លោក ត្រាំ បន្តព្រមានកាត់យកកោះហ្គ្រីន​ឡែនរ​បស់​ប្រទេស​​ដាណឺ​ម៉ាក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​អាមេរិក

លោក ដូណាល់ ត្រាំ បាន​ស្នើ​ជា​ថ្មីម្តង​ទៀត​នូវ​ការ​កាត់​យក​កោះ​ហ្គ្រីន​ឡែន (Greenland) មក​ជា​កម្ម​សិទ្ធិ បន្ទាប់​ពី​មេដឹក​នាំ​នៃ​ប្រទេស​ដាណឺម៉ាក​ បាន​ជំរុញ​ឱ្យ​លោក «បញ្ឈប់​ការ​គំរាម​កំហែង» លើ​កោះ​មួយ​នេះ។ នេះ​បើ​យោងតាម​សារព័ត៌​មាន BBC ចេញ​ផ្សាយ​ថ្ងៃ​ទី៥​ខែ​មករា​នេះ។

ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​មាន​ប្រសាសន៍​ថា៖ «យើងត្រូវ​ការ​កោះ​ហ្គ្រីន​ឡែន ដោយ​ផ្អែក​លើ​ទិដ្ឋភាព​នៃ​សន្តិសុខ​ជាតិ»

លោក ត្រាំ បានលើកឡើងដដែលៗ អំពីលទ្ធភាពដែលទឹកដីស្វយ័តរបស់ដាណឺម៉ាក​មួយ​នេះ ក្លាយ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​លើក​ឡើង​ពី​ទីតាំង​យុទ្ធ​សាស្ត្រ​របស់​វា សម្រាប់​គោល​បំណង​ការ​ពារ​ជាតិ និង​ទ្រព្យ​សម្បត្តិ​រ៉ែ​ដ៏សម្បូរ​បែប។

នាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន លោក Jens Frederik Nielsen បានឆ្លើយតបដោយ​និយាយ​ថា «វាល្មម​គ្រប់​គ្រាន់​ហើយ​​សម្រាប់​ពេល​នេះ» ហើយ​បាន​ពណ៌នា​អំពី​គំនិត​នៃ​ការ​គ្រប់​គ្រង​របស់​សហរដ្ឋ​អាមេរិក​លើ​កោះ​នេះ​ថា​ជា «ការស្រមើ​ស្រមៃ»។

លោកបានមានប្រសាសន៍ថា៖ «មិនត្រូវមានការគាបសង្កត់ទៀតទេ។ មិនត្រូវមាន​ការនិយាយ​បញ្ឆិត​បញ្ឆៀង​ទៀតទេ​។ មិន​ត្រូវ​មាន​ការ​ស្រមើ​ស្រមៃ​អំពី​ការ​កាត់​យក​ទឹក​ដី​ទៀត​ទេ។ យើង​បើក​ចំហ​សម្រាប់​ការ​សន្ទនា។ យើង​បើក​ចំហ​សម្រាប់​ការ​ពិភាក្សា។ ប៉ុន្តែ​រឿង​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​បណ្តាញ​ត្រឹម​ត្រូវ និង​ដោយ​ការ​គោរព​ច្បាប់​អន្តរជាតិ»នេះបើ​តាម BBC។

កាលពីពេលមុន នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានមានប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​​គ្មាន​សិទ្ធិកាត់​យក​ប្រទេស​ណាមួ​យ​ក្នុងចំ​ណោម​ប្រទេស​ទាំង​បី នៅ​ក្នុង​ព្រះរាជា​ណាចក្រ​ដាណឺម៉ាក​នោះ​ទេ។

លោកស្រី Frederiksen បានបន្ថែមថា ប្រទេសដាណឺម៉ាក «រួមទាំងកោះហ្គ្រីនឡែន» គឺជា​សមាជិក​អង្គ​កា​រ​ណាតូ (NATO) និង​ស្ថិត​ក្រោម​ការ​ធានា​សន្តិ​សុខ​របស់​សម្ព័ន្ធ​ភាព​នេះ ហើយ​លោក​ស្រីបា​ន​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​ការ​ពារ​ជា​តិដែ​ល​អនុញ្ញាត​ឱ្យស​ហរដ្ឋ​អាមេរិក​ចូល​ទៅ​កាន់​កោះ​នេះ គឺ​មាន​រួ​ច​រាល់​ហើយ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក បានចេញសេចក្តីថ្លែងការណ៍បន្ទាប់​ពី​លោក​ស្រី Katie Miller ដែល​ជា​ភរិយា​របស់​ជំនួយ​ការ​ជាន់​ខ្ពស់​ម្នាក់​របស់ លោក ត្រាំ គឺលោក Stephen Miller បាន​បង្ហោះ​នៅ​លើប​ណ្តាញ​សង្គម​នូវ​រូប​ភាព​ផែន​ទីកោះ​ហ្គ្រីន​ឡែន ដែល​មាន​ពណ៌​ដូច​ទ​ង់ជាតិ​អាមេរិក រួម​ជា​មួយ​ពា​ក្យ​ថា «ក្នុង​ពេល​ឆាប់ៗ​នេះ»។

ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំសហរដ្ឋអាមេរិក បានឆ្លើយតបទៅនឹងការបង្ហោះរបស់ លោកស្រី Miller ដែល​ជា​អ្នកធ្វើ​កម្មវិធី​ផត​ខាស (podcaster) និយម​ស្តាំ និងជាអតីត​ជំនួ​យកា​រ​របស់​លោក ត្រាំ ក្នុង​អាណត្តិ​ទីមួយ ដោយ​ការ «រំលឹក​ដោយ​មិត្ត​ភាព» ថា ប្រទេស​ទាំងពី​រ​គឺ​ជាស​ម្ព័ន្ធមិ​ត្តនឹ​ង​គ្នា ហើយបា​ន​លើក​ឡើង​ថា ប្រទេស​ដាណឺម៉ាក​រំពឹង​ថានឹង​មាន​ការគោ​រព​ចំពោះ​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន។

ការជជែកដេញដោលគ្នាទៅវិញទៅមក អំ​ពី​អនាគត​នៃកោះ​ហ្គ្រី​ន​ឡែន (Greenland) នេះ បាន​កើត​​ឡើងបន្ទាប់​ពីមាន​ប្រតិបត្តិ​​ការ​យោ​ធា​ដ៏ធំមួយ ​ប្រឆាំង​នឹង​ប្រទេស​វ៉េណេ​ស៊ុយ​អេឡា​ កាល​ពី​ថ្ងៃទី​៣ខែ​មករា ដែល​បា​នឈា​ន​ដល់​ការ​ចាប់​ខ្លួន​ប្រធានាធិបតី លោក Nicolás Maduro និង​ភរិយា ហើយ​បញ្ជូន​ពួកគេ​ទៅ​កា​ន់​ទីក្រុង​ញូវ​យ៉ក។

ក្រោយមក លោក ត្រាំ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹង «គ្រប់គ្រង» ប្រទេស​វ៉េណេស៊ុ​​យ​អេឡា ហើយក្រុម​ហ៊ុន​ប្រេងរបស់​សហរដ្ឋអាមេរិក​នឹង «ចាប់​ផ្តើម​រក​ប្រាក់​ចំណូល​ឱ្យ​ប្រទេស​នេះ»។

ស្ថានភាពនេះ បានធ្វើឱ្យមានការភ័យខ្លាចជាថ្មីថា សហរដ្ឋអាមេរិក អាច​នឹង​ពិចារ​ណា​ប្រើប្រាស់​កម្លាំង​បាយ ដើម្បី​ដណ្តើម​ការ​គ្រប់​គ្រង​លើកោះ​ហ្គ្រី​ន​ឡែន ដែ​ល​ជាកោះ​ដ៏ធំ​នៅ​ក្នុងតំ​បន់​អាក​ទិក (Arctic) ដែលជា​ចំ​ណុច​មួយ​ដែលប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បដិសេធ​មិន​ព្រម​ដក​ចេ​ញ​ពីជម្រើសរបស់​លោក​ឡើយ។

បើតាមBBC លោក ត្រាំ បានអះអាងថា ការធ្វើឱ្យកោះនេះក្លាយជាផ្នែកមួយនៃសហរដ្ឋអា​មេរិក នឹង​បម្រើ​ដល់​ផល​ប្រយោជន៍​សន្តិសុ​ខ​របស់​អាមេរិក ដោយ​សារ​តែ​ទីតាំង​យុទ្ធ​សាស្ត្រ និង​ភាព​សម្បូរ​បែ​ប​នៃសា​រធាតុ​រ៉ែដែ​ល​ចាំបាច់​សម្រាប់​វិស័យ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់។

ចំណាត់ការនាពេលថ្មីៗនេះរបស់រដ្ឋ​បាល លោក ត្រាំ ក្នុងការតែងតាំងបេសកជន​ពិសេស​ប្រចាំ​កោះ​ហ្គ្រីន​ឡែន បាន​ធ្វើ​ឱ្យមា​ន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក។

កោះហ្គ្រីនឡែន ដែលមានប្រជាជនចំនួន ៥៧,០០០ នាក់ មានសិទ្ធិស្វ័យសម្រេច​យ៉ាង​ទូលំ​ទូលាយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ ទោះ​​បីជាវិស័យ​ការ​ពារជា​តិ និង​គោល​នយោ​បាយ​ការ​បរទេស នៅ​​តែ​ស្ថិតក្នុ​ង​ដៃរ​បស់​ប្រទេស​ដាណឺ​ម៉ាក​​ក៏ដោយ។

ខណៈ​ពេលដែលប្រជាជនហ្គ្រីនឡែនភាគច្រើន គាំទ្រការទទួលបានឯករាជ្យពីប្រទេស​ដាណឺម៉ាក នៅ​ពេល​អនា​គត ប៉ុន្តែកា​រស្ទ​ង់​មតិ​បាន​បង្ហាញ​ពី​ការ​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ ចំពោះ​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃស​ហរដ្ឋ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ