ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កងកម្លាំងកម្ពុជាចំនួន២នាក់ បានរងរបួសនៅព្រឹកថ្ងៃអង្គារនេះ ដោយសារផ្ទុះគ្រាប់ ពេលរៀបចំសណ្តាប់ធ្នាប់ នៅមូលដ្ឋានឈរជើង ក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងតំបន់មុំបី ខេត្តព្រះវិហារ ខណៈថៃទាមទារឱ្យបំភ្លឺរឿងនេះ ដោយហេតុថា យោធាថៃម្នាក់បានរងរបួសដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ ខណៈកងកម្លាំងកម្ពុជា បានធ្វើការរៀបចំសណ្តាប់ធ្នាប់ នៅមូលដ្ឋានឈរជើងរបស់ខ្លួន ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម។
អ្នកស្រីថា ហេតុការណ៍នេះ បានបណ្តាលឱ្យកងកម្លាំងកម្ពុជា ដែលកំពុងបំពេញការងារនៅទីនោះ រងរបួសធ្ងន់ និងស្រាលចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។
ជុំវិញហេតុការណ៍នេះ សារព័ត៌មានថៃជាច្រើន រួមទាំងខាវសុត ចុះផ្សាយថា កងទ័ពភូមិភាគ២ថៃ បានឱ្យដឹងថា ទាហានថៃម្នាក់ បានរងរបួសដោយអំបែងគ្រាប់ ដោយចោទថា ដោសារគ្រាប់បាញ់ចេញពីកម្ពុជា។ហើយទាហានថៃដែលរងរបួសនោះ កំពុងបញ្ជូនទៅមន្ទីរពេទ្យខេត្តឧប៊ុនរាជធានី។
យ៉ាងណា បើតាមក្រសួងការពារជាតិកម្ពុជា ក្នុងករណីខាងលើនេះ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។
លើសពីនេះ ក្រសួងថា កម្ពុជា ឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ កងកម្លាំងរបស់កម្ពុជា អនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយថា ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ ឈរជើងនៅខ្សែត្រៀមជួបមុខ នៅតំបន់ព្រំដែនមុំបី បានស្លាប់ ដោយសារទាហានថៃបាញ់។
បើតាមអ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បាននិយាយថា ការស្លាប់របស់ទាហានខ្មែរនោះ ដោយសារទាហានថៃបានបើកការបាញ់ប្រហារ ខណៈពេលទាហានខ្មែរកំពុងដើរល្បាតតាមទម្លាប់នៅតាមព្រំដែន។ ប៉ុន្តែមកទល់ពេលនេះ ភាគីថៃមិនបានចេញមុខទទួលខុសត្រូវ ជុំវិញការស្លាប់របស់ទាហានខ្មែរ ឈ្មោះលោក សួន រោន នេះទេ៕









