អ្នក​ភូមិព្រៃចាន់និងភូមិជោគជ័យជំរុញ​​​ឱ្យ​​រដ្ឋ​​ពន្លឿន​​ដោះ​​ស្រាយ​​បញ្ហា​ដី​ធ្លី​​និង​​ផ្ទះ​​ដែល​ថៃ​ឈ្លាន​​ពាន​​យក

ពលរដ្ឋ​​រ​ង​គ្រោះ​​​​ពី​​ការ​​ឈ្លាន​ពាន​​របស់​ថៃ ​កំពុង​​រស់​នៅ​​ក្នុង​​ជំរំ​​ភៀស​សឹ​ក​​ជាង ១ពាន់​គ្រួសារ​ ក្នុង​​ខេត្ត​​បន្ទាយ​​មាន​ជ័យ​​ កំពុង​​អន្ទះ​សារ​​ក្នុង​ចិត្ត​​រង់ចាំ​​ដំណោះ​ស្រា​យ​​​ពី​​រដ្ឋាភិបាល​ ស្រប​​ពេល​​ដែល​​លំនៅឋាន​​ពួក​គាត់​​ត្រូវ​យោធា​ថៃព័ទ្ធ​​យក និង​ដាក់​ទូកុង​​តឺន័រ​រាំង​​ខ្ទប់​មិន​ឱ្យ​​ពួក​គាត់​​វិល​​​ទៅ​​វិញ​​ឡើយ។

អ្នកភូមិ​ខ្លះ​មាន​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត ​ដោយសារ​ស្តាយ​ស្រណោះ​ភូមិ​​កំណើត​ និង​ផ្ទះ​សម្បែង ​ដែល​​ខិតខំ​សន្សំ​ប្រាក់​​សាងសង់​ ​ត្រូវ​យោធា​សៀម​ឈូស​កម្ទេច​ចោល។

ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ថៃ​ឈ្លានពាន​រស់​នៅ​ភូមិ​ជោគជ័យ លោក​ សួន សុផុន អាយុ ៤៣​ឆ្នាំ ប្រាប់​​វីអូឌី​​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា​​ថា ផ្ទះ និង​​ដី​ធ្លី​​​របស់​​លោក ក្នុង​ភូមិ​​ជោគជ័យ​​ត្រូវ​​យោធា​​ថៃ​​​ព័ទ្ធ​​យក​​ទាំង​​មូល​ ហើយ​​ពួក​លោក​បន្ត​រស់​នៅ​ក្នុង​ជំរំ​ភៀស​​សឹក​ជាង ២០​ថ្ងៃ​​កន្លង​​​ទៅ​​នេះ ​បាន​ត្រឹមតែ​មួយ​រស់​ៗ​ គ្មាន​ឱកាស​​រក​ប្រាក់​ដោះស្រាយ​ជីវភាព និង​ដោះ​បំណុលឡើយ។

លោក​​ថា ថ្វី​ត្បិត​អាជ្ញាធរ និង​សប្បុស​ជន​ឧបត្ថម្ភ​សម្ភារ​ប្រើប្រាស់​ និង​ថវិកា​តិចតូច​ក្តី​ តែ​អ្នកភូមិ​មានទុក្ខ​កង្វល់ធំធេង​ពី​ជោគ​វាសនា​គ្រួសារ ​ប្រៀប​ដូច​ចក​រសាត់​គ្មាន​កោះ​ត្រើយ​។  ​រីឯ​ដំណឹងនៃ​ការ​ដោះស្រាយ​​បញ្ហា​របស់​ពួកគាត់​ពី​សំណាក់ អាជ្ញាធរ​នៅមិន​ទាន់ច្បាស់លាស់នៅឡើយទេ។

លោកថា៖ «ពេល​គេ​ព័ទ្ធ​អ៊ីចឹង​ យើង​មាន​អារម្មណ៍​សោក​ស្តាយ​​តែ​មិន​ដឹង​​ធ្វើ​ម៉េច កម្លាំង​ឈើ​ឈាម​យើង ខំ​រក​តាំង​ពី​ណា​ពី​ណី​ ពាក់​កណ្ដាល​ជីវិត​ហើយ ឥលូវ​គេ​បំផ្លាញ​ចោល​អស់»។

ពលរដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ជោគជ័យ លោក ចាន់ បូនី ប្រាប់​វីអូឌីថា​ យោធា​​នៅ​បន្ត​​វាតទី​រំកិល​​ចូល​ដី​ខ្មែរ​​ជា​បន្ត​បន្ទាប់​នៅដើមឆ្នាំ២០២៦​នេះ ដោយ​ព័ទ្ធ​​បន្លា​លួស និង​​រាយ​ទូ​កុងតឺន័រ​​ស្ទើរ​​ជា​រៀង​​រាល់​​ថ្ងៃ។

លោកថា ថៃបញ្ជូនគ្រឿងចក្រឈូសឆាយហេដ្ឋារចនាសម្ព័ន្ធក្នុងដីខ្មែរ ដែលពួកគេព័ទ្ធយកក្នុងតំបន់នោះ។

លោកថា៖ «វា​ប្រុង​វាត​យក​ផែនដី​យើង​ទៀត ពង្រីក​រហូត​ វា​អត់​​ប្រុង​ធ្វើ​​សកម្មភាព ពង្រីក​​រហូត​​វា​​អត់​ឈប់​​ធ្វើ​​សកម្ម​ភាព។ បាន​ប៉ុណ្ណឹង​វា​អត់​យក​ប៉ុណ្ណឹង​ វា​ចេះ​តែ​ពង្រីក»។

គិត​ត្រឹម​ថ្ងៃ​ទី០៦ ខែ​មករា ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​​អូរជ្រៅ​ ខេត្ត​​បន្ទាយ​​មាន​ជ័យ ត្រូវ​​យោធា​​​ថៃ​​​រាយ​​បន្លា​លួស​​ដាក់​​ឃាំង​​កុង​តឺន័រ និង​​ដោត​​ទង់​​ជាតិ​​ថៃ ​ហា​ម​​មិន​​ឱ្យ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​​​ស្រុក​​ចូល​ទៅ​តំបន់​នោះជាច្រើនថ្ងៃមកហើយ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃចាន់ ២៧០ គ្រួសារ និង​ភូមិ​ជោគជ័យ​ជាង ៧០០គ្រួសារ សរុប​ជាង ១ពាន់គ្រួសារ ស្មើ​នឹង​មនុស្ស​ជាង ៥ពាន់​នាក់​ បន្ត​រស់​នៅ​ក្នុង​ជំរំ​ភៀស​សឹកដែល​អាជ្ញាធរ​រៀប​ចំ ក្នុង​វត្ត​ចាន់​ស៊ី ស្រុក​អូរច្រៅ ​ខេត្ត​បន្ទាយមាន​ជ័យ។ រីឯ​ផ្ទះ​ពលរដ្ឋជាង ៤០០ខ្នង ​​ត្រូវ​អាជ្ញាធរ​ថៃ​ឈូស​កម្ទេច​ឱ្យ​រាប​ដល់​​ដី ហើយ​ទ្រព្យ​សម្បត្តិ​របស់​ពួកគាត់ក៏​យោធា​​ថៃ​​យកទៅ​អស់​ដែរ។ 

ចំណែក​ឯ​កុមារភៀសសឹក​រាប់​រយនាក់ ​កំពុង​រស់​នៅក្នុង​ជំរំ អាជ្ញាធរ​បាន​រៀបចំ​សាលារៀន​បណ្ដោះ​អាសន្ន​​នៅ​ទី​នោះ។

ក្រសួង​ការពារជាតិ​កម្ពុជា ​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា បាន​​ចេញ​​សេចក្តី​​ប្រកាស​​ព័ត៌​មាន​​មួយ​ តាម​​រយៈ​កំណត់​​ទូត​​ដោយ​​ស្នើ​​​ជា​ថ្មី​​ទៅ​កាន់​​ភាគី​ថៃ ​ដោយ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​​ខណ្ឌសីមា​ព្រំដែន​គោក កម្ពុជា-ថៃ នៅ​សប្តាហ៍ទី២ ឬសបា្តហ៍ទី៣ ក្នុង​មករា​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត​​សៀមរាប​ ក្នុង​គោល​បំណង​ដោះ​ស្រាយ​​ការ​ងារ​​វាស់​វែង​​ព្រំដែន​ និង​​បញ្ហា​​យោធា​​ថៃ​​កំពុង​​ធ្វើ​សកម្ម​ភាព​រំលោភ​បំពាន​បូរណភាព​ទឹកដី។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី​០៦ ខែ​មករា បាន​​បង្ហោះ​សារ​បញ្ជាក់​​ពី​​​ខ្លឹមសា​រ​​សន្និសីទ​​សារ​ព័ត៌មា​ន​​ថា ​កិច្ច​​ពិភាក្សា​​​អំពី​​ការងា​រ​​វាស់​វែង​​ខណ្ឌ​​សីមា​​កម្ពុជា-ថៃ នឹង​បន្ត​​ចុះ​អនុវត្ត​ការងារ​វាស់វែង ​និង​​បោះ​​បង្គោល​បណ្ដោះ​អាសន្ន​លើ​​ដី​ជាក់​​ស្តែង​ នៅ​ចន្លោះ​​បង្គោល​​ព្រំដែន​​លេខ ៤២-៤៧ ក្នុង​ភូមិសាស្ត្រ​ភូមិ​ជោគ​ជ័យ ​និង​ភូមិព្រៃចាន់​ ខេត្ត​បន្ទាយមានជ័យ។

លោកថា៖ «កម្ពុជា​បាន​ដាក់​សំណើ​ទៅ​កាន់​ភាគី​ថៃ កាល​ពី​ថ្ងៃ​ទី​២៨​ធ្នូ ដើម្បី​​សុំ​​​បើក​​កិច្ច​​ប្រជុំ​​ពិសេស ក្នុង​​សប្ដាហ៍​​ទី​​០​១​​នៃ​​ខែ​​មករា​​នេះ​ តែ​សំណើ​នេះ​​ត្រូវ​បាន​ភាគី​ថៃ​សុំ​លើក​ពេល ក្រោម​មូល​ហេតុ​រង់​ចាំ​នីតិ​វិ​ធី​ផ្ទៃ។ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​ដាក់​សំណើ​លើក​ទី២ ដើម្បី​សុំ​បើក​កិច្ច​ប្រជុំ​ពិសេស ពិភាក្សា​ពី​ការ​វាស់វែង​ខណ្ឌសីមា​ ព្រមទាំង​ដោះស្រាយ​បញ្ហា​ដែល​យោធា​ថៃ​កំពុង​ធ្វើ​សកម្ម​ភាព​​​រំលោភ​​បូរណភាព​ទឹក​ដី​កម្ពុជា​ ឈូសឆាយ​ផ្ទះ​សម្បែង​​ទ្រព្យ​សម្បត្តិ​កម្ពុជា»។

ជុំវិញ​រឿង​នេះ ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់​ថា​ រដ្ឋាភិបាល​​​កម្ពុជា​គួរតែ​ស្វែង​រក​ដី​នៅ​កន្លែង​ផ្សេង ​ដើម្បី​សាងសង់​ផ្ទះ​ជូនពលរដ្ឋ​រងគ្រោះ​ ​ដែលមិន​អាច​វិល​ទៅ​ផ្ទះ​វិញ ​ដោយធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​គាត់​​មាន​ជម្រក​​រស់​នៅ​ចិញ្ចឹម​ជីវិត។

លោក​ថា  បញ្ហា​នេះ ​ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ​ប្រសិនបើ​ទុក​យូរ​​នឹង​ប៉ះ​ពាល់​​ពលរដ្ឋ​​​ធ្ងន់​ធ្ងរ ។

លោកថា៖ «បើ​គាត់​អត់​ធ្វើ​ការងារ​ បាន​​លុយ​ណា​​សង​ធនាគារ​​គួរតែ​ដោះស្រាយ​​បំណុល ឬ​​លុប​ចោល​​​​បំណុល។ នេះ​ជា​រឿង​សំខាន់​ ផ្តល់ការងារ​មុខ​របរ​ដែល​ពួកគាត់​អាច​ធ្វើ​បាន​ដើម្បី​ចិញ្ចឹម​ជីវិត»។

របាយការណ៍​របស់​អង្គភាព​អ្នក​នាំ​​ពាក្យ​​រដ្ឋាភិបាល ​ឱ្យ​ដឹង​ថា គិត​ត្រឹម​​ម៉ោង​​៦​ល្ងាច ថ្ងៃទី៥ ខែ​​មករា​ ឆ្នាំ​២០២៦ មាន​ពលរដ្ឋ​ភៀសសឹក​ជាង ៤០ម៉ឺន​នាក់ ​ហើយ​ដែល​បាន​វិល​ត្រឡប់​​​ទៅ​លំនៅឋាន​​វិញ ក្នុង​​ចំណោម​ពលរដ្ឋ​ភៀស​​សឹក​​សរុប​​ជាង ៦៤ម៉ឺននាក់​ បើតាមរបាយការណ៍​នៅមានពលរដ្ឋខ្មែរ​ជាង២០ម៉ឺននាក់​ទៀត កំពុងរស់នៅស្ថិតក្នុងអនាគត​មិន​ច្បាស់លាស់​នៅ​ឡើយ ទោះមានបទឈប់បាញ់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ