ថៃសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីលើដីខ្មែរដែលថៃឈ្លាន​​ពាន​​បាន​​ក្រោយ​​សង្រ្គាម​២១​ថ្ងៃ

ថៃកំពុង​សម្រុក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីលើ​ដី​ខ្មែ​រ ដែល​ថៃ​ឈ្លាន​ពាន​បាន ក្រោ​មប​ទ​ឈប់​បាញ់​ ក្រោយ​​​ធ្វើ​​សង្រ្គាម​​​ឈ្លាន​ពាន​​ចំនួន​​២១​​ថ្ងៃ ដណ្តើម​​កាន់​​កាប់​​ទីតាំង​​ជា​ច្រើ​ន ​ដែ​ល​​គេ​​ជឿ​ថា ​​លើស​ពី ​២០​ទីតាំង រួម​​ទាំង​​ភូមិ​​ព្រៃ​​ចាន់ ភូមិ​​ជោគ​​ជ័យ ភ្នំ​​ព្រទ្យ ប្រាសាទ​​តា​ក្របី ប្រាសាទ​ខ្នារ តាមាន់ធំ តំបន់​​អាន​​សេះ និ​ង​តំបន់​បឹង​ត្រកួន​ជា​ដើម។

កាលពីថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០២៦ សារព័​ត៌មាន​ថៃ​ជាច្រើ​ន រួម​ទាំង ប៉ុស្តិ៍​លេខ​៧ ចុះ​ផ្សាយ​ថា យោធា​ថៃ​ភូមិ​ភាគ​២​ថៃ បាន​នឹងកំ​ពុង​ពន្លឿន​កសាង​សំណង់​រឹង ធ្វើ​ផ្លូវ​ចូល​ទៅគ្រ​ប់​គ្រង​​ប្រាសាទ​តាក្របី និង​ភ្នំ៣៥០​។

ប្រភព​អះអាង​ថា យោធាថៃបានរៀបចំធ្វើ​លេណ​ដ្ឋាន ឈូស​ឆាយ​ធ្វើផ្លូ​វ​ចាក់​ប៊េតុង កសាង​គ្រឹះព្រះ​ពុ​ទ្ធ​រូប​ថ្មី នៅ​តំបន់​ភ្នំ​៣៥០ ក្បែរ​ប្រាសាទ​តាក្របី និង​សម្អាត​ប្រាសាទ​តាក្របី ដើម្បី​គ្រប់​គ្រង​រយៈ​ពេល​វែង។

លើសពីនេះ ប្រភពដដែលបញ្ជាក់ថា យោធាថៃបានឈូសឆាយ សម្អាត រៀបចំ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​នៅតំ​បន់​អាន​សេះ ភូ​មិជោ​គ​ជ័យ និង​តំបន់​មួយ​ចំនួន​ទៀត តាម​ផែន​ទីខ្នាត ១/៥០ ពាន់​របស់​ថៃ។

ជុំវិញបញ្ហានេះ តំណាង​រាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានបទពិសោធន៍កិច្ចការ​ព្រំដែ​ន បានប្រាប់V​​OD​នៅថ្ងៃ​​ទី៦ខែ​មក​រា​នេះ​ថា ថៃ​កំពុង​សម្រុក​សាងស​ង់​សំណង់​រឹង និងសា​​ងស​ង់​គ្រឹះ​ព្រះ​រូប នៅតំបន់​ភ្នំ៣​៥០ ​និង​ប្រាសាទ​តាក្របីរបស់​ខ្មែរ។

លោកបន្តថា ពិតណាស់ ថៃកំពុងបង្ហាញរូបភាព វីដេអូ សម្រុកធ្វើផ្លូវ សាងសង់​សំណង់​រឹង និង​ហេដ្ឋារចនា​សម្ព័ន្ធផ្សេ​ង​ៗ​នៅ​លើ​ទឹក​ដីខ្មែ​រ ដែល​ថៃ​ទើប​ដណ្តើម​កាន់​កាប់​ពី​កម្ពុជា ក្រោយ​សង្រ្គាម​ឈ្លាន​ពាន​ ២១​ថ្ងៃ។

លោក​ស​ង្កេតឃើញថា យោធាថៃ រួមទាំងព្រះសង្ឃថៃ ពិតជាបានសាងសង់គ្រឹះ​ព្រះ​ពុទ្ធ​រូប​ស្រោប​នាគ សាង​សង់​បង្គោល​​ដង​ទង់​ជាតិ​ថៃ និង​សាង​សង់​ជញ្ជាំង​ថ្ម​បាយ​ក្រៀម នៅ​ភ្នំ៣៥០​ជាប់​ប្រាសាទ​តាក្របី។

លោកថា៖ «ថៃគេពន្លឿនលើការសាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​លើ​ទឹក​ដី​ខ្មែរ​យើង​ដែល​ថៃ​គ្រប់​គ្រង​ហ្នឹង​គឺ​ដើម្បី​ប្រែ​ក្លាយ​ទឹក​​ដីហ្នឹង ទៅ​ជា​ទឹក​ដី​របស់​ថៃ​ គឺ​នៅពេ​លដែ​ល​គេធ្វើ​ជា​សំ​ណង់​រឹង​រួច​ហើយ ដូច​ជា នៅ​ភ្នំ​៣៥០ ជាប់​ប្រាសាទ​តាក្រ​បីហ្នឹង និង​ច្រក​អាន​សេះ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ប្រជា​ពលរដ្ឋ​ចោល​ហើយ​ គេនឹង​សាង​សង់​លេណ​ដ្ឋាន​ផ្លូវ​ថ្ន​ល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទី​នោះ ហើយ​គេ​ហ្នឹង​ប្រគល់​ទឹក​ដី​ទាំង​នោះ ទៅ​ឲ្យ​ពលរដ្ឋ​ថៃ​រស់​នៅ​ទី​នោះ ហើយ​នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាស់ និង​ផ្តល់​ដី​ទៅ​ឲ្យ​កសិករ​ថៃ​ ពលរដ្ឋ​ថៃ​អ៊ីចឹង​នៅពេ​ល​ដែល​ពលរដ្ឋ​ថៃ នៅ​ពេញ​ទឹក​ពេញ​ដី​លើដី​ខ្មែរ យើង​ពិបាក​ទាម​ទារ​មក​វិញ​ណាស់»។

លោកបារម្ភថា ដីដែលថៃឈ្លានពាន ប្រាកដជាមិនបានមកខ្មែរវិញ​ទេ ដោយ​ថា បើ​មេដឹក​នាំ​គ្រួសារ​ហ៊ុន មិន​ព្រម​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ និង​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស​ ២៣​តុលា​នោះ។

លោកថា៖ «ឆ្លុះបញ្ចាំងពីការដឹកនាំរបស់គ្រួសារហ៊ុនហ្នឹង គឺ​ថា​នៅពេ​ល​ដែលដឹ​ក​នាំហ្នឹ​ង ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ កាល​ពី​សម័យ​ឪ​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ទៅ​ខាង​វៀត​ណាម ហើយ​សម័យ​កូន​នេះ​បាន​ធ្វើឲ្យ​​បាត់​បង់​ទឹក​ដី​ទៅ​ខាង​ថៃ ហើយ​លោក ហ៊ុន ម៉ាណែត គាត់​និយាយ​ហើយ​ថា​ធានា​ចំ​ពោះ​ប្រជា​ប្រិយ​ខ្មែរ​ថា គាត់​សុខ​ចិត្ត​ដាក់​ក្រុម​គ្រួសារ​របស់​គាត់ ធានា​មិន​ឲ្យ​បាត់​ទឹ​កដី​ខ្មែរ​ សូម្បី​​​តែ​មួយ​មី​លីម៉ែត្រ ឥឡូ​វ​នេះ មិន​មាន​បាត់​មួយ​មីលី​ម៉ែត្រ​ឯណា គឺ​បាត់​ដីខ្មែ​រ​រាប់​រយ​គីឡូ​ម៉ែត្រ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងនៅថ្ងៃទី៦ ខែ​មករា​នេះ​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែព្រំ​ដែន​អន្តរ​ជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូ​ចិន-សៀម តាម​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ។

លោកបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែន​ណាមួយ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះឡើ​យ ដោយ​ថា បញ្ហា​ព្រំដែន​ត្រូវ​ដោះស្រា​យ​ដោយ​សន្តិវិធី​តាម​ច្បាប់​អន្តរ​ជាតិ។

លោកបន្តថា កម្ពុជាអនុវត្តតាមអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី កំណត់​ហេតុ​បោះប​ង្គោល​ព្រំដែន​របស់​គណៈ​កម្មកា​រ​បោះប​ង្គោល​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា នាពេ​លក​ន្លង​មក។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ មិនបានបញ្ជាក់ពីបំណងប្តឹងថៃ ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ នៅ​ថ្ងៃ​ណា​ពិត​ប្រាកដ ដើ​ម្បីទា​ម​ទារ​ទឹក​ដីខ្មែ​រ​ដែល​ថៃដ​ណ្តើម​កាន់​កាប់ ក្រោយ​សង្គ្រាម​២១​ថ្ងៃ យក​ត្រឡប់​មក​វិញ​ពេល​នោះ​ទេ។

លោកថា៖ «យោធាថៃបាននិងកំពុងធ្វើសកម្មភាព​រំលោភ​បំពាន​បូរណ​ភាព​ទឹក​ដី​អធិប​តេយ្យ​ភាព​កម្ពុជា​ដោយ​រាយ​បន្លា​លួស ដាក់​ទូកុង​តឺន័រ ដោត​ទង់​ជាតិ សាង​សង់​លេណ​ដ្ឋាន ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​លំនៅ​ឋាន និង​ទ្រព្យ​សម្បត្តិ​ប្រជាព​លរដ្ឋ​កម្ពុជា និង​ហាម​មិន​ឲ្យប្រ​ជាពលរដ្ឋ​កម្ពុជា​វិល​ចូល​ទៅរ​ស់​ក្នុងលំនៅ​ឋាន​របស់​ខ្លួន​វិញ»។

ជុំវិញបញ្ហានេះ នាយក​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​​នៅ​​​អូស្ត្រាលី លោក សេង វណ្ណលី យល់​ថា ដី​ខ្មែរ​​ដែល​ថៃ​ឈ្លាន​ពាន​បាន ព័ទ្ធ​បន្លា​លួស កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ហើយ នឹង​ពិបាក​ទាម​ទារ​មក​វិញ។

ក្នុងន័យនេះ លោកពន្យល់ថា ជាទម្លាប់ថៃ បើវាឈ្លានពាន ឬគ្រប់គ្រងដីខ្មែរ​ហើយ គឺ​វា​មិន​ព្រម​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ទេ ជាក់​ស្តែង​ដូច​សម័យ​ស្តេច សីហនុ​ ដឹក​នាំ ថៃបា​ន​ឈ្លាន​ពាន​ប្រាសា​ទព្រះ​វិ​ហារ​របស់​ខ្មែរ ​មិន​ព្រម​ប្រគល់​ឱ្យ​វិញ ទាល់​តែ​ស្តេច សីហនុ វាយ​បក​ផង ដាក់​ពាក្យ​ប្តឹង​ផង បាន​ថៃ​ព្រម​ចុះ​ចាញ់។

លោកសង្កត់ធ្ងន់ថា ដើម្បីទាមទារដីខ្មែរពីចោរសៀមឈ្លានពាន មេដឹកនាំក​ម្ពុជា​ លោក ហ៊ុន ម៉ាណែត ត្រូវ​អនុវត្ត​យុទ្ធ​សាស្រ្ត​ស្តេច សីហនុ គឺ​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ICJ ទើប​មាន​សង្ឃឹម​បាន​ដី​ខ្មែរ​វិញ។

លោកថា៖ «ខ្ញុំគិតថា ទឹកដីកម្ពុជាដែលត្រូវបានថៃក្ដោបក្ដាប់នេះ ប្រហែល​ជា​មិន​អាច ឬ​ក៏​មិន​ងាយ​យក​វិញ​បាន​ទេ ដោយ​សារ​តែ​យើង​ដឹង​ហើយ​ថា​គោល​ដៅនៃ​​ការ​ឈ្លាន​ពាន​របស់​ថៃ​នេះ ​គឺដើ​ម្បី​ក្ដោប​ក្ដាប់​នៅ​តំបន់​ដែល​មាន​ជម្លោះ​ជាមួយ​កម្ពុជា ដែល​មិន​ទាន់​ដោះ​ស្រាយ​រួច ហើយ​ព្យាយាម​គេច​វេះ​អំពី​ការ​ប្រើ​ប្រាស់​យន្ត​ការ​អន្ត​រ​ជាតិ ដើម្បី​ដោះស្រា​យទំ​នាស់​ព្រំដែន​ ហើយ​អ្វីដែ​ល​សំខាន់​ដែល​ធ្វើ​ឲ្យ​ថៃ​គាត់​ឈ្លាន​ពាន​កម្ពុជា កើត​ចេញ​អំពី​ទំនាស់​នយោ​បាយ​​រវាង​ក្រុមគ្រួ​សារ​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងជាមួយ​លោក ថាក់​ស៊ីន ហើយ​ហ្នឹង​វា​ជាចំ​ណុច​មួយ​ដែល​ធ្វើឲ្យ​ថៃ​ហ្នឹង គាត់​ឆ្លៀត​ឱកាស​ដើម្បី​ធ្វើ​ម៉េច​បើក​ការ​វាយ​សង្គ្រុប់​ឈ្លាន​ពាន​ចូល​ទឹក​ដី​ខ្មែរ»។

យ៉ាងណា​ លោក វណ្ណលី លើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា បន្ត​អនុវត្ត​យុទ្ធ​សាស្រ្ត​បី​យ៉ាង​ដដែល គឺ​ទី១ មេដឹក​នាំ​កម្ពុជា​​ចាំបាច់​បន្ត​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​តាម​ព្រំដែន ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ នឹង​ត្រៀម​ព្រម​គ្រប់​ស្ថាន​ការណ៍ ដើម្បី​ការ​ពារ​ទឹក​ដី​ខ្មែរ។

ទី២ មេដឹកនាំកម្ពុជា ត្រូវពង្រឹង និងពន្លឿនដើរយុទ្ធសាស្រ្តការ​ទូត​​ឱ្យ​លឿន​​បំផុត ដើម្បី​​បង្ហាញ​​ទៅ​​​សហគមន៍​​អន្តរ​ជាតិ ប្រទេស​​លោក​​សេរី ជាពិសេស សហរដ្ឋ​​អាមេរិក ឱ្យ​​ដឹង​​ថា ថៃ​បានឈ្លានពានទឹកដីខ្មែរ។

ទី៣ ត្រូវប្រមូលភស្តុ​តាង​បញ្ជូន​សំណុំរឿង​​ព្រំដែន​​ទាំង​​អស់ រួម​​ទាំង​ករណី​​យោធា​ថៃ​បាញ់​សម្លាប់​​ពលរដ្ឋ​ និង​ទាហាន​​ខ្មែរ ប្តឹង​ថៃ​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ICC និងតុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ។

បើតាមសេចក្តីរាយការណ៍នានាឱ្យដឹងថា ​តំបន់​បឹង​ត្រកួន​ ​យោថៃបាន​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​ភូមិ រួម​មាន​ ​ភូមិ​បន្ទាយ​មាន​ឫទ្ធិ​ ភូមិ​ផ្លូវ​បំបែក ភូមិ​ត្រពាំង​សំរោង និង​ភូមិ​សាមគ្គី  ក្នុង​ឃុំ​គោក​រមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។

រីឯ ​ភូមិ​​ព្រៃចាន់ និង​​ភូ​មិ​​ជោគ​ជ័យ​​ ដែល​​មាន​​ផ្ទះ​​ពលរដ្ឋ​​ខ្មែរជិត ១ពាន់​ខ្នង​ ស្ថិត​​​ក្នុង​​ឃុំ​​អូរ​បី​ជាន់ ស្រុក​​អូរជ្រៅ​ ខេត្ត​​បន្ទា​យ​មាន​ជ័យ ក៏ត្រូវបាន​យោធា​ថៃ​​​ព័ទ្ធ​​យក​ទាំង​មូល​ដែរ ដោយ​បាន​ពង្រាយ​ទូកុងតឺន័រ ​រាំង​​ខ្ទប់​ផ្លូវ​ និង​រាយ​បន្លា​លួស ​​​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរចេញ-​ចូល​ឡើយ។

បើតាម មាត្រា​៥២​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​​ឯករាជ្យ អធិប​​​តេយ្យ​ បូរ​ណ​​​ភាព​​ទឹក​​​ដី អនុ​​​វ​​​​​ត្ត​​​​នយោបាយ​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ