មតិចម្រុះពីអនាគតមេដឹកនាំកម្ពុជាធៀប​នឹងកា​រដួ​លរ​លំរ​បប​លោក ម៉ាឌូរ៉ូ ក្រោម​វិធាន​អាមេ​រិក

ក្រោយ​មេដឹកនាំ​ផ្តាច់​ការ​នៅ​ប្រទេស​វ៉េណេ​ស៊ុយ​អេឡា លោក នីកូ​ឡាស់ ម៉ាឌូរ៉ូ ត្រូវ​កង​កម្លាំង​អាមេរិក​ចាប់​ខ្លួន​ ក្នុង​ពេល​ថ្មីៗ​នេះ ជុំវិ​ញប​ទ​ឧក្រិដ្ឋ​គ្រឿង​ញៀន​នោះ ជំរុ​ញ​ឱ្យ​មាន​ការ​លើក​ឡើង​ផ្សេងៗ​គ្នា ​ពី​វាសនាមេ​ដឹកនាំក​ម្ពុជា​បច្ចុប្បន្ន ដោយ​ខ្លះ​ថា អាច​នឹង​ប្រឈម​បាត់​បង់​អំណាច​ដូច​គ្នា​នេះ​ដែរ បើ​មិន​ប្រញាប់​កែល​ម្អ​ការ​ដឹក​នាំរ​បស់​ខ្លួន តែ​ខ្លះយ​ល់​ឃើញ​ផ្សេង​ពីនេះ​។

លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវកងកម្លាំង​អាមេរិក​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ដែល​អាមេរិក​ចោទ​ថា មេដឹកនាំ​ផ្តាច់​ការ​ប្រទេស​វ៉េណេ​ស៊ុយ​អេឡារូប​នោះ គ្រប់​គ្រង​បណ្តាញ​ជួញ​ដូរ​គ្រឿង​ញៀន ដែល​សហការ​ជាមួយ​ក្រុម​ឧក្រិដ្ឋ​ជន​នៅ​ម៉ិក​ស៊ិក និង​ប្រទេស​កូឡុំ​ប៊ី។

ទីភ្នាក់ងារ​សារព័​ត៌មា​ន AP រាយការណ៍ថា​ លោក Maduro វ័យ ៦៣​ឆ្នាំ និង​ភរិយា ត្រូវ​បានចាប់​​ខ្លួន​​​នៅ​​ផ្ទះ​រ​បស់​ពួក​​គេ ​ក្នុង​​មូល​ដ្ឋា​​ន​​ទ័ព​​មួយ និង​​ត្រូវ​​បាន​​បញ្ជូន​ឡើ​ង​​​លើនា​​វា​​​ចម្បាំង​​​អាមេ​រិក​ ដើម្បីនាំខ្លួនទៅ​​កាត់ទោ​ស​ តាម​ដីកា​ចោទ​ប្រកាន់​របស់​ក្រសួង​យុត្តិធម៌អាមេរិក ដែល​​​​ចោទ​​ថា​បាន​​ចូល​រួម​​ក្នុង​​អំពើ​គប់គិត​​​ភេរវ​កម្ម​​គ្រឿង​​ញៀន។

ជុំវិញរឿងនេះ អ្នកសម្របសម្រួលកិច្ចការផ្ទៃក្នុងនៃរដ្ឋាភិបាលកម្ពុជា​ឯករាជ្យ២៣​តុលា លោក ម៉ែន សុថាវរិន្រ្ទ យល់​ថា លោក ហ៊ុន សែន នឹង​មាន​វាសនា​ដូច​មេដឹក​នាំ​ផ្តាច់​ការ​លោក ម៉ាឌូរ៉ូ ដែរ ព្រោះ​លោក ហ៊ុន សែន ជា​មេដឹក​នាំ​ចូល​រួម​លាក់​ពួក​ឧក្រិដ្ឋ​ជន​មាន​លោក ចេន ហ្ស៊ី ជាដើម​ដែល​អន្តរ​ជា​តិកំ​ពុង​តាម​ចាប់​ខ្លួន។

ជាងនេះទៀត លោក​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជាង​៤០​ឆ្នាំ​​ទៅ​នេះ រួម​​រឹតដោយ​អំពើ​ពុក​រលួយ បក្ស​ពួកនិ​យម តាម​បង្រ្កាប​​តែខ្មែ​រ​គ្នាឯ​ង ជាជ​ម្រក​ពួក​ឧក្រិដ្ឋ​ជន មិន​ខុស​ពី​ការ​ដឹកនាំ​របស់​មេដឹក​នាំផ្តា​ច់​ការ​លោក ម៉ាឌូរ៉ូ នោះ​ទេ។

ក្នុងន័យនេះ លោកថា បើរដ្ឋាភិបាលកម្ពុជានៅធ្វើជាបង្អែក​ឱ្យពួកឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន នោះ​វា​ជានឹង​ស្របច្បា​ប់​សម្រាប់​មហា​អំណាច​អាមេរិក ក្នុងកា​រមា​នវិ​ធានកា​រប​ន្ទាន់លើ​មេ​ដឹក​នាំក​ម្ពុជា។

លោកថា៖ «ខ្ញុំជឿជាក់ថា មិនយូរទេគេនឹងចាត់វិធានការលើមេបណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆបោក​អនឡាញ​ និង​លាង​លុយ​ក​ខ្វ​ក់​ ជាពិសេស លោក ចេន ហ្ស៊ី និង​លោកហ៊ុន សែន ដែល​នៅ​កម្ពុជា​ហ៊ុន សែន និង​ហ៊ុន ម៉ាណែត។ខ្ញុំមើលទៅគឺមាន​៣ករណី ដែល​អាមេរិ​ក​គាត់​ចាត់​ការ​នីកូឡាម៉ាឌូរ៉ូ គឺ​ទី១ ពុក​រលួយ រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​គ្រឿង​ញៀន។ ចឹង​ករណី​ទាំង​អស់​នេះ គឺលោ​ក ហ៊ុន សែន គឺ​មាន​ទាំង​អស់! ហ៊ុន សែន ហ៊ុន ម៉ាណែត គឺ​មាន​ទាំង​អស់។ ដូច្នេះ​គាត់​ត្រូវ​តែ​ដោះ​លែង​អ្ន​កទោស​នយោ​បាយ​ទាំង​អស់ ឬ​ចាប់​បញ្ជូន​ពួក​អ្ន​កដែល​ជា​មេឧក្រិដ្ឋ​កម្ម​អនឡាញ​ទៅ​ឱ្យ​គេ ជា​ពិសេស​លោក ចេន ហ្ស៊ី ចា​ប់​ឱ្យ​គេ​ទៅ​អាហ្នឹង​គាត់​អាច​រួច​ខ្លួន​បាន»

បន្ថែម​លើ​នេះ លោក សម រង្ស៊ី មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បាន​បង្ហោះ​រូប​ភាព លោក ហ៊ុន សែន និង លោក​ ម៉ាឌូរ៉ូ ដោយ​ភ្ជាប់​សារ​ថា អាមេរិក​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ មេដឹក​នាំ​ប្រទេស​វ៉េណេស៊ុយ​អេឡា ដែល​ជា​មេប​ណ្តាញឧ​ក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ដ៏​ធំ​នៅ​លើ​ពិភព​លោក មិន​យូរ​ទេ​គេ​នឹ​ងចា​ត់​វិធាន​ការ​លើមេ​ប​ណ្តាញឆ​បោក​អន​ឡាញ និង​លាង​លុយ​កខ្វក់។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ឆ្លើយ​តប​ថា លោក សម រង្ស៊ី កំពុង​យក​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​នេះ ដើម្បី​កេង​ចំណេញ​នយោ​បាយ​ខ្លួន​តែ​ប៉ុណ្ណោះ។

លោកថា៖ «វាមិនមែនជារឿងអីថ្មីទេដែលបុគ្គល​​ក្រៅ​ច្បាប់​រូប​នេះ ពេញ​មួយ​ជីវិ​ត​នយោ​បាយ​គ្មាន​ចេះ​ធ្វើ​អ្វី​ក្រៅ​តែ​ពី​តាម​ស៊ីពែ និង​កេង​ចំណេញ​តាម​ព្រឹត្តិកា​រណ៍​តែ​ប៉ុណ្ណោះ យើង​មើល​ម៉ាជីវិត​នយោ​បាយ​របស់​បុគ្គល​នេះ ស្ទើ​រតែ​ស្លា​ប់​ទៅ​វិញ​ហើយ គឺ​​ចេះ​តែ​ប៉ុណ្ណឹង។ ជា​អ្នក​នយោ​បាយ​ជើង​ចាស់​នឹង​គេ​ដែរ ប៉ុន្តែ​ជា​អ្នកន​យោបាយ​ដែល​គ្មាន​អ្វី​ទៅជា​​ចក្ខុ​វិស័​យ​របស់​ខ្លួនផ្ទា​ល់ គឺ​ចេះតែ​តា​ម​ព្រឹត្តិ​ការណ៍​លោត​ទៅ​នេះ លោត​ទៅ​នោះ! មនុស្ស​​ដែល​គ្មាន​ជំហរ​ច្បាស់​លាស់អ៊ីចឹង​ហើយ​មិន​ចម្លែក​ទេ ដែល​បុគ្គល​រូប​នេះ ធ្លាប់​កុហក​ប្រជាជន​ពីមុ​ន​បាន! តែ​ឥលូវ​អស់​អ្នក​គាំទ្រ បោក​ប្រាស់​ប្រជា​ពលរដ្ឋ​លែង​បាន​ដូច​ពី​មុន​ អ៊ីចឹង​វា​នឹង​សាប​ដោយ​ខ្លួនឯ​ង​ អ៊ីចឹង​វា​មិន​មែន​ជា​រឿង​ថ្មី​ទេ»។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់​ថា តាម​ច្បាប់​អន្តរ​ជាតិ​មិន​អាច​មាន​ប្រទេស​ណា​មកលូក​លាន់កិ​ច្ចកា​រផ្ទៃ​ក្នុ​ង​របស់​រដ្ឋ​ផ្សេង​ទៀត ឬ​ចាប់​ខ្លួន​មេដឹក​នាំ​ប្រទេស​នោះ​ទេ តែ​លោក​ថា បច្ចុប្បន្ន​នេះ​មហាអំ​ណាចធំ​ៗ តែង​តែ​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ត្រួត​ត្រាក្នុ​ង​តំបន់ និង​ពិភព​លោក​ទាំង​មូល រហូតប​ង្ហាញ​ឥទ្ធិព​លជ្រៀ​ត​ជ្រែក​កិច្ចកា​ររ​ដ្ឋ​ផ្សេង​ទៀត។

បើទោះជាបែបណា លោកថា ប្រទេស វ៉េណេ​ស៊ុយ​អេឡា ជា​ប្រទេស​ផ្តាច់​ការ បក្ស​ពួក​និយម​ ប្រព័ន្ធ​នីតិ​រដ្ឋ​ទាប អំពើ​ពុក​រលួយ​ខ្ពស់ មេដឹក​នាំ​តាមធ្វើ​ទុ​ក្ខបុ​ក​ម្នេញ​ពលរដ្ឋ​ខ្លួន ដែល​ទាំង​នេះ​រោគ​សញ្ញា​ដួល​រំលំ​នៃរ​បប​មួយ​នេះ និង​ជាដើម​​ចម​ធ្វើ​ឱ្យរ​ដ្ឋ​មួយ​ទៀត អាច​លូក​ដៃក្នុ​ង​កិច្ច​ការ​ផ្ទៃក្នុ​ង​របស់​ខ្លួន រហូត​មាន​ការ​ចាប់​ខ្លួន​មេដឹក​នាំ​ដូច​លោក​ ម៉ាឌូរ៉ូ នេះ​ជា​ដើម។

លោកថា៖ «បញ្ហាដែលអាចឲ្យបរទេស​ ឬក៏ដូច​ជា​បណ្តារដ្ឋ​ផ្សេងៗ ជាពិសេស​គឺម​ហា​អំណាច​តែង​តែ​លូក​លាន់​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ផ្សេងៗ​ហ្នឹង​បាន​ហ្នឹង គឺ​បញ្ហា​មាន​ជំងឺ​ផ្ទាល់​ខ្លួន​របស់​ខ្លួន​ឯង។ ហើយ​យើង​ឃើញ​មាន​ករណី​ដូច​ ម៉ាឌូរ៉ូ ដែល​ឃើញ​ថា របាយ​ការណ៍​របស់​អង្គ​ការ​ពាក់​ព័ន្ធ ក្នុង​បញ្ហា​គម្រោង​យុត្តិ​ធម៌​ពិភ​ពលោ​ក ក៏​ធ្លាប់​ចេញ​របាយ​ការណ៍​ពា​ក់​ព័ន្ធ​ទៅ​នឹង​គេ​ហៅ​ថា ភាព​អយុត្តិ​ធម៌ ឬ​ក៏​នីតិ​រដ្ឋ​របស់​ប្រទេស​នេះ​នៅ​ទាប​ខ្សោយ ហើយ​តែង​តែធ្វើ​ទុ​ក្ខ​បុក​ម្នេញ​ប្រជាជន​របស់​ខ្លួន​ឯង។ អ្វី​ទៅ​ដែល​ជា​បញ្ហា​ពាក់​ព័ន្ធ​ទៅនឹ​ង​ទៅ គេ​ហៅ​ថា ជំងឺរ​បស់​រដ្ឋ​ខ្លួន​ឯង​ផ្ទាល់ ពិសេស​គឺ​ប្រទេស​​វ៉េណេស៊ុយ​អេឡាន​ហ្នឹង។ យើង​ឃើញ​ថា បញ្ហា​បក្ខ​ពួ​ក​និយម​បញ្ហាអំ​ពើពុ​ករ​លួយ​បញ្ហា​ប្រព័ន្ធ​ច្បាប់​នេះ គឺ​សុទ្ធ​សឹង​តែ​ជា​ប​ញ្ហា​ធ្វើ​ឲ្យ​រដ្ឋ​នេះ គេ​ហៅ​ថា ដួល​រលំ»។

រីឯ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់​ថា ក្នុង​ស្ថាន​ភាព​ដែល​សណ្តាប់​ធ្នាប់​ពិភព​លោក​បច្ចុប្បន្ន មាន​ភាព​ច្របូក​ច្របល់ ប្រទេស​ដែល​មាន​ឥទ្ធិ​ពល​ទាំង​អំណាច​យោធា និងសេ​ដ្ឋកិ​ច្ច អាច​លូក​ដៃចូ​ល​ក្នុង​បញ្ហា​សកល​សំដៅ​ដល់​ការ​បង្រ្កាប​បទ​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​កម្ម​ឆបោក ដើម្បី​រក្សាស​ន្តិសុ​ខ​ពិភព​លោក។

ក្នុងន័យនេះ លោកថា នេះជាហេតុផលសម្រាប់អាមេរិក មាន​ភា​ព​ស្រប​ច្បាប់​លុក​លុយ​ចូល​ចាប់​មេដឹក​នាំ​ទាំង​ឡាយ​ណា ដែ​លជា​មេ​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញឿន និង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អនឡាញ​ ដូច​ករណី​នៅ​ប្រទេស​វ៉េណេ​ស៊ុយ​អេឡានេះ​​ជា​ដើម។

យ៉ាងណា លោកថា កម្ពុជាហាក់មិនទាន់ធ្លាក់ដល់ដំណាក់​កាល ដូច​ប្រទេស​វ៉េណេស៊ុយ​អេឡា នៅ​ឡើយ​ទេ ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​បានបើ​ក​ចំហរ​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការជាមួយ​ប្រទេស​ជាដៃ​គូ​លើ​ពិភព​លោក បាន​ល្អ​ប្រសើរ​ជាង​ប្រទេស​វ៉េណេ​ស៊ុយ​អេឡា ក្នុង​ការ​បោស​សម្អាត​ទាំង​បញ្ហា​គ្រឿង​ញៀន និង​ការ​ឆបោក​តាម​អនឡាញ។

លោកថា៖ «នៅក្នុងប្រទេសកម្ពុជា គឺបើកចំហឲ្យមានការ​សហការ​ជាមួយ​នឹ​ង​ប្រទេស​ផ្សេង​ៗ​នៅជុំ​វិ​ញ​ពិភព​លោក​ នៅពេ​ល​ដែល​ប្រទេស​ណា​មាន​បំណង​នៅ​ក្នុង​ការ​ចូល​រួម​ ហើយ​​នឹងសហការ​គឺ​យើង​ឃើញ​ថា កម្ពុជា​គឺ​ព្យាយាម​បើក​ផ្លូវ​ហើយ​នឹង​ធ្វើកា​រ​រួម​ជាមួយ​​ប្រទេស​ទាំងអស់​នោះ ទោះ​បី​ជា​តិច​​​ក្តី ច្រើន​ក្តី គឺយើ​ងឃើ​ញមា​ន​ចេតនា​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​រួម​រប​ស់​​ពិភព​លោក ទាក់​ទង​នឹង​បញ្ហា​គ្រឿង​ញៀនក្ដី ពាក់​ព័ន្ធ​ការ​រំលោ​ភបំ​ពាន​តាម​រូប​ភាព​ឆបោកតាម​បច្ចេក​វិទ្យា​ក្ដី»

ជ្រុងមួយនៃបញ្ហានេះ កាលពីខែតុលា ឆ្នាំ២០២៥ សហរដ្ឋ​អាមរិក និង​ចក្រ​ភព​អង់​គ្លេស រួម​គ្នា​ដាក់​ទណ្ឌក​ម្មប​ង្កកទ្រ​ព្យស​ម្បត្តិក្រុ​មហ៊ុ​នព្រី​ន​ស៍​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយ​រក​ឃើញ​ថា ជា​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆបោក​​ខ្នាត​អន្តរ​ជាតិ លួច​លុយ​រាប់​ពាន់​លាន​ដុល្លារពី​ជន​រង​គ្រោះ​ជុំវិញ​ពិភព​លោក។

អាមេរិក​ចេញដីកាចោទប្រកាន់ លោក ចេន ហ្ស៊ី ជុំវិញ​កា​រ​បើក​មជ្ឈ​មណ្ឌល​ឆបោក​តាម​អនឡាញ លាង​លុយ​កខ្វក់ និង​បង្ខាំង​មនុស្សខុ​ស​ច្បាប់ ដែល​អាច​ប្រឈម​ជាប់​ពន្ធនា​គារ​៤០​ឆ្នាំ។

ជាការកត់សម្គាល់ មនុស្ស​ជំនិតៗ​​មួ​យ​​ចំនួន នៅ​​ជុំវិញ​​ប្រធាន​​​​​គណបក្ស​​​​កាន់​​​​​អំណាច លោក ហ៊ុន សែន ត្រូវ​​​​​បាន​​​អន្តរ​​​​​​​​ជាតិ​​​​​​រក​ឃើញ​​​​ជា​បន្ត​​បន្ទាប់​​ថា ជា​​មេ​ឧក្រិដ្ឋ​ជន​​រក​ស៊ី​ចិ​ញ្ចឹម​​​អំណាច​​គ្រួសារ​​​ហ៊ុន ក្នុង​នោះ​​​មាន ឧកញ៉ា លី យ៉ុង​ផាត់ ដែល​​​​​ជា​​​​កាន់​កាប់​​​លុ​យ​​ឱ្យ​​គណបក្ស​​ប្រជាជន​​​កម្ពុជា និង​​​ជា​​ប្រធាន​​​ស​មា​គម​​ឧកញ៉ា​​កម្ពុជា​​ផង​​នោះ ជាប់​​ឈ្មោះ​ក្នុង​​បញ្ជី​​ខ្មៅ​អាមេរិក​ ជុំវិ​ញ​បទ​​ឧក្រិដ្ឋ​​ឆបោក​ និង​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស។

ជាងនេះ​ទៀត ក្រសួងរតនាគារ​អាមេរិក កាលពី​​ថ្ងៃ​​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ប្រកាស​​​ដា​ក់​​ទណ្ឌ​កម្ម​​​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​​​លោក ហ៊ុន សែន ក្រោយ​​​រក​ឃើញ​​ថា បណ្តាញ​​​បោ​ក​​​ប្រាស់​​​តាម​​​អ៊ីន​​​​​ធឺណិត​​​នៅ​​​​កម្ពុជា មាន​​ជាប់​​ពាក់​​​ព័ន្ធ​​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព។

បន្ថែមលើនេះ របាយ​ការណ៍​ស្រាវ​ជ្រាវ​ជាង​៧០​ទំព័រ​​រប​ស់​វិទ្យាស្ថាន Humanity Research Consultancy ចេញ​​​ផ្សាយ​​​​កាល​ពី​ខែឧ​សភា ឆ្នាំ​២០២៥ ដែល​រក​ឃើញ​ថា កម្ពុជា​នៅ​ក្រោម​​អំណាច​រដ្ឋាភិ​បាល​​គ្រួសារ​​​ហ៊ុន ជា​ទីតាំង​​ស្នូល​​នៃ​ការ​ប្រព្រឹត្តិ​​​ឧក្រិដ្ឋ​កម្ម​​​ឆ្លង​​ដែន​ ជាពិសេស​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

ប្រភពបន្ត​ថា គ្រួសារហ៊ុនដើរតួនាទីជា​អ្នក​ការ​ពារ​​ពួក​​អ្នក​​មាន​​អំណាច ឱ្យ​​គប់​​គិត​​ជាមួយ​​បណ្តាញ​​​​​ឧក្រិដ្ឋ​​​កម្ម​​​បរទេស ដើម្បី​​ប្រមូល​​ប្រាក់​​យក​​ទៅ​ចិញ្ចឹម​​គណបក្ស​​កាន់​​អំណាច ដោយ​​ពួក​​គេអាច​​​រក​​ចំណូល​បាន​​ពី​​​ឧក្រិដ្ឋ​​កម្ម​​អន​​ឡាញ ប្រមាណ​​ពី​​​ជាង ១២​​ពាន់​​លាន ទៅ ១៩​​ពាន់​​លាន​ដុល្លារ​​​​នៅ​​ក្នុង​​១ឆ្នាំ។

តាមរបាយការណ៍​​ដដែល ​បុគ្គល​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​​នៅ​​ក្នុង​​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​ដែន​នៅ​​កម្ពុជា​​សរុប​​​ចំនួន ២៨​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​​រដ្ឋាភិបាល និង​​ឧកញ៉ា​គ្រាក់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ