ជាង២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា បញ្ហាសង្គមកាន់តែចាក់ស្រែសជាច្រើន ដូចជា វិបត្តិព្រំដែនរងការឈ្លានពានទាំងកំរោលពីយោធាថៃ បទឧក្រិដ្ឋច្រើនទម្រង់ អំពើពុករលួយជាប្រព័ន្ធកំពុងបន្តរីករាលដាល ដែលធ្វើឱ្យពលរដ្ឋខ្មែររស់នៅក្នុងភាពភ័យខ្លាច លើទឹកដីកំណើតរបស់ខ្លួន ។
ការណ៍នេះ ហាក់ផ្ទុយគ្នាស្រឡះទៅនឹងសាររបស់ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងបន្តគ្រប់គ្រងអំណាច តជំនាន់ជិត៥០ឆ្នាំមកនេះ។
លោក ហ៊ុន សែន បានផ្ញើសារក្នុងខួបលើកទី៤៧ នៃទិវាជ័យជម្នះថ្ងៃ៧មករានេះថា ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើន លើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។
លោកបន្តថា ពេលនេះយើងបានឈានចូលឆ្នាំ២០២៦ ដែលជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជន និងបូរណភាពទឹកដី។
យ៉ាងណា លោកហាក់ទទួលស្គាល់ថា ប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោល មកលើបូរណភាពទឹកដីកម្ពុជា នៅតាមបណ្ដោយព្រំដែនក្រោមលេសការពារសន្តិសុខ។
លោកថា កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើង ដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។
ប៉ុន្តែសម្រាប់អ្នកតាមដាន និងគណបក្សប្រឆាំងវិញ យល់ឃើញផ្ទុយពីនេះ។ ផ្ទុយនៅត្រង់ថា សម្រាប់ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅការដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងតពីឳពុកជិត៣ឆ្នាំមកនេះ ហាក់មិនខុសពីការដឹកនាំរបស់ឳពុកនោះទេ ដែលលោកថា បំពានរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ បាត់បង់ទឹកដីតាមបន្ទាប់ព្រំដែន ទាំងដីគោក និងសមុទ្រ អំពើពុករលួយដែលធ្វើឱ្យកម្ពុជាត្រូវបានអន្តរជាតិរកឃើញថា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែន លាងលុយកខ្វក់ ជួញដូរមនុស្ស ជាដើម។
លោកគូសបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំអសមត្ថភាពបំផុត ក្នុងការការពារបូរណភាពទឹកដី ដែលថាថ្មីៗនេះ ត្រឹម២១ថ្ងៃ ថៃវាយដណ្តើមកាន់កាប់ទឹកដីខ្មែរជិត៣០កន្លែង ដោយសារតែមិនធ្វើទំនើបកម្មវិស័យការពារជាតិ ធ្វើឱ្យថៃវាយសន្ធាប់ឈ្លានពានដីយកដីខ្មែរតាមចិត្ត។
មួយវិញទៀត លោកថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត នេះ កំពុងរុញកម្ពុជាឱ្យកាន់តែអាប់ឱនកិត្តិយសជាតិ សេចក្តីថ្លៃថ្នូរ តម្លៃប្រជាជាតិខ្មែរក្នុងតំបន់ និងលើឆាកអន្តរជាតិ តាមរយៈការរក្សាទុកនិងការពារឧក្រិដ្ឋជនឆបោក ដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងពិភពលោក។
លោកថា៖ «ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេលបីឆ្នាំនេះ បានធ្វើឲ្យទឹកដីខ្មែរបាត់ទៅខាងភាគីថៃរហូតដល់២៨តំបន់ ដែលអត់មានមេដឹកនាំណាពីមុនមកៗ ដែលធ្វើឲ្យបាត់បង់ទឹកដីច្រើនរហូតដល់២៨តំបន់ក្នុងរយៈពេលមិនដល់១ឆ្នាំផងនៃសង្រ្គាម២លើកនេះ នេះយើងគិតតែព្រំដែនជាមួយថៃនៅជាមួយឡាវ ជាមួយវៀតណាម ក៏ចូលច្រើនដែរ កាលសម័យ លោក ហ៊ុន សែន ក៏បាត់ព្រំដែនយើងទឹកដីយើងហ្នឹងទៅខាងវៀតណាមច្រើនណាស់»។
លោកគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នេះបានធ្វើឱ្យកម្ពុជាស្អុយឈ្មោះលើឆាកអន្តរជាតិ ជះឥទ្ធិពលមិនល្អក្នុងការទំនាក់ទំនងគ្រប់វិស័យជាមួយអន្តរជាតិ ខណៈសង្រ្គាមថៃឈ្លានពានកម្ពុជាកន្លងមក គ្មានសហគមន៍អន្តរជាតិណា ថ្កោលទោសថៃឈ្លានពានកម្ពុជានោះទេ ក្រៅពីចេញអន្តរាគមន៍ឱ្យមានបទឈប់បាញ់ តែទឹកដីខ្មែរជាច្រើនធ្លាក់ក្នុងដៃថៃឈ្លានពាន ដែលថាគ្មានសង្ឃឹមបានមកវិញ។
លោកថា៖ «និយាយខ្លី គឺលោក ហ៊ុន សែន ទៅអួតកូនគាត់លោក ហ៊ុន ម៉ាណែត ហ្នឹងទៅកើតដែរនៅពេលកាលៈទេសៈដែលកំពុងបាត់បង់ទឹកដីរហូតដល់២៨តំបន់ មិនដឹងថាមានមធ្យោបាយណាយកដីហ្នឹងបានមកវិញផង មានកាត់ទឹកដីហ្នឹងឱ្យថៃ ដើម្បីប្តូរយកសន្តិភាពហើយក្នុងពេលដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ មិនអាចទៅរស់នៅក្នុងផ្ទះរបស់គាត់ នៅភូមិជោគជ័យ ភូមិព្រៃចាន់ នៅបឹងត្រកួន អូរស្មាច់ច្រកថ្មដាជាដើម គាត់អាចអួតកូនគាត់ទៅកើត»។
លើសពីនេះ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយថា ការដឹកនាំលោក ហ៊ុន ម៉ាណែត ក្នុងរយៈកាលជាង ២ឆ្នាំមកនេះ កំពុងប្រឈមបញ្ហាធំៗជាច្រើន ដូចជាឧក្រិដ្ឋជនឆបោកថ្នាក់ជាតិនិងអន្តរជាតិ។
លោកបន្តថា បញ្ហាបាត់បង់ទឹកដី វិបត្តិបំណុល ការចាញ់បោកក្រុមឧកញ៉ាខិលខូច រួមទាំងការរីករាលដាលនៃឧក្រិដ្ឋកម្មឆបោក បណ្តាលមកពីការបែកបាក់ជាតិ គ្មានតុល្យភាពអំណាច គឺដឹកនាំឯកបក្ស។
លោកថា៖ «បើយើងក្រឡេកមើលការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈកាលជាងពីរឆ្នាំមកនេះគឺប្រឈមទៅនឹងបញ្ហាធំៗជាច្រើន ក្នុងនោះហាក់កើតឡើងយ៉ាងស្គុសស្គាយនៅក្រុមឧក្រិដ្ឋជនឆបោកទាំងកម្រិតអន្តរជាតិ ហើយនិងទាំងកម្រិតថ្នាក់ជាតិ ដែលលោក ហ៊ុន ម៉ាណែត ឧទ្ទេសនាមអ្នកទាំងនោះថាគឺជាមេមាន់ដែលចង់សំដៅថា ជាអ្នកដែលរកនិងជាអ្នកប្រភពលុយកាក់សម្រាប់ចិញ្ចឹមរដ្ឋាភិបាលរបស់ខ្លួន បន្ថែមលើនេះ កម្ពុជាធ្លាក់ដល់ដំណាក់កាលទន់ខ្សោយជាខ្លាំង ដោយទំហំនៃការបែកបាក់ជាតិនៅតែមិនអាចផ្សះផ្សាបាន»។
ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សវិញ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា សង្កេតឃើញថា បញ្ហាសិទ្ធិមនុស្ស អំពើឆបោក និងពុករលួយ ប៉ុន្មានឆ្នាំមកនេះ ហាក់មិនទាន់ប្រសើរនៅឡើយទេ។
លោកយល់ថា ក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ សហគមន៍អន្តរជាតិបន្តរកឃើញពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ជាពិសេសឧស្សាហ៍កម្មឆបោក ដែលរដ្ឋាភិបាលថ្មី មិនអាចដោះស្រាយបាន។
លោកថា បញ្ហាចាក់ស្រែសទាំងអស់នេះ វាអាចកើតចេញពីអំពើពុករលួយ បក្ខពួកនិយម ប្រព័ន្ធនីតិរដ្ឋទាប និងកង្វះតម្លាភាពសង្គម ដែលទាមទារឱ្យរដ្ឋាភិបាលថ្មី ចាំបាច់ត្រូវផ្សះផ្សាបង្រួបបង្រួមជាតិ ស្តារសិទ្ធិមនុស្ស ទើបអាចស្តារមុខមាត់កម្ពុជាបាន។
លោកថា៖ «យើងឃើញថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែមានការធ្លាក់ចុះជាបន្តបន្ទាប់ទៅទៀត ពាក់ព័ន្ធសំខាន់គឺសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការជួបប្រជុំ សិទ្ធិនយោបាយដែលជាមូលដ្ឋានគ្រឹះនៃគោលការណ៍នៃដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលយើងមើលឃើញហើយនិងរឿងការអនុវត្តច្បាប់ដែលយើងនៅមានភាព គេហៅថា អយុត្តិធម៌ចំពោះមុខច្បាប់ គេហៅថាច្បាប់មិនទាន់មានសកម្មភាព ហើយនិងបញ្ហាមួយចំនួនប្រឈមពាក់ព័ន្ធនឹងបញ្ហាScam បញ្ហានៃការជួញដូរ»។
ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់ថា(CAT) បានចេញអត្ថបទវិភាគមួយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ថា ស្ថានភាពប្រទេសកម្ពុជាពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់បាត់បង់ម្ចាស់ការស្ទើរតែទាំងស្រុងក្នុងការដោះស្រាយបញ្ហាជាតិ ធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ។ ការធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះ គឺមូលហេតុចម្បងមកពីកង្វះប្រព័ន្ធនីតិរដ្ឋ ការកើតមានអំពើពុករលួយ និងបក្សពួកនិយមកើតឡើងជាប្រព័ន្ធ។
ក្រុមអ្នកតស៊ូមតិ កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយដែលបង្ហាញថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៃគណបក្សប្រជាជនកម្ពុជា អាចកែទម្រង់ជួសជុលដុះក្អែល ឬកសាងទំនុកចិត្ត និងកិត្តិយសថ្លៃថ្នូរជូនជាតិវិញបាននោះទេ។
ផ្ទុយទៅវិញ ស្ថានភាពដឹកនាំប្រទេសមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ បាននិងកំពុងរុញច្រានកម្ពុជាឱ្យកាន់តែអាប់ឱនកិត្តិយសជាតិ សេចក្តីថ្លៃថ្នូរ តម្លៃប្រជាជាតិខ្មែរ ក្នុងស្រុក តំបន់ និងនៅលើឆាកអន្តរជាតិ ជាពិសេសតាមរយៈការរក្សាទុកឧក្រិដ្ឋជន និងការពារមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងក្នុងគណបក្សដែលជាប់ទណ្ឌកម្មអន្តរជាតិ។
របាយការណ៍ស្រាវជ្រាវជាង៧០ទំព័ររបស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥ ដែលរកឃើញថា កម្ពុជានៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន ជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា មន្ត្រីមានអំណាចដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពីជាង ១២ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
តាមរបាយការណ៍ដដែល បុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ៕









