្ពុជា​-ថៃ​ ​កើតឡើងតាមសន្ធិសញ្ញាបារាំង-សៀម ទើប​ជា​ព្រំដែន​ពិត​​ប្រាកដ​ ​ដែល​​អាច​​​ធ្វើ​​ឱ្យ​​​មាន​​សន្តិភាពមិត្ត​ភាព​​ពិត​ប្រាកដ​​រវាងប្រជាជាតិទាំងពីរ។

ជាមួយគ្នានេះ ​លោក អ៊ុំ សំអាន ប្រធានស្ថាប័នកិច្ចការព្រំដែន​​និង​អន្តោប្រវេស​ន៍​​នៃរដ្ឋាភិបាល​​២៣​​តុលា​ក្រៅ​​ប្រទេស​ នៅ​ថ្ងៃទី​៦ខែ​មករា​​នេះ បាន​យក​សារ​ជា​សំឡេង​​របស់​ លោក​ ឡាំ ជា​ រដ្ឋ​​មន្ត្រី​​ទទួល​​បន្ទុក​រដ្ឋ​លេខា​ធិកា​រ​ដ្ឋាន​​កិច្ចកា​រ​​ព្រំដែន​ ដែល​បាន​ថ្លែង​កាលពីពេល​កន្លងមក​មក​បង្ហោះ​។ លោក ​អ៊ុំ សំអាន ​បាន​សរ​សេរ​លើ​បណ្តាញ​សង្គម​​របស់លោក​​ថា​ បើ​ផ្អែក​តាម​សម្តី​របស់​ លោក ​ឡាំ ជា​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ នឹង​មិនប្តឹង​ថៃទៅតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)នោះ​ទេ​ គឺគ្រាន់តែជូនដំណឹងទៅ ICJ តែប៉ុណ្ណោះ។ ដូច្នេះលោក​ថា សូម​ប្រជាពលរដ្ឋ​ខ្មែរ​ ឈប់ចាំមើលបណ្តឹង​នៅ ICJ របស់​លោក ហ៊ុន ម៉ាណែត ទៀត​ទៅ ព្រោះគាត់មិនប្តឹងថៃទៅ ICJ ទេ។

តើ​ហេតុអ្វីមេដឹក​នាំ​កម្ពុជា​នៅតែ​មិន​ប្តឹង​ថៃ ​ខណៈ​ថៃ​​បន្ត​ឈូសឆាយបំផ្លាញ​​ភូមិឋាន​វត្តអារាមខ្មែរ?

លោក ​ឡាំ ​ជា បាន​ថ្លែងកាលពីពេល​​​កន្លង​មក​ថា ICJ​ អាច​ទទួល​យក​បញ្ហា​វិវាទ​​ព្រំ​ដែន​ខ្មែរ​-ថៃ​ ​​ទៅ​​ដោះ​​ស្រាយ​​លុះ​ត្រា​ណាតែ​ភា​គី​​ទាំង​​ពីរ​ព្រម​​​ដឹក​ដៃ​គ្នា​​ទៅ​ប្តឹ​ង ហើយ​​ប្រកាស​​ព្រម​​ទទួល​​ស្គាល់​ ​និង​​ទទួល​​យ​ក​ការ​សម្រេច​​ក្តី​​​របស់​​តុលាការ​​ពិភព​​លោក​​កំពូល​នេះ។ ប៉ុន្តែ​នេះ ​ថៃ​គេប្រកាស​មិន​ទទួល​ស្គាល់​ ICJ នោះ​ទេ​។

លោកថា៖ «​ទាល់​តែភាគីទាំងពីរ​ព្រម​ ហើយ​​បើភាគីតែម្ខាងទៅ​ ភាគី​ម្ខាង​​ទៀត​​មិន​​ព្រម ​តុលាការ ​ICJ ឆ្លើយ​មក​​វិញ​​​ថា ខ្លួន​​គ្មាន​​សមត្ថ​កិច្ច​​ទេ។ តាម​​រូប​ភាពទី​២តុ​លាការ​​​ICJ ​អាច​​មាន​​សមត្ថ​កិច្ច​បាន​ ​លុះ​ត្រា​​តែ​ប្រ​ទេស​ទាំ​ង​២​ធ្លាប់​​​បាន​​ចែង ​​ឬ​កំណត់​​ទុក​ជាមុ​ន និង​​ទទួល​​យក​​សមត្ថ​កិច្ច​​ICJ នៅក្នុ​ង​​សន្ធិ​​សញ្ញា ​​​ឬ​កិច្ច​ព្រម​ព្រៀង​ណា​មួយរវាង​​ភាគី​​ទាំង​ពីរ​​តាំ​ងពី​មុន។ ឧទាហរណ៍​​ថា សន្ធិ​សញ្ញា​​ ឬកិ​ច្ច​​ព្រម​ព្រៀង​​កំណត់​​ព្រំដែន​​រដ្ឋ​ទៅ​​ចុះ​ ហើយ​មាន​ចែងនៅក្នុងសន្ធិសញ្ញាហ្នឹង ​ឬក៏នៅក្នុង​ពិធីសារ​បំពេញបន្ថែម​​ទាក់​​ទង​​បញ្ហា​​ករណី​មាន​រឿង​​វិវាទ​កើត​ឡើង​។​ បើភាគីទាំង​ពី​ចែងទុកជាមុនថា ថ្ងៃក្រោយ​បើមាន​រឿង​វិវាទកើតចេញ​ពីការ​រំលោភ​សន្ធិ​សញ្ញា​​នេះ ​មាន​ន័យ​ថា ភាគីម្ខាងមិន​បាន​បំពេញកាតព្វកិច្ច​ដែល​មាន​ចែងក្នុង​សន្ធិសញ្ញានេះ ភាគី​ទាំង​ពីរ​សុខ​ចិត្ត​ទទួល​យក​សមត្ថកិច្ច​របស់​តុលាការ​​ICJ​ឱ្យ​ដោះ​​ស្រាយ​​អានឹង​បាន»។​

​បើតាម​លោក ​អ៊ុំ សំអាន មានមូលហេតុជាច្រើនដែលលោក ហ៊ុន ម៉ាណែត មិនប្តឹង​ថៃ​ទៅ ICJ ដូចជាលោក ហ៊ុន ម៉ាណែត ខ្លាចថៃបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ខ្លាចថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ដល់ភ្នំពេញ ដើម្បីទម្លាក់​គាត់ និងលោក ហ៊ុន សែន ពីតំណែង និងពាក់ពន្ធ័នឹងវៀតណាម​ដែល​ជា​បងធំរបស់លោក ហ៊ុន សែន ផង​ដែរ។

កាលពីថ្ងៃទី​៣ខែ​មករា ​ក្រសួងការបរទេសកម្ពុជា ​បាន​ប្រកាសថា ទឹកដីកម្ពុជា​ចំនួន​១៤​ទី​តាំង ​ត្រូវបាន​កង​ទ័ព​​ថៃ​​ដណ្តើមកាន់​កាប់។ ប៉ុន្តែ លោក ​អ៊ុំ សំអាន ​អះអាង​​ថា​ មិនមែន​មាន​តែ​១៤​​កន្លែង​​​ទេ គឺទឹកដី​ខ្មែររហូត​ដល់​​២៨​ទីតាំង​​ឯណោះ ​ត្រូវ​បាន​ថៃ​ដណ្តើម​កាន់​កាប់​ក្នុង​ពេល​ថ្មីៗ​នេះ។​

ជាមួយគ្នា​នេះ លោក ​​អ៊ុំ សំអាន បាន​សរសេរ​លើ​បណ្តាញ​សង្គម​​​នៅថ្ងៃទី៦ខែ​មករា​នេះ​ ដោយ​​លើក​ដៃ​សំពះ​សុំ​អង្វរ​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឱ្យចុះចេញពីតំណែង ដើម្បីបើកផ្លូវអោយមានមេដឹកនាំថ្មី ក្នុងការទាម​ទារ​ទឹកដីខ្មែរចំនួន២៨ទីតាំងនោះ​ពី​ថៃ​មក​វិញ តាមរយៈ​ការ​ប្តឹង​​ថៃ​ទៅ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសឆ្នាំ១៩៩១។​

បើតាម ​លោក សំអាន លោកដឹងថា លោក ហ៊ុន ម៉ាណែត នឹង​មិនប្តឹងថៃទៅ ICJ និងសហប្រធាននៃកិច្ចព្រម​ព្រៀង​​ទីក្រុងប៉ារីសឆ្នាំ១៩៩១នោះទេ។ ដូច្នេះ​ការលាលែងពីតំណែងរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏បញ្ជាក់ពីការស្រឡាញ់ទឹកដី និងការមិនចង់ឱ្យ​​​បាត់បង់ទឹកដីនោះដែរ ព្រោះលោក​ទាំងពីរមិនអាចទាមទារទឹកដីខ្មែរចំនួន២៨ទីតាំងពីថៃ​បានមកវិញនោះទេ ហើយការលាលែងពីតំណែងក៏បញ្ជាក់​ពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះ​មុខប្រវត្តិសាស្រ្តដែលធ្វើឱ្យបាត់បង់ទឹកដីខ្មែរចំនួន២៨ទីតាំង​ទៀត​​នោះ​​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ